កាលពីថ្ងៃចន្ទម្សិលមិញ ប្រទេសម៉ាឡេស៊ីបានការពារគម្រោងរបស់ខ្លួននៅក្នុងការបញ្ជូនជនជាតិមីយ៉ាន់ម៉ាចំនួន ១.២០០ នាក់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ព័ត៌មានលេចឮកាលពីសប្តាហ៍មុនដែលថាជនចំណាកស្រុកមីយ៉ាន់ម៉ាទាំងនេះនឹងត្រូវម៉ាឡេស៊ីបញ្ជូនត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញនោះ បានកើតឡើង បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំស៊ីវិលអ្នកស្រី Aung San Suu Kyi កាលពីថ្ងៃទី ១ ខែកុម្ភៈមក។
ប្រធានផ្នែកអន្តោប្រវេសន៍របស់ប្រទេសម៉ាឡេស៊ីលោក Khairul Dzaimee Daud បាននិយាយថា ជនចំណាកស្រុកមីយ៉ាន់ម៉ាទាំងនេះនឹងត្រូវបញ្ជូនត្រឡប់ទៅកាន់មាតុប្រទេសរបស់ពួកគេវិញនៅថ្ងៃទី ២៣ ខែកុម្ភៈខាងមុខ។
លោកបានបញ្ជាក់ថា ជនចំណាកស្រុកទាំងនេះត្រូវបានចោទប្រកាន់ពីបទល្មើសមួយចំនួន ដូចជាការគ្មានក្រដាសស្នាមត្រឹមត្រូវសម្រាប់ការធ្វើដំណើរ និងការស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីហួសទិដ្ឋាការជាដើម។
លោក Dzaimee Daud បានលើកឡើងនៅក្នុងសេចក្ដីប្រកាសមួយថា៖ «នេះជាផ្នែកមួយនៃកម្មវិធីជាធម្មតារបស់យើងនៅក្នុងការបញ្ជូនត្រឡប់ទៅវិញនូវជនចំណាកស្រុកខុសច្បាប់ដែលកំពុងស្ថិតក្នុងមណ្ឌលឃាត់ទុក»។
លោកបានបន្តថា ប្រទេសម៉ាឡេស៊ីបានបញ្ជូនជនបរទេសជាង ៣៧.០០០ នាក់ រួចទៅហើយ ទៅកាន់មាតុប្រទេសរបស់ពួកគេវិញកាលពីឆ្នាំមុន។
លោកបានបន្ថែមថា ក្នុងចំណោមជនចំណាកស្រុកមីយ៉ាន់ម៉ាដែលត្រូវបញ្ជូនចេញទាំងនេះ ពុំមាននរណាម្នាក់ជាជនភៀសខ្លួនចុះបញ្ជីជាមួយអង្គការសហប្រជាជាតិ ឬជាជាតិសាសន៍រ៉ូហ៊ីងយ៉ា (Rohingya) កាន់សាសនាឥស្លាមក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ៕