កាលពីពាក់កណ្តាលខែតុលាកន្លងទៅនេះ តុលាការកំពូលរបស់ប្រទេសឥណ្ឌូនេស៊ីបានសម្រេចថា ក្រុមហ៊ុនផ្គត់ផ្គង់ទឹករបស់ឯកជនចំនួន២ មិនបានផ្គត់ផ្គង់ទឹកឲ្យបានគ្រប់គ្រាន់ដល់ប្រជាជននៅក្នុងទីក្រុងហ្សាការតា ដែលជាទីក្រុងធំជាងគេទី២នៅលើពិភពលោកនោះឡើយ។
ការផ្គត់ផ្គង់ទឹកនៅក្នុងទីក្រុងហ្សាការតាត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនឯកជនតាំងពី២០ឆ្នាំមុន នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនៃរបបផ្តាច់ការយោធារបស់លោក Suharto ដែលនៅពេលនោះលោក Suharto បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចម្រុះពីរ ដែលក្នុងនោះក្រុមហ៊ុនមួយមានក្រុមហ៊ុនកូនប្រុសរបស់លោកនៅក្នុងនោះផងដែរ។
ក្រុមសកម្មជន សហជីពពាណិជ្ជកម្ម និង ប្រជាពលរដ្ឋក្នុងទីក្រុងហ្សាការតា បានដាក់ពាក្យបណ្តឹងរួមគ្នានៅឆ្នាំ២០១២ ដោយប្តឹងថាក្រុមហ៊ុនទាំងនេះមិនបានផ្តល់ទឹកស្អាតប្រើប្រាស់ដល់ប្រជាពលរដ្ឋនោះទេ។ ក្រុមហ៊ុនទាំងពីរនេះបានកំណត់តម្លៃតាមចិត្តរបស់ខ្លួន ដែលយកពន្ធមិនស្មើគ្នាចំពោះប្រជាជនដែលមានប្រាក់ចំណូលទាបដើម្បីឲ្យខ្លួនទទួលបានប្រាក់ចំណូលយ៉ាងច្រើន។
ក្រុមនេះបានឈ្នះក្តីនេះនៅក្នុងតុលាការមួយក្នុងទីក្រុងហ្សាការតាកាលពីឆ្នាំ២០១៥ ក៏ប៉ុន្តែ វាត្រូវការរយៈពេល២ឆ្នាំបន្ថែមទៀតដើម្បីឲ្យតុលាការកំពូលតម្កល់សាលក្រមនេះស្របតាមរដ្ឋធម្មនុញ្ញ។
ចុងចោទទាំងនោះបានបញ្ចាក់ថាកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់ក្រុមហ៊ុនឯកជនទាំងនោះមានផលប៉ះពាល់យ៉ាងពិតប្រាកដ និងធំធេងទៅដល់សង្គម នេះបើយោងតាមការសម្រេចរបស់តុលាការកំពូល។ «ការប៉ះពាល់នោះរួមមាន៖ ទី១ ប្រជាជនឥណ្ឌូនេស៊ី ប្រមាណតែពាក់កណ្តាលប៉ុណ្ណោះដែលអាចប្រើប្រាស់សេវាផ្គត់ផ្គង់ទឹករបស់ក្រុមហ៊ុនទាំងនេះបាន ទី២ ប្រជាជនត្រូវបង់ថវិកាដើម្បីប្រើប្រាស់ទឹកស្អាតនៅក្នុងតម្លៃថ្លៃ តែអ្វីដែលពួកគេទទួលបានគឺទឹកប្រើប្រាស់មានគុណភាពមិនល្អនិងមានចំនួនកំណត់»។
ការសម្រេចនេះគឺស៊ីសង្វាក់ជាមួយនឹងការសម្រេចរបស់តុលាការកំពូលកាលពីឆ្នាំ២០០៤ អំពីឯកជនភាវូបនីយកម្មនៃប្រព័ន្ធផ្គត់ផ្គង់ទឹក ដែលបានសម្រេចថា «ធនធានទឹកត្រូវតែគ្រប់គ្រង និង ចែកចាយដើម្បីប្រយោជន៍សាធារណៈ ដូច្នេះ ក្រុមហ៊ុនឯកជនមិនអាចគ្រប់គ្រងផ្តាច់មុខទៅលើធនធានទឹកទាំងនោះឡើយ»។
គោលនយោបាយសម្រាប់រដ្ឋាភិបាលថ្មី
ការស្តារឡើងវិញនូវសេវាកម្មផ្គត់ផ្គង់ទឹកដល់ប្រជាជនក្នុងទីក្រុងហ្សាការតា គឺជាកាតព្វកិច្ចមួយទៀតរបស់លោក Anies Baswedan ដែលជាអភិបាលថ្មីរបស់ទីក្រុងហ្សាការតានេះ។ លោក Baswedan និង អភិបាលរងលោក Sandiaga Uno បានធ្វើយុទ្ធនាការយ៉ាងខ្លាំងខ្លានៅសហគមន៍ក្រីក្រនៅភាគខាងជើងទីក្រុងហ្សាការតា ដែលជាសហគមន៍ដែលរងការប៉ះពាល់ខ្លាំងជាងគេដោយសារបញ្ហាអសន្តិសុខទឹក ហើយជាងនេះទៀត ពួកគេក៏កំពុងរងគ្រោះពីគម្រោងបណ្តេញចេញរបស់អតីតអភិបាលក្រុងហ្សាការតាផងដែរ។
លោក Martin Lenggu ដែលជាមេធាវីដឹកនាំការដាក់ពាក្យបណ្តឹងរួមគ្នានេះប្រឆាំងនឹងក្រុមហ៊ុនផ្គត់ផ្គង់ទឹកឯកជនទាំងពីរបាននិយាយថា៖ «ខ្ញុំឮលោក Anies និង លោក Sandi សន្យាជាច្រើនអំពីសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានទឹកស្អាតប្រើប្រាស់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមក។ ក៏ប៉ុន្តែ តើគម្រោងរបស់ពួកលោកទាំង២ស្របទៅតាមគោលការណ៍របស់អង្គការសហប្រជាជាតិដែរឬទេ? យើងមិនទាន់ដឹងច្បាស់នៅឡើយទេ។ ប៉ុន្តែអ្វីដែលច្បាស់នៅពេលនេះគឺ កិច្ចសន្យារបស់ក្រុមហ៊ុនឯកជនទាំងនោះនឹងត្រូវបញ្ចប់»។
លទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់នឹងក្លាយទៅជាបញ្ហាសុខភាពសាធារណៈចំបងមួយ ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយភ្លាមៗនោះទេ។ ប្រជាពលរដ្ឋដែលរស់នៅតំបន់ភាគខាងជើងនៃក្រុងហ្សាការតាបានរៀបរាប់អំពីមូលហេតុដែលពួកគេទទួលបានទឹកប្រើប្រាស់មិនទៀងទាត់ ជាពិសេសគឺពេលល្ងាច។ អ្នកខ្លះទៀតបាននិយាយថា ពួកគាត់ត្រូវបង្ខំចិត្តទិញទឹកបរិភោគក្នុងតម្លៃថ្លៃពីអ្នកលក់ដូរនៅតាមដងផ្លូវ ហើយនិងត្រូវងូតទឹកអណ្តូងសាធារណៈដែលមានលក្ខណៈកខ្វក់។
ប្រជាជនដែលមានជីវភាពរាងធូរធារបានជីកអណ្តូងផ្ទាល់ខ្លួនជាយូរណាស់មកហើយដោយសារតែគុណភាពមិនល្អរបស់សេវាកម្មផ្គត់ផ្គង់ទឹកនៅក្នុងទីក្រុង។ ការកើនឡើងនៃការជីកអណ្តូងផ្ទាល់ខ្លួនទាំងនេះ គឺជាមូលហេតុមួយដែលធ្វើឲ្យទីក្រុងហ្សាការតាក្លាយជាទីក្រុងមួយក្នុងចំណោមទីក្រុងផ្សេងទៀតនៅក្នុងពិភពលោកដែលលិចលឿនជាងគេបំផុត។
ការបរាជ័យនៃឯកជនភាវូបនីយកម្ម
នៅពេលដែលការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង Jakarta ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនឯកជននៅក្នុងឆ្នាំ១៩៩៧ គឺមានទាំងកត្តាក្នុងប្រទេស និងកត្តាសកលលោកដែលរួមចំណែកក្នុងរឿងនេះ។ កត្តាដែលធ្វើឲ្យមានការផ្លាស់ប្តូរភ្លាមៗនោះគឺលោកអតីតប្រធានាធិបតី Suharto ផ្ទាល់តែម្តង។ អ្នកសង្កេតការណ៍បាននិយាយថា ក្រុមហ៊ុនផ្គត់ផ្គង់សេវាសាធារណៈពហុជាតិចំនួន២ គឺក្រុមហ៊ុន Thames Water និង ក្រុមហ៊ុន Suez Lyonnaise des Eaux ទទួលបានផលប្រយោជន៍ពីរបបមូលធនបក្សពួកនិយមរបស់រដ្ឋាភិបាលលោក Suharto ដោយទទួលបានការផ្តល់កិច្ចសន្យាពីរដ្ឋាភិបាលដែលមិនបានដាក់អោយដេញថ្លៃ។
ក្រុមហ៊ុន Thames Water បានសហការជាមួយក្រុមហ៊ុនកូនរបស់លោក Suharto។ ក៏ប៉ុន្តែ នៅពេលដែលរបបរបស់លោក Suharto បានដួលរលំនៅឆ្នាំ១៩៩៨ មេដឹកនាំភាគច្រើននៃក្រុមហ៊ុនទាំងនោះបានរត់ចេញពីប្រទេស ដែលបណ្តាលឲ្យមិនមានការបញ្ជាច្បាស់លាស់ពីថ្នាក់លើដែលធ្វើឲ្យមានការគ្រប់គ្រងមិនល្អដូចស្ថានភាពសព្វថ្ងៃនេះ។
លោក Andreas Harsono អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្តោតលើប្រទេសឥណ្ឌូនេស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា៖ «លោក Suharto គឺជាមេដឹកនាំផ្តាច់ការម្នាក់ដែលកូនៗនិងបក្សពួករបស់លោកត្រូវបានចោទប្រកាន់ថាបានលួចយកថវិកាចំនួនប្រមាណ១៥ពាន់លានដុល្លាអាមេរិក នៅពេលលោកចុះចេញពីដំណែងនៅឆ្នាំ១៩៩៨។ ក្រុមហ៊ុនរបស់ពួកគេមានតាំងពី ធនាគារ សេវាកម្មផ្គត់ផ្គង់ទឹក ម្ហូបអាហារ និង អចលនទ្រព្យ។ រយៈពេល២០ឆ្នាំកន្លងទៅហើយ យើងនៅតែមិនដឹងអំពីសេចក្តីលំអិតពីការលួចជាតិរបស់ពួកគេនោះទេ» ។
ក៏ប៉ុន្តែលោក Suharto មិនបានផ្តល់កិច្ចសន្យាទៅឲ្យក្រុមហ៊ុនឯកជនតែឯងនោះទេ។ ធនាគារពិភពលោក (World Bank) បានជំរុញរដ្ឋាភិបាលយ៉ាងខ្លាំងក្លាឲ្យធ្វើការផ្គត់ផ្គង់សេវាសាធារណៈទៅជាលក្ខណៈឯកជន នៅពេលនោះ។
ទោះបីជា ការធ្វើឯកជនភាវូបនីយកម្មទៅលើការផ្គត់ផ្គង់ទឹកត្រូវបានគេទទួលស្គាល់ថាទទួលបានជោគជ័យនៅក្នុងទីក្រុងនានានៃប្រទេសអេក្វាទ័រ រូម៉ានី កូឡុំប៊ី ម៉ារ៉ុក និង សេណេហ្គាល់ក៏ដោយ អ្នកប្រឆាំងនៅតែបកស្រាយថា គម្រោងបែបនេះគឺជាការបរាជ័យទូទាំងពិភពលោក។ នៅក្នុងទីក្រុងធំៗជាច្រើន តាំងពីទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង រហូតដល់ ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន សេវាកម្មផ្គត់ផ្គង់ទឹកត្រូវបានផ្គត់ផ្គង់ឡើងវិញដោយរដ្ឋនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ នេះបើយោងតាមរបាយការណ៍ពីឆ្នាំ២០១៤ របស់អង្គការ Transnational Institute អង្គការ Public Services International Research Unit និងអង្គការ Multinational Observatory។
របាយការណ៍នេះបានស្នើឡើងថា តាំងពីទសវត្សឆ្នាំ១៩៧០មក វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិនានា ដូចជាធនាគារពិភពលោក និង រដ្ឋាភិបាលជាច្រើនទៀតបានជំរុញឲ្យមានស្ថាប័នឯកជន និង ភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន ដើម្បីជាដំណោះស្រាយមួយសម្រាប់ការផ្គត់ផ្គង់សេវាសាធារណៈដូចជាការផ្គត់ផ្គង់ទឹកជាដើម។ ក៏ប៉ុន្តែ នៅទូទាំងពិភពលោក ទីក្រុងទាំងឡាយបន្តជួបនឹងបញ្ហាដូចៗគ្នា ដូចជាយុទ្ធសាស្ត្រកំណត់តម្លៃលក់ ការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ និង ហានិភ័យចំពោះបរិស្ថាន។
ការដកពិសោធន៍របស់ទីក្រុងហ្សាកាតារជាមួយនឹងការធ្វើឯកជនភាវូបនីយកម្មលើសេវាកម្មផ្គត់ផ្គង់ទឹកបានចាប់ផ្តើមជាមួយនឹងនិន្នាការពិភពលោកនៅពេលនោះ នៅក្នុងអំឡុងពេលដែលជាកាលៈទេសពិសេសដែលត្រូវបានជំរុញទៅមុខបានលឿនដោយសារអំពើពុករលួយនៅសម័យដឹកនាំរបស់លោក Suharto។ នាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលក្រុងហ្សាការតា កំពុងតែដើរតាមនិន្នាការពិភពលោកសារជាថ្មីម្តងទៀត តែម្តងនេះគឺមិនមែន ឯកជនភាវូបនីយកម្ម ទៀតឡើយ៕
ប្រែសម្រួលដោយ លឹម ហ្គេចហៀង