ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សង្រ្គោះ​តំបន់​ផ្កា​ថ្ម​ប៉ប្រះ​ទឹក​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​ឈ្មោះ​ Great​ Barrier​ Reef​ របស់​អូស្រ្តាលី


ផ្កា​ថ្ម​នៅ​កោះ​ Lady Elliot រដ្ឋ​ Queensland ប្រទេស​អូស្រ្តាលី។
ផ្កា​ថ្ម​នៅ​កោះ​ Lady Elliot រដ្ឋ​ Queensland ប្រទេស​អូស្រ្តាលី។

នៅ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ អង្គការ​សហ​ប្រជាជាតិ​និង​រដ្ឋាភិបាល​ អូស្រ្តាលី​នឹង​ពិភាក្សា​គ្នា​ថា​តើ​គួរ​តែ​ដាក់​តំបន់​ផ្កា​ថ្ម​ទឹក​របស់​អូស្រា្តលី​ដែល​មាន​ឈ្មោះ​ថា​ Great​ Barrier​ Reef​ ក្នុង​ភាព​ជិត​ផុត​ពូជ​ឬ​យ៉ាង​ណា។​ ក្រុម​អ្នក​បរិស្ថាន​និយាយ​ថា​ឧទ្យាន​ក្នុង​សមុទ្រ​ដ៏​អស្ចារ្យ​តែ​មួយ​នេះ​ត្រូវ​គំរាម​កំហែង​ដោយ​ការ​អភិវឌ្ឍ​និង​ទាមទារ​ការ​ការពារ​ខ្លាំង​ជាង​មុន។​ រដ្ឋាភិបាល​អូស្រា្តលី​នៅ​តែ​ទទូច​ថា​ខ្លួន​ជា​អ្នក​ថែទាំ​ដែល​មាន​ការ​ទទួល​ខុសត្រូវ​លើ​ឧទ្យាន​នេះ​រួច​ទៅ​ហើយ។​

ប្រព័ន្ធ​ខ្យល់​ព្យុះ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​បាន​បោក​បក់​ទៅ​លើ​ផ្នែក​ខាង​ចុង​នៃ​ភាគ​ខាង​ត្បូង​របស់​ឧទ្យាន​ផ្កា​ថ្ម​ប៉ប្រះ​ទឹក​ Great​ Barrier​ Reef​ ក្នុង​ទសវត្សរ៍​ទី​មួយ​នៃ​សតវត្ស​នេះ។​

គម្រប​ផ្កា​ថ្ម​ប្រមាណ​ជា​៥០​ភាគរយ​បាន​បាត់បង់។​ អ្នក​វិទ្យាសាស្រ្ត​និយាយ​ថា​ឧទ្យាន​ដែល​មាន​ទំហំ​ប៉ុន​ប្រទេស​អ៊ីតាលី​នេះ​ ស្មើ​នឹង​ផ្ទៃ​ទំហំ​ ៣៤​ ម៉ឺន​ ៤​ ពាន់​ ៤​រយ​ គ.ម.​ ការ៉េ​ ត្រូវ​ការ​រយៈពេល​២​ទសវត្សរ៍​នៃ​ធាតុអាកាស​ធម្មតា​ដើម្បី​ដុះ​គម្រប​ផ្កា​ថ្ម​ទាំង​នោះ​ឡើង​វិញ។​

អាហារ​បំប៉ន​ច្រើន​ហួសហេតុ​ដែល​បណ្តាល​មក​ពី​ទឹក​ជំនន់​ ការ​បូម​ដី​ពី​បាត​សមុទ្រ​ របៀប​ធ្វើ​កសិកម្ម​ដែល​មាន​គ្រោះថ្នាក់​ បាន​ធ្វើ​ឲ្យ​ផ្កា​ថ្ម​ទាំង​នោះ​បាត់​បង់​ពណ៌​ និង​ជំរុញ​ឲ្យ​ការ​គំរាម​កំហែង​ដ៏​ធំ​របស់​ផ្កា​ថ្ម​ គឺ​ត្រី​សមុទ្រ​ដែល​មាន​រាង​ដូច​ផ្កាយ​ ដែល​ល្បី​ខាង​ស៊ី​ផ្កា​ថ្ម​ទឹក​ ដុះ​កាន់​តែ​ច្រើន​ឡើង​ដែល​មិន​អាច​គ្រប់គ្រង​បាន។​

អាជ្ញាធរ​អូស្រា្តលី​ក៏​បាន​ធ្វើ​ផែនការ​សម្រាប់​ការ​ពង្រីក​កំពង់ផែ​ Gladstone​ ដែល​នៅ​ជិត​នេះ​ ឲ្យ​ធំ​ជាង​មុន​ច្រើន​ដែរ​ ដើម្បី​គ្រប់គ្រង​ការ​នាំ​ចេញ​ធ្យូង​ថ្ម​ ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​បរិស្ថាន​មិន​សប្បាយ​ចិត្ត។​

ជា​ការ​ឆ្លើយតប​នឹង​ការ​គំរាម​កំហែង​នេះ​ អង្គការ​ Greenpeace​ និង​អង្គការ​ World​ Wildlife​ Fund​ ហៅ​កាត់​ WWF​ បាន​ចាប់​ផ្តើម​យុទ្ធនាការ​មួយ​ដើម្បី​ធ្វើ​ឲ្យ​ឧទ្យាន​មួយ​នេះ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ដែល​មាន​គ្រោះថ្នាក់​ដោយ​អង្គការ​ អ៊ុយណេះស្កូ​ (UNESCO)។​

ការ​ខឹង​សម្បា​របស់​សាធារណជន​ដែល​កើត​ឡើង​បន្ទាប់​ពី​មាន​បញ្ហា​នេះ​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ អូស្រា្តលី​ ផ្តួចផ្តើម​ផែនការ​និរន្តរភាព​សម្រាប់​រយៈ​ពេល​យូរ​ ដែល​មាន​ឈ្មោះ​ថា​ The​ Reef​ 2050​ Long​ Term​ Sustainability​ Plan​ ជាមួយ​នឹង​ថវិកា​ ១​ពាន់​៥​រយ​លាន​ដុល្លារ​ក្នុង​រយៈពេល​១០ឆ្នាំ​ខាង​មុខ។​

ក្នុង​ស្ថានភាព​ដែល​អាច​បាត់បង់​ដោយ​សារ​ផែនការ​នេះ​គឺ​ វិស័យ​ទេសចរ​ដែល​រក​ចំណូល​បាន​ ៥​ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ដែល​ផ្តល់​ការងារ​ដល់​មនុស្ស​ ៧​ ម៉ឺន​នាក់​ ការ​ចូល​ចត​ក្នុង​កំពង់ផែ​ដោយ​នាវា​ដឹក​ទំនិញ​នាំ​ចេញ​ដែល​មាន​ប្រាក់​ចំណូល​ដល់​ទៅ​ជាង​ ២៦​ ពាន់​លាន​ដុលា្លរ​ ហើយ​និង​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ​ ផ្កា​ថ្ម​ទឹក​សមុទ្រ​ផ្ទាល់​តែ​ម្តង​ ដែល​ជា​ជម្រក​សម្រាប់​ត្រី​ជាង​ ១៥០០​ប្រភេទ​ សិប្បិសត្វ​ចំនួន​ ៥០០​ប្រភេទ​ ផ្កា​ថ្ម​ទឹក​រឹង​និង​ទន់​ចំនួន​៤០០​ប្រភេទ​ និង​បក្សី​ចំនួន​ ២៥០​ប្រភេទ។​

ផែនការ​របស់​ អូស្រ្តាលី​ គឺ​មាន​បំណង​ធ្វើ​ឲ្យ​គុណភាព​ទឹក​ប្រសើរ​ឡើង​យ៉ាង​ច្រើន​ ដោយ​កាត់​បន្ថយ​ការ​បញ្ចេញ​ជាតិ​នីដ្រូសែន​ដែល​មាន​ជាតិ​គីមី​ដែល​កសិករ​ប្រើ​ ឲ្យ​បាន​៨០​ភាគរយ​នៅ​ឆ្នាំ​២០២៥។​ ផែនការ​នេះ​ក៏​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​ឲ្យ​ដី​ភក់​ធម្មជាតិ​មាន​ការ​លូត​លាស់​ឡើង​វិញ​ ដោយ​កាត់​បន្ថយ​ការ​បូម​ដី​ពី​បាត​សមុទ្រ​តាម​ផ្លូវ​នាវាចរណ៍​ក្នុង​សមុទ្រ​ និង​ហាម​ឃាត់​មិន​ឲ្យ​ចាក់​ដី​ដែល​បូម​ទៅ​ក្នុង​ឧទ្យាន​នោះ​ដែរ។​

លោក​ Steven​ Miles​ ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​របស់​រដ្ឋ​ Queensland​ និយាយ​ថា​ផែនការ​របស់​រដ្ឋាភិបាល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ពី​គ្រប់​និន្នាការ​នយោបាយ​ រួម​មាន​ទាំង​ក្រុម​ជនជាតិ​ដើម​ កសិករ​ អ្នក​វិទ្យាសាស្រ្ត​ និង​អាជ្ញាធរ​កំពង់ផែ។​

«នៅ​ពេល​ខ្ញុំ​អង្គុយ​ចុះ​ពិភាក្សា​ជាមួយ​អង្គការ​ WWF​ ហើយ​និយាយ​ថា​ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​សង្រ្គោះ​ផ្កា​ថ្ម​ទឹក​សមុទ្រ​ទាំង​នោះ។​ ពួកគេ​និយាយ​ថា​ ជា​ការ​ពិត​ណាស់​ ក្នុង​រយៈ​ពេល​វែង​ យើង​ត្រូវ​តែ​ក្រឡេក​មើល​ការ​ប្រែប្រួល​អាកាសធាតុ​ ប៉ុន្តែ​និយាយ​ដោយ​ស្មោះត្រង់​ ប្រសិន​បើ​យើង​មិន​ដោះស្រាយ​ការ​ចាក់​ចោល​ដី​ដែល​បូម​ និង​គុណភាព​ទឹក​មុន​នោះ​ទេ​ ផល​ប៉ះពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ​នឹង​មិន​បាន​លទ្ធផល​អ្វី​ទេ»។​

ការ​ប្រែ​ប្រួល​អាកាសធាតុ​ជា​កត្តា​សង្ស័យ​ចម្បង​ដែល​ធ្វើ​ឲ្យ​ខូច​ផ្កា​ថ្ម​ទឹក​សមុទ្រ​ ជាមួយ​នឹង​សីតុណ្ហភាព​ដែល​គេ​គិត​ទុក​ថា​នឹង​កើន​ឡើង​ពី​ ២ទៅ​៤​អង្សា​សេ​ នៅ​ត្រឹម​ឆ្នាំ​២០៥០។​ ប៉ុន្តែ​ លោក​ Russell​ Reitchelt​ ដែល​ជា​ប្រធាន​នៃ​អាជ្ញាធរ​ឧទ្យាន​ Great​ Barrier​ Reef​ Marine​ Park​ ក្នុង​ទឹក​សមុទ្រ​ និយាយ​ថា​ ការ​ពិភាក្សា​អំពី​ការ​កើន​ឡើង​នៃ​សីតុណ្ហភាព​គួរ​តែ​ទុក​ជា​បញ្ហា​ដាច់​ដោយ​ឡែក​មួយ។​

«ក្តី​បារម្ភ​ដ៏​ធំ​បំផុត​សម្រាប់​ផ្កា​ថ្ម​ទឹក​សមុទ្រ​ ក្នុង​រយៈ​ពេល​វែង​ គឺ​ការ​ប្រែប្រួល​អាកាសធាតុ​ គ្រោះថ្នាក់​នៃ​ការ​កើន​ឡើង​នៃ​សីតុណ្ហភាព​ដែល​ប៉ះពាល់​ដល់​ផ្កា​ថ្ម​ទឹក​ ទឹក​សមុទ្រ​ ដែល​មាន​ជាតិ​អាស៊ីដ​កាន់​តែ​ច្រើន​ ហើយ​ប៉ះ​ពាល់​ទៅ​លើ​កំណើន​ផ្កា​ថ្ម​និង​ការ​ធា្លក់​ចុះ​នៃ​ភាព​រឹង​មាំ​របស់​វា។​ នេះ​ជា​បញ្ហា​ទី​១។​ បញ្ហា​ទី​២ គឺ​ការ​បង្ហូរ​ជាតិ​កខ្វក់​ពី​លើ​ដី​ ដូច​ជា​ជី​ និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ចូល​ទៅ​ក្នុង​សមុទ្រ​ និង​ការ​ច្រោះ​ដី​ហួសហេតុ​ បន្ទាប់​ពី​១៥០​ឆ្នាំ​នៃ​ការ​ធ្វើ​កសិកម្ម»។​

រដ្ឋាភិបាល​របស់​រដ្ឋ​ Queensland​ បាន​ដាក់​ប្រាក់​ស្មើ​នឹង​ការ​សន្យា​របស់​រដ្ឋាភិបាល​សហព័ន្ធ​ ដើម្បី​បន្ថែម​ថវិកា​ចំនួន​៧៥លាន​ដុល្លារ​សម្រាប់​ចំណាយ​ក្នុង​រយៈពេល​៥ឆ្នាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ធ្វើ​ឲ្យ​កខ្វក់​ទៅ​លើ​ផ្កា​ថ្ម​ទឹក​ ខណៈ​ពេល​ដែល​ធ្វើ​ការ​សុំ​ជំនួយ​ពី​សហគមន៍​ជនជាតិ​ដើម​ក្នុង​តំបន់​នោះ​ដែរ។​

ក្នុង​ចំណោម​មនុស្ស​១​លាន​នាក់​ដែល​រស់​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ដែល​មាន​ឧទ្យាន​ Great​ Barrier​ Reef​ នេះ​ មាន​ជនជាតិ​ដើម​ចំនួន​ ២​ម៉ឺន​នាក់​ មក​ពី​៧២​កុលសម្ព័ន្ធ​ ដែល​បុព្វបុរស​របស់​ពួកគេ​បាន​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​ផ្កា​ថ្ម​នេះ​ អស់​រយៈពេល​ ៨​ពាន់​ឆ្នាំ​មក​ហើយ។​

លោក​ Duane​ Fraser​ បុគ្គល​ជាន់​ខ្ពស់​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ទាំង​នោះ​បាន​កត់សម្គាល់​ថា​ មាន​មនុស្ស​វ័យ​ចំណាស់​ក្នុង​កុលសម្ព័ន្ធ​បាន​ចូលរួម​ក្នុង​ការ​ពិភាក្សា​ ច្រើន​ជាង​សមាជិក​សភា​របស់​អូស្រា្តលី។​

«សម្រាប់​ម្ចាស់​ប្រពៃណី​និង​សម្រាប់​ផ្កា​ថ្ម​ទឹក​សមុទ្រ​ វា​មាន​សារៈសំខាន់​ណាស់​ដែល​តួនាទី​របស់​ពួក​យើង​នៅ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ប្រពៃណី​របស់​យើង​ ត្រូវ​បាន​គេ​សំគាល់​និង​ការពារ​ ហើយ​ថា​យើង​នឹង​បន្ត​មាន​កន្លែង​មួយ​នៅ​ក្នុង​តំបន់​នេះ​មិន​ត្រឹម​តែ​ដើម្បី​ចូលរួម​ចំណែក​ប៉ុន្តែ​នាំ​មុខ​ក្នុង​ការ​គ្រប់គ្រង​រួម​គ្នា​ទៅ​លើ​សម្បត្តិ​បុរាណ​របស់​យើង»។​

ផ្នែក​ពាក់​កណ្តាល​ខាង​ជើង​នៃ​ផ្កា​ថ្ម​ទឹក​សមុទ្រ​នេះ​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ ហើយ​អង្គការ​ WWF​ ផ្តល់​ការ​គាំទ្រ​គ្រប់គ្រាន់​សម្រាប់​ផែនការ​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​ទៅ​លើ​ផ្នែក​ខាង​ចុង​នៃ​ភាគ​ខាង​ត្បូង​ ប៉ុន្តែ​អង្គការ​អភិរក្ស​មួយ​នេះ​និយាយ​ថា​ ការ​ផ្តល់​មូលនិធិ​មិន​បាន​ឈាន​ដល់​ចំនួន​ដែល​គេ​បាន​រំពឹង​ទុក​ទេ​ ដោយសារ​តែ​គេ​រំពឹង​ថា​ផ្កា​ថ្ម​ទឹក​នេះ​អាច​រក​ចំណូល​បាន​ ២៥​ ពាន់​លាន​ដុលា្លរ​សម្រាប់​សេដ្ឋកិច្ច​អូស្រា្តលី​នៅ​រយៈពេល​៥ឆ្នាំ​ខាង​មុខ។​

អង្គការ​ Greenpeace​ និយាយ​ថា​ ផែនការ​នោះ​នឹង​មិន​គ្រប់គ្រាន់​ទេ​ ហើយ​វា​នៅ​តែ​អនុញ្ញាត​ឲ្យ​មាន​ការ​ពង្រីក​ផែ​ពាណិជ្ជកម្ម​ ហើយ​និង​អនុញ្ញាត​ឲ្យ​មាន​អណ្តូង​រ៉ែ​ធ្យូង​កាន់​តែ​ច្រើន។​

គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ ដែល​មាន​ប្រទេស​ចំនួន​២១​ជា​សមាជិក​ ហើយ​មាន​ប្រទេស​អាឡឺម៉ង់​ជា​ប្រធាន​នោះ​ នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​បឋម​ទៅ​លើ​ស្ថានភាព​របស់​ផ្កា​ថ្ម​ទឹក​សមុទ្រ​នៅ​ខែ​ក្រោយ​ មុន​សន្និសីទ​ចុងក្រោយ​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ក្រុង​ Bonn​ ក្នុង​ខែ​មិថុនា៕​

ប្រែ​សម្រួល​ដោយ​ ប៊ុន​ ប៉េងហ៊ុយ​

XS
SM
MD
LG