ប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមធ្វើការចរចាជាន់ខ្ពស់ជាបន្តបន្ទាប់ជាមួយប្រទេសជិតខាងរបស់ខ្លួននៅថ្ងៃអាទិត្យនេះ ដើម្បីស្វះស្វែងរកដំណោះស្រាយដល់វិបត្តិដ៏ធំរបស់ទូកជនភៀសខ្លួន ដែលជាប់គាំងនៅផ្ទៃទឹកក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគ្មានប្រទេសណាមួយចង់បានពួកគេ។
មន្រ្តីម្នាក់ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពីព្រោះគេមិនអនុញ្ញាតឲ្យលោកនិយាយជាមួយបណ្តាញផ្សាយព័ត៌មាន បាននិយាយថា លោក Anifa Amanរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី បានជួបជាមួយលោក Abul Hassan Mahmood Aliរដ្ឋមន្រ្តីការបរទេសបង់ក្លាដែស មុនជំនួបទៅតាមការគ្រោងទុកជាមួយរដ្ឋមន្រ្តីការបរទេសថៃ និងឥណ្ឌូនេស៊ីក្នុងប៉ុន្មានថ្ងៃខាងមុខទៀត។
ទូកផ្ទុកទៅដោយមនុស្សជាង២ពាន់នាក់របស់សហគមន៍ជនជាតិភាគតិច Rohingya កាន់សាសនាអ៊ីស្លាមនៃប្រទេសភូមា ដែលរត់គេចពីការធ្វើទុក្ខបុកម្នេញ និងជនចំណាកស្រុកបង់ក្លាដែសដែលព្យាយាមគេចពីភាពក្រីក្រ បានទៅដល់ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ក៏ប៉ុន្តែ មនុស្សរាប់ពាន់នាក់ទៀតបាននៅជាប់គាំងនៅឯសមុទ្រ បន្ទាប់ពីមានការបង្ក្រាបទៅលើក្រុមអ្នកជួញដូរមនុស្សដែលបានបណ្តាលឲ្យពួកអ្នកកាប់ពីតេនកប៉ាល់ និងអ្នករត់ពន្ធមនុស្សបោះបង់មនុស្សចោលនៅលើកប៉ាល់ដឹកទំនិញ។
ប្រទេសម៉ាឡេស៊ីបច្ចុប្បន្ននេះ ជាប្រធាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានប្រទេស១០ជាសមាជិក ដែលត្រូវបានគេរិះគន់ជាយូរយាណាស់មកហើយពីការមិនអើពើពីវិបត្តិជនជាតិភាគតិច Rohingya។
កាលពីថ្ងៃសុក្រ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី Najib Razak បានសន្យាចាត់វិធានការនៅពេលដែលមានការអំពាវនាវឲ្យដោះស្រាយជាបន្ទាន់ដល់វិបត្តិមនុស្សជាតិដែលរីកកាន់តែធំឡើងពីសំណាក់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត។
នាយករដ្ឋមន្រ្តី Najibបាននិយាយថា «នេះជាបញ្ហាដ៏សំខាន់របស់អន្តរជាតិ និងក្នុងតំបន់។ យើងបានទាក់ទងជាមួយភាគីដែលពាក់ព័ន្ធ ហើយយើងមានបំណងស្វែងរកដំណោះស្រាយដល់វិបត្តិនេះ»៕