រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីនិយាយថា ខ្លួនមានផែនការបញ្ឈប់បញ្ជូនអ្នកបម្រើតាមផ្ទះហើយនិងកម្មករចំណាកស្រុកទៅកាន់បរទេសនៅឆ្នាំ២០១៧ នៅក្នុងកិច្ចខំប្រឹងប្រែងមួយដើម្បីបន្ធូរបន្ថយអំពើហិង្សាហើយនិងការរើសអើងប្រឆាំងនឹងពួកគេ។
នៅក្នុងការប្រកាសមួយក្នុងរដ្ឋធានីហ្សាកាតាកាលពីថ្ងៃពុធ លោក Hanif Dhakiri រដ្ឋមន្រ្តីក្រសួងការងារបាននិយាយថា ដំណើរការបញ្ឈប់កម្មករចំណាកស្រុកក្រៅផ្លូវការកុំឲ្យទៅបរទេសនឹងត្រូវធ្វើឡើងជាដំណាក់ៗ។
លោកនិយាយថា «ក្នុងរយៈពេលខ្លីយើងត្រូវធ្វើការប្រុងប្រៀបដោះសា្រយអ្នកដែលបានធ្វើការនៅបរទេស។ ទី២ យើងក៏ត្រូវវាយតម្លៃប្រទេសនានាដែលពួកគេបានស្ថិតនៅ»។
លោកបានសារភាពថា ការរិតត្បិតកម្មករចំណាកស្រុកកុំឲ្យស្វះស្វែងរកការងារធ្វើនៅឯនាយសមុទ្រនឹងធ្វើឲ្យកើនឡើងនូវការគ្មានការងារធ្វើ។ ក៏ប៉ុន្តែ លោក បាននិយាយទៀតថារដ្ឋាភិបាលកំពុងប្រុងប្រៀបរៀបចំយុទ្ធសាស្រ្តដើម្បីបង្កើតការងារសម្រាប់ជនជាតិឥណ្ឌូនេស៊ី។
ចំណាត់ការនេះកើតមានឡើងបន្ទាប់ពីដោយប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ធ្វើអត្ថាធិប្បាយនៅក្នុងខែនេះដោយបាននិយាយថា វាជាបញ្ហានៃសេចក្តីថ្លៃថ្នូរដើម្បីការពារកម្មករឥណ្ឌូនេស៊ី។ លោកប្រធានាធិបតីមានប្រសាសន៍ទៀតថា ពួកគេបានកេងយកប្រយោជន៍ពីកម្មករស្រីៗចំណាកស្រុករបស់យើងជាយូរយារណាស់មកហើយ៕