ពលរដ្ឋកម្ពុជាដែលកំពុងរស់នៅនិងធ្វើការងារនៅប្រទេសកូរ៉េខាងត្បូងមួយចំនួន ព្រួយបារម្ភនឹងជំងឺកូវីដ-១៩ (ឬវីរុសកូរ៉ូណា) ដែលកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅទីនោះ ហើយពួកគេកំពុងតែចាត់វិធានការថែរក្សាសុខភាពផ្ទាល់ខ្លួន ប៉ុន្តែមិនចង់វិលត្រឡប់ទៅប្រទេសកម្ពុជាវិញទេ។
ប្រទេសកូរ៉េខាងត្បូងមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនជិត ២.០០០ករណី ដែលជាចំនួនច្រើនជាងគេទីពីរបន្ទាប់ពីប្រទេសចិន។ ភាគច្រើនគឺស្ថិតនៅទីក្រុងថេហ្គូ(Daegu) ដែលជាកន្លែងមានការឆ្លងរាលដាលយ៉ាងខ្លាំង។ ទីក្រុងដែលមានពលរដ្ឋជិត ២,៥លាននាក់នេះ មានពលរដ្ឋកម្ពុជាចំនួនជិត ១០.០០០នាក់ រស់នៅនិងធ្វើការតាមរោងចក្រនានា។
លោក ទឹម វណ្ណនី ដែលកំពុងតែធ្វើការនៅរោងចក្រផលិតដែកថែប ក្នុងទីក្រុងថេហ្គូ បានបញ្ជាក់ថាលោកព្រួយបារម្ភខ្លះដែរ ដោយសារតែជំងឺកូវីដ-១៩ បានចម្លងទៅមនុស្សយ៉ាងច្រើននិងយ៉ាងរហ័ស។ ប៉ុន្តែ លោកជឿជាក់លើវិធានការអនាម័យ ដែលអាជ្ញាធរបានដាក់ចេញ។
លោក ទឹម វណ្ណនី បានបញ្ជាក់ប្រាប់វីអូអេតាមទូរស័ព្ទថា៖ «នៅក្នុងរោងចក្រមានទឹកសម្រាប់លាងដៃហើយនឹងថ្នាំបាញ់ការពាររោងចក្រ គឺជាថ្នាំទឹកដែលបាញ់ជុំវិញរោងចក្រ ហើយគេឱ្យយកទឹកលាងដៃ។ បើនៅផ្ទះយើងវិញខាងអាជ្ញាធរភូមិឃុំ គេបានសេចក្តីប្រកាសណែនាំនិងផ្ញើសារតាមទូរស័ព្ទឱ្យយើងគ្រប់ពេលទាំងអស់ សឹងតែមួយម៉ោងម្តង ដើម្បីណែនាំយើងឱ្យអនុវត្តតាមគោលការណ៍របស់គេ»។
លោក ទឹម វណ្ណនី ដែលមានស្រុកកំណើតនៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បានបន្ថែមថា វិធានការរបស់អាជ្ញាធរក៏មានការដាក់ពិន័យដល់អ្នកព្រងើយកន្តើយមិនយកចិត្តទុកដាក់ការពារផងដែរ។
«បើយើងមើលតាមវិធានការរបស់អាជ្ញាធរកូរ៉េ គឺយើងមានអារម្មណ៍ស្ងប់ ហើយយើងគិតថា វាមិនអាចឆ្លងតទៅទៀតទេ ពីព្រោះអីវិធានការនេះ។ ហើយឥឡូវរដ្ឋាភិបាលគាត់ចេញច្បាប់ថ្មីទៀត ហើយច្បាប់នេះ បើអ្នកណាមិនអនុវត្តទេ គឺត្រូវជាប់ពន្ធនាគារទៀត ដោយសារតែពេទ្យពិនិត្យឃើញ អ្នកមានវីរុសកូរ៉ូណាហ្នឹងហើយ គឺដោយសារតែមន្ទីរពេទ្យក្នុងតំបន់ខ្ញុំនេះពេញ អីចឹងគាត់ឱ្យនៅក្នុងផ្ទះ ប្រសិនបើយើងមិនអនុវត្តតាមទេ ហើយដើរចេញទៅក្រៅអាចឆ្លងដល់គេដល់ឯង គឺខាងរដ្ឋាភិបាលគាត់មានវិធានការដាក់ទោសអ្នកនោះ»។
ពលរដ្ឋខ្មែរមួយរូបទៀតដែលរស់នៅក្នុងទីក្រុងថេហ្គូជាមួយនឹងស្វាមីជនជាតិកូរ៉េ គឺអ្នកស្រី គឹម ម៉ារី បានបញ្ជាក់ថា អ្នកស្រីនិងក្រុមគ្រួសារមិនហ៊ានចាកចេញទៅកន្លែងណាទេអស់រយៈពេលមួយអាទិត្យហើយ និងព្រួយបារម្ភដោយសារតែសន្ទុះនៃការឆ្លងលឿនពេក។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំអត់បានទៅណាទេ នៅតែផ្ទះមួយអាទិត្យជាងហើយ តាមដានតែព័ត៌មានហើយមួយថ្ងៃៗ ឃើញតែសារគេឱ្យប្រយ័ត្នប្រយែងពាក់ម៉ាសពាក់អីថានៅតំបន់នេះឆ្លង នៅតំបន់នោះឆ្លង។ គេប្រាប់មករហូត។ បីម៉ោងគេឱ្យព័ត៌មានម្តង បីម៉ោងគេឱ្យព័ត៌មានម្តង»។
អ្នកស្រី គឹម ម៉ារី សង្ឃឹមថា វិធានការដែលរដ្ឋាភិបាលកូរ៉េខាងត្បូង បានដាក់ចេញមកយ៉ាងតឹងរ៉ឹងនេះ ដើម្បីធានាថាការចម្លងថ្មីត្រូវកាត់បន្ថយ។
«សំខាន់ពេលដែលចេញក្រៅត្រូវតែពាក់ម៉ាសជាដាច់ខាត ត្រូវលាងដៃឱ្យស្អាត ពេលចេញទៅក្រៅក៏លាង ពេលចូលមកវិញក៏លាង ហើយមួយទៀត បើសិនជាគេសង្ស័យថា យើងកើតជំងឺកូរ៉ូណាហ្នឹង ហើយបើសិនជាយើងអត់ឱ្យពេទ្យពិនិត្យ គឺប៉ូលិសគេផាកពិន័យជាលុយ។ ហើយពេលពិនិត្យទៅឃើញ អត់ព្រមទៅព្យាបាល អត់ព្រមទៅអី គឺគេផាកពិន័យរាប់លានថែមពីលើទៀត»។
កូនពីរនាក់របស់អ្នកស្រី គឹម ម៉ារី មិនទៅរៀនទេ ដោយសារតែពេលនេះចំពេលដែលសាលារៀនបានបិទសម្រាកវិស្សមកាល តាំងពីសប្តាហ៍មុន ហើយនៅពេលដែលមានបញ្ហាជំងឺកូវីដ-១៩ នេះកើតឡើង ការសិក្សាបន្ថែមនៅពេលសម្រាកវិស្សមកាលក៏ត្រូវផ្អាកទាំងស្រុងផងដែរ។
មានពលករកម្ពុជាចំនួនជិត ៥ម៉ឺននាក់កំពុងតែធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានប្រកាសកាលពីដើមសប្តាហ៍នេះថា នឹងមិនជម្លៀសពលរដ្ឋចេញទេ ដោយសារតែហេតុផលមិត្តភាពនិងសេដ្ឋកិច្ច។
លោក ទឹម វណ្ណនី បានបញ្ជាក់ថា រោងចក្រដែលលោកធ្វើការនៅដំណើរការល្អទេ ប៉ុន្តែខ្លះទៀតបានបិទ ដោយសារតែប៉ះពាល់ រីឯរោងចក្រដែលមិនប៉ះពាល់ គឺនៅតែដំណើរការតាមធម្មតាដដែល ប៉ុន្តែកាត់បន្ថយម៉ោង។
«បើនិយាយទៅសេដ្ឋកិច្ចកូរ៉េពេលនេះក៏ធ្លាក់ដែរ ដោយសារតែវីរុសកូរ៉ូណាហ្នឹង ហើយបើយើងមើលទៅប្រទេសកម្ពុជាយើង បើរដ្ឋាភិបាលមិនចាត់វិធានការបញ្ជូនទៅវិញ បើយើងមើលទៅគឺវាជាសុវត្ថិភាពទាំងសងខាង។ ណាមួយពលករទាំងអស់គ្នាមិនបានពិនិត្យមើលច្បាស់លាស់ថាអ្នកណាមានវីរុសកូរ៉ូណា ឬក៏អត់ទេ នៅពេលដែលយើងវិលត្រឡប់ទៅវិញ ដោយមិនបានពិនិត្យអីចឹង វាអាចមានគ្រោះថ្នាក់ដល់ប្រទេសកម្ពុជាផងដែរ»។
ស្ថានទូតកម្ពុជានៅប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា មិនមានពលករខ្មែរណាម្នាក់បានឆ្លងវីរុសកូរ៉ូណានោះទេ ហើយបានជំរុញឱ្យពួកគេ «ប្រកបរបរទទួលទាន និងធ្វើការងារប្រចាំថ្ងៃជាធម្មតាតាមការកំណត់របស់រោងចក្រ សហគ្រាស កសិដ្ឋាន គ្រឹះស្ថានសិក្សា ឬស្ថាប័នផ្សេងៗ និងធ្វើតាមការណែនាំពីវិធីការពាររបស់អាជ្ញាធរកូរ៉េ»។ នេះបើតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតកាលពីថ្ងៃអង្គារ។
លោក យឹម ស៊ីណន ប្រធានចលនាយុវជនបក្សសង្គ្រោះជាតិ នៅកូរ៉េ បញ្ជាក់ថា លោកតែងតែរំលឹកដោយផ្ទាល់ដល់ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងឱ្យប្រយ័ត្នប្រយែងនឹងថែរក្សាសុខភាពរបស់ពួកគេ។
លោក ស៊ីណន បន្ថែមថា ការចាត់វិធានការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងមានភាពរហ័សរហួន។ រីឯតារាចម្រៀងនិងក្រុមហ៊ុននានាក៏បានចូលរួមបរិច្ចាគថវិកាដើម្បីចូលរួមយុទ្ធនាការជួយសង្គ្រោះផងដែរ។
«អីចឹងឃើញថាមកទល់បច្ចុប្បន្ននេះ យើងសប្បាយចិត្តដែលឃើញថា បងប្អូនរបស់យើងជាពិសេសពលរដ្ឋខ្មែរមិនទាន់មានអ្នកណាម្នាក់ឆ្លងនូវមេរោគកូរ៉ូណានេះ។ នេះជារឿងមួយដែលយើងគួរតែចូលរួមត្រេកអរផងដែរ។ ប៉ុន្តែយើងក៏នៅសង្កេតរង់ចាំសង្កេតមើលបន្តទៀត ព្រោះការរាតត្បាតមានភាពទូលំទូលាយរាតត្បាតច្រើនប្រចាំថ្ងៃបែបនេះ»។
លោក យឹម ស៊ីណន បន្ថែមថា គ្មានពលរដ្ឋខ្មែរម្នាក់ចង់ចាកចេញពីប្រទេសកូរ៉េខាងត្បូង ហើយវិលទៅប្រទេសកម្ពុជាវិញទេ ដោយសារពួកគេទុកចិត្តទៅលើប្រព័ន្ធសុខាភិបាលក៏ដូចជាការគ្រប់គ្រងនូវការរាតត្បាតនូវវីរុសកូរ៉ូណានេះនៅប្រទេសកូរ៉េ។
លោក យឹម ស៊ីណន បានបន្ថែមថា៖ «អីចឹងជាទូទៅដូចជាមិនមាននិន្នាការណាមួយដែលពួកគាត់ចង់ចាកចេញពីកូរ៉េ ដើម្បីទៅកម្ពុជានោះទេ ពីព្រោះគាត់ថាបើសិនជាកម្ពុជាមានការឆ្លងរាតត្បាតដែរការព្យាបាលក៏ដូចជាវិធានការណាមួយ គឺកូរ៉េគេអាចនឹងបិទជើងហោះហើរ ឬក៏បិទដំណើរវិលត្រឡប់មកវិញ គឺគាត់ខាតការងារនិងខាតប្រយោជន៍ផ្សេងៗ។ ដូច្នេះជម្រើសរបស់គាត់គឺទុកចិត្តប្រព័ន្ធសុខាភិបាលរបស់កូរ៉េ ហើយដូចយើងដឹងស្រាប់នៅទីនេះ បើសិនជាយើងឆ្លងគឺគេមើលយើងពីដើមដល់ចប់ហើយការចំណាយទៀតសោតគឺរដ្ឋាភិបាលជាអ្នកចំណាយ»។
រីឯអ្នកស្រី គឹម ម៉ារី ក៏ទុកចិត្តលើប្រព័ន្ធសុខាភិបាលនៅកូរ៉េជាជាងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ។
«ខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅទីនេះមានសុវត្ថិភាពជាង ពីព្រោះអី មិត្តភក្តិខ្ញុំក៏ហៅមកដែរគឺគាត់បបួលទៅខ្មែរ គាត់ថាគាត់ចង់ទៅខ្មែរ ពីព្រោះកូរ៉េឆ្លងលឿនពេក ប៉ុន្តែខ្ញុំគិតថា នៅកូរ៉េមានសុវត្ថិភាពជាងពីព្រោះអីគេមានវិធីការពារច្រើនប្រភេទ។ បើយើងទៅខ្មែរ យើងអត់ដឹងថាឈឺនៅពេលណា ទៅពិនិត្យនៅឯណា ហើយរបស់ថែសុខភាព សូម្បីតែម៉ាសនៅតាមស្រុកស្រែក៏អត់មានពាក់ដែរគេប្រមូលទិញយកទៅលក់អស់ហើយ»។
រហូតមកដល់ពេលនេះ មានអ្នកស្លាប់ចំនួន ១៣នាក់ នៅប្រទេសកូរ៉េខាងត្បូង ខណៈពេលដែលនៅទូទាំងពិភពលោកជំងឺកូវីដ-១៩ បានសម្លាប់មនុស្សជាង ២.៨០០នាក់ ហើយបានចម្លងទៅមនុស្សជាង៨២.០០០នាក់។
នៅប្រទេសកម្ពុជាមានការឆ្លងតែមួយករណីប៉ុណ្ណោះ គឺលើជនជាតិចិនកាលពីចុងខែមករា៕
ព័ត៌មានអំពីតួលេខនៃករណីស្លាប់ និងឆ្លងមេរោគកូវីដ-១៩ នៅជុំវិញពិភពលោក