សហគមន៍អឺរ៉ុបកំពុងជំរុញឲ្យសមាជិករបស់ខ្លួនបិទដែនអាកាស ហើយចំណតអាកាសយានដ្ឋានមិនស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសបេឡារុស បន្ទាប់ពីប្រទេសនេះបានបង្ខំឲ្យយន្តហោះក្រុមអាកាសចរណ៍មួយចុះចតជាបន្ទាន់កាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុង Minsk និងបានចាប់ខ្លួនអ្នកសរសេរប្លុកប្រឆាំងនឹងលោកប្រធានាធិបតី Alexander Lukashenko មួយរូប។
ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនរួមមានក្រុមហ៊ុន Lufthansa បានចេញសេចក្ដីថ្លែងការណ៍នៅព្រឹកថ្ងៃអង្គារនេះថា ពួកគេនឹងមិនហោះហើរតាមដែនអាកាសរបស់ប្រទេសបេឡារុសទៀតទេ។
សហភាពអឺរ៉ុបក៏កំពុងអំពាវនាវឲ្យមានការស៊ើបអង្កេតទៅលើឧបទ្ទវហេតុនេះ ហើយកំពុងគ្រោងដាក់ទណ្ឌកម្មលើមន្ត្រីបេឡារុសទំាងឡាយណាដែលទទួលខុសត្រូវក្នុងការបង្វែរជើងហោះហើរនេះ។
សមាជិករដ្ឋាភិបាលបេឡារុសជាច្រើននាក់ស្ថិតនៅក្រោមទណ្ឌកម្មរបស់សហគមន៍អឺរ៉ុបរួចហើយ ដោយសារការបង្ក្រាបលើក្រុមបាតុករដែលមិនពេញចិត្តនឹងលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីខែសីហាឆ្នាំមុន។
សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកបានអំពាវនាវឲ្យរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Lukashenko ដោះលែងជាបន្ទាន់នូវលោក Raman Pratasevich អ្នកសរសេរប្លុកអាយុ២៦ឆ្នាំដែលបានរស់នៅនិរទេសខ្លួននៅក្នុងប្រទេសប៉ូឡូញ។
លោកPratasevich ដែលជាអតីតការីនិពន្ធ Channels Telegram ដ៏មានឥទ្ធិពលដែលមានឈ្មោះថា Nexta និងNexta Live ត្រូវបានប៉ូលិសចាប់ខ្លួននៅពេលសមត្ថកិច្ចបេឡារុសឆែកឆេរយន្តហោះ។ រដ្ឋាភិបាលក្រុង Minsk បានឲ្យដឹងថា លោកLukashenko បានបញ្ជាឲ្យយោធារបស់លោកបើកយន្តចម្បាំងប្រភេទ MiG-29 ទៅកៀងបង្ខំឲ្យយន្តហោះឯកជននោះចុះចតជាបន្ទាន់នៅក្នុងទីក្រុង Minsk៕