លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានថ្លែងសរសើរក្រុមមេធាវីរបស់រដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកផ្ទាល់ ដែលមានគ្នាប្រមាណ១៥០នាក់ ខណៈលោករិះគន់មេធាវីមួយចំនួនរបស់អង្គការសង្គមស៊ីវិល ដែលលោកថា«ញុះញង់»ប្រជាពលរដ្ឋឲ្យចេញមុខតវ៉ា។
លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តដែលមានឈ្មោះថា«សម្តេចតេជោសែន» ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក ហ៊ុន សែន បានថ្លែងថាត្រូវមានការរៀបចំលិខិតបទដ្ឋាននានា ទាក់ទងនឹងក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក ឲ្យមានរចនាសម្ព័ន្ធត្រឹមត្រូវ និងទទួលបានថវិការដ្ឋ គឺចេញពីថវិការបស់ទីស្តីការគណៈរដ្ឋមន្រ្តី។
លោកមានប្រសាសន៍ថា៖ «ដំបូង ខ្ញុំគួរតែនិយាយកោតសរសើរចំពោះមេធាវីរាជរដ្ឋាភិបាល ដែលបានខិតខំទៅលើការងារទាំងឡាយ ដែលរាជរដ្ឋាភិបាលបានប្រគល់។ ហើយខ្ញុំទទួលយកដោយការពេញចិត្តនូវសំណើដែលត្រូវឲ្យមានលិខិតបទដ្ឋានគតិយុត្តិ និងរចនាសម្ព័ន្ធចាត់តាំងឲ្យបានត្រឹមត្រូវ»។
លោក ហ៊ុន សែន ក៏បានណែនាំថាក្រសួងនីមួយៗ ប្រហែលជាអាចរៀបចំឲ្យមេធាវីសម្រាប់ស្ថាប័នរបស់ខ្លួន។
លោក ហ៊ុន សែន ក៏បានកោតសរសេរចំពោះអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលបានផ្តល់មេធាវីដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប៉ុន្តែលោកថាមេធាវីមួយចំនួនរបស់ក្រុមសិទ្ធិមនុស្ស បានញុះញង់ឲ្យប្រជាពលរដ្ឋធ្វើបាតុកម្ម។
លោកមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំលើកទឹកចិត្តឲ្យអង្គការក្រៅរដ្ឋាភិបាលដែលបានទទួលជំនួយពីបរទេស ជួយសេវាផ្លូវច្បាប់ និងការពារចំពោះជនក្រីក្រ។ តែខ្ញុំក៏មិនលើកទឹកចិត្តឲ្យឆ្លៀតធ្វើសកម្មភាពញុះញង់ បង្កើតឲ្យមានបាតុកម្ម។ រឿងខ្លះ រុញពីកំពង់សោម រុញពីកោះកុង រុញពីក្រចេះ [មកធ្វើបាតុកម្មនៅភ្នំពេញ]។ មានក្រុមមេធាវីនៃអង្គការក្រៅរដ្ឋាភិបាលខ្លះ មិនមែនយើងមិនដឹងទេ តែចំណុចអវិជ្ជមានទាំងនេះ យើងមិនដែលបាននិយាយទេ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថាសមាគមរបស់លោកក៏បានផ្តល់មេធាវីដល់ប្រជាពលរដ្ឋ ហើយធ្វើទៅតាមផ្លូវច្បាប់ មិនដែលញុះញង់ប្រជាពលរដ្ឋឲ្យតវ៉ានោះទេ។ លោកបន្តថាប្រជាពលរដ្ឋមានសិទ្ធិសម្រេចក្នុងការជ្រើសរើស ដើម្បីផលប្រយោជន៍សម្រាប់ពួកគេ។
លោកមានប្រសាសន៍ថា៖ «គាត់ចង់សម្រេចធ្វើបែបណា វាជាសិទ្ធិសេរីភាពក្នុងផ្លូវច្បាប់ដែលមានចែងនៅក្នុងទាំងច្បាប់ជាតិ និងអន្តរជាតិជាដើម អាហ្នឹងជាសិទ្ធិសេរីភាពរបស់ពួកគាត់។ ចំណែកខាងមេធាវី យើងវិញ គឺយើងធ្វើតែទៅតាមនីតិវិធីផ្លូវច្បាប់ដែលមានចែងជាធរមានហ្នឹងទេ»។
មន្រ្តីសិទ្ធិមនុស្សរូបនេះបន្តថាវាជារឿងល្អប្រសើរ ដែលមានមេធាវីផ្តល់ការប្រឹក្សាផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ។ ប៉ុន្តែលោកបារម្ភអំពីឥទ្ធិពលរបស់មេធាវីរដ្ឋាភិបាល ឬនាយករដ្ឋមន្រ្តី ដែលលោកថាអាចមានគំនាបទៅលើតុលាការនៅក្នុងការកាត់ក្តី។
លោកមានប្រសាសន៍ថា៖ «ក៏ប៉ុន្តែយើងក៏មិនចង់ឃើញអំពីក្រុមមេធាវីណាមួយ ឬក៏ក្រុមមេធាវីដែលយកឥទ្ធិពលរបស់នាយករដ្ឋមន្រ្តី ទៅប្រើជាសម្ពាធផ្សេងៗជាមួយខាងតុលាការ នោះក៏យើងមិនចង់ឃើញដែរ។ សំខាន់យើងចង់ឃើញភាពត្រឹមត្រូវនិងយុត្តិធម៌នៃក្រុមអ្នកពាក់ព័ន្ធទៅនឹងនីតិវិធីផ្លូវច្បាប់ទាំងអស់ហ្នឹង»។
លោក ស៊ឹង សែនករុណា បន្តថាកន្លងទៅ មានការខ្វះខាតមេធាវីការពារនៅតាមបណ្តាខេត្ត សម្រាប់សំណុំរឿងព្រហ្មទណ្ឌនានា ដែលលោកថានេះជាមូលហេតុនាំឲ្យមានការកកស្ទះសំណុំរឿងនៅតុលាការ។
នៅតាមតុលាការក្នុងបណ្តាខេត្តនីមួយៗ មានប្រតិភូមេធាវីប្រចាំខេត្ត ដែលទទួលបានប្រាក់ឧបត្ថម្ភពីគណៈមេធាវី ហើយពួកគេមានតួនាទីជួយប្រជាពលរដ្ឋក្រីក្រដែលពុំមានលទ្ធភាពរកមេធាវី និងការស្នើសុំពីតុលាការ។
លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់នាយករដ្ឋមន្រ្តី មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលថាមេធាវីស្ម័គ្រចិត្តរបស់នាយករដ្ឋមន្រ្តី មានចំនួន១៣៨រូប ដែលមាននៅគ្រប់បណ្តារាជធានីខេត្ត។ លោកបន្តថាក្រុមមេធាវី ក៏បានពិនិត្យមើលការស្នើសុំ និងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ តាមទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី និងជួបប្រជាពលរដ្ឋដែលចេញមុខតវ៉ានៅកន្លែងផ្ទាល់៕