ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​ក្រុង​ហ្សាការតា​បិទ​ទីតាំង​ដែល​មាន​ពេស្យាកម្ម បើ​តាម​ពាក្យ​ចចាម​អារ៉ាម


បុរស​ម្នាក់​បើក​ម៉ូតូ​កាត់​មុខ​សណ្ឋាគារ​ Alexis ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃទី​១៧ ខែ​តុលា។
បុរស​ម្នាក់​បើក​ម៉ូតូ​កាត់​មុខ​សណ្ឋាគារ​ Alexis ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃទី​១៧ ខែ​តុលា។

លោក​ Anies Baswedan ​អភិបាល​ក្រុង​ហ្សាការតា​​ សម្រេច​បាន​ដោយ​ជោគ​ជ័យ​តាម​ការ​សន្យា​ដ៏​ធំ​មួយ​របស់​លោក ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​ នៅ​ពេល​ដែល​លោក​បាន​បិទ​សណ្ឋាគារ​ Alexis Hotel ដែល​មាន​កេរ្តិ៍​ឈ្មោះ​អាសោច​នៅក្នុង​ប្រទេស​ឥណ្ឌូ​នេស៊ី។

តាមពាក្យ​ចចាម​អារ៉ាម​ថា​ សណ្ឋាគារ​នេះ​គឺជា​កន្លែង​ពេស្យាចារ។​ ប៉ុន្តែ​ គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា ​ការ​បិទ​នេះ​ជា​វិធានការ​ដាច់​ដោយ​ឡែក​តែ​មួយ ឬ​ក៏ជា​សញ្ញា​នៃ​ការ​បង្ក្រាប​ក្នុង​ទ្រង់​ទ្រាយ​ដ៏​ធំ​នោះ​ទេ។

បទ​បញ្ជា​ចេញ​កាល​ពី​សប្តាហ៍​មុន ​ដែល​បាន​ហាម​មិន​ឲ្យ​បើក​ដំណើរការ​សណ្ឋាគារ​នេះ​ឡើង​វិញ បាន​ចូល​ជា​ធរមាន​ភ្លាមៗ​ ហើយ​សណ្ឋាគារ​និង​បន្ទប់​ម៉ាស្សា​ បានបិទ​ទ្វារ​លែង​ដំណើរ​ការ​ហើយ។ អាគារ​នេះ រួម​មាន​ទីធ្លា​ផ្សេង​ទៀត​ដូច​ជា ភោជនីយដ្ឋាន បន្ទប់​ខារាអូខេ ដែល​មិន​រង​ការ​ប៉ះពាល់​ទេ។ លោក Anies មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ជា​ព័ត៌មាន​លម្អិត​លើ​សកម្មភាព​ដែល​ខុស​ច្បាប់​នោះ​ទេ ប៉ុន្តែ​លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​មាន​ទិន្នន័យ​ទាំង​អស់ អំពី​ការ​រំលោភ​បំពាន​នានា​ក្នុង​សំណុំ​រឿង​នេះ។​

លោក Anies បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ឯ​សាលា​ក្រុង​ថា៖ «យើង​មាន​ជំហរ​ច្បាស់​ណាស់។ យើង​មិន​ចង់​ឲ្យ​ក្រុង​ហ្សាការតា​ ក្លាយ​ជា​ទីក្រុង​ដែល​អនុញាត​ឲ្យ​មាន​អំពើ​ពេស្យាកម្ម​កើត​មាន​ទេ។ យើង​បាន​ទទួល​របាយការណ៍​ និង​ពាក្យ​បណ្តឹង​ជា​ច្រើន​ពី​ពលរដ្ឋ​ ក៏​ដូច​ជា​របាយការណ៍​សារព័ត៌មាន​ផង​ដែរ»។

សណ្ឋាគារ​នេះ​បាន​តវ៉ា​នឹង​ការ​សម្រេច​ចិត្ត​នេះ ដោយ​អ្នក​តំណាង​ផ្លូវ​ច្បាប់​របស់​ខ្លួន​បាន​អះ​អាង​ថា សណ្ឋាគារ​នេះ​មិន​បាន​បំពាន​បទ​ប្បញ្ញត្តិ​ទេ​ ដោយ​បាន​ចូល​រួម​បង់​ពន្ធ​សំខាន់ៗ​ និង​បាន​ជួល​បុគ្គលិក​រាប់​រយ​នាក់ ដែល​ជា​អ្នក​ផ្គត់ផ្គង់​ចំណូល​ក្នុង​គ្រួសារ​របស់​ពួក​គេ។

ទោះ​យ៉ាង​ណា​ លោក Anies​ មិន​បារម្ភ​អំពី​ការ​បាត់​បង់​ចំណូល​ពន្ធ​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ២.២​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នោះ​ទេ។ លោក​និយាយ​ថា លោក​ចាប់​អារម្មណ៍​តែ​លើ​ប្រាក់​ដែល​ពាក់​ព័ន្ធ​នឹង​«ប្រាក់​ halal‍» ឬ​ប្រាក់​ដែល​បាន​មក​ពី​ប្រភព​ផ្សេងៗ ​ដែល​ច្បាប់​ឥស្លាម​អាច​ទទួល​យក​បាន​តែប៉ុណ្ណោះ។

កន្លែង​រាំ​ឌីស្កូនៅ​ជិត​កន្លែង​ប៉ូលិស​យាមក្បែរ​អាគារ​ដែល​ត្រូវ​បាន​កម្ទេច​ចោល​នៅ​ទីតាំង​ផ្តល់​សេវា​បម្រើ​ផ្លូវ​ភេទ Kalijodo ក្នុង​ទីក្រុង​ហ្សាការតា។
កន្លែង​រាំ​ឌីស្កូនៅ​ជិត​កន្លែង​ប៉ូលិស​យាមក្បែរ​អាគារ​ដែល​ត្រូវ​បាន​កម្ទេច​ចោល​នៅ​ទីតាំង​ផ្តល់​សេវា​បម្រើ​ផ្លូវ​ភេទ Kalijodo ក្នុង​ទីក្រុង​ហ្សាការតា។

ទីតាំង​រង្គសាល​សំខាន់ៗ

អតីត​អភិបាល​ក្រុង​ហ្សាការតា​ដ៏​ល្បី​ឈ្មោះ​ គឺ​លោក​ Basuki “Ahok” Tjahaha Purnama មិន​មាន​លទ្ធភាព​បិទ​សណ្ឋាគារ​ Alexis ​នេះ​ទេ បើ​ទោះ​ជា​លោក​បាន​បើក​ផ្លូវ​ ដោយ​បិទ​រង្គសាល​ល្បីៗ​ជា​ច្រើន ​ដូចជា​រង្គសាល​ឈ្មោះ​ Stadium និង​ទីតាំង​បម្រើ​ផ្លូវ​ភេទ​មាន​តម្លៃ​ទាប​ជា​ច្រើន​ទៀត ​ដូចជា ​ទីតាំង​បម្រើ​ផ្លូវ​ភេទ​ឈ្មោះ​ Kalijodo​ ជា​ដើម។

លោក ​Anies បាន​រិះ​គន់​លោក​អតីត​អភិបាល​ក្រុង​រូប​នេះ​ក្នុង​យុទ្ធនាការ​ឃោសនារបស់​លោក​ ដោយ​វាយ​ប្រហារ​ជា​ពិសេស​លើ​ការ​បង្ក្រាប​ទ្រង់​ទ្រាយ​តូច​ ដោយសារ​តែ​សណ្ឋាគារ​ Alexis ​មាន​ឈ្មោះ​ល្បី​ជាង​ និង​អាច​ទាក់​ទាញ​អតិថិជន​ដែល​មាន​ទ្រព្យ​ធន​ច្រើន។

កាល​ពី​ខែ​មុន មាន​ការ​តវ៉ា​តូច​មួយ​នៅ​ខាង​ក្រៅ​សណ្ឋាគារ​ Alexis ​នៅ​ពេល​ដែល​មនុស្ស​ប្រមាណ​៧០​នាក់​បាន​បង្ហាញ​ខ្លួន​ មុន​ពេល​ពួក​គេ​ត្រូវ​បាន​បំបែក​ដោយ​កង​កម្លាំង ប៉ុន្តែ​ ហេតុការណ៍​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​អះអាង​ថា ​វា​គ្រាន់​តែ​ជា​ការ​ចុះ​ឆែកឆេរ​តែ​ប៉ុណ្ណោះ។ អស់​រយៈពេល​ជា​យូរ​មក​ហើយ សណ្ឋាគារ Alexis ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​កន្លែង​សម្រាប់​ណាត់​ជួប​គ្នា​នៅក្រុង​ហ្សាការតា ហើយ​មាន​ការ​អះអាង​ថា សកម្មភាព​ខុស​ច្បាប់នៅ​ទី​នេះ​មិន​ត្រូវ​បាន​គេ​គាស់​រំលើង​ឡើយ។​ ក្រសួង​ទេសចរណ៍​ថែម​ទាំង​បាន​បោស​សម្អាត​កន្លែង​នេះ​សម្រាប់​យក​ធ្វើ​ជំនួញ​ បន្ទាប់​ពី​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​កាល​ពី​ឆ្នាំ​មុន ដែល​សកម្មភាព​ទាំង​នេះ​ធ្វើ​ឲ្យ​ការ​បិទ​សណ្ឋាគារ​នេះ​ដោយ​លោក​ Anies កាន់​តែ​ចាំ​បាច់​ត្រូវ​ធ្វើ។

ប៉ុន្តែ​ អ្នក​រិះ​គន់​ខ្លះ​និយាយ​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រឆាំង​នឹង​សណ្ឋាគារ​ Alexis នេះ​ គឺ​ជា​រឿង​នយោបាយ​សុទ្ធ​សាធ។

លោក Tobias Basuki អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​ និង​ការ​សិក្សា​អន្តរជាតិ​នៅ​ទីក្រុង​ហ្សាការតា​ បាន​ថ្លែង​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា​ ការណ៍​ដែល​មិន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​សណ្ឋាគារ​ Alexis គឺ​ជា​សកម្មភាព​បំភាន់​មួយ​ដោយ​រដ្ឋបាល​របស់​លោក Anies-Sandi។ តាម​ក្បួន​និង​គំរូ​នៃស្ទីល​ឃោសនា​របស់​លោក Anies គោល​នយោបាយ​របស់​លោក​ និង​សកម្មភាព​ភាគ​ច្រើន​ផ្តោត​លើ​វោហាសាស្ត្រ​ (ដែល​អាច​ជា​វោហាសាស្ត្រ​ស្នេហា​ជាតិ ​រៀប​រាប់​ពី​សាសនា​ឥស្លាម) ប៉ុន្តែ​មិន​មែន​ជា​បណ្ដុំ​គោល​នយោបាយ​ជាក់​លាក់​ផ្អែក​លើ​មនោគមវិជ្ជា​ណា​មួយ​នោះ​ទេ»។

អ្នក​ផ្សេង​ទៀត​បាន​អះអាង​ថា ការ​បិទ​សណ្ឋាគារ​ Alexis នេះ​មិន​ផ្តល់​ផល​ប្រយោជន៍​អ្វី​ដល់​អំពើ​អាក្រក់​ក្នុង​សង្គម​ដែល​មាន​ស្រាប់​នោះ​ទេ។
លោក Ayang Utriza អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​សាកលវិទ្យាល័យ​ឥស្លាម​របស់​រដ្ឋ​ក្នុង​ទីក្រុង​ហ្សាការតា ​បាន​និយាយ​ថា៖ «ការ​បិទ​នេះ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ជាក់ស្តែង​ទេ ដូច​ជា​អំពើ​ពេស្យាចារ​ គ្រឿង​ញៀន ការ​ជួញ​ដូរ​មនុស្ស និង​ភាព​អត់​ការងារ​ធ្វើ។ ទាំង​នេះ​គឺ​ជា​បញ្ហាដែល​ពលរដ្ឋ​ក្រុង​ហ្សាការតា​ជួប​ប្រទះ។ ក្រោយ​ពេល​បិទ​សណ្ឋាគារ​ Alexis នេះ តើ​មាន​អ្វី​កើត​ឡើង? តើ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ទាំង​អស់​នោះ​ត្រូវ​ទៅ​ណា? ដរាប​ណា​មិន​មាន​ការ​ផ្តល់​ការងារ​និង​ប្រាក់​ខែ​សមរម្យ​ ហើយ​ដរាបណា​នៅ​តែ​មាន​ការ​ជួញ​ដូរ​មនុស្ស ហើយ​បុរសៗ​នៅ​តែ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ បញ្ហាចោទ​នៃ​សកម្មភាព​ខុស​ច្បាប់​ដែល​កើត​ឡើង​ក្នុង​វិស័យ​កម្សាន្ត​ពេល​រាត្រី ​នឹង​មិន​អាច​ដោះ​ស្រាយ​បាន​ឡើយ»។

អភិបាល​ក្រុង​ហ្សាការតា Anies Baswedan (ស្តាំ) និង​អភិបាល​រង Sandiaga Uno លើក​ដៃ​ទៅ កាន់​អ្នក​សារព័ត៌មាននៅ​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​តុលា។
អភិបាល​ក្រុង​ហ្សាការតា Anies Baswedan (ស្តាំ) និង​អភិបាល​រង Sandiaga Uno លើក​ដៃ​ទៅ កាន់​អ្នក​សារព័ត៌មាននៅ​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​តុលា។

ក្រុង​ហ្សាការតា​កាន់​តែ​ក្លាយ​ជា​ក្រុង​សម្រាប់​អ្នក​កាន់​សាសនា​ឥស្លាម

ការ​បិទ​សណ្ឋាគារ​ Alexis ដោយ​ហេតុផល​សីលធម៌​ គឺ​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា រដ្ឋធានី​នេះ​កាន់​តែ​ក្លាយ​ជា​ក្រុង​ដែល​មាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​សាសនា​ឥស្លាម​កាន់​តែ​ខ្លាំង​ បើ​សិន​ជា​គោល​បំណង​របស់​លោក​ Anies និង​អភិបាល​ក្រុង​រង​របស់​លោក​ គឺ​លោក Sandiaga “Sandi” Uno ត្រូវ​បាន​គេ​ជឿ​ជាក់​នោះ។

ចាប់​តាំង​ពី​ចូល​កាន់​តំណែង​មក លោក Anies​ ក៏​បាន​បើក​វិមាន​ជាតិ​ក្នុង​ក្រុង​ហ្សាការតា​ឲ្យ​មាន​សកម្មភាព​សាសនា ​និង​ការ​សូត្រ​គម្ពីកូរ​អាន​ និង​បាន​បន្ធូរ​បទបញ្ញត្តិ​សម្រាប់​ការ​សម្លាប់​សត្វ ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ Id al-Adha ដែល​ជា​ថ្ងៃ​ពិសិដ្ឋ​របស់​អ្នក​កាន់​សាសនា​ឥស្លាម ដោយ​ដក​ការ​រឹតត្បិត​លើ​ការ​អនុវត្ត​ទង្វើ​ទាំង​នេះ​ដែល​ធ្លាប់​អនុវត្ត​ដោយ​អភិបាល​ក្រុង​មុន គឺ​លោក Ahok។

លោក​ក៏​កំពុង​ព្យាយាម​ដក​សិទ្ធិ​អំណាច​ពី​ក្រុម​ហ៊ុន PT Delta Djakarta ដែល​ជា​ក្រុមហ៊ុន​ផលិត​និង​ចែក​ចាយ​ស្រាបៀរ ដែល​រដ្ឋ​បាល​ក្រុង​នេះ​ក៏​មាន​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​នេះ​ដែរ។ លោក Sandi បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា នឹង​ដាក់​ដំណើរ​ការ​កម្មវិធី​កម្សាន្ត​ដែល​គោរព​ទៅ​តាម​ច្បាប់​នៃ​សាសនា​ឥស្លាម​នៅ​ក្រុង​ហ្សាការតា ដែល​រួម​មាន​សណ្ឋាគារ​សម្រាប់​អ្នកាន់​សាសនា​ឥស្លាម និង​ទីធ្លា​សាធារណៈ​សម្រាប់​គូ​ស្រករ​ឥស្លាម​មុន​ពេល​រៀបការ ដែល​គេ​ហៅ​ថា ta’aruf។

អគ្គ​លេខាធិការ​គណបក្ស​នយោបាយ​ឥស្លាម​ធំ​ជាង​គេ​គឺ​គណបក្ស «យុត្តិធម៌​រីក​ចម្រើន» ឬ Prosperous Justice Party បាន​សាទរ​លើ​ចំណាត់​ការ​របស់​លោក Anies លើ​បញ្ហា​នេះ។​

លោក Mustafa Kamal និយាយ​ថា៖ «យើង​គោរព​លោក Anies​ សម្រាប់​ការ​ងារ​ដ៏​ស៊ី​សង្វាក់​គ្នា​របស់​លោក ទាក់​ទិន​នឹង​សណ្ឋាគារ​ Alexis និង​ការ​យក​មក​វិញ​នូវ​អចលនទ្រព្យ​របស់​ក្រុង​ហ្សាការតា»។

មេ​ដឹកនាំ​សាសនា​ឥស្លាម​ប្រកាន់​ជំហរ​តឹងរ៉ឹង​ គឺ​រណសិរ្ស​អ្នក​ការពារ ដែល​បាន​ដឹកនាំ​ការ​ប្រមូល​ផ្តុំ​នៃ​អ្នក​កាន់​សាសនា​ឥស្លាម​ធំ​មួយ​កាល​ពី​ឆ្នាំ​មុន​ ដើម្បី​ប្រឆាំង​នឹង​អតីត​អភិបាល​ក្រុង​ហ្សាការតា ក៏​បាន​សាទរ​លោក Anies ផង​ដែរ​ ហើយ​បាន​សន្យា​ថា ​នឹង​ប្រមូល​អ្នក​គាំទ្រ​របស់​ខ្លួន​ម្តង​ទៀត ប្រសិន​បើ​ថ្នាក់​ដឹកនាំ​សណ្ឋាគារ​នេះ​តបត​នឹង​ការ​បិទ​សណ្ឋាគារ​នេះ៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG