ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បាននិយាយនៅថ្ងៃពុធនេះថា លោកបាន«ធ្វើសកម្មភាពស្របច្បាប់ដើម្បីការពារប្រជាជន» តាមរយ:ការបង្វែរជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair នៅលើដែនអាកាសរបស់បេឡារុស ជាសកម្មភាពបានធ្វើមានការខឹងសម្បារទូទាំងសាកលលោក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ជើងហោះហើរពីរដ្ឋធានីអាថែន(Athens) របស់ប្រទេសក្រិក ទៅកាន់រដ្ឋធានីវីលនីញូស (Vilnius) ប្រទេសលីទុយអានី ដែលដឹកសកម្មជនប្រឆាំងដែលគេស្វែងរកចាប់ខ្លួនត្រូវបានបង្ខំឲ្យចុះចតក្នុងរដ្ឋធានីមីនស្កិ៍ (Minsk) របស់បេឡារុស កាលពីថ្ងៃអាទិត្យ ដោយគេសន្មតថាមានការគំរាមកំហែងដោយគ្រាប់បែក បានជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍សហគមន៍អឺរ៉ុបជាច្រើនបញ្ឈប់ការហោះហើរលើដែនអាកាសប្រទេសបេឡារុស។
តាមទីភ្នាក់ងារព័ត៌មានBelta របស់រដ្ឋបេឡារុស លោក Lukashenko បាននិយាយក្នុងពេលថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាបេឡារុសថា៖ «ខ្ញុំបានធ្វើសកម្មភាពដោយស្របច្បាប់ដើម្បីការពារប្រជាជនរបស់យើង»។
មេដឹកនាំបុរសខ្លាំងរូបនេះ ដែលដឹកនាំប្រទេសអស់រយ:ពេលជាងពីរទសវត្សមកហើយនោះ ក៏បាននិយាយដែរថា«ការវាយប្រហារ» មកលើប្រទេសរបស់លោកបានហួស«បន្ទាត់ក្រហម» ហើយ។
លោក Lukashenko បាននិយាយទៀតថា៖ «ដូចដែលយើងទស្សន៍ទាយ អ្នកដែលស្អប់យើងទាំងក្នុង និងក្រៅប្រទេសបានប្ដូរវិធីសាស្ត្រ ដើម្បីវាយប្រហារប្រទេសរបស់យើង»។
លោក Lukashenko បន្ថែមទៀតថា វាជាការភូតកុហកសុទ្ធសាធដែលថា «យន្តហោះចម្បាំង MiG-29 បានបង្ខំហើយយន្តហោះដឹកអ្នកដំណើរចុះចតជាបន្ទាប់នៅក្នុងទីក្រុង Minsk។
សហភាពអឺរ៉ុបបានបញ្ជាក់ថា ខ្លួនបានពិនិត្យមើលនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរបបរបស់លោក Lukashenko បន្ទាប់ពីឧបទ្ទវហេតុយន្តហោះនេះ។
មេដឹកនាំអឺរ៉ុប ក៏បានទាមទារឲ្យដោះលែងលោក Roman Protasevich សកម្មជនប្រឆាំងដែលបានស្ថិតនៅលើយន្តហោះនោះហើយត្រូវបានចាប់ខ្លួនដោយអាជ្ញាធរបេឡារុសនៅក្នុងទីក្រុង Minsk៕