ហេតុការណ៍ទាំងអស់នេះ គឺជាការវិវត្តចុងក្រោយបង្អស់ក្នុងរយៈពេលដែលលោក Setya Novanto ស្ថិតក្នុងតំណែងនិងបានប្រព្រឹត្តអំពើពុករលួយយ៉ាងច្រើន និងបានព្យាយាមរត់គេចវេះពីការចាប់ខ្លួនជាច្រើនលើកច្រើនសារ និងពីការកាត់ទោសពីបទប្រព្រឹត្តអំពើពុករលួយ។
គណៈកម្មាធិការលុបបំបាត់អំពើពុករលួយក្នុងប្រទេសឥណ្ឌូណេស៊ី (KPK) បានចុះទៅដល់ផ្ទះលោក Novanto ស្ថិតនៅភាគខាងត្បូងរដ្ឋធានីហ្សាការតាកាលពីរាត្រីថ្ងៃពុធកន្លងទៅ ប៉ុន្តែគាត់មិនមានវត្តមាននៅទីនោះទេ។ មេធាវីរបស់លោក(Novanto)បានអះអាងថា គាត់មិនបានទាក់ទងជាមួយរូបលោក(Novanto)ឡើយ ប៉ុន្តែគាត់ជឿជាក់១០០ភាគរយថាលោក(Novanto) កំពុងស្ថិតនៅក្នុងរដ្ឋធានីហ្សាការតា ហើយលោកមិនកំសាកលាក់ខ្លួនក្នុងរឿងនេះឡើយ។
លោក Novanto កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងរឿងអាស្រូវជាតិពាក់ព័ន្ធនឹងការទទួលបានអត្ថប្រយោជន៍ពីការធ្វើកាតអត្តសញ្ញាណប័ណ្ណឌីជីថល។ គណៈកម្មាធិការលុបបំបាត់អំពើពុករលួយ ក៏ធ្លាប់បានចេញដីកាកោះហៅរូបលោកចំនួន១១ដងលើសំណុំរឿងតែមួយនេះផងដែរ។ គាត់ត្រូវរងការចោទប្រកាន់ពីការកាត់យកចំណែក១០ភាគរយពីក្រុមហ៊ុនមួយដែលបានចុះកិច្ចសន្យាផលិតកាតអត្តសញ្ញាណប័ណ្ណទាំងអស់នេះ។
លោក Novanto បានបង្ហាញខ្លួនកាលពីព្រឹកថ្ងៃពុធនៅក្នុងរដ្ឋសភា នៅពេលដែលលោកថ្លែងសន្ទរកថាបើកកិច្ចប្រជុំសភាពេញអង្គ។ គណៈកម្មាធិការលុបបំបាត់អំពើពុករលួយ បានព្រមានលោកឲ្យប្រគល់ខ្លួនឲ្យអាជ្ញាធរក្នុងរយៈពេល២៤ម៉ោង បើមិនដូច្នេះទេឈ្មោះលោកនឹងត្រូវដាក់ចូលក្នុងបញ្ជីអ្នកដែលត្រូវគេតាមចាប់ខ្លួន។
កាលពីរាត្រីថ្ងៃព្រហស្បតិ៍ មានការរាយការណ៍ថារថយន្តរបស់លោកទទួលរងគ្រោះថ្នាក់ ហើយលោកត្រូវចូលទៅពិនិត្យព្យាបាលក្នុងមន្ទីរពេទ្យ Permata Hijau ស្ថិតនៅភាគខាងត្បូងរដ្ឋធានីហ្សាការតា។កាលពីថ្ងៃសុក្រ មេធាវីរបស់លោក បាននិយាយថាលោក ត្រូវបានយាមការពារដោយកងកម្លំាំងប្រដាប់អាវុធនៃក្រុមស៊ើបអង្កេតប្រឆាំងអំពើពុករលួយខណៈសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
អាជីពបង្កើតតែរឿងពុករលួយ
លោក Novanto ត្រូវជាប់ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយយ៉ាងហោចណាស់ចំនួន៨ ក្នុងអាជីពជាអ្នកនយោបាយក្នុងរយៈពេល១៩ឆ្នាំកន្លងមកនេះ ចាប់តាំងពីការដួលរលំនៃរបបផ្តាច់ការលោក Suharto ហើយក៏ជាពេលដែលយុគសម័យប្រជាធិបតេយ្យចាប់ផ្តើមក្នុងប្រទេសឥណ្ឌូណេស៊ី។
ក្នុងចំណោមបទចោទប្រកាន់ទាំងអស់ មានបទចោទប្រកាន់មួយទាក់ទងនឹងការប៉ុនប៉ងបង្វែរដានបន្លំប្រាក់ចំនួន៤ពាន់លានដុល្លារពីក្រុមហ៊ុនរុករករ៉ែរបស់អាមេរិកមួយឈ្មោះFreeport កាលពីឆ្នាំ២០១៥ ដែលជារឿងអាស្រូវមួយនាំឲ្យមានការដកតំណែងរូលោកចេញពីប្រធានសភាមួយរយៈ ប៉ុន្តែត្រូវបានគេប្រគល់តំណែងឲ្យវិញនៅពេលដែលភ័ស្តុតាងចោទប្រកាន់រូបលោកត្រូវបានតុលាការចាត់ទុកថាមិនត្រឹមត្រូវ។
សម្រាប់សំណុំរឿងអាស្រូវពាក់ព័ន្ធនឹងការធ្វើកាតអត្តសញ្ញាណប័ណ្ណនេះ លោក Novanto បានគេចវេះជាច្រើនលើកច្រើនសារក្នុងការបង្ហាញខ្លួនក្នុងតុលាការ។ កាលពីខែមុន លោកបានបង្ហាញរូបថតលោកក្នុងមន្ទីរពេទ្យ ដោយបានអះអាងថាលោកមានអាការៈវិលមុខដោយសារលេងកីឡាវាយប៉េងប៉ុង។ រូបថតនោះត្រូវបានគេចែកផ្សាយ និងចម្អកលេងសើចតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយរឿងនេះកាន់តែធ្ងន់ធ្ងរឡើងនៅពេលស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ត្រូវបានគេចាប់ខ្លួនក្រោមច្បាប់បទបរិហាកេរ្តិ៍ ដែលបានចែកចាយរូបភ្ជាប់នឹងរូបបង្ហាញពីអារម្មណ៍លេងសើចលើរូបលោក Novanto នៅលើបណ្តាញសង្គម Instagram។
បើទោះជាមនុស្សម្នាហាក់ដូចជាដឹងពីទំហំនៃអំពើពុករលួយរបស់លោក Novanto ក៏ដោយ ក៏មានការចំណាយច្រើនទាំងក្នុងសង្គម និងនយោបាយដើម្បីជំរុញឲ្យមានការកាត់ក្តី និងការចាប់ខ្លួនរូបលោក។
កាលពីខែសីហា សាក្សីមួយរូបរស់នៅទីក្រុង Los Angeles ដែលមានភ័ស្តុតាងនៃការពាក់ព័ន្ធរបស់លោក Novanto ក្នុងសំណុំរឿងអត្តសញ្ញាណប័ណ្ណនេះ បានធ្វើអត្តឃាត ហើយត្រូវបានគេរាយការណ៍ថាដោយសារតែលោកភ័យខ្លាច ក្រែងលោថាឈ្មោះរបស់លោកនឹងត្រូវបានបង្ហាញជាសាធារណៈជាប់ពាក់ព័ន្ធជាមួយនឹងលោក Novanto។
អ្នកជំនាញកិច្ចការសន្តិសុខជនជាតិឥណ្ឌូណេស៊ីមួយរូបបាននិយាយថា៖ «លោក (Novanto)គឺជាមន្រ្តីពុករលួយក្នុងក្រុមវរជន។ លោកទទួលសំណូកពីគ្រប់ច្រកល្ហក»។ លោកបានបន្ថែមថា៖ «លោកក៏ជាមនុស្សចេះដឹងពីរឿងនយោបាយមួយផងដែរ ក្នុងនាមលោកជាអ្នកដឹកនាំគណបក្សGolkarដែលជាអ្នកគាំទ្រលោកJokowi។ ប្រសិនបើលោកត្រូវគេចាប់ខ្លួន ដៃគូសម្ព័ន្ធភាពដែលមកពីគណបក្ស Golkar និងត្រូវប្តូរទៅចាប់ដៃគូសម្ព័ន្ធភាពជាមួយគណបក្ស Kalla-Bakrie (ដែលមានលោក Jusuf Kalla ជាអនុប្រធានគណបក្ស និងលោក Aburizal Bakrie ដែលជាធុរជនដ៏សំខាន់មួយរូប) ជំនួសវិញ ហើយការណ៍នេះនឹងធ្វើឲ្យជីវិតរបស់គណបក្សរបស់លោកប្រធានាធិបតីគឺJokowi មានការលំបាកសម្រាប់ឆ្នាំ២០១៩នេះ។ ប្រសិនបើលោក Novanto ហ៊ានលាតត្រដាងការពិតនោះ មានអ្នកជាប់ពាក់ព័ន្ធជាច្រើនទៀតនឹងត្រូវជាប់ពន្ធនាគារផងដែរ។ ដូច្នេះរឿងនេះ គឺជារឿងរស៊ើបណាស់»។
គណបក្ស Golkar សព្វថ្ងៃដឹកនាំដោយលោក Novanto បានធានាថាខ្លួនផ្តល់ជំនួយផ្នែកច្បាប់ដល់លោកប្រសិនសំណុំរឿងរបស់លោកត្រូវគេយកទៅកាត់ក្តី។
ភាពអាម៉ាស់របស់គណៈកម្មាធិការលុបបំបាត់អំពើពុករលួយ
អាជីពរបស់លោក Novanto ឆ្លុះបញ្ចាំងពីភាពប្រឈមនៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសឥណ្ឌូណេស៊ី ដែលអំពើពុករលួយនៅមានគ្រប់ទីកន្លែង ដែលបានកកើតចាប់តាំងពីរបបផ្តាច់ការ Suharto និងបានធ្វើឲ្យក្រុមអ្នកដឹកនាំបន្ទាប់ចេះប្រព្រឹត្តអំពើពុករលួយ និងកេងបន្លំប្រាក់កាស ដែលស្ថានភាពនេះនៅតែបន្តមានរហូតដល់យុគសម័យប្រជាធិបតេយ្យនេះ។
ប្រសិនបើលោក Novanto អាចគេចផុតពីការចោទប្រកាន់ម្តងនេះទៀត នោះវានឹងក្លាយជាព្យុះបក់បោកដ៏ធំមួយសម្រាប់គណៈកម្មាធិការលុបបំបាត់អំពើពុករលួយ ដែលជាស្ថាប័នដ៏មានប្រជាប្រិយភាពបំផុតមួយក្នុងប្រទេសឥណ្ឌូណេស៊ី និងមិនដែលធ្លាប់មានបញ្ហានៃការផ្តាច់ថវិកា និងគំរាមកំហែងពីវរជននយោបាយណាមួយឡើយ។ កាលពីខែមេសា អ្នកស៊ើបអង្កេតមួយរូបនៃគណៈកម្មាធិការនេះ ទទួលរងការវាយប្រហារដោយទឹកអាស៊ីតមួយថ្ងៃបន្ទាប់ពីគណៈកម្មាធិការនេះប្រកាសថា លោក novanto ស្ថិតក្រោមការស៊ើបអង្កេតជុំរិញរឿងអាស្រូវកាតអត្តសញ្ញាណប័ណ្ណ។
ក្រុមអ្នកឃ្លាំមើលសង្គមគិតថារឿងដ៏គួរឲ្យភ្ញាក់ផ្អើលនៃការគេចវេះរបស់លោក Novanto និងកម្រិតនៃការខឹងសម្បាពីសាធារណជន មានន័យថានេះជាលើកទីមួយហើយដែលបទចោទប្រកាន់នេះនៅមានប្រជាជនកំពុងតែតាមដាននៅឡើយ។
សាធារណជនកាន់តែច្រើនឡើងចង់ឲ្យលោក Novanto បកស្រាយពីសកម្មភាពរបស់លោក ដែលការណ៍នេះអាចនឹងជួយដល់គណៈកម្មាធិការលុបបំបាត់អំពើពុករលួយ នេះបើយោងតាមលោក Arbi Sanit ជាអ្នកវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យUniversity of Indonesia ។
លោក Sanit បានព្យាករថា៖ «ខ្ញុំទស្សទាយថា គណៈកម្មាធិការនេះ នឹងមានចំណាត់ការជាបន្តបន្ទាប់ គឺទៅតាមវិធីសាស្ត្ររបស់គណៈកម្មាធិការនេះ ពេលនោះលោក Novanto នឹងត្រូវដាក់បញ្ចូលក្នុងបញ្ជីមនុស្សដែលត្រូវគេតាមចាប់ខ្លួន បន្ទាប់មកនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យប៉ូលិស និងស៊ើបសួរដោយមន្រ្តីប៉ូលិស ហើយនឹងត្រូវគេហាមឃាត់មិនទៅព្យាបាលជំងឺនៅបរទេសនោះទេ»។
ស្របពេលជាមួយគ្នានេះដែរ ក្រុមប្រជាពលរដ្ឋដែលមានឈ្មោះថា សង្គមប្រជាជនឥណ្ឌូណេស៊ីប្រឆាំងនឹងអំពើពុករលួយ ក៏បានធ្វើសកម្មភាពតូចមួយរបស់ខ្លួនតាមរយៈការផ្តល់រង្វាន់ក្នុងទឹកប្រាក់១០លាន rupiah ដល់«បុគ្គលណាដែលអាចផ្តល់ព័ត៌មានអាចទុកចិត្តបានពីវត្តមានរបស់លោក Novanto ទៅដល់គណៈកម្មាធិការលុបបំបាត់អំពើពុករលួយ ឬដល់មន្រី្តប៉ូលិស ឬស្ថាប័នអនុវត្តច្បាប់ណាមួយ ដូច្នេះ ពេលនោះគណៈកម្មាធិការលុបបំបាត់អំពើពុករលួយអាចចាប់ខ្លូនលោក Novanto»។
ទឹកប្រាក់នៃរង្វាន់នោះមិនច្រើននោះទេ គឺប្រហែលតែ៧៤០ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែគណៈកម្មាធិការលុបបំបាត់អំពើពុករលួយត្រូវការគ្រប់ជំនួយទាំងអស់ បើអាចធ្វើបាន៕
ប្រែសម្រួលដោយ កោះ សុគន្ធី