ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ទេសចរណ៍៖​ រយៈពេល​ ៣ ​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ ទេសចរ​ផ្ទៃ​ក្នុង​នឹង​​កើន​ជាង​ឆ្នាំ​២០២២


ពលរដ្ឋនិងទេសចរដើរកម្សាន្តនាពេលរាត្រីនៅមុខរមណីយដ្ឋានវត្តភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែមេសា ឆ្នាំ​២០២៣។ (ធីតា វីន/វីអូអេ)
ពលរដ្ឋនិងទេសចរដើរកម្សាន្តនាពេលរាត្រីនៅមុខរមណីយដ្ឋានវត្តភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែមេសា ឆ្នាំ​២០២៣។ (ធីតា វីន/វីអូអេ)

ក្នុង​រយៈពេល​ ៣ ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ​ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍ជាតិ ​និង​អន្តរជាតិ​ច្រើន​ជាង ៥ ​លាន​នាក់ ​ក្នុង​ឆ្នាំ​ ២០២៣​ បើ​ធៀប​នឹងឆ្នាំ​ ២០២២​ ដោយ​សារ​តែ​ស្ថានភាព​កាន់​តែ​ធូរ​ស្រាល​ពី​ជំងឺ​ឆ្លង​កូវីដ​១៩​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ ផ្លូវ​ថ្នល់​ខ្វាត់​ខ្វែង​ដែល​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ទេសចរ​មក​ពីគ្រប់​មជ្ឈដ្ឋាន។​ នេះ​បើ​តាម​អ្នកនាំ​ពាក្យ​ក្រសួង​ទេស​ចរណ៍។​

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​បានចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះ​ ហើយ​នឹង​បិទ​បញ្ចប់​ទៅ​នៅថ្ងៃ​អាទិត្យ​ក្នុង​សប្តាហ៍​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ទេស​ចរណ៍​លោក ​តុប ​សុភ័ក ​រំពឹង​ថា ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ដើរ​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជានឹ​ង​កើន​ឡើង​លើស​ឆ្នាំ​ ២០២២ ​ប៉ុន្តែលោក​មិន​ទាន់​អាច​ប៉ាន់​ស្មាន​ថា បាន​ប៉ុន្មាន​នោះ​ទេ​ ដោយ​ត្រឹមតែបញ្ជាក់​ថា​ កាល​អំឡុងពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​ ២០២២ ​កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរណ៍ផ្ទៃ​ក្នុង​បាន​ចំនួន​ជាង​ ៥ ​លាន​នាក់។

​លោក​ប្រាប់​វីអូអេ​ថា៖ «យើង​មាន​ការ​រំពឹង​ទុក​ថា​ នឹងមាន​ទេសចរ​កើន​ច្រើន​ជាង​ឆ្នាំ​មុន​ ដោយ​សារ​តែ​ឆ្នាំ​នេះ​ យើង​មើល​ស្ថាន​ភាព​កូវីដ​១៩ ​របស់​យើង​ក៏​កាន់​តែ​ល្អ​ប្រសើរ​ ប្រជាជន​មាន​ភាព​ស៊ាំ​នៅ​ក្នុង​សហគមន៍​រឹង​មាំ ​ដោយ​សារ​តែ​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ បាន​គ្រប​ដណ្តប់​ទូទាំងប្រទេស។ ​ហើយ​មួយ​វិញ​ទៀត ​ហេដ្ឋារចនា​សម្ព័ន្ធ​ទ្រទ្រង់​ទេសចរ​យើង​ក៏​មាន​ភាព​ងាយ​ស្រួល​ច្រើន​ជាង​មុន​ដែរ​ ថ្វី​ដ្បិត​តែ​មូលដ្ឋាន​អាជីវកម្ម​ខ្លះ​នៅ​បិទ​ដំណើរ​ការ​ប្រហែល​តិច​តួច​ទេ។ ប្រហែល ​១៥ ​ភាគរយ ​អ្នក​ដែលបាន​បិទ​លើក​មុន ​គាត់​មិនទាន់​បាន​បើក​ឡើង​វិញ»។​

លោក​បន្ថែម​ថា៖​ «យើង​មិន​អាច​ប៉ាន់​ស្មាន​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ​ប៉ុន្តែ​កាល​ពី​ចុង​ឆ្នាំ​ចាស់ ​២០២២ ​កន្លង​ទៅ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី ​គឺ​ជាង ​៥ ​លាន​នាក់។ ​អ៊ីចឹង​សម្រាប់​ឆ្នាំ​ ២០២៣ ​នេះ ​ខ្ញុំ​គិត​ថា ​ក៏​មិន​ក្រោម​ហ្នឹង​ដែរ»។

លោក​បន្តថា ចំពោះ​តែខេត្ត​សៀមរាប​មួយ​ គឺ​ក្រសួង​ទេសចរណ៍​ប៉ាន់​ប្រមាណ​ថា​ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នឹង​ទទួល​បាន​ភ្ញៀវ​ទេស​ចរណ៍ផ្ទៃ​ក្នុង​ មិន​តិច​ជាង​ ២ ​លាន​នាក់​នោះ​ទេ ​ដោយ​សារ​ចំ​ខួប ​១០ ​ឆ្នាំនៃ​ការ​ប្រារព្ធ​អង្គរ​សង្ក្រាន្ត​ផង​ដែរ។​

ប្រធាន​សមាគម​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា​ អ្នក​ស្រី​ ឆាយ​ ស៊ីវលីន ​ក៏មើល​ឃើញ​ថា​ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នា​ឆ្នាំ​នេះ​ ​កំណើន​ទេស​ចរ​ផ្ទៃ​ក្នុង​នឹង​កើន​ឡើង។ ​អ្នក​ស្រី​ថា ដំណើរ​កម្សាន្ត​នៅ​ពេល​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ ​ក៏​ជួយ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មូលដ្ឋាន​ និង​សេដ្ឋកិច្ច​ជាតិ​រស់​ឡើង​វិញ​ផង​ដែរ​ ព្រោះ​នៅ​ពេល​ណា​ភ្ញៀវ​ទេសចរណ៍​ចេញ​ដើរ ​គឺ​ត្រូវ​ការសេវាកម្ម​នានា​ ដូច​ជា​សេវាកម្មដឹក​ជញ្ជូន​ទាំងផ្លូវ​អាកាស​ ផ្លូវ​គោក​ ផ្លូវ​ទឹក​ ​សេវាកម្ម​ស្នាក់​នៅ​ សេវាកម្ម​ម្ហូប​អាហារ​ និងសេវាកម្ម​ផ្សេងៗ​ទៀត​ជា​ច្រើន។​

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ ​«ការ​ចេញ​ដើរ​ទេសចរ ​ឆ្លង​កាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​របស់​អ្នក​ធ្វើ​ដំណើរ​របស់​អ្នក​ទេសចរ​ហ្នឹង​ គឺ​បាន​ជួយ​យ៉ាង​ច្រើន​ដល់​អាជីវកម្ម​ទេសចរ​ អាជីវ​កម្ម​ទាំង​អស់​ រួម​ទាំង​ការ​ផ្គត់​ផ្គង់​វិស័យ​ផ្សេងៗ ព្រោះ​ទេសចរណ៍​នឹង​មាន​ការ​ចូល​រួម​ផ្គត់ផ្គង់ពី​គ្រប់​អន្តរ​វិស័យ​ផង​ដែរ។ ​អ៊ីចឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មូលដ្ឋាន​ និង​សេដ្ឋកិច្ច​ជាតិ​រស់​ឡើង​វិញ»។​

អ្នក​ស្រី​បន្ថែម​ថា អាជីវកម្ម​ដែល​ធ្លាប់​បិទ​ទ្វារ​ និង​ផ្អាកកាល​ពី​អំឡុង​ពេល​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ​ជិត ៤ ​ពាន់​ទី​តាំងនោះមក​ដល់​ពេល​នេះ អាជីវកម្ម​ទាំង​នោះ​ ភាគច្រើន​បាន​បើក​ដំណើរ​ការ​ឡើង​វិញ។ ​អ្នកស្រី​បន្ត​ថា ​តាមការ​សង្កេត​នៅ​ឆ្នាំ​នេះ​ ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មានការ​រៀប​ចំ​ធំ​និង​គ្រប់ទី​កន្លែង​ ជាពិសេស​នៅខេត្ត​សៀមរាប។​

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ អ្នក​ជំនាញ​ទេសចរណ៍​រូប​នេះថា ដើម្បី​អាច​ឱ្យ​អាជីវកម្ម​ទាំងអស់​ក្នុង​វិស័យ​ទេសចរណ៍​អាច​ដំណើរ​ការ​ដោយ​រលូន ​ដូច​មុន​ពេលមិន​ទាន់​មាន​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩នោះ​ ប្រទេស​កម្ពុជា​អាចត្រូវ​ការ​ពេល​ជាង​ ១ ​ឆ្នាំ​ទៀត​ ក្រោម​ហេតុផល​ថា​ ធនធាន​មនុស្ស​ដែល​បាន​ចាកចេញពី​វិស័យ​ទេសចរណ៍​មិន​ទាន់​វិល​មក​វិញ​ ហើយ​អាជីវកម្ម​ខ្លះ​ទៀត​ក៏មិន​ទាន់​អាច​ដំណើរការ​ឡើង​វិញ​បាន។​

នៅក្នុង​វិស័យ​ទេសចរណ៍​នេះ​ សារព័ត៌មាន​អនឡាញ​ថ្មីៗ​បាន​រាយ​ការណ៍​កាល​ពីថ្ងៃ​ទី ១២ ​ខែ​មេសាថា​ កាល​ពី​ឆ្នាំ​ ២០២២ កម្ពុជា​រក​ចំណូល​បាន​ប្រមាណ​ ១,៤១៥ ​លាន​ដុល្លារ​ពី​ទេសចរ​អន្តរជាតិ​ប្រមាណ​ ២,២៨​ លាន​នាក់​ ខណៈ​ទេសចរ​ជាតិ​ប្រមាណ​ ១៤ លាន​នាក់​ដែល​ដើរ​កម្សាន្ត​ទូទាំង​ប្រទេស​ បាន​ផ្តល់​ចំណូល​ប្រមាណ​ ៦៥០ ​លាន​ដុល្លារ​អាមេរិកផង​ដែរ៕

XS
SM
MD
LG