អាជ្ញាធរសុខាភិបាលម៉ិកស៊ិក បានប្រកាសកាលពីថ្ងៃសុក្រថា ពួកគេបានបញ្ជាក់ថា ពិតជាមានករណីមេរោគវីរុសកូរ៉ូណាចំនួនពីរនៅដំណាកដំបូងនៅក្នុងប្រទេសម៉ិកស៊ិក។
បុរសម្នាក់នៅក្នុងក្រុងម៉ិកស៊ិក ដែលបានទៅទស្សនាប្រទេសអ៊ីតាលី កាលពីពេលថ្មីៗនេះបានធ្វើតេស្តឃើញវិជ្ជមានកាលពីថ្ងៃសុក្រ ហើយអ្នកជំងឺម្នាក់ទៀតនៅក្នុងរដ្ឋ Sinaloa ត្រូវបានបញ្ជាក់ថាមានផ្ទុកមេរោគនេះមែន។ ក្រៅពីប្រទេសម៉ិកស៊ិក ប្រទេសប្រេស៊ីល ជាប្រទេសតែមួយគត់ក្នុងទ្វីបអាមេរិកឡាទីនដែលមានមេរោគវីរុសកូរ៉ូណា។
មេរោគវីរុសកូរ៉ូណាបានលេចឡើងនៅក្នុងប្រទេសយ៉ាងតិចណាស់ប្រាំទៀតកាលពីថ្ងៃសុក្រគឺប្រទេសអាហ្សែបៃហ្សង់ បេឡារុស លីទុយអានី នូវែលសេឡង់ និងនីហ្សេរីយ៉ា។
ករណីនៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលត្រូវរកឃើញនៅក្នុងរដ្ឋធានីសេដ្ឋកិច្ច Lagos ជាករណីទីមួយនៅក្នុងតំបន់ខាងត្បូងសមុទ្រខ្សាច់សាហារ៉ាហើយជាករណីទីបីត្រូវបញ្ជាក់ថាពិតជាមាននៅក្នុងទ្វីបអាហ្វ្រិក។ ពួកមន្ត្រីនីហ្សេរីយ៉ាបាននិយាយថា ករណីនេះមានទាក់ទិននឹងពលរដ្ឋអ៊ីតាលីម្នាក់ដែលបានចូលក្នុងប្រទេសនេះក្នុងសប្តាហ៍នេះ។
នៅក្នុងប្រទេសអាហ្សែបៃហ្សង់ ពលរដ្ឋរុស្ស៊ីម្នាក់ដែលបានទៅដល់ទីនោះពីប្រទេសអ៊ីរ៉ង់ត្រូវបានបញ្ជាក់ថា មានផ្ទុកមេរោគវីរុសនេះ។ នៅក្នុងប្រទេសបេឡារុស និស្សិតអ៊ីរ៉ង់ម្នាក់ដែលបានទៅដល់ប្រទេសនេះពីប្រទេសអាហ្សែបៃហ្សង់ បានធ្វើតេស្តឃើញវិជ្ជមាន។
ប្រទេសលីទុយអានី ក៏បានប្រកាសកាលពីថ្ងៃសុក្រដែរថា ស្ត្រីមា្នក់ដែលវិលត្រឡប់ពីទស្សនកិច្ចមួយក្នុងប្រទេសអ៊ីតាលីក្នុងសប្តាហ៍នេះបានធ្វើតេស្តឃើញវិជ្ជមាន។
ប្រទេសនូវែសេឡង់បានបញ្ជាក់អំពីករណីទីមួយនៃមេរោគវីរុសកូរ៉ូណាកាលពីថ្ងៃសុក្រដោយនិយាយថា មនុស្សម្នាក់ដែលមកដល់កាលពីពេលថ្មីៗនេះពីប្រទេសអ៊ីរ៉ង់បានធ្វើតេស្តឃើញវិជ្ជមាន។
នៅក្នុងប្រទេសហូឡង់ ករណីទីមួយបានត្រូវបញ្ជាក់ថា កើតមានកាលពីយប់ថ្ងៃព្រហស្បតិ៍ហើយករណីមួយទៀតបានត្រូវបញ្ជាក់កាលពីថ្ងៃសុក្រ។ ជនទាំងពីរនាក់នេះបានធ្វើដំណើរកាលពីពេលថ្មីៗនេះទៅកាន់ភាគខាងជើងនៃប្រទេសអ៊ីតាលី។
ចំនួននៃករណីមេរោគវីរុសកូរ៉ូណាថ្មីៗបានចុះថយនៅក្នុងមជ្ឈមណ្ឌលនៃការរាលដាលជំងឺនេះគឺប្រទេសចិន ក៏ប៉ុន្តែបានកើនឡើងច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានអ្នកជំងឺនេះច្រើនជាងគេនៅខាងក្រៅប្រទេសចិន។
គណៈកម្មការសុខាភិបាលជាតិនៃប្រទេសចិនបានរាយការណ៍អំពីករណីថ្មីៗ៣២៧និងមានមនុស្សស្លាប់៤៤នាក់កាលពីព្រឹកថ្ងៃសុក្រ ដែលជាចំនួនករណីថ្មីៗតិចបំផុតក្នុងពេលជាងមួយខែ។ ក៏ប៉ុន្តែចំនួនករណីនៃអ្នកជំងឺនេះក្នុងប្រទេសកូរ៉េខាងត្បូងបានកើនដល់២,៣៣៧នាក់ដោយមានករណីថ្មីៗ៥៧១នាក់និងមានមនុស្សស្លាប់១៦នាក់។ ភាគច្រើននៃករណីទាំងនេះមាននៅក្នុងក្រុង Daegu ដែលជាក្រុងធំទីបួនក្នុងប៉ែកខាងត្បូងប្រទេស៕