ប្រធានាធិបតីបារាំងលោក Emmanuel Macron ត្រូវបានទទួលស្វាគមន៍ដោយមនុស្សមួយហ្វូងធំនៅសាកលវិទ្យាល័យមួយនៅប៉ែកខាងត្បូងប្រទេសចិនកាលពីថ្ងៃសុក្រសប្តាហ៍មុននៅថ្ងៃបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោក ដែលនៅទីនោះលោកបានជំរុញម្ដងហើយម្ដងទៀតឱ្យសមភាគីចិនរបស់លោកគឺប្រធានាធិបតីចិនលោក Xi Jinping ជួយបញ្ចប់ជម្លោះនៅប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Macron ដែលបានធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំងកាលពីថ្ងៃពុធសប្តាហ៍មុនបានថ្លែងថា លោកបានព្យាយាមបញ្ចុះបញ្ចូលចិនកុំឱ្យគាំទ្រការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនដែលជាប្រទេសជិតខាងរបស់ខ្លួន។
កាលពីថ្ងៃសុក្រ លោក Macron បានធ្វើដំណើរទៅកាន់ទីក្រុង Guangzhou ដែលនៅទីនោះ លោកត្រូវបាននិស្សិតនិងអ្នកគាំទ្ររាប់រយនាក់ចោមរោមដើម្បីសុំថត selfie ឬទះដៃជាមួយនឹងលោក ដែលនេះផ្ទុយពីប្រព័ន្ធនយោបាយរបស់ចិនខ្លួនឯង។
អ្នកគាំទ្រមួយចំនួនបានស្រែកហៅឈ្មោះលោក Macron។ បន្ទាប់មក លោក Macron បានថ្លែងទៅកាន់ក្រុមនិស្សិតនៅកន្លែងហាត់កីឡាក្នុងបរិវេណសាកលវិទ្យាល័យនោះ និងបានឆ្លើយនឹងសំណួររបស់ពួកគេមុនពេលទទួលទានអាហារពេលល្ងាចជាមួយនឹងលោក Xi នៅមុនពេលកិច្ចប្រជុំចាប់ផ្ដើមជាមួយនឹងវិនិយោគិនចិននិងធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។
ជម្លោះរវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែនគឺជាប្រធានបទអាទិភាពនៅក្នុងទស្សនកិច្ចរបស់លោក Macron ទៅកាន់ប្រទេសចិនលើកនេះ។ នេះគឺជាទស្សនកិច្ចរបស់លោកលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ មក។
លោក Macron បានថ្លែងទៅកាន់ក្រុមនិស្សិតនៅទីក្រុង Guangzhou ថា សង្គ្រាមនេះ«បំពានច្បាប់អន្តរជាតិរបស់យើង»។
លោក Macron បានថ្លែងប្រាប់ក្រុមនិស្សិតទាំងនោះថា រុស្ស៊ីគឺជា«ប្រទេសមួយដែលបានសម្រេចថាដាក់អាណានិគមលើប្រទេសជិតខាងរបស់ខ្លួននិងមិនគោរពតាមច្បាប់នោះទេ»។
លោកបានថ្លែងថា៖ «សណ្ដាប់ធ្នាប់អន្តរជាតិឥឡូវនេះត្រូវបានគេធ្វើឱ្យខ្សោយ ហើយយើងទាំងចិននិងបារាំងមានការទទួលខុសត្រូវក្នុងការថែរក្សាវា ហើយស្របពេលជាមួយគ្នានេះដែរត្រូវអភិវឌ្ឍវាឱ្យស្របតាមសតវត្សរ៍ទី ២១»។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយកាលពីល្ងាចថ្ងៃសុក្រ ភាគីទាំង២បានសន្យាថានឹង«គាំទ្រនូវរាល់កិច្ចប្រឹងប្រែងទាំងអស់ដើម្បីស្ដារសន្ដិភាពនៅក្នុងប្រទេសអ៊ុយក្រែន»។
សេចក្ដីថ្លែងការណ៍នោះដែលមិនបានបញ្ចេញឈ្មោះរុស្ស៊ី ឬថ្កោលទោសសកម្មភាពឈ្លានពានរបស់រុស្ស៊ី បានអំពាវនាវឱ្យរាល់ភាគីទាំងអស់គោរពតាមច្បាប់អន្តរជាតិ៕