ករណីមេរោគកូរ៉ូណាវីរុសថ្មីបានធ្លាក់ចុះនៅទីកន្លែងផ្ទុះមេរោគនោះនៅក្នុងប្រទេសចិន ក៏ប៉ុន្តែបានកើនឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសរងផលប៉ះពាល់ខ្លាំងបំផុតនៅខាងក្រៅប្រទេសចិន។
គណៈកម្មការសុខាភិបាលជាតិចិនបានរាយការណ៍ពីករណីថ្មីចំនួន៣២៧និងមនុស្សស្លាប់៤៤នាក់នៅព្រឹកថ្ងៃសុក្រនេះ ដែលជាចំនួនទាបបំផុតនៃករណីថ្មីនៅក្នុងរយៈពេលជាងមួយខែនេះ។
ក៏ប៉ុន្តែ ចំនួនករណីឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូង មានលើសពី២ពាន់ករណីដោយមានករណីថ្មីចំនួន២៥៦ ហើយចំនួនមនុស្សស្លាប់១៣នាក់។ ករណីភាគច្រើនកើតឡើងនៅក្នុងទីក្រុងថេហ្គូ ដែលជាទីក្រុងធំទី៤របស់កូរ៉េខាងត្បូង។
នៅក្នុងសហរដ្ឋអាមេរិក ពួកមន្រ្តីរាយការណ៍ពីករណីមេរោគកូរ៉ូណាវីរុសមិនស្គាល់ប្រភពលើកដំបូង មានន័យថា ស្រ្តីរងគ្រោះនៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងជើង មិនបានធ្វើដំណើរទៅខាងក្រៅសហរដ្ឋអាមេរិកឬមិនបានទាក់ទិនជាមួយជនណាដែលបានឆ្លងមេរោគនោះ។
ថ្វីបើលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និយាយថា ភាពគ្រោះថ្នាក់នៃការឆ្លងមេរោគនោះនៅក្នុងសហរដ្ឋអាមេរិក មានកម្រិតទាបក៏ដោយ ពួកមន្រ្តីនៅរដ្ឋកាលីហ្វ័រញ៉ា និយាយថា ពួកគេបានចាប់ផ្តើមការខំប្រឹងប្រែងទាក់ទងជាមួយមនុស្សគ្រប់ស្រទាប់ទាំងអស់។ មេរោគកូរ៉ូណាវីរុសមានការឆ្លងយ៉ាងខ្លាំងពីមនុស្សទៅមនុស្ស។
លោក Tedros Adhanom ប្រធានអង្គការសុខភាពពិភពលោក និយាយថា ការផ្ទុះឡើងមេរោគនោះនៅខាងក្រៅប្រទេសចិន ជាការព្រួយកង្វល់យ៉ាងធំបំផុតមួយ។
លោក Tedros បាននិយាយថា៖ «ប្រសិនបើយើងចាត់វិធានការខ្លាំងនៅពេលឥឡូវនេះ យើង អាចរាំងខ្ទប់មេរោគនោះ។ យើងអាចការពារមនុស្សកុំឲ្យឈឺ។យើងអាចជួយសង្គ្រោះជីវិតមនុស្ស»៕