ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សម្រេច​យក​សំណុំ​រឿង«​ក្បត់»​លើ​មនុស្ស​ជិត​១៤០​នាក់ ទៅ​ជំនុំ​ជម្រះ​បន្ត​នៅ​ឆ្នាំ​ក្រោយ


កញ្ញា សេង ច័ន្ទធារី អ្នកតស៊ូមតិ​ខ្មែរអាមេរិកាំង មកដល់តុលាការក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
កញ្ញា សេង ច័ន្ទធារី អ្នកតស៊ូមតិ​ខ្មែរអាមេរិកាំង មកដល់តុលាការក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ បាន​បើក​សវនាការ​ពាក់ព័ន្ធ​នឹងរឿង«​ក្បត់»​ ចំនួន៤​សំណុំ​រឿង ​ដែលមានមនុស្សចំនួន១៣៧​នាក់​ ទាក់ទង​នឹង​ផែន​ការ​វិល​ចូល​ស្រុក​របស់​លោក​ សម រង្ស៊ី មេដឹកនាំ​ក្រុម​ជំទាស់​កាល​ពី​ឆ្នាំ​មុន។ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​សម្រេច​បញ្ចូល​សំណុំ​រឿង​ជា​ពីរ ហើយសវនាការ​ស្ដាប់​អង្គ​ហេតុ ​នឹង​ធ្វើ​ឡើង​នៅ​ខែ​មករា ​និង​ខែ​មីនា ឆ្នាំ​ក្រោយ។

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​សម្រេច​ច្របាច់​បញ្ចូល​សំណុំ​រឿង​ចំនួន​៤ ដែល​ក្នុង​នោះ​មាន​ចុង​ចម្លើយ​ជា​អតីតសកម្ម​ជននិង​អ្នក​គាំទ្រ​បក្សជំទាស់​សរុប​ចំនួន​១៣៧​រូប ជា​២​សំណុំ​រឿង​និង​កំណត់​សវនាការ​ជំនុំ​ជម្រះ​នៅ​ឆ្នាំ​ក្រោយ។

សវនាការ​ដ៏​មមាញឹក​ដែល​អ្នក​ជំនាញការ​អង្គ​ការ​សហប្រជាជាតិ បាន​ហៅ​ថា​មាន​ចរិត​នយោបាយ ​បាន​ប្រព្រឹត្ត​ទៅ​អស់​ពេល​២​ម៉ោង​ និង​មាន​ចុង​ចម្លើយ​តែ​៣៣​នាក់​ប៉ុណ្ណោះ​ចូល​រួម។

មេធាវី​ការពារ​ក្ដី លោក​ សំ សុគង់ ធ្លាប់​ប្រាប់​VOA​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា ភាគ​ច្រើន​លើស​លប់​នៃ​ចុង​ចម្លើយ​ទាំង​១៣៧​នាក់ ក្នុង​សំណុំ​រឿង​ទាំង​៤​ខាង​លើ​ កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ គេច​ពី​ការ​ចាប់​ចង​។

កញ្ញា ណី ល័ក្ខ អតីត​ចៅសង្កាត់រង​សង្កាត់​អូចារ ក្រុងបាត់ដំបង លើក​បង្ហាញ​ដីកា​កោះហៅ នៅមុន​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
កញ្ញា ណី ល័ក្ខ អតីត​ចៅសង្កាត់រង​សង្កាត់​អូចារ ក្រុងបាត់ដំបង លើក​បង្ហាញ​ដីកា​កោះហៅ នៅមុន​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

សាល​សវនាការ​ដ៏​ណែន​ណាន់​តាន់​តាប់​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ផ្ដើម​សេចក្ដី​កាល​ពី​វេលា​ម៉ោ​ង​៩ព្រឹក ​ដោយ​មាន​លោក​ រស់ ពិសិដ្ឋ​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ និង​លោក​ព្រះរាជអាជ្ញា​រង ​សេង ហៀង ជា​តំណាង​អយ្យការ ​និង​មាន​ចុង​ចម្លើយ​ជា​អតីត​មន្ត្រី​ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​អង្គុយ​នៅ​ក្នុង​បន្ទប់​សវនាការ។

ដំណើរ​សវនាការ​បាន​ជជែក​គ្នា​អំពី​នីតិវិធី​ និង​ការ​បូក​ច្របាច់​បញ្ចូល​គ្នា​នូវ​សំណុំរឿង ​បទ​ល្មើស ​រួម​គំនិត​ក្បត់ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិ​សុខ​សង្គម ​ទាក់ទង​នឹង​គម្រោង​វិល​ត្រឡប់មិន​បាន​សម្រេច​របស់​លោក ​សម រង្ស៊ី និង​សហការី ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។

អាជ្ញាធរ​បាន​ចោទ​គម្រោងប៉ុនប៉ង​វិលត្រឡប់​របស់​លោក​ សម រង្ស៊ី ​នា​គ្រា​នោះ​ថាមាន​ចេតនា​កៀង​គរ​កម្លាំង​មហាជន ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។

បន្ទាប់​ពី​ដំណើរការ​ក្ដី​មក​ទល់​នឹង​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក​ចៅក្រម​ រស់ ពិសិដ្ឋ ​បាន​សម្រេច​បំបែក​សំណុំរឿង​ជា​២ ​និង​ត្រូវ​កាត់​សេចក្ដី​នៅ​ឆ្នាំ​ក្រោយ។ សំណុំរឿង​ទីមួយ​ ត្រូវ​បើក​សវនាការ​ស្ដាប់​អង្គ​ហេតុ​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា​ ឆ្នាំ២០២១ ​ដែល​មាន​ចុង​ចម្លើយ​៦០​នាក់​ដោយ​ច្របាច់​បញ្ចូល​គ្នា​សំណុំ​រឿង​លេខ​៦០០៥ និង​លេខ​១១​៤០។ ហើយ​សំណុំ​រឿង​ទីពីរ​ ត្រូវ​បើក​សវនាការ​នៅ​ថ្ងៃ​ទី៤ ​ខែ​មីនា ​ឆ្នាំ​២០២១ ដែល​មាន​ចុង​ចម្លើយ​៧៧​នាក់។

លោក ​សារ៉ូ សុវុឌ្ឍិ ​អតីត​ចៅសង្កាត់​រង​ទីពីរ​នៃ​សង្កាត់​និម្មិត ​ក្រុង​ប៉ោយ​ប៉ែត ​ដែល​ជា​ចុង​ចម្លើយ​មួយ​រូប​ដែរ បាន​រិះគន់​នីតិវិធី​របស់​តុលាការ ​ដែល​លោក​ថា​លោក​ទើប​តែ​ទទួល​បាន​ដីកា​កោះ​ហៅ​កាល​ពី​ថ្ងៃ​ពុធ ទី​២៥ ខែ​វិច្ឆិកា ​តែ​ប៉ុណ្ណោះ។

បន្ទាប់​ពី​បញ្ចប់​សវនាការ ​លោក​ សុវុឌ្ឍិ ​បាន​ថ្លែង​ប្រាប់​VOA​ថា​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ជា​ទូទៅ គុក​វា​មិន​មែន​ស្រួល​ទេ ​អ្នកណា​មិន​ខ្លាច​ ឮ​សូរ​ពាក្យ​ចាស់​ថា ​ជាប់​គុក​មួយ​ថ្ងៃ ​ស្មើ​មួយ​ឆ្នាំ ​ប៉ុន្តែ​ធ្វើ​ជ្រូក​ កុំ​រា​ទឹក​ក្ដៅ ​ហើយ​បើ​គេ​ចោទ ​ធម្មតា​ទេ ​យើង​ជាមន្ត្រី​[បក្សជំទាស់] ​យើង​ធ្លាប់​រិះគន់​អី​ គ្រាន់​ថា​ខ្ញុំ​រិះគន់​ ដើម្បី​កែ​លម្អ ​អត់​មាន​យកខ្មែរ​ណា​ជា​សត្រូវ​ទេ ហើយ​ក៏​មិន​ស្អប់​ថ្នាក់​ដឹកនាំ​ទេ។ ខ្ញុំ​រិះគន់​គាត់ ដើម្បី​កែលម្អ ​និង​ប្រទេស​ជាតិ​រីក​ចម្រើន​»។

លោក ថាច់ សេដ្ឋា អតីត​សមាជិក​ព្រឹទ្ធសភា ធ្វើដំណើរ​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (Ananth Baliga)
លោក ថាច់ សេដ្ឋា អតីត​សមាជិក​ព្រឹទ្ធសភា ធ្វើដំណើរ​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (Ananth Baliga)

ក្នុង​ចំណោម​ចុង​ចម្លើយ​១៣៧​នាក់​នោះ​ ក៏​មាន​ផង​ដែរ ​លោក ​ថាច់ សេដ្ឋា​ អតីត​សមាជិក​ព្រឹទ្ធ​សភា។

អ្នក​នយោបាយ​ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម​រូប​នេះ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្រៅ​បន្ទប់​សវនាការ​ថា៖ «ហៅ​មក​នេះ សរសេរ​ឈ្មោះ​ខ្ញុំ​ខុស ថ្ងៃ​កំណើត​ខ្ញុំ​ខុស ហើយ​ដីកា​ ក៏​អត់។ យើង​ក៏​បាន​លើក​រឿង​ហ្នឹង​ប្រាប់​តុលាការ ​តែ​ដោយ​សារ​យើងមាន​សុឆន្ទៈ​ដោយ​យើង​សហការ​ជាមួយ​តុលាការ ​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាត​ស្អំ​របស់​យើង ​មិន​មែន​ជា​មនុស្ស​សម​គំនិត​ក្បត់​ ព្រោះ​មិនដឹង​ក្បត់​អ្នកណា​ទៀតហ្ន៎។ វា​មិន​ដែល​សម​គំនិត​ក្បត់​ជាតិ​សាសន៍​ឯង»។

លោកស្រី​ រ៉ូណា ស្មីត ​(Rhona Smith) ​ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហាសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​បាន​ហៅ​សវនាការនេះ​ថា ​មាន​«ចរិត​នយោ​បាយ» ​«ខ្វះ​មូលដ្ឋានច្បាប់»​ និង​«រំលោភ​សិទ្ធិ​នីតិវិធី»។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ដែរ​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​នៅក្នុង​ទីក្រុង​ហ្សឺណែវ ​បាន​តប​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​លោកស្រី​ រ៉ូណា ស្មីត​ថា​«ដំណើរ​ការ​នីតិវិធី​របស់​តុលា​ការ​ចំពោះ​ជន​ជាប់​ចោទ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ហ្មត់​ចត់ ​ដោយ​ផ្អែកទៅ​លើ​បទ​ល្មើស​ដែល​បាន​ចោទ​ប្រកាន់​ស្រប​តាមច្បាប់»។

លោក ​ជិន ម៉ាលីន ​រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ​បាន​ហៅ​បទ​ល្មើស​ខាង​លើ​ថា​«អង្គ​ការចាត់​តាំងរៀបចំចាត់​ចែងច្បាស់លាស់ និងជា​ប្រព័ន្ធ» ​(Organized Crime) ​ដែលលោក​ថា​ចំនួន​ច្រើន​នៃ​ចុង​ចម្លើយ​ ជា​រឿង​«ធម្មតា»។

លោក​ប្រាប់​ VOA ​ថា៖ «​បើ​បទ​ល្មើស​ជា ​Organized Crime .... អាហ្នឹង​វា​មាន​អ្នក​ពាក់ព័ន្ធ​ច្រើន​ហើយ វា​រួម​មាន​អ្នក​រៀប​ចំ​ រួម​មាន​អ្នក​សមគំនិត​ រួម​មាន​អ្នក​ចូល​រួម រួម​មាន​អ្នក​ដៃ​ដល់​ រួម​មាន​អ្នក​គាំទ្រ ​រួម​មាន​អ្នក​អនុវត្ត។ ទាំង​នោះ​សុទ្ធ​ជា​អ្នក​ពាក់ព័ន្ធ ​ហើយ​ជាគោល​ការណ៍​ច្បាប់​ព្រហ្មទណ្ឌ ​អ្នក​ទាំង​អស់​ហ្នឹង​ទទួល​ខុសត្រូវ​តាម​ផ្លូវច្បាប់​ដូចៗគ្នា»។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​រូប​នេះ បាន​បង្វែរ​សំណួរ​អំពី​ការ​ចោទ​របស់​ចុង​ចម្លើយ​អំពី​នីតិវិធី​ប្រញាប់​ប្រញាល់ ​ទៅ​ឱ្យ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

VOA​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ​គុជ គឹម​ឡុង អ្នក​នាំពាក្យ​របស់​តុលាការ​បាន​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ប៉ុន្តែ​នៅ​ក្នុង​ក្រុម​តេឡេក្រាម​ដែល​មាន​អ្នក​សារព័ត៌មាន​ជា​សមាជិក ​លោក គុជ គឹម​ឡុង បាន​បញ្ជាក់​ពី​ការ​បំបែក​សំណុំ​រឿង​នេះ ហើយ​ថា​មាន​ជន​ជាប់​ចោទ​ចំនួន​១៣៩​នាក់។ ប៉ុន្តែ​បើ​តាម​ការ​ត្រួត​ពិនិត្យ​របស់​VOA​លើ​ដីកា​កោះ​ហៅ​របស់​តុលាការ ​មាន​ឈ្មោះ​លោក ​សម រង្ស៊ី ​និងលោក​ ឡុង រី ​អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង ​ចំនួន​ពីរ​ដង។

មន្ត្រី​សន្ដិសុខ​យាមកាម​ជុំវិញ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
មន្ត្រី​សន្ដិសុខ​យាមកាម​ជុំវិញ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

នៅ​ខាង​ក្រៅ​តុលាការ​ នាព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ ​កង​កម្លាំង​នគរបាល ​និង​កងកម្លាំង​សន្ដិ​សុខ​សាលា​ខណ្ឌ​៧​មករា ​រាប់​សិប​នាក់ ​បាន​យាមកាម​យ៉ាង​តឹង​តែង ​ហើយ​អ្នក​គាំទ្រ​ចុង​ចម្លើយ​មួយ​ចំនួន​ ត្រូវ​បាន​ហាម​មិន​ឱ្យ​ទៅក្បែរ​អគារ​តុលាការ​ឡើយ៕

XS
SM
MD
LG