រដ្ឋាភិបាលនានានៅអឺរ៉ុបបានចោទប្រកាន់ប្រទេសបេឡារុសកាលពីថ្ងៃអាទិត្យពីបទជាប់ពាក់ព័ន្ធនឹងភេរវកម្មរដ្ឋ បន្ទាប់ពីប្រទេសនេះបានបង្ខំឲ្យយន្តហោះឯកជនមួយគ្រឿងចុះចតជាបន្ទាន់នៅក្នុងទីក្រុង Minskបន្ទាប់ពីការគំរាមដោយគ្រាប់បែកនៅក្នុងយន្តហោះនោះ ហើយបន្ទាប់មកបានចាប់ខ្លួនអ្នកសរសរប្លុកម្នាក់ដែលបានរិះគន់ប្រធានាធិបតីផ្តាច់ការលោក Alexander Lukashenko។
លោក Roman Pratasevich អតីតការីនិពន្ធប្រចាំ Channels Telegram ដ៏មានឥទ្ធិពលមួយមានឈ្មោះថា Nexta និង Nexta Live ត្រូវបានឃាត់ខ្លួនដោយប៉ូលិស បន្ទាប់ពីជើងហោះហើរតាមក្រុមហ៊ុនអាកាសចរណ៍ Ryanair របស់លោកពីប្រទេសក្រិកទៅកាន់ប្រទេសលីទុយអានីត្រូវបានបង្វែរជើងហោះហើរក្នុងដែនអាកាសរបស់ប្រទេសបេឡារុសនៅពេលដែលរដ្ឋាភិបាលក្រុង Minsk បានឲ្យដឹងថា លោកប្រធានាធិបតី Lukashenko បានបញ្ជាឲ្យយោធារបស់លោកប្រើយន្តហោះចម្បាំងធុន MiG-29 ទៅអមយន្តហោះឯកជនឲ្យចុះចត។
លោក Pratasevichដែលស្ថិតក្នុងសភាពភ័យញ័រដែលត្រូវបានគេរាយការណ៍ថា បានប្រាប់ទៅកាន់អ្នកដំណើរផ្សេងទៀតមុនពេលប៉ូលិសនាំខ្លួនលោកទៅថា «ខ្ញុំប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតនៅទីនេះ» ។
រដ្ឋាភិបាលក្រុងMinsk បានចោទលោក Pratasevich ពីបទភេរវកម្មនិងការញុះញង់ឲ្យមានកុបកម្មបន្ទាប់ពី Channel Nexta បានក្លាយជាវេទិកាសំខាន់មួយក្នុងការរៀបចំការតវ៉ាការពីឆ្នាំមុនប្រឆាំងនឹងប្រធានាធិបតី Lukashenko ទាក់ទិននឹងការលួចបន្លំសន្លឹកឆ្នោត។
លោក Lukashenko បានឈ្នះការបោះឆ្នោតអាណត្តទី៦នៅក្នុងការបោះឆ្នោតកាលពីខែសីហាឆ្នាំទៅដោយបានទទួលសន្លឹកឆ្នោត៨០ភាគរយ ថ្វីបើពលរដ្ឋជាច្រើននៅក្នុងប្រទេសបានចោទប្រកាន់លោកពីការលួចបន្លំការបោះឆ្នោតក៏ដោយ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងខ្លាំងក្លាការបង្វែរជើងហោះហើរនេះនិងការចាប់ខ្លួនលោក Pratasevich៕