អាជ្ញាធរប្រទេសម៉ាឡេស៊ីបាននិយាយថា ក្រុមប៉ូលិសបានរកឃើញផ្នូរសពរួមជាច្រើន ដែលមានសាកសពក្រុមមនុស្សដែលគេមានជំនឿថាជា ពួកជនទេសន្តរប្រវេសន៍មកពីប្រទេសភូមា និងបង់ក្លាដែស។
លោក Zahid Hamidi រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីបាននិយាយប្រាប់ក្រុមអ្នកកាសែតនៅថ្ងៃអាទិត្យនេះថា គេបានរកឃើញផ្នូរសពទាំងនេះនៅតាមបណ្តោយព្រំដែនជា មួយប្រទេសថៃនៅជិតភូមិដែលសម្បូរទៅដោយក្រុមជនជួញដូរមនុស្ស។
បណ្តាញផ្សាយព័ត៌មានក្នុងមូលដ្ឋានបានរាយការណ៍ថា ផ្នូរសពប្រមាណ៣០ដែលមានគ្រោងឆ្អឹងរាប់រយបានត្រូវរកឃើញនៅខាងក្នុង និងនៅជិតជំរុំឃុំឃាំងដែលបានត្រូវប្រើប្រាស់ដោយក្រុមជនជួញដូរក្រុមជនទេសន្តរប្រវេសន៍ បង់ក្លាដែស និងជនRohingya។
កាលពីពេលមុនក្រុមមន្ត្រីបានបដិសេធថា គ្មានផ្នូរសពរួមឬជំរុំទាសករបែបនេះនៅលើដីនៃប្រទេសម៉ាឡេស៊ីទេ។
គេរំពឹងថា ប្រធានប៉ូលិសជាតិម៉ាឡេស៊ីនឹងធ្វើសន្និសីទកាសែតមួយស្តីអំពីបញ្ហានេះនៅថ្ងៃច័ន្ទ។
ជំរុំ និងផ្នូរសពស្រដៀងគ្នានេះបានត្រូវរកឃើញកាលពីពេលមុននេះក្នុងខែនេះនៅក្នុងផ្នែកមូយនៃព្រំដែនថៃ។ ក្រុមជនរងគ្រោះមានរួមបញ្ចូលពួកជនជាតិ បង់ក្លាដែស និងពួកជនអំបូរ Rohingya ដែលបានរត់គេចខ្លួនចេញពីការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសភូមា៕