ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធថ្លែងថាលោកមិនគិតថា ការផ្ទុះរាលដាលនៅសហរដ្ឋអាមេរិក នៃមេរោគកូរ៉ូណាប្រភេទថ្មី ដែលបានឆ្លងដល់មនុស្សជាង៨០.០០០(៨ម៉ឺន)នាក់ នៅប្រទេសយ៉ាងហោចណាស់៣៧ ជារឿងដែលមិនអាចចៀសវាងបាននោះទេ ក៏ប៉ុន្តែលោកបានសម្តែងសុទិដ្ឋិនិយមថា រដ្ឋបាលរបស់លោកបានត្រៀមខ្លួនហើយប្រសិនបើការរីករាលដាលកើតឡើង។
លោកថ្លែងយ៉ាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងសេតវិមានកាលពីយប់ថ្ងៃពុធ ដោយលោកបញ្ជាក់បន្ថែមថា នៅពេលនេះ ការគំរាមកំហែងនៃមេរោគកូរ៉ូណា Covid-19 ចំពោះពលរដ្ឋអាមេរិកមានកម្រិត«ទាបណាស់»។
ប្រសាសន៍របស់លោកត្រាំកើតមានមួយថ្ងៃក្រោយពីមន្ត្រីនៃមជ្ឈមណ្ឌលត្រួតពិនិត្យនិងទប់ស្កាត់ជំងឺឆ្លងរបស់អាមេរិកហៅកាត់ថា CDC ជឿជាក់ថាមេរោគថ្មីនេះនឹងរីករាលដាលនៅសហរដ្ឋអាមេរិក គ្រាន់តែថា គេមិនដឹងថានៅពេលណាហើយនឹងឆ្លងដល់មនុស្សប៉ុន្មាននាក់។
មកត្រឹមថ្ងៃពុធ មានការឆ្លងសរុប៦០ករណីនៅសហរដ្ឋអាមេរិក ដោយអ្នកឆ្លងបីនាក់ជាអ្នកបានត្រឡប់ពីទីក្រុងវូហានប្រទេសចិន ដែលជាប្រភពនៃការផ្ទុះរាលដាលដំបូង ហើយអ្នកឆ្លង៤២នាក់ទៀតត្រូវបានគេជម្លៀសមកសហរដ្ឋអាមេរិកវិញក្រោយពីពួកគេបានស្ថិតនៅលើនាវាកម្សាន្តជាមួយមនុស្សរាប់រយនាក់ដែលត្រូវបានគេឃាត់ឲ្យសំចតដាច់ដោយឡែកពីគេប្រទេសជប៉ុន។
មន្ត្រីសុខាភិបាលអាមេរិកបារម្ភថាអំពីអ្វីដែលគេហៅថា «ការឆ្លងជាសហគមន៍» ដែលជាករណីនៃការឆ្លងដែលគេមិនដឹងពីប្រភពឬរបៀបឆ្លង។
ស្ថាប័ន CDC កាលពីថ្ងៃពុធបានរាយការណ៍អំពីករណីដែលអាចជាការឆ្លងបែបនេះ ដោយមានមនុស្សម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ាបានធ្វើតេស្តវិជ្ជមានថាមានមេរោគ Covid-19 បើទោះបីជននោះមិនមានប្រវត្តិបានធ្វើដំណើរទៅតំបន់ដែលមានការរាលដាលមេរោគកូរ៉ូណាប្រភេទថ្មីនេះក្តី ឬបានទំនាក់ទំនងជាមួយអ្នកដែលមានមេរោគនេះ។
លោកប្រធានាធិបតីត្រាំបានសរសើរវិធានការភ្លាមៗ និងចម្រូងចម្រាស់របស់រដ្ឋបាលលោកក្នុងការដាក់បម្រាមរិតត្បឹតមិនជនបរទេសដែលត្រឡប់ពីប្រទេសចិនចូលសហរដ្ឋអាមេរិកក្រោយការផ្ទុះមេរោគកូរ៉ូណា ថាជាមូលហេតុដែលមេរោគនេះមានកម្រិតគ្រោះថ្នាក់ទាបនៅសហរដ្ឋអាមេរិក។ នៅពេលត្រូវអ្នកកាសែតសួរថា តើលោកអាចនឹងដាក់បម្រាមចំពោះអ្នកមកពីប្រទេសអ៊ីតាលីនិងកូរ៉េខាងត្បូង ដែលទើបមានការរាលដាលខ្លាំងនោះទេ លោកឆ្លើយថា លោកអាចដាក់បំរាមដូចគ្នាដែរ ប៉ុន្តែពេលនេះមិនទាន់ដល់ពេលទេ។
កាលពីថ្ងៃពុធ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្កើនការណែនាំពីការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដល់កម្រិតទី៣ ដោយស្នើឲ្យពលរដ្ឋអាមេរិកពិចារណាឡើងវិញនូវរាល់គម្រោងធ្វើដំណើរទៅប្រទេសនេះ៕