សហរដ្ឋអាមេរិកកំពុងធ្វើការហោះហើរសង្កេតការណ៍ ដើម្បីជួយកំណត់ទីតាំងរបស់ជនចំណាកស្រុកដែលត្រូវបានក្រុមជួញដូរមនុស្សបោះបង់ចោលនៅអាស៊ីអាគ្នេយ៍។
ស្ថានទូតស.រ.អា.ប្រចាំទីក្រុងបាងកកបាននិយាយនៅថ្ងៃអង្គារនេះថា យន្តហោះសង្កេតមើលផ្ទៃសមុទ្របានចាប់ផ្តើមហោះហើរកាលពីថ្ងៃអាទិត្យនៅភាគខាងលិចនៃសមុទ្រប្រទេសម៉ាឡេស៊ី។
ស្ថានទូតស.រ.អា.មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីការហោះហើរសង្កេតការណ៍នេះទេ ដោយគ្រាន់តែនិយាយថាស្ថានទូតនឹងធ្វើការអត្ថាធិប្បាយក្រោយពីការពិភាក្សាជាមួយរដ្ឋាភិបាលក្នុងតំបន់ជាមុនសិន។
មានជនចំណាកស្រុកនិងជនភៀសខ្លួនច្រើនពាន់នាក់ជាប់នៅក្នុងទូកដែលដឹកមនុស្សលើសចំណុះនៅក្នុងសមុទ្រ Andaman និងឈូងសមុទ្រ Bengal ក្រោយពីប្រទេសថៃធ្វើការបង្ក្រាបការជួញដូរមនុស្ស។
រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍មានការស្ទាក់ស្ទើរក្នុងការជួយជនចំណាកស្រុកទាំងនោះ ដោយចាត់ទុកថាពួកគេជាជនអន្តោប្រវេសន៍ខុសច្បាប់ ហើយមិនអនុញ្ញាតឲ្យពួកគេចូលចតក្នុងទឹកដីរបស់គេទេ។
កាលពីសប្តាហ៍មុន ប្រទេសឥណ្ឌូនេស៊ីនិងប្រទេសម៉ាឡេស៊ីបានព្រមព្រៀងឈប់បដិសេធមិនឲ្យជនចំណាកស្រុកចូលចត ហើយបានផ្តល់ជម្រកបណ្តោះអាសន្នដល់ជនចំណាកស្រុក៧០០០នាក់ សម្រាប់រយៈពេលមួយឆ្នាំ។
ភាគច្រើននៃជនភៀសខ្លួនតាមទូកគឺជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) កាន់សាសនាអ៊ីស្លាម ដែលរត់គេចខ្លួនពីការធ្វើទុក្ខបុកម្នេញនៅប្រទេសភូមា និងជនជាតិបង់ក្លាដេសដែលគេចចេញពីភាពក្រីក្រនៅក្នុងប្រទេសរបស់ខ្លួន៕