កញ្ញា សេង ច័ន្ទធារី បាត់បង់ឪពុកម្ដាយក្នុងរបបខ្មែរក្រហម ដែលបានជម្លៀសក្រុមគ្រួសាររបស់កញ្ញាទៅខេត្តស្វាយរៀង។
ទោសកំហុសរបស់ពួកគេដែលនាំទៅដល់ការប្រហារជីវិត គឺភាពខុសគ្នាផ្នែកមនោគមវិជ្ជានយោបាយ ជុំវិញអតីតភាពការងាររបស់លោកឪពុកកញ្ញា ដែលជាអតីតទាហានសាធារណរដ្ឋខ្មែរ។
ក៏ប៉ុន្តែ ក្នុងដំណើរជីវិតនៃការសិក្សាចំណេរតមកកញ្ញា សេង ច័ន្ទធារី ក៏បានក្លាយជាអ្នកតស៊ូមតិរឿងយុត្តិធម៌សង្គម សិទ្ធិពលរដ្ឋ និងប្រជាធិបតេយ្យ និងក៏ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ផងដែរ។
ភាពខុសគ្នាផ្នែកនយោបាយដដែលនេះហើយ ដែលកញ្ញាថា បាននាំឱ្យកញ្ញាក្លាយជាជនជាប់ចោទក្នុងសំណុំរឿង«រួមគំនិតក្បត់» និង «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម»។
ធាតុផ្សំនៃបទល្មើស រួមមានការលើកម្រាមដៃ៩ នៅឆ្នាំ២០១៩ ដែលជាសញ្ញាផ្តល់ការគាំទ្រការធ្វើមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ នេះបើតាមកញ្ញា សេង ច័ន្ទធារី។
«អាហ្នឹងជាការសន្និដ្ឋាន ខ្ញុំអត់ដឹងដែរ ពីព្រោះឥលូវ ខ្ញុំស្ថិតក្នុងភាពងងឹត នៅក្នុងការគេចោទប្រកាន់លម្អិតខ្ញុំ តែមានភាសាថា គេចោទប្រកាន់»។
មិនមានឡើយការកោះហៅទៅបំភ្លឺនៅដំណាក់កាលស៊ើបសួរ មិនមានឡើយការជូនដំណឹងអ្វីជាមុន។ នេះបើយោងតាមកញ្ញា សេង ច័ន្ទធារី។
ក្នុងបទសម្ភាសមួយពីគេហដ្ឋានរបស់កញ្ញា នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល សេង ច័ន្ទធារី វ័យ៥០ឆ្នាំ ជាពលរដ្ឋខ្មែរអាមេរិកាំងបានប្រាប់ VOA ថា៖
«ខ្ញុំបានចូលរួមក្នុងយុទ្ធនាការលើកម្រាមដៃ៩ ដែលនោះជាយុទ្ធនាការពាសពេញពិភពលោក ហើយជាក់ស្ដែងខ្ញុំបានចូលរួមមែន ខ្ញុំបានចូលរួមនៅក្នុងប្រទេសផង ហើយពេលខ្ញុំមានប្រជុំនៅប្រទេសន័រវែសផង ខ្ញុំក៏បានចូលរួម។ ខ្ញុំអត់មានបដិសេធទេ។ ជាក់ស្ដែងខ្ញុំគាំទ្រគណបក្សសង្គ្រោះជាតិ ជាមនុស្សឯកជន ជាសង្គមស៊ីវិលម្នាក់»។
ការទទួលបានដីកាឱ្យចូលសវនាការនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខាងមុខនេះ បង្កជាការភ្ញាក់ផ្អើលដល់កញ្ញា សេង ច័ន្ទធារី ដែលក្នុងពេលតែមួយប៉ប្រិចភ្នែកក្លាយជាជនជាប់ចោទ ក្នុងបទល្មើសដែលអាចនឹងជាប់ពន្ធនាគារច្រើនឆ្នាំ។
កញ្ញា សេង ច័ន្ទធារី ដែលជាមេធាវីមួយរូបផងដែរនោះ ស្ថិតក្នុងចំណោមបណ្ដាជនយ៉ាងហោចណាស់១៤០នាក់ នៅទូទាំងប្រទេស ដែលត្រូវបានកោះហៅជាជនជាប់ចោទដើម្បីចូលរួមក្នុងសវនាការថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ។ ភាគច្រើនលើសលប់នៃពួកគេជាអតីតសកម្មជន មន្ត្រី និងអ្នកគាំទ្របក្ស ដែលមានសមានចិត្តស្មោះស្ម័គ្រជាមួយលោក សម រង្ស៊ី។
«គេចង់បំបាត់ឱ្យសូន្យតែម្ដង ឱ្យសំឡេងហ្នឹងស្ងាត់ស្ងៀមទាំងស្រុងតែម្ដង នៅក្នុងនីតិវិធីវែងឆ្ងាយ ជាគំរោងរបស់គេ ក្នុងការសម្លាប់លទ្ធិប្រជាធិបតេយ្យនេះ។ ហើយនេះជា Last Resort [ឬលទ្ធភាពចុងក្រោយ] ហើយ»។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ចុងចម្លើយជាជនជាប់ចោទទាំង១៤០នាក់នេះ ស្ថិតក្នុងសំណុំរឿងតែមួយទាក់ទិននឹងបទល្មើស «រួមគំនិតក្បត់» និង «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម»។
សំណុំរឿងនេះក្លាយជាសំណុំរឿងដែលមានចុងចម្លើយច្រើននាក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រតុលាការកម្ពុជា។
ឆ្លើយតបទៅនឹងការចោទប្រកាន់របស់កញ្ញា សេង ច័ន្ទធារី ថាតុលាការធ្វើខុសនីតិវិធីដែលមិនបានផ្ដល់ដំណឹងអ្វីទាល់តែសោះដល់ចុងចម្លើយ ហើយស្រាប់តែមានការកោះអញ្ជើញឲ្យចូលខ្លួននៅក្នុងសវនាការតែម្ដងនោះ លោក អ៊ី រិន្ទ បានលើកឡើងថា៖
«នេះជាការយល់ឃើញរបស់គាត់ អ៊ីចឹងសំខាន់គឺគាត់មកបង្ហាញការណ៍ពិតក្នុងសវនាការនៅថ្ងៃនោះ ... គាត់ឆ្លើយអ៊ីចឹង ចាំឱ្យគាត់ឆ្លើយនៅក្នុងសវនាការទៅចុះ»។
លោក សំ សុគង់ មេធាវីការពារក្ដីឱ្យចុងចម្លើយទាំង១៤០នាក់ ប្រាប់ VOA ថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ មានប្រមាណ៥០នាក់ហើយ ដែលអាចបញ្ជាក់វត្តមានចូលរួមផ្ទាល់ក្នុងសវនាការនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដ្បិតមួយចំនួនធំផ្សេងទៀត កំពុងគេចខ្លួនជ្រកកោននៅក្រៅប្រទេស។
«នៅពេលដែលពួកគាត់ពឹងពាក់មេធាវីហ្នឹងក៏វាកៀកថ្ងៃសវនាការហើយ អ៊ីចឹងការណ៍ដែលមានមេធាវីការពារសំណុំរឿងហ្នឹង សំណុំរឿងខ្លះក៏បានគ្រប់ ខ្លះទៀតក៏មិនទាន់បានគ្រប់ ហើយការសិក្សាក៏យើងមិនបានល្អិតល្អន់ មិនបានពិគ្រោះយោបល់ឱ្យបានល្អ ដើម្បីយើងការពារកូនក្ដីយើងទៅឱ្យវាបានប្រកបដោយស្ដង់ដារអន្តរជាតិ ដើម្បីបានសវនាការមួយត្រឹមត្រូវយុត្តិធម៌ដែរ»។
ដោយឡែក រដ្ឋាភិបាលអាមេរិកកំពុងតាមដានដោយយកចិត្តទុកដាក់ លើករណីបណ្តឹងតុលាការ ដែលមានចំនួនកាន់តែច្រើនឡើងទៅលើសកម្មជនសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកគាំទ្រនៃគណបក្សសង្គ្រោះជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែលចេញផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកកាលពីសប្តាហ៍មុន។
ក្រុមអ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកចំនួន៨រូប ក៏បានទាមទារឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មលើក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញ ចំពោះការបង្ក្រាបក្រុមជំទាស់ និងសេរីភាពបញ្ចេញមតិនៅកម្ពុជា។
លោក ប៊ូ សុខឃាង ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដ៏សកម្មមួយរូប ក៏ស្ថិតក្នុងចំណោមចុងចម្លើយទាំង១៤០នាក់នោះដែរ។ លោកថាលោកនឹងចូលរួមសវនាការដោយផ្ទាល់។
អ្នករត់ម៉ូតូឌុបវ័យ៣៣ឆ្នាំ រស់នៅស្រុកស្អាងខេត្តកណ្ដាលរូបនេះ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ពេលលោកកំពុងស្នាក់នៅផ្ទះសំណាក់មួយកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដើម្បីត្រៀមទទួលលោក សម រង្ស៊ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
«សង្គមនេះវាអ៊ីចឹងមែន មានការជិះជាន់ពីអ្នកមានអំណាច ហើយនិងអំពើការកាប់សម្លាប់ក្រៅប្រព័ន្ធច្បាប់។ ខ្ញុំឃើញទង្វើនោះអ៊ីចឹង បានខ្ញុំចេះតែចូលរួម ចេះតែជួយធ្វើសកម្មភាពទាំងអស់។ ខ្ញុំអត់ចង់បានអ្វីទេ ខ្ញុំចង់បានការផ្លាស់ប្ដូរ»។
ត្រឡប់មកកញ្ញា សេង ច័ន្ទធារី វិញដែលមានអ្នកគាំទ្រជាមិត្តភ័ក្ដិនៅក្រៅប្រទេស ធ្វើការតស៊ូមតិទាមទារយុត្តិធម៌ឱ្យកញ្ញា បានអធិប្បាយថាកញ្ញាត្រៀមលក្ខណៈដើរចូលពន្ធនាគារ ទៅតាមលទ្ធភាពដែលតុលាការបង្គាប់។
«ជាក់ស្ដែងណាស់ ខ្ញុំត្រៀមសម្រាប់គុកតែម្ដង។ សភាពការណ៍អាចឱ្យខ្ញុំមិនជាប់គុក ប៉ុន្តែឥឡូវខ្ញុំត្រៀមសម្រាប់គុកថ្ងៃទីមួយ ខ្ញុំបានកាត់សក់ខ្ញុំឱ្យខ្លីមែនទែន ដើម្បីកុំឱ្យមានបញ្ហាចៃ ហើយកុំឱ្យមានបញ្ហាថាអត់មានសាប៊ូអ្វីគ្រប់គ្រាន់ ទាន់ពេលវេលាអី»។
កញ្ញា សេង ច័ន្ទធារី ក៏ជាអ្នករិះគន់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមិនសំច័យមាត់ផងដែរ។ កញ្ញាទទួលបានការអប់រំផ្នែកច្បាប់ដើម្បីធ្វើជាមេធាវីនៅសហរដ្ឋអាមេរិក និងនៅប្រទេសកម្ពុជា ហើយក្រោយមក កញ្ញាមកធ្វើជានាយិកាមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរ ដែលផ្តោតលើការពង្រឹងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
លោក សម រង្ស៊ី ដែលជាជនជាប់ចោទមួយរូបដែរ បានប៉ុនប៉ងបញ្ចប់ការរស់នៅនីរទេសខ្លួននៅប្រទេសបារាំងតាមរយៈការប្រកូកប្រកាសធ្វើមាតុភូមិនិវត្តន៍ តែមិនសម្រេចជោគជ័យកាលពីឆ្នាំ២០១៩។
នាគ្រានោះ ប្រទេសថៃបានហាមលោក សម រង្ស៊ី មិនឱ្យឆ្លងកាត់តាមផ្លូវគោក ហើយក្រុមហ៊ុនអាកាសចរណ៍ក៏ត្រូវបានហាមមិនឱ្យដឹកលោកចូលកម្ពុជាដែរ។
គិតត្រឹមល្ងាចថ្ងៃអង្គារនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនទាន់ឆ្លើយតបនឹងសំណើសុំការអធិប្បាយរបស់VOAនៅឡើយទេ៕