ក្នុងរយៈពេលប៉ុន្មានខែមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ រដ្ឋាភិបាលកម្ពុជាបានបង្គាប់ឲ្យស្ថានប័នមីក្រូហិរញ្ញវត្ថុកំណត់ការប្រាក់លើកម្ចីថ្មី និងកម្ចីបន្ថែមលើបំណុលចាស់ ក្នុងអត្រាខ្ពស់បំផុតត្រឹម១៨ភាគរយក្នុងមួយឆ្នាំ ចាប់តាំងពីថ្ងៃទី១ ខែមេសានេះតទៅ។
បើសិនជាមិនខ្ចីប្រាក់បន្ថែមលើបំណុលចាស់ទេ នោះអ្នកស្រី អ៊ិន សុខៃ ដែលមានមុខរបរជាកម្មកររោងចក្រ នឹងមិនជួបបញ្ហាអ្វីនោះទេ ដោយសារតែអ្នកស្រីទើបតែទទួលបានកម្ចីក្នុងរយៈពេល៤ឆ្នាំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានពីរបីខែប៉ុណ្ណោះ។
ស្ត្រីវ័យ៣២ឆ្នាំរូបនេះ បានប្រាប់ VOA ឲ្យដឹងថា៖ «ខ្ញុំខ្ចីលុយគេមក៥០០០ដុល្លារ ហើយខ្ញុំទិញមាន់ ធ្វើផ្ទះ ហើយប្តីខ្ញុំទិញទូកទិញអីអ៊ីចឹងទៅ រាយមង រាយអី»។
សម្រាប់កម្ចីនេះ អ្នកស្រីត្រូវបង់ការប្រាក់ក្នុងអត្រា២២ភាគរយក្នុងមួយឆ្នាំ។
បើតាមបទដ្ឋានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា កម្ចីរបស់អ្នកស្រី សុខៃ គឺស្ថិតក្នុងបរិមាណធំ។ ជាទូទៅ ៧០ភាគរយនៃអតិថិជនយកកម្ចីក្រោមសាច់ប្រាក់៥០០ដុល្លារ។ កម្ចីទាំងនេះភាគច្រើនមានរយៈពេលក្រោមមួយឆ្នាំ ហើយអតិថិជនត្រូវបង់ការប្រាក់ក្នុងអត្រា៣០ភាគរយ ឬខ្ពស់ជាងនេះ ដោយសារតែកម្ចីសាច់ប្រាក់តិចត្រូវចំណាយច្រើនក្នុងការចាត់ចែង។
យ៉ាងណាមិញ ការចំណាយនេះមិនបានកាត់បន្ថយតម្រូវការកម្ចីនោះទេ ដែលការណ៍នេះជួយដល់កំណើននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ដែលមានប្រជាពលរដ្ឋចំនួន១៥លាននាក់។ គិតមកត្រឹមឆ្នាំ២០១៥ នៅកម្ពុជាអ្នកដាក់ប្រាក់បញ្ញើរមានចំនួន១លាន៥សែននាក់ ហើយអ្នកខ្ចីប្រាក់មានចំនួនជាង២លាននាក់ ពីគ្រឹះស្ថានហិរញ្ញវត្ថុគ្រប់ខេត្តក្រុង។ កម្ចីស្ទើតែទាំងអស់គឺប្រមូលផ្តុំដោយប្រជាពលរដ្ឋដែលរស់នៅក្រៅទីក្រុងភ្នំពេញ ហើយអ្នកខ្ចីប្រាក់ភាគច្រើនគឺជាស្ត្រី។
បើទោះបីជាអតិថិជនថ្មីត្រេកអរនឹងសេចក្តីប្រកាសរបស់រដ្ឋាភិបាលជុំវិញការដាក់ពិដានការប្រាក់ថ្មីនេះក្តី ក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងមិនសប្បាយចិត្តនោះទេ។ ជាក់ស្តែង សេចក្តីសម្រេចឲ្យអនុវត្តការដាក់ពិដានការប្រាក់នេះ ដែលនឹងកើតឡើងមុនការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំនេះ និងមុនការបោះឆ្នោតថ្នាក់ជាតិនៅពាក់កណ្តាលឆ្នាំ២០១៨ខាងមុខនេះ បានធ្វើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានការភ្ញាក់ផ្អើល។
ក៏ប៉ុន្តែ ពេលវេលានៃសេចក្តីសម្រេចនេះមានមូលដ្ឋាននយោបាយច្បាស់លាស់។ អ្នកខ្ចីប្រាក់ដូចជាអ្នកស្រី សុខៃ ភាគច្រើនដាក់ប្លង់ដី ឬប្លង់ផ្ទះជាវត្ថុបញ្ចាំ ដែលនេះមានន័យថា ពួកគេប្រឈមគ្រោះថ្នាក់នៃការបាត់បង់ផ្ទះ និងដី បើសិនជាពួកគេមិនអាចបង់ការប្រាក់បានត្រឹមត្រូវ។ បន្ថែមលើនេះ ប្រជាពលរដ្ឋជាច្រើននាក់ជឿថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺជាកម្មសិទ្ធិរបស់រដ្ឋាភិបាល មួយផ្នែកគឺដោយសារតែមេភូមិខ្លះនៃគណបក្សកាន់អំណាច ដើរតួនាទីជាភ្នាក់ងារឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ដោយសារតែបញ្ហារឹបអូសដីធ្លីដ៏រស៊ើប និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតជិតមកដល់ រដ្ឋាភិបាលខំប្រញាប់ប្រញាល់ផ្លាស់ប្តូរការយល់ឃើញរបស់ប្រជាពលរដ្ឋ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ត្រូវបានបង្គាប់ឲ្យផ្លាស់ប្តូរនិមិត្តសញ្ញារបស់ខ្លួន ដើម្បីឲ្យខុសពីនិមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លើសពីនេះ ក៏មានយុទ្ធនាការទូទាំងប្រទេសមួយ ដែលតម្រូវឲ្យគ្រប់ការហៅទូរស័ព្ទទាំងអស់មានការផ្សាយជាសារសំឡេងមួយប្រាប់ទៅកាន់អ្នកហៅទូរស័ព្ទថា គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ។
បើសិនការដាក់ពិដានការប្រាក់មានដំណើរការត្រឹមត្រូវ
ការដាក់ពិដានអត្រាការប្រាក់មិនមែនជាបញ្ហាថ្មីនោះទេ។ ប្រទេសចំនួនជាង៦០ ក្នុងចំណោមប្រទេសជាសមាជិកនៃធនាគារពិភពលោកសរុបចំនួន១៥២ប្រទេស មានការដាក់ពិដានការប្រាក់ដែរ ដោយសារតែតាមទ្រឹស្តី ការដាក់ពិដានការប្រាក់ជួយការពារអតិថិជនពីអត្រាការប្រាក់ខ្ពស់ ធានាឲ្យមានការទទួលបានហិរញ្ញវត្ថុបន្ថែម និងជួយឲ្យកម្ចីកាន់តែងាយស្រួលទទួលបាន។
ក៏ប៉ុន្តែ ក្នុងការអនុវត្តជាក់ស្តែង ការដាក់ពិដានការប្រាក់នេះអាចមានផលប៉ះពាល់ផ្សេងពីនេះ។ នេះបើតាមលោក Stephen Higgins នៃក្រុមហ៊ុនប្រឹក្សាយោបល់ Mekong Strategic Partners។
លោកបានមានប្រសាសន៍ថា៖ «បើយល់ល្អ យើងមិនគួរមានការដាក់ពិដានការប្រាក់នេះទេ។ តាមពិត អត្រាការប្រាក់នៅកម្ពុជាសម្រាប់កម្ចីតូចៗ មានកម្រិតទាបបំផុតក្នុងចំណោមប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក។ ហើយមនុស្សភាគច្រើនភ្លេចគិតពីរឿងនេះ»។
លោក Higgins បានបន្ថែមទៀតថា ការចំណាយច្រើនមានន័យថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចាំបាច់ត្រូវកំណត់អត្រាការប្រាក់៣០ភាគរយ សម្រាប់កម្ចីក្នុងតម្លៃសាច់ប្រាក់៥០០ដុល្លារ ដែលអាចបង់រំលោះបានក្នុងរយៈពេលជាងប្រាំបួនខែ។ អត្រាការប្រាក់នេះមើលទៅហាក់ដូចជាខ្ពស់ ក៏ប៉ុន្តែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវបង់ថ្លៃមូលធនដែលត្រូវបានប្រើប្រាស់ និងថ្លៃទូទាត់កម្ចីក្នុងទឹកប្រាក់១២០ដុល្លារ។ នេះមានន័យថា អត្រាចំណេញពីការប្រាក់នេះ មានចំនួនត្រឹមតែ៤ភាគរយប៉ុណ្ណោះ។
ការកំណត់ការប្រាក់ខ្ពស់បំផុតត្រឹម១៨ភាគរយនេះ មានន័យថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងខាតបង់ប្រាក់ចំណេញពីកម្ចីតូចៗ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ១ពាន់លានដុល្លារនៃចំនួនទឹកប្រាក់កម្ចីសរុប៣ពាន់លានដុល្លារ។ លោក Higgins បានឲ្យដឹងថា ជាលទ្ធផល ការដាក់ពិដានការប្រាក់នេះនឹងបណ្តាលឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនឈប់ផ្តល់កម្ចីតូចៗ ហើយតំបន់ជនបទនឹងបាត់បង់កម្ចីដែលមានទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយប្រជាពលរដ្ឋជាច្រើននឹងត្រូវបង្ខំចិត្តខ្ចីលុយពីអ្នកចងការប្រាក់ ដែលតែងតែយកការប្រាក់ខ្ពស់ជាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
លោក Higgins បានលើកឡើងថា៖ «កសិករនឹងពិបាកក្នុងការស្វែងរកមូលធន ដើម្បីទិញគ្រាប់ពូជ និងជី។ អាជីវកម្មធុនតូចនឹងពិបាកក្នុងការស្វែងរកមូលធនដើម្បីទិញឥវ៉ាន់លក់ បើសិនជាពួកគេមានអាជីវកម្មតូច។ ដូច្នេះ អ្នកនឹងឃើញការថយចុះនៃអាជីវកម្មតូចៗបែបនេះនៅតាមសហគមន៍ជនបទ»។
កាលៈទេសៈដ៏លំបាក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រឈមនឹងជម្រើសដ៏លំបាកមួយគឺ ត្រូវស្វែងរកមធ្យោបាយទាញយកថ្លៃឈ្នួលខ្ពស់ជាងនេះ ឬត្រូវបិទគ្រឹះស្ថានរបស់ខ្លួន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយឈ្មោះ ប្រាសាក់ កំពុងតែព្យាយាមប្រែក្លាយគ្រឹះស្ថានរបស់ខ្លួនទៅជាធនាគារពាណិជ្ជ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងយ៉ាងមុតមុំានៅក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះថា សមាជិករបស់ខ្លួនចាំបាច់ត្រូវកាត់បន្ថយថ្លៃចំណាយ ហើយត្រូវពង្រឹងផ្នែកប្រសិទ្ធភាពដើម្បីបន្តសេវាកម្មរបស់ខ្លួន។
លោក ហួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ការចរចាដែលកំពុងធ្វើឡើងនេះ មានន័យថា ធនាគារជាតិកំពុងតែពិចារណាកាត់បន្ថយថ្លៃឈ្នួលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយអាចនឹងពន្យាពេលដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការបង់ថ្លៃប្រាក់បំរុង និងក្នុងការបំពេញទៅតាមតម្រូវការមូលធន។ លោកក៏បានទទូចស្នើឲ្យសមាជិកមីក្រូហិរញ្ញវត្ថុខ្លះបន្តផ្តល់កម្ចីតូចៗផងដែរ។
លោក ម៉ី កល្យាណ អ្នកជំនាញសេដ្ឋកិច្ច និងជាទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាល បានឲ្យដឹងថា មានការពិភាក្សាអំពីការដាក់ពិដានការប្រាក់នេះជាយូរមកហើយ។ លោក ម៉ី កល្យាណ គាំទ្រសេក្តីសម្រេចឲ្យមានការដាក់ពិដានការប្រាក់នេះមួយផ្នែកដោយសារតែវាជួយការពារអ្នកខ្ចីប្រាក់តិចតួចនៅតាមតំបន់ជនបទ កុំឲ្យធ្លាក់ក្នុងបំណុលដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលវិស័យនេះមានអត្រាប្រាក់ចំណេញ១៥ភាគរយ ដែលត្រូវបានចាត់ទុកថាខ្ពស់។ ការខ្ចីប្រាក់ក្នុងអត្រាការប្រាក់៣០ភាគរយ សម្រាប់ប្រាក់ចំណេញក្នុងអត្រា១៥ភាគរយនេះ នឹងនាំឲ្យមានការខាតបង់ប្រាក់ចំណេញក្រោយពីទូទាត់ពន្ធ និងចំណាយផ្សេងៗ។ លោក ម៉ី កល្យាណ ក៏បានកត់សម្គាល់ផងដែរថា វិស័យមីក្រូហិរញ្ញវត្ថុគឺជាផ្នែកតូចមួយនៃប្រព័ន្ធហិរញ្ញវត្ថុទាំងមូល។
លោកបានលើកឡើងថា៖ «ច្បាស់ណាស់ គ្រប់គោលនយោបាយទាំងអស់ កាលណាវាត្រូវបានយកទៅអនុវត្ត នោះវានឹងទាមទារឲ្យមានការកែប្រែមួយចំនួន ដែលអាចនាំមកនូវគុណវិបត្តិ និងគុណសម្បត្តិខ្លះ ក៏ប៉ុន្តែជាសរុប ខ្ញុំគិតថា ក្នុងរយៈពេលយូរអង្វែង ការដាក់ពិដានការប្រាក់នេះគឺដើម្បីចិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុ ដែលមានសារៈសំខាន់បំផុតនាពេលបច្ចុប្បន្ននេះ ដោយសារតែយើងដឹងច្បាស់ណាស់ថា កាលណាប្រព័ន្ធហិរញ្ញវត្ថុរងផលប៉ះពាល់ នោះប្រព័ន្ធសេដ្ឋកិច្ចក៏រងផលប៉ះពាល់ផងដែរ»។
ក៏ប៉ុន្តែ បញ្ហាមួយដែលមិនទាន់ដឹងច្បាស់នោះ គឺថា តើសេចក្តីសម្រេចនេះនឹងបង្កឲ្យមានការដកប្រាក់តម្កល់ទុកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ឬក៏ច្រើនជាងនេះពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងប្រាំពីរនៅប្រទេសកម្ពុជា ដែលទទួលប្រាក់បញ្ញើរឬក៏យ៉ាងណា។ ប្រាក់បញ្ញើរនេះមានអត្រា៩០ភាគរយនៃទីផ្សារមីក្រូហិរញ្ញវត្ថុសរុប។ សមាជិកក្រុមប្រឹក្សានៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះថា ពួកគេមិនព្រួយបារម្ភពីការដកប្រាក់បញ្ញើរនេះទេ។
លោក ម៉ី កល្យាណ បានយល់ស្របថា ហានិភ័យនៃការដកប្រាក់បញ្ញើរនេះមានតិច ក៏ប៉ុន្តែសេចក្តីសម្រេចនេះក៏ជំរុញឲ្យមានការពិភាក្សាអំពីគម្រោងធានារ៉ាប់រងលើប្រាក់បញ្ញើរ ដែលចាំបាច់ត្រូវពិភាក្សា ដើម្បីធានាប្រាក់បញ្ញើររបស់អ្នកផ្ញើប្រាក់។
បើយោងតាមធនាគារជាតិ អ្វីដែលមិនទំនងនៅក្នុងសេចក្តីសម្រេចមួយនេះរបស់រដ្ឋាភិបាលគឺថា អ្នកខ្ចីប្រាក់ភាគច្រើនពេញចិត្តនឹងប្រព័ន្ធការប្រាក់ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ ហើយភាគច្រើនពួកគេចំណេញពីកម្ចីរបស់ពួកគេ ពីព្រោះថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកការប្រាក់ទាបជាងការប្រាក់របស់អ្នកចងការ។
នាពេលអនាគត ការរួមបញ្ចូលគ្នានៃវិស័យមីក្រូហិរញ្ញវត្ថុនឹងកើតមានឡើង ក៏ប៉ុន្តែបញ្ហាដែលមិនទាន់ដឹងច្បាស់នោះគឺថា តើប្រជាពលរដ្ឋក្រីក្រនៅតាមតំបន់ជនបទនឹងអាចទទួលបានកម្ចីខ្នាតតូចដែលមានការប្រាក់សមរម្យបានទៀតដែរឬក៏យ៉ាងណា៕
(កញ្ញា ខាន់ សុគុំមនោ រាយការណ៍បន្ថែម)