សាលារៀនឥស្លាមសម្រាប់តែមនុស្សប្តូរភេទនៅប្រទេសឥណ្ឌូនេស៊ីបានបិទលែងដំណើរការទាំងរន្ធត់កាលពីខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីសាលានេះ ត្រូវបានវាយប្រហារដោយក្រុមឥស្លាមជ្រុលនិយមក្នុងស្រុកមួយក្រុម។ ការបិទសាលានេះ គឺជាចំណុចខ្មៅងងឹតមួយនៃការខ្លាចរអាក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ដែលបានកើតមាននៅប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០១៦ ហើយឥទ្ធិពលនៃការខ្លាចរអានោះនៅតែកើតមានម្តងហើយម្តងទៀត។
សព្វថ្ងៃនេះ បើសិនជាអ្នកទៅសួរមនុស្សនៅតំបន់ Kotagede នៃក្រុង Yogyakarta ដែលជាក្រុងមួយប្រជុំដោយសាកលវិទ្យាល័យដ៏ច្រើននៅកណ្តាលកោះជ្វា ដើម្បីរកសាលា Al-Fatah pesantren ឬសាលាឯកជនឥស្លាមនោះ ប្រហែលជាមានអ្នកសម្លឹងមើលមុខអ្នកដោយការងឿងឆ្ងល់។ ប៉ុន្តែបើអ្នកសួររកផ្ទះរបស់អ្នកស្រី Ibu Shinta វិញនោះ គេនឹងបង្ហាញផ្លូវដល់អ្នកភ្លាម។ សូម្បីតែ អ្នកនៅក្នុងតំបន់មួយចំនួនក៏មិនបានដឹងផងថា សាលាដែលធ្លាប់ល្បីមួយរយៈពេលខ្លីនោះកំពុងដំណើរការឡើងវិញ។ ប៉ុន្តែសម្រាប់អ្នកស្រី Ibu Shinta រឿងរ៉ាវដែលកើតឡើងនៅឆ្នាំ២០១៦ គឺគ្រាន់តែជាឧបសគ្គតូចមួយនៃប្រវត្តិរបស់សាលា Pesantren Al-Fatah ដែលសាលានេះបានឈានដល់ខួប៩ ឆ្នាំកាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅនេះ។
អ្នកស្រី Ibu Shinta ឬ អ្នកស្រី Shinta Ratri គឺជាសកម្មជនប្តូរភេទមួយរូបអាយុ ៥៥ ឆ្នាំ ដែលបានប្តូរទីតាំងសាលារៀននេះទៅក្នុងផ្ទះរបស់គ្រួសារអ្នកស្រីដែលមានក្បាច់តាមផ្ទះរបស់ជនជាតិជ្វា កាលពីឆ្នាំ២០១៤ គឺនៅពេលដែលស្ថាបនិកសាលានេះបានទទួលមរណភាព។ បន្ទាប់ពីការបិទទ្វាររយៈពេល៤ខែ អ្នកស្រី Ibu Shinta បានបើកសាលា al-Fatah ឡើងវិញដោយស្ងាត់ៗ កាលពីខែមិថុនា ឆ្នាំ២០១៦ ក្នុងអំឡុងរដូវរ៉ាម៉ាដន ដែលជាពេលវេលាដែលអ្នកស្រីនិយាយថា «ល្អសម្រាប់ការគោរព»។
ក្រៅពីផ្តល់កន្លែងសម្រាប់ការសិក្សាពាក់ព័ន្ធនឹងសាសនាប្រចាំសប្តាហ៍ សាលាដែលបើកឡើងវិញនេះក៏ជាខ្សែសង្វាក់នៃសេវាកម្ម និងជាកន្លែងសម្រាប់ទំនាក់ទំនងក្នុងសង្គមសម្រាប់សហគមន៍អ្នកប្តូរភេទក្នុងតំបន់ផងដែរ។
សេវាសង្គមសម្រាប់អ្នកប្តូរភេទ Waria
អ្នកស្រី Ibu Shinta និងសិស្សរបស់អ្នកស្រីត្រូវបានគេហៅថា waria ជាពាក្យសំដៅលើបុរសដែលបានប្តូរភេទទៅជាស្រី ដែលពាក្យនេះជាការបូកបញ្ចូលគ្នានៃពាក្យក្នុងភាសាឥណ្ឌូនេស៊ី wanita ដែលមានន័យថាស្ត្រី និងពាក្យ pria ដែលមានន័យថាបុរស។ បុរសដែលបានប្តូរភេទទៅជាស្រីជាច្រើន បានធ្វើការងារជាអ្នកបម្រើផ្លូវភេទ ឬ ធ្វើការនៅតាមហាងអ៊ុតសក់។
សាលា Al-Fatah បានក្លាយជាមជ្ឈមណ្ឌលក្នុងស្រុកដ៏សំខាន់មួយសម្រាប់កម្មវិធីជាតិ ដែលមានឈ្មោះថា កម្មវិធី«ថែទាំអ្នកប្តូរភេទ» ដែលជាគំនិតផ្តួចផ្តើមរបស់សមាគមផែនការគ្រួសារឥណ្ឌូនេស៊ី ក្នុងការផ្តល់ការបណ្ដុះបណ្ដាលជំនាញ អត្តសញ្ញាណប័ណ្ណ និងសេវាសង្គមផ្សេងៗសម្រាប់មនុស្សប្តូរភេទនៅទូទាំងប្រទេសឥណ្ឌូនេស៊ី។
អ្នកស្រី Ibu Shinta បានថ្លែងប្រាប់ VOA ថា៖
«មានសេវាទាក់ទងនឹងការអប់រំ ដូចជាការចាប់ផ្តើមបើកសាលាសម្រាប់មនុស្សប្តូរភេទ សម្រាប់មនុស្សពេញវ័យ និងកម្មវិធីសម្រាប់មនុស្សប្តូរភេទវ័យចំណាស់ ដូចជាជំនួយក្នុងរូបភាពជាគ្លីនិកចល័ត និងស្បៀងអាហារ។ វាគ្រប់គ្រាន់ហើយ មែន ឬ ទេ? យើងបួងសួងឲ្យអ្វីដែលយើងមានអាចជួយពួកគេបាន»។
កាលពីថ្ងៃខួបលើកចុងក្រោយនេះ សាលាបានរៀបចំគ្លីនិកដោយឥតគិតថ្លៃ ដោយមានវេជ្ជបណ្ឌិតក្នុងតំបន់ម្នាក់ និងមានមនុស្សចូលរួម៧៦នាក់។
កម្មវិធីថែទាំអ្នកប្តូរភេទ នាពេលនេះ កំពុងដំណើរការក្នុងខេត្តចំនួន៨។ អ្នកស្រី Ibu Shinta និយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ទីតាំងនៃអ្នកចូលរួមទាំងអស់និងសេវានានានៅទូទាំងប្រទេសឥណ្ឌូនេស៊ីគឺជាគោលដៅដែលត្រូវសម្រេចក្នុងពេលអនាគត។
ក្រុមសិក្សា
សកម្មភាពសិក្សាចម្បងរបស់សាលា Al-Fatah គឺក្រុមសិក្សាប្រចាំសប្តាហ៍ដែលតែងជួបគ្នានៅល្ងាចថ្ងៃអាទិត្យ ជាពេលដែលមនុស្សប្តូរភេទអាចបួងសួងជាមួយគ្នា ពិភាក្សាគ្នាអំពីសាសនវិទ្យាក្នុងសាសនាឥស្លាម និងហាត់អានគម្ពីកូរ៉ាន់ ជាភាសាអារ៉ាប់។
នៅថ្ងៃអាទិត្យមួយកន្លងទៅថ្មីៗនេះ មានវត្តមានមនុស្សប្តូរភេទចំនួន៦នាក់ ដោយរួមទាំងអ្នកស្រី Ibu Shinta ផងដែរ។ អ្នកស្រីនិយាយថា មានសមាជិកសរុប៤២នាក់ ប៉ុន្តែវត្តមានប្រចាំសប្តាហ៍ប្រែប្រួលពី៧ទៅ២៥នាក់។ សិស្សសាកលវិទ្យាល័យម្នាក់បានជួយនាង Yuni Shara Al Buchory ឲ្យចេះអានពាក្យកាព្យខ្លះៗក្នុងគម្ពីកូរ៉ាន់។ នៅពេលសំឡេងហៅឲ្យទៅបួងសួងបន្លឺឡើង ពួកគេបានចូលទៅក្នុងបន្ទប់ទទួលភ្ញៀវដើម្បីបួងសួង។ អ្នកស្រី Ibu Shinta និងនាង Yuni Shara បានពាក់ក្រណាត់រលើបៗ mukenas ដែលជាសម្លៀកបំពាក់សម្រាប់ស្ត្រី ហើយមនុស្សដទៃទៀតក៏បានចូលមកដែរ។
នាង Yuni Shara និយាយថា៖
«ខ្ញុំមានអារម្មណ៍ថា មិនដឹងត្រូវធ្វើអ្វីអស់រយៈពេល៤ខែ ពេលដែលសាលានេះត្រូវបានបិទ ដោយគ្មានកន្លែងទៅរៀនរឿងពាក់ព័ន្ធនឹងសាសនា។ ខ្ញុំទៅក្រុងដើម្បីលំហែកាយ ធ្វើការ ទិញអាហារសម្រន់ ហើយចុងក្រោយខ្ញុំមានអារម្មណ៍ឆ្ងល់ថា ដូចជាមានអ្វីមួយបានបាត់បង់ ប៉ុន្តែអ្វីទៅដែលបាត់បង់នោះ?»
នាងនិយាយថា កាលនោះវាហាក់ដូចជាថា ជីវិតរបស់នាងខ្វះអ្វីម្យ៉ាង។
ប៉ុន្តែវាជាការយល់ខុសដែលគិតថា សាលា al-Fatah គឺជាកន្លែងសម្រាប់តែការសិក្សាដោយស្ងាត់ៗ។ យ៉ាងណាក៏ដោយ សិស្សសាលានេះមិនមែនជាមនុស្សវ័យជំទង់ដូចនៅសាលា pesantren ទូទៅទេ។ សិស្សនៅសាលានេះ គឺជាមនុស្សពេញវ័យដែលមានការងារធ្វើ។ ៦ថ្ងៃទៀតក្នុងមួយសប្តាហ៍ សូម្បីតែនៅថ្ងៃអាទិត្យក្រោយពេលជួបជុំគ្នាក៏ដោយ ទីនេះគឺជាកន្លែងជជែកជាលក្ខណៈសហគមន៍ សម្រាប់មនុស្សប្តូរភេទ មកពីតំបន់ Yogyakarta។ ពួកគេមើលភាពយន្ត ចម្អិនអាហារ ញ៉ាំបាយជុំគ្នា និងនិយាយលេងសើចពីភ្ញៀវរបស់ពួកគេ។
វាជារឿងធម្មតាសម្រាប់ក្រុមមនុស្សដែលចំណែករបស់ខ្លួននៅក្នុងសង្គមកាន់តែមានភាពមិនជាក់លាក់។ តាមពិតទៅនៅទីក្រុង Yogyakarta គឺជាកន្លែងដែលមានសុវត្ថិភាពខ្លាំងជាងកន្លែងផ្សេងទៀតនៅឥណ្ឌូនេស៊ី សូម្បីតែមេដឹកនាំសាសនា ក៏បានអំពាវនាវឲ្យសហគមន៍នេះ គោរពមនុស្សប្តូរភេទផងដែរ កាលពីពេលដែលមានការខ្លាចរអាមនុស្សប្តូរភេទនៅឆ្នាំមុន។
ទស្សនវិស័យសុទិដ្ឋិនិយម
សព្វថ្ងៃនេះ អ្នកស្រី Ibu Shinta មិនព្រួយបារម្ភទាល់តែសោះចំពោះក្រុមអ្នកកាន់សាសនាឥស្លាមក្នុងស្រុក។ អ្នកស្រីផ្តោតតែលើការបង្កើនសុវត្ថិភាពសង្គមសម្រាប់ពួកអ្នកប្តូរភេទ និងសាលារបស់អ្នកស្រីផ្ទាល់។ សាលា Al-Fatah មិនធ្វើការរៃអង្គាសប្រាក់ទេ ប៉ុន្តែអ្នកស្រី Ibu Shinta បានសុំឲ្យអ្នកស្រាវជ្រាវ និងកូនសិស្សបង់វិភាគទានប្រហែល១៥ដុល្លារ បើសិនពួកគេមកទស្សនាសាលានេះ។
សុឆន្ទៈសម្រាប់សហគមន៍មានការកើនឡើងម្តងទៀត ដោយអ្នកស្រីបានលើកការពិតមកប្រាប់ថា កាលពីឆ្នាំមុនពួកគេបានទទួលសត្វពពែមួយក្បាលដែលគេផ្តល់ជាវិភាគទានសម្រាប់បុណ្យ Eid al-Adha ដែលជាបុណ្យសាសនាប្រចាំឆ្នាំ «ពិធីជប់លៀងដោយបូជា» ជាពេលដែលសត្វពាហនៈត្រូវបានគេសម្លាប់សម្រាប់កម្មវិធី ហើយចែករំលែកទៅអ្នកដទៃ ហើយឆ្នាំនេះពួកគេទទួលបានសត្វចៀមចំនួនពីរក្បាល។
លោក Dede Oetomo សកម្មជនសិទ្ធិមនុស្សភេទទី៣ LGBT មានមូលដ្ឋានក្នុងខេត្ត East Java និយាយថា៖
«ការបង្កើតឬការកើតឡើងក្រុមមនុស្សប្តូរភេទនិងស្ត្រីប្តូរភេទផ្សេងទៀត បានកើតមានតាំងពីយូរយារណាស់មកហើយ។ ជនជាតិឥណ្ឌូនេស៊ីភាគច្រើនដឹងពីរឿងទាំងនេះ ហើយពួកគេក៏បានអត់ធ្មត់ចំពោះពួកអ្នកប្តូរភេទផងដែរ បើទោះបីជាមិនទទួលស្គាល់ពួកគេពេញលេញក៏ដោយ ជាពិសេសបើសិនមនុស្សទាំងនោះមិនស្ថិតនៅក្នុងក្រុមគ្រួសាររបស់ពួកគេ»។
អ្នកស្រី Ibu Shinta និយាយថា៖
«យើងជាអ្នកដែលរស់រានមានជីវិត។ នៅពេលមានការវាយប្រហារលើពួកយើង ឬក៏មានការរើសអើងលើពួកយើង វាធ្វើឲ្យយើងចង់តស៊ូបន្តទៀត»៕
ប្រែសម្រួលដោយ នៀម ឆេង