មន្ត្រីសុខាភិបាលនៅជុំវិញពិភពលោក កំពុងផ្តោតលើវិធានការនានាដើម្បីបញ្ឈប់ការរាលដាលបន្តទៀតនៃមេរោគកូរ៉ូណាប្រភេទថ្មី ដែលមកដល់ពេលនេះបានឆ្លងដល់មនុស្សយ៉ាងតិច ៨២០០០នាក់នៅប្រទេសជាង៤០។
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានសម្រេចការធ្វើសមយុទ្ធយោធារួម ហើយសហរដ្ឋអាមេរិកបានព្រមានពលរដ្ឋខ្លួនមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដែលមានករណីឆ្លងមេរោគកូរ៉ូណា Covid-19 ច្រើនជាងគេបន្ទាប់ពីប្រទេសចិន។
មន្ត្រីកូរ៉េខាងត្បូងថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា មានការឆ្លងថ្មីចំនួន៣៣៤ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅកូរ៉េខាងត្បូងកើនដល់១៥៩៥នាក់។
នៅពេលនេះ ការផ្តោតជាអន្តរជាតិចំពោះមេរោគកូរ៉ូណា បានផ្លាស់ប្តូរពីការផ្តោតភាគច្រើនទៅលើករណីឆ្លងនៅក្នុងប្រទេសចិន ទៅការឆ្លងមេរោគនៅក្រៅប្រទេសចិនវិញ។ ក្នុងសប្តាហ៍នេះ ជាលើកដំបូងដែលករណីឆ្លងនៅក្រៅប្រទេសចិនបានកើនឡើងលើសចំនួនករណីឆ្លងនៅក្នុងប្រទេសចិន។
ប្រទេសដាណឺម៉ាក នៅថ្ងៃព្រហស្បតិ៍នេះបានរាយកាណ៍ពីករណីឆ្លងមេរោគ Covid-19 ដំបូងនៅក្នុងប្រទេសនេះ ដែលបានកើតលើបុរសម្នាក់ដែលទើបបានត្រឡប់ពីប្រទេសអ៊ីតាលីវិញ។
ការរាយការណ៍របស់ដាណឺម៉ាកកើតឡើងក្រោយពី ប្រទេសប្រេស៊ីលបានរាយការណ៍ពីករណីឆ្លងដំបូងរបស់ខ្លួនដែរ ដែលជាករណីទី១នៅទ្វីបអាមេរិកឡាទីន ហើយដែលកើតឡើងចំពោះអ្នកទើបត្រឡប់ពីអ៊ីតាលីម្នាក់ដែរ។
ប្រទេសថ្មីៗទៀតដែលទើបរាយករាណ៍ពីករណីឆ្លងដំបូងដែរនោះរួមមានប្រទេសរ៉ូម៉ានី ក្រិក ន័រវែស និងប៉ាគីស្ថាន៕