អាជ្ញាធរម៉ាឡេស៊ី និយាយថា ពួកគេបានរកឃើញរណ្តៅសាកសពចំនួន១៣៩និងជំរំចំនួន២៨ដែលគេសង្ស័យជារបស់ពួកអ្នកជួញដូរមនុស្សក្នុងផ្នែកខាងជើងប្រទេសម៉ាឡេស៊ី។
ថ្លែងទៅកាន់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទក្នុងទីក្រុង Wang Kelian នៅជិតព្រំដែនប្រទេសថៃ លោក Khalid Abu Bakar ប្រធានប៉ូលិសជាតិម៉ាឡេស៊ី បានផ្តល់សេចក្តីលម្អិតអំពីការរកឃើញរណ្តៅសាកសពនិងជំរំនោះ។
«ក្រុមទីមួយ គឺក្រុមកោសល្យវិច័យ និងវេជ្ជសាស្រ្ត បានចាកចេញនៅព្រឹកនេះ ដើម្បីជីកកកាយអ្វីដែលនៅសល់ទីនោះ។ យើងនឹងធ្វើការវះកាត់សាកសពទាំងនោះ ដែលយើងរកឃើញ ដើម្បីរកមូលហេតុនៃការស្លាប់នេះ»។
ពួកមន្រ្តីនិយាយថា ជំរំដ៏ធំបង្អស់ ដែលត្រូវបានរកឃើញនៅចន្លោះថ្ងៃទី១១និងថ្ងៃទី២៣ខែឧសភា នៅក្នុងតំបន់ព្រៃភ្នំ ដែលមនុស្សពិបាកទៅដល់នោះ ប្រហែលជាបានឃុំឃាំងមនុស្សរហូតទៅដល់៣០០នាក់។
រណ្តៅសាកសពនេះស្ថិតនៅក្នុងរដ្ឋ Perlis ដែលជារដ្ឋដ៏តូចបំផុតរបស់ម៉ាឡេស៊ី ដែលនៅជាប់ខេត្តសុងក្លានៃប្រទេសថៃ ដែលនៅទីនោះរណ្តៅសាកសពបានត្រូវគេរកឃើញនៅពេលថ្មីៗនេះ។
រណ្តៅសាកសពមួយនៃរណ្តៅសាកសពទាំងនោះនៅចម្ងាយតែ១រយម៉ែត្រគត់ពីរណ្តៅសាកសពស្រដៀងគ្នាដែលត្រូវបានគេរកឃើញនៅដើមខែនេះនៅជិតព្រំដែនក្នុងទឹកដីថៃ។
តំបន់ព្រំដែនជាច្រកសម្រាប់ពួកអ្នករត់ពន្ធមនុស្សបញ្ជូនជនចំណាកស្រុកមកពីប្រទេសបង់ក្លាដែស និងភូមាទៅកាន់ប្រទេសម៉ាឡេស៊ី ជាបថម។
ការរកឃើញរណ្តៅសាកសពក្នុងប្រទេសថៃ ដែលនៅទីនោះសាកសពមនុស្សយ៉ាងហោចណាស់ក៏២៦នាក់បានត្រូវគេគាស់ចេញពីដីនោះ បានបណ្តាលឲ្យរដ្ឋាភិបាលដែលដឹកនាំដោយយោធាក្នុងទីក្រុងបាងកក ធ្វើការបង្ក្រាបបណ្តាញជួញដូរមនុស្ស។
ម៉ាឡេស៊ី និងថៃបានប្រឈមមុខនឹងការចោទប្រកាន់ពីអង្គការសិទ្ធិមនុស្សថា ពួកអាជ្ញាធរបានធ្វើមិនដឹងមិនឮអំពីបញ្ហានេះ ហើយថា មានភស្តុតាងអំពីការចូលដៃពីពួកមន្រ្តីពុករលួយ។
លោក Phil Robertson ជាអនុប្រធានទទួលបន្ទុកតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch។
«ជាការណ៍ពិត តំបន់នេះបានក្លាយជាទឹកដីសម្រាប់ជំរំចាប់ជំរិតមនុស្សយកប្រាក់។ ហើយខ្ញុំមិនជឿភ្លាមៗថា ជំរំនោះអាចកើតមានឡើង ដោយគ្មានការរួមគំនិតពីពួកអាជ្ញាធរនោះទេ»។
ឧត្តមសេនីយ៍ Khalid ប្រធានប៉ូលិសម៉ាឡេស៊ី បានត្រូវពួកអ្នកយកព័ត៌មានសាកសួរឲ្យឆ្លើយតបនឹងការចោទប្រកាន់បែបនេះ។
«យើងនឹងស៊ើបអង្កេត ហើយយើងនឹងមិនបណ្តោយឲ្យជនណាធ្វើបែបនេះទេ រួមទាំងពួកមន្រ្តីម៉ាឡេស៊ីផង»។
ប្រទេសថៃបានចាប់ឃុំខ្លួនមនុស្ស ឬបានចេញដីការចាប់ខ្លួនមនុស្សជិត៨០នាក់ទាក់ទិននឹងការរត់ពន្ធមនុស្សនេះ។
លោក Robertson នៃអង្គការសិទ្ធិមនុស្ស Human Rights Watch កំពុងអំពាវនាវឲ្យមានការស៊ើបង្កេតឲ្យបានល្អិតល្អន់បន្ថែមទៀតនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
«នៅក្នុងប្រទេសថៃ អ្វីដែលយើងបានឃើញគឺពួកអ្នកនយោបាយ និងប៉ូលិសក្នុងស្រុកត្រូវបានចាប់ខ្លួន។ នេះជាជំហានទីមួយ។ ក៏ប៉ុន្តែពួកគេមិនបានចាប់ខ្លួនមេខ្លោងពិតប្រាកដដែលនៅពីក្រោយការជួញដូរមនុស្សនោះទេ។ ហើយខ្ញុំរំពឹងថា យើងអាចឃើញការចាត់វិធានការស្រដៀងគ្នានេះខាងប្រទេសម៉ាឡេស៊ីគឺពួកអ្នកតូចតាចដែលទទួលទោសជំនួសអ្នកដទៃទៀត នឹងត្រូវគេចាប់ខ្លួនឲ្យទទួលការស្តីបន្ទោសចំពោះអ្វីដែលបានកើតមានឡើងនោះ»។
ដោយគ្មានទីកន្លែងមានសន្តិសុខដើម្បីចូលចត នៅខែនេះ ពួកអ្នករត់ពន្ធមនុស្សខ្លះបានបោះបង់ទូករបស់ខ្លួននៅកណ្តាលសមុទ្រ ដោយទុកជនចំណាកស្រុករាប់រយនាក់នៅលើកប៉ាល់ធ្វើពីឈើដែលរកតែលិច ហើយដែលមានម្ហូបអាហារ និងទឹកបន្តិចបន្តួច។
ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃបានបដិសេធមិនឲ្យកប៉ាល់ ដែលពោរពេញទៅដោយអ្នកស្វះស្វែងរកសិទ្ធិជ្រកកោននោះ បានចូលចតទេ។ កាលពីសប្តាហ៍មុន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលប្រឈមនឹងការរិះគន់ពីអន្តរជាតិ បានប្រកាសថា ពួកគេនឹងអនុញ្ញាតឲ្យកប៉ាល់ដឹកមនុស្សទាំងនោះចូលចតនៅក្នុងប្រទេសរបស់ខ្លួនជាបណ្តោះអាសន្ន ហើយជនចំណាកស្រុកទាំងនោះអាចត្រូវធ្វើមាតុភូមិនិវត្ត ឬបានទៅតាំងទីលំនៅថ្មីនៅប្រទេសផ្សេងទៀត។
ពួកអ្នកដំណើរជាជនជាតិបង់ក្លាដែស និងជនជាតិភាគតិច Rohingya មកពីប្រទេសភូមា។ មនុស្សច្រើនពាន់នាក់បានត្រូវជួយសង្គ្រោះនៅលើផ្ទៃទឹកប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ឬបានហែលទឹកមកច្រាំងសមុទ្រនៅខែនេះ។
ក្រុមអង្គការសិទ្ធិមនុស្សជឿជាក់ថា មានមនុស្សរាប់ពាន់នាក់ទៀតនៅឯសមុទ្រនៅឡើយ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន