ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពាណិជ្ជកម្ម​និង​បញ្ហា​អ៊ុយក្រែន​ស្ថិត​លើ​របៀបវារៈ​កំពូល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​បារាំង​និង​ប្រធាន​សហភាព​អឺរ៉ុប​នៅ​ចិន


ប្រធានាធិបតី​បារាំង​លោក Macron ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន
ប្រធានាធិបតី​បារាំង​លោក Macron ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន

ប្រធានាធិបតីបារាំងលោក​ Emmanuel Macron ​និងលោកស្រី Ursula von der Leyen ​ប្រធាន​គណៈកម្មការ​អឺរ៉ុបបាន​ធ្វើ​ដំណើរទៅ​ដល់​ប្រទេស​ចិន​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​បី​ថ្ងៃ​ មាន​គោលដៅពិភាក្សា​អំពី​ពាណិជ្ជកម្ម​ សិទ្ធិមនុស្សនិង​ជា​ពិសេស​បញ្ហា​ប្រទេស​អ៊ុយក្រែនជា​មួយប្រធានាធិបតី​ចិនលោក Xi Jinping ​នៅពេល​មាន​ចំណង​ទាក់ទង​ជិត​ស្និទ្ធ​ជាងមុន​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​មូស្គូ។

លោក​ Macron បាន​និយាយប្រាប់​ការប្រជុំ​មួយ​នៃ​សហគមន៍​បារាំង​នៅ​ក្នុង​ក្រុងប៉េកាំង​ថាទំនាក់ទំនងរបស់​ចិនជាមួយ​រុស្ស៊ី​មានន័យ​ថាចិន«អាច​បំពេញមុខ​នាទី​ធំមួយ‍»ក្នុងការរក​សន្តិភាព​ឱ្យ​អ៊ុយក្រែន។

ទស្ស​នកិច្ចនេះជាទស្សនកិច្ចលើកទី​មួយ​របស់លោក Macron ​ទៅកាន់​ប្រទេស​ចិនតាំងពី​ឆ្នាំ២០១៩​ ហើយជាទស្សនកិច្ចលើក​ដំបូង​រ​បស់លោកស្រី​ von der Leyen ​ទៅ​កាន់ប្រទេស​នេះក្នុង​ឋានៈ​លោកស្រីជាប្រធានអង្គការ​នីតិប្រតិបត្តិនៃ​សហភាព​អឺរ៉ុប​។ ពួក​អ្នក​វិភាគនិង​ពួក​មន្ត្រីមិន​បានរំពឹង​ច្រើន​ថានឹងមាន​ការទម្លាយភាពទាល់ច្រកធំដុំ​ណា​មួយទេ​ ទោះជា​មេដឹកនាំ​ទាំងពីរ​នាក់នេះ​ទំនង​ជា​នឹង​និយាយជា​មួយ​ចិន​ឱ្យ​កម្រិតការ​គាំទ្រ​របស់​ខ្លួន​ដល់​ការលុកលុយរបស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន។

គេ​រំពឹង​ថា​លោក Macron ​និង​លោកស្រី​ von der Leyen​ នឹង​ធ្វើការ​ចរចា​ជា​មួយលោក Xi នៅ​ថ្ងៃព្រហស្បតិ៍។ លោក Macron ​ក៏​មាន​កំណត់​នឹង​ទៅ​ទស្សនា​ក្រុង​ Guangzhou នា​ប៉ែក​ខាងត្បូងប្រទេស​ចិន​ដែរ។

ពួក​អ្នក​វិភាគ​និយាយ​ថា​ទស្សនកិច្ច​នេះ​មានគោលដៅ​បង្ហាញគោលជំហរ​របស់​អឺរ៉ុប​ដល់ចិន​ នៅ​ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា​ច្រើន​ជាង​មុន។ ការ​កែលម្អ​ចំណង​ទាក់ទង​គ្នា​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ភាគី​ទាំងពីរ​ មាន​រួមឋានៈ​របស់​ចិន​ជា​ដៃគូ​ពាណិជ្ជកម្មធំជាង​គេ​របស់​សហភាព​អឺរ៉ុប។

នៅក្នុង​សុន្ទរកថា​មួយ​ដែល​ត្រូវ​បានពួកមន្ត្រី​ចិនរិះគន់​ លោកស្រី von der Leyen​ បាន​ព្រមានរដ្ឋាភិបាល​ប៉េកាំង​ប្រ​ឆាំងនឹង​ការគាំទ្រ​ដោយ​ផ្ទាល់ដល់រដ្ឋាភិបាលក្រុង​មូស្គូនៅក្នុង​សង្គ្រាមរបស់​រុស្ស៊ីនៅ​អ៊ុយក្រែន​និង​បានពណ៌នា​ទំនាក់ទំនង​រវាង​សហភាពអឺរ៉ុប​និង​ចិន​ថា«នៅ​ឆ្ងាយ​ពីគ្នានិង​មានការពិបាក​ជាង​មុន‍»។

លោក​ស្រី Von der Leyen បានយល់​ថា​ចិន​«​សង្កត់​សង្កិនជាងមុន​នៅ​ខាងក្នុង​ប្រទេស​និងគឃ្លើន​ជាង​មុននៅ​ក្រៅ​ប្រទេស‍»។ លោកស្រីក៏​បានបដិសេធ​សេចក្តី​សង្ឃឹម​ថា​នឹង​មាន​កិច្ចព្រមព្រៀង​វិនិយោគជាថ្មី​ជា​មួយ​ប្រទេស​ចិន ដោយ​លោកស្រី​បាន​មាន​ប្រសាសន៍​ថាកិច្ច​ព្រមព្រៀង​នេះត្រូវតែ‍«វាយ​តម្លៃ​ជា​ថ្មី»នៅខាងក្នុង​យុទ្ធសាស្ត្រ​ធំជាង​មុន​របស់​សហភាព​អឹរ៉ុបអំពី​ប្រទេស​ចិន​៕

XS
SM
MD
LG