ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្រាប់ពលរដ្ឋខ្លះក្នុងក្រុងព្រះសីហនុ បញ្ហាជីវភាពជាកង្វល់ធំជាងជំងឺកូវីដ១៩


រូបឯកសារ៖ អ្នកធ្វើដំណើរពីទីក្រុងប៉េកាំងប្រទេសចិនបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពេលដែលចិនបានបើកព្រំដែនរបស់ខ្លួនឡើងវិញ នៅប្រទេសកម្ពុជា កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣។
រូបឯកសារ៖ អ្នកធ្វើដំណើរពីទីក្រុងប៉េកាំងប្រទេសចិនបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពេលដែលចិនបានបើកព្រំដែនរបស់ខ្លួនឡើងវិញ នៅប្រទេសកម្ពុជា កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣។

អ្នក​ស្រី​ មៀច​ សំណាង ​ជា​អាជីវ​ករ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​លើ​ក្រុង​ព្រះ​សីហនុ​ខេត្ត​ព្រះ​សីហនុ ​អស់​រយៈ​ពេល​ ២០ ​ឆ្នាំមកហើយ។ មុនពេលជំងឺ​កូវីដ១៩ រាតត្បាត​ប្រទេស​កម្ពុជា​ អ្នក​ស្រី​ធ្លាប់​កាប់​ជ្រូក​ប្រមាណ​ពី ​៨​ ទៅ ​១២​ក្បាល​លក់​ជា​ប្រចាំ​ថ្ងៃ​។ ក៏ប៉ុន្តែ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​មក​នេះ​ ចាប់​តាំង​ពី​ជំងឺ​កូវីដ​១៩​ផ្ទុះ​ក្នុង​ខេត្ត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ​អាជីវ​ករ​វ័យ ​៤៣ ​ឆ្នាំ​ រូប​នេះ​ បាន​ឱ្យ​ដឹង​ថា​ សាច់​ជ្រូក ​២​ ក្បាល​លក់​ស្ទើរ​តែ​មិន​អស់​ផង​ក្នុង​មួយថ្ងៃ។

ខណៈ​ចំណូល​រក​មិន​សូវ​បាន​ដូច​មុន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​ក្នុង​ក្រុង​ព្រះ​សីហនុ​ដូច​ជា​អ្នក​ស្រី​ មៀច ​សំណាង ​ព្រួយ​បារម្ភ​ពី​បញ្ហា​ជីវ​ភាព​ររបស់​ខ្លួន​ ច្រើន​ជាង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ខណៈ​វត្ត​មាន​ភ្ញៀវ​ជន​ជាតិ​ចិន​បា​នចូល​កម្សាន្ត​ និង​វិនិយោគ​ក្នុងខេត្ត​មួយ​នេះ​ច្រើន​ជាង​ខេត្ត​ផ្សេង​ៗ​ ស្រប​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ប្រទេស​ចិន​កំពុង​រង​ការ​រីក​រាល​នៃ​ជំងឺ​កូវីដ​១៩​ ផង​ដែរ​។

កាល​ពី​ចុង​ឆ្នាំ​ ២០២២ ​ប្រទេស​ចិន​បាន​រុះ​រើ​គោល​នយោបាយ​ដ៏​តឹង​រ៉ឹង​របស់​ខ្លួន​ពោល​គឺ​ «សូ​ន្យ-កូវីដ» ​រួម​ទាំង​ដក​ការ​ធ្វើ​តេស្ត​ PCR ​ជា​ទៀង​ទាត់​លើ​ចំនួន​ប្រជា​ជនរ​បស់​ខ្លួន​ផង​ដែរ​។ ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ករណី​ឆ្លង​រាត​ត្បាត​ជំងឺកូវីដ-១៩​ ជា​បន្ត​បន្ទាប់ ​ដែល​ត្រូវ​បា​ន​គេ​មើល​ឃើញ​ថា​កំពុង​កើន​ឡើង​យ៉ាង​គំហុក​នៅ​ទូ​ទាំង​ប្រទេស​ចិន​ នៅ​ចុង​ឆ្នាំ​ ២០២២ ​និង​ក្នុង​ខែ​មករា ​ឆ្នាំ​ ២០២៣ ​នេះ​។

ដោយ​ឡែក​ ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​គ្មាន​កូវីដ​របស់​រដ្ឋាភិបាល​ចិន បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចិន​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស ​ដូច​ជា​ធ្វើ​ការ​វិនិយោគ​ ឬ​ទេសចរណ៍​កម្សាន្ត ​ជា​ពិសេស​នៅតាម​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដូច​ជា​កម្ពុជា​ជា​ដើម ​បើ​ទោះ​បី​ជា​ការ​ឆ្លង​ជំងឺ​កូវីដ​ក្នុង​ចំណោម​ពលរដ្ឋចិន​នៅតែ​បន្ត​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​កម្រិត​ថយ​ចុះ​នា​ខែ​កុម្ភៈ​ក្តី​។

សម្រាប់​អ្នក​ស្រី ​មៀច ​សំណាង ​ អ្នក​ស្រី​រីក​រាយ​ជា​ខ្លាំង​ នៅ​ពេល​មាន​ជន​ជាតិ​ចិន​ចូល​មក​ក្រុង​ព្រះសីហនុ​វិញ ​ទោះ​ជា​មក​កម្សាន្ត​ ឬ​វិនិយោគ​ក្តី​ ព្រោះ​វា​ផ្តល់​ឱកាស​រក​ប្រាក់​កម្រៃ​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ។

​អ្នកស្រីថ្លែងថា៖ «​ជំងឺ​អត់​ភ័យ​ខ្លាច​ឆ្លង​ទេ ​ខ្លាច​តែ​លក់​ដូរ​អត់​ដាច់​ អត់​លុយ​ចិញ្ជឹម​កូន។ តែ​បើ​កាល​ណា​មាន​មនុស្ស​មក​ច្រើន​ចឹង​ យើង​ការពារ ​យើង​ពាក់​ម៉ាស់​ពាក់​អី​ចឹង​ទៅ​យើង​ការពារ​ខ្លួន​ឯង​ចឹង​។ ពី​មុន​អត់​ទាន់​មាន​វ៉ាក់​សាំង​គ្រប់​គ្រាន់ ​ឥឡូវ​ទូ​ទាំង​ប្រទេស​គឺ​មាន​វ៉ាក់​សាំង​ទាំងអស់ ​ចឹង​គាត់​ក៏​ការពារ ​យើង​ក៏​ការពារ​ដែរ​។ ​ឧបមា​ថា​ ពី​មុន​ឆ្លង​ ១០០​ ភាគរយ ​បើ​យើង​ការពារ​ទៅ ​ឆ្លង​ត្រឹម​ ៤០​ ទៅ​ ៣០​ [ភាគរយ] ទេ ហើយ​បើ​សិន​ជា​គាត់​បាន​ចូល​មក​មាន​អី ​និយាយ​រួម​ប្រជាជន​ទូ​ទាំង​ខេត្ត​នេះ ​មិន​សូវ​យ៉ាប់​ មិន​សូវ​ពិបាក​»។​

ខណៈ​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​នៃ​ជំងឺ​កូវីដ​១៩​ នៅ​កម្ពុជា ​ស្ទើរតែ​មិន​កើត​មាន​ទាល់​តែ​សោះ​ នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ​ គេ​ឃើញ​ថា​ ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​នៅ​តាម​ផ្សារ ​ឬ​ទី​សាធារណៈ​នានា ​មិន​សូវ​មាន​អ្នក​ពាក់​ម៉ាស់​ ឬ​រក្សា​គម្លាត ​និ​ងបាញ់​ទឹក​អាល់​កុល​សម្លាប់​មេរោគ ឬ​លាង​ដៃ​ បន្ទាប់​ពី​ប៉ះ​ពាល់​របស់​របរ​ផ្សេង​ៗ​នោះ​ទេ​។ ពួក​គេ​ធ្វើ​សកម្ម​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ហាក់​ស្រដៀង​ទៅ​នឹ​ង​មុន​ពេល​មាន​ជំងឺ​កូវីដ​១៩។ ​

សម្រាប់​លោក ​ពៅ​ គ្រី អ្នក​រត់​ម៉ូតូ​កង់​បី ​ដែល​កំពុង​រង​ចាំ​ភ្ញៀវ​នៅ​ម្តុំ​រង្វង់​មូល​ត្រី​ដាវ​ក្នុង​សង្កាត់​លេខ​ ៣ ​ក្រុង​ព្រះ​សីហនុ​ ខេត្ត​ព្រះ​សីហនុ​ បាន​ឱ្យ​ដឹង​ថា​ កត្តា​ជីវភាព​ក៏​សំខាន់​ ការ​ការពារ​ខ្លួន​ពី​ជំងឺឆ្លង​ក៏​សំខាន់​ ទោះ​បី​ជា​លោក​ត្រូវដោះស្រាយ​បញ្ហា​ជីវភាព​ប្រឈម​ការ​ខ្វះ​ខាត​ចំពោះ​មុខ​ក៏​ដោយ​។

លោកថ្លែងថា៖ «យើង​បារម្ភ​ទាំង​ឆ្លង​ និង​បារម្ភ​ទាំង​ជីវភាព​។​ ២ ​ហ្នឹង​បើ​បារម្ភ ​គឺ​បារម្ភ​ជីវភាព​ជាង​ហើយ​ ពី​ព្រោះ​យើង​ខ្វះ​ខាត​ វា​ចំពោះ​មុខ ​កាល​ណា​យើង​ជំពាក់​គេ ​គេ​មិន​អាច​លើក​លែង​ឱ្យ​យើង​ទេ​ រឿង​ធនាគារ​គេ​មិន​អាច​លើក​លែង​ឱ្យ​យើង​ទេ​ ចឹង​យើង​ត្រូវ​តែ ​ហើយ​ខំ​ប្រឹង​ទប់​ស្តាត់​ខ្លួន​ឯង​ទៅ​ ការពារ​ជំងឺ​ខ្លួន​ឯង​ទៅ​»​។

​សារ​ពត៌​មាន ​AP ​បាន​ឱ្យ​ដឹង​ថា ​ប្រជាជន​ចិន​ជាង​ ២០០​ លាន​នាក់​បាន​ឆ្លង​ជំងឺ​ និង​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩​ ចាប់​តាំង​ពី​ប្រទេស​ចិន​ បញ្ចប់​ការ​អនុវត្ត​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​១៩​ នេះ​។

ទន្ទឹម​នឹង​នោះ​ដែរ ​សហរ​ដ្ឋអា​មេ​រិក កូរ៉េ​ខាង​ត្បូង​ ឥណ្ឌា​ អ៊ីតាលី ​ជប៉ុន ​បារាំង ​តៃវ៉ាន់​និង​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ទៀត​បាន​ដាក់​លក្ខខណ្ឌ​តម្រូវ​ឱ្យ​អ្នក​ដំណើរ​ដែល​ធ្វើ​ដំណើរ​មកពី​ប្រទេស​ចិន​បង្ហាញ​តេស្ត​អវិជ្ជមាន​ជំងឺ​កូវីដ១៩ ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ចិន។

អ្នកស្រី មៀច សំណាង អាយុ៤៣ឆ្នាំ ជាអាជីវករលក់សាច់ជ្រូកនៅផ្សារលើក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)
អ្នកស្រី មៀច សំណាង អាយុ៤៣ឆ្នាំ ជាអាជីវករលក់សាច់ជ្រូកនៅផ្សារលើក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)
លោក ពៅ ឌឿន អាយុ៣៥ឆ្នាំ ជាអាជីវករលក់គ្រឿងទេស និងគ្រឿងភេសជ្ជៈគ្រប់មុខ នៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)
លោក ពៅ ឌឿន អាយុ៣៥ឆ្នាំ ជាអាជីវករលក់គ្រឿងទេស និងគ្រឿងភេសជ្ជៈគ្រប់មុខ នៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)

លោក ​ឡុង ​ឌីម៉ង់​ អភិបាល​រង​ខេត្ត​ព្រះ​សីហនុ​ បាន​មាន​ប្រសាសន៍​ថា​ ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​តាម​រយៈការ​បើក​ចំហ​ទទួល​ភ្ញៀវ​ទេសចរ​និង​អ្នក​វិនិយោគ​ជន​ជាតិ​ចិន​ គឺ​ជា​ការ​ល្អ​ប្រសើរ​សម្រាប់​ខេត្ត​ព្រះ​សីហនុ​។ លោក​បាន​ឱ្យ​ដឹង​បន្ថែម​ថា​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​បើក​ទទួល​ភ្ញៀវ​ទេសចរជន​ជាតិ​ចិន​នេះ​ ធ្វើ​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន​ ។

លោកថ្លែងថា៖ «ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​យើង​នេះ​គឺ​វា​ត្រូវ​តែ​សំខាន់​ណាស់​ ក្រពះ ​ឆ្នាំង​បាយ​នេះ​ ជា​ចំនុច​១​សំខាន់​ជាង​គេ ​ប៉ុន្តែ​មិន​មែន​យើង​ក៏​ចេះ​តែ​ធ្វើ​ដោយ​មាន​ប្រថុយ​ប្រថាន​នោះ​ទេ ​យើង​បាន​ឃើញ​អំពី​កម្រិត​ភាព​ស៊ាំ​ជា​មួយ​វ៉ាក់​សាំង​ដែល​យើង​បាន​ចាក់​ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​យើង​បាន​ឃើញ​ថា​ស្ថាន​ភាព​បើ​យើង​និយាយ​ថា​ជំនាន់​២​ខែ​មុន​ទៅ​ចុះ​នៅ​ពេល​ចិន​បើក​ទូលាយ​ឱ្យ​ប្រជា​ពលរដ្ឋ​ចិន អ្នក​ទេសចរណ៍​ចិន​ អ្នក​វិនិយោគ​ចិន​ចាប់​ផ្តើម​ចេញ​ទៅ​ក្រៅ ​យើង​ឃើញ​មាន​ការ​កើន​ឡើង​ពេល​នោះ​តិច​មែន ​ប៉ុន្តែ​មក​ដល់​ម៉ោង​នេះ​សូម្បី​តែ​នៅ​ប្រទេស​ចិន​ក៏​ចាប់​ផ្តើម​ថយ​ចុះ​ទៅ​វិញ​ដែ​រ​»។

កាល​ពី​ចុង​ខែ​មករា ​ឆ្នាំ ​២០​២៣ ​នេះ​ ខេត្ត​ព្រះសីហនុ​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​ចិន​ប្រហែល​ជាង ​១០០ ​នាក់​ ជា​លើក​ដំបូង ​បន្ទាប់​ពី​ខក​ខាន​អស់​រយៈ​ពេល​ប្រមាណ​ជា​ ៣​ ឆ្នាំកន្លង​នេះ ​ដោយ​សារ​ជំងឺ​កូវីដ​១៩​។ ភ្ញៀវ​ទេសចរ​ទាំង​នោះ​មិន​មាន​តម្រូវ​ឱ្យ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​១៩​ ឬ​លិខិត​បញ្ជាក់​ពី​ជំងឺ​កូវីដ​អ្វី​ទាំង​អស់ ​ពោល​គឺ​អាច​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ដោយ​សេរី​ក្នុង​ខេត្ត​នេះ​ និង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។

លោក ​តុប ​សុភ័ក​ អនុ​រដ្ឋ​លេខា​ធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ទេសចរណ៍​ បាន​មាន​ប្រសាសន៍​ថា ​នា​ខែ​មករា ​ឆ្នាំ​ ២០២៣ ​នេះ​ ខេត្ត​ព្រះ​សីហនុ​មានភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​ជា​មធ្យមចំនួន​ ១០០០​ នាក់​ក្នុង​មួយ​សប្តាហ៍​ ដែល​ឈរ​ក្នុង​លំដាប់​ថ្នាក់​លេខ​ ១ ​ក្នុង​ចំណោម​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ទាំង​អស់​ ។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ អំឡុង​ពេល​នេះ​ ជំងឺ​កូវីដ​១៩ ​លែង​ជា​ឧបសគ្គ​រា​រាំង​ក្នុង​ការ​ទទួល​យក​ភ្ញៀវ​ទេសចរ​ចូល​មក​កំសាន្ត​ទៀត​ឡើយ។​ ក៏​ប៉ុន្តែ​ កម្ពុជានៅ​តែ​ប្រកាន់​ភ្ជាប់​នូវ​វិធាណ​ការ​ការពារ​របស់​ក្រសួង​សុខា​ភិបាល។​

លោកថ្លែងថា៖ «​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ក៏​ដូច​ជា​អ្នក​រក​ទទួល​ទាន​នៅ​ក្នុង​វិស័យ​ទេស​ចរណ៍​ហ្នឹង​ គាត់​មិន​បារម្ភ​ពី​រឿង​ទេស​ចរ​ចិន​ទេ ​គាត់​ចង់​ឱ្យ​តែ​ទេសចរ​ចិន​មក​ ពី​ព្រោះ​វា​មាន​ការ​ចំណាយ​ច្រើន​ កាល​ណា​មាន​ភ្ញៀវ​ទេសចរ​ចិន​មក​ គឺ​វា​មាន​ចំណូល​។​ ចំពោះ​បារម្ភ​រឿង​កូវីដ​អី​ហ្នឹង​ យើង​ខ្ញុំ​គិត​ថា ​វា​មិន​ចោទ​ជា​បញ្ហា​អី​ធំ​ទេ​ ដោយ​សារ​តែ ​ទី​ ១ ​កម្ពុជា​របស់​យើង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ជា​ពិសេស​ការ​ចាក់​វ៉ាក់​សាំង ​ មាន​ភាព​ស៊ាំ​នៅ​ក្នុង​សហគមន៍​រឹង​មាំ​»។

ជុំ​វិញ​បញ្ហា​ទាំង​អស់​ វីអូអេសំឡេង​សហ​រដ្ឋ​អាមេរិក​ មិន​អាច​ទាក់​ទងលោក​ស្រី​ ឱ ​វណ្ណ​ឌីន​ ជា​រដ្ឋ​លេខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​ ​ដើម្បីសុំ​ការ​អត្ថា​ធិប្បាយ​បាន​នោះ​ទេ​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​លោក​ ឡុង ​ឌី​ម៉ង់ ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា ​រដ្ឋ​បាលខេត្ត​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ជា​ស្រេច​ ជា​មួយ​វិធាន​ការការពារ​និងទប់ស្កាត់ការ​រាតត្បាតនៃ​ជំងឺ​កូវីដ​១៩ ​នេះ​។

«យើង​មិន​ប្រថុយ​ប្រថាន ​ក៏​ប៉ុន្តែ​ការ​រៀប​ចំ​បម្រុង​ទុក​ និង​វិធាណ​ការផ្សេង​ៗ​ទៀត​ក្នុង​ការទប់​ស្តាត់ ​គឺ​យើង​បាន​ត្រៀម​គ្រប់​លក្ខណៈ​ទាំង​អស់។ ចឹង​ពេល​នេះ ​គឺ​ជា​ពេល​ដែល​យើង​ការពារ​ផង ​ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ យើង​ក៏​ត្រូវ​ចាប់​ផ្តើម​ត្រៀម​ខ្លួន ​ត្រៀម​លក្ខណៈសម្បត្តិ​ទាំង​អស់​ ដើម្បី​ឆក់​យក​នូវ​ឱកាស​ដែល​អ្នក​ទេស​ចរ​អ្នក​វិនិយោគ​មក​ ដើម្បី​យើង​អភិវឌ្ឍស្រុក​យើង​ឱ្យ​បាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​វិញ។ ​ខ្ញុំ​គិត​ថា​ជា​ឱកាស​ដែល​យើង​ត្រូវ​តែ​ត្រង​យក​នូវ​ចំណុច​ល្អ​ៗ ​ហើយ​យើង​មាន​វិធាណ​ការ​ទប់​ស្តាត់​នូវ​ចំណុចអវិជ្ជ​មាន​វិញ​»។

​ការ​ប្រកាស​របស់​ក្រសួង​សុខា​ភិបាល​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​មាន​ការ​បើក​ទទួល​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ស្ថាន​ភាព​ជំងឺ​កូវីដ​១៩ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅតែមាន​លក្ខណៈល្អ​ប្រសើរ។ ​ចំណែក​ឯ​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩ ​វិញ​ ប្រជា​ពល​រដ្ឋ​កម្ពុជា​ទទួល​បាន​ជាង​ ៩៥​ ភាគ​រយ​ បើ​ធៀប​ទៅ​នឹង​ចំនួន​ប្រជា​ពល​រដ្ឋ​ជាង ​១៦ ​លាន​នាក់​។

សម្រាប់​លោក​ ពៅ ​ឌឿន​ ​អាជីវករ​លក់​គ្រឿង​ទេស​និង​គ្រឿង​ភេសជ្ជៈ​គ្រប់​មុខនៅផ្ទះក្នុង​សង្កាត់​លេខ​ ៣ ​ក្រុង​ព្រះ​សីហនុ​ បាន​ឱ្យ​ដឹង​ថា​ ជំងឺ​កូវីដ​១៩ ​អាច​ការពារ​បាន ​តែ​ការ​ខ្វះ​ខាត​លុយ​កាក់​ដើម្បី​ចិញ្ចឹម​ជីវិត​មិន​អាច​ការពារ​បាន​ទេ​។

​អាជីវ​ករ​វ័យ ​៣៥​ឆ្នាំ ​រូប​នេះ​ថ្លែង​ថា​៖ «ពេល​ដែល​លឺ​ថា​ភ្ញៀង​ទេស​ចរណ៍​ចិន​ធ្លាក់​មក​ច្រើន​ចឹង​ មាន​អារម្មណ៍​ថា​សប្បាយ​ ពី​ព្រោះ​អី​កាល​ពី​មុន​ចិន​មក​ច្រើន​ ចឹង​យើង​សប្បាយ​រក​ស៊ី​ជា​មួយ​ចិន​។​ កូវីដ​យើង​អត់​ខ្លាច​ សំខាន់​អត់​លុយ​យើង​ខ្លាច​ជាង ​ពី​ព្រោះ​ដោយ​សារ​ពេល​ដែល​យើង​អត់​លុយ​ គឺ​យើង​ពិបាក​ជាង​កូវីដ​។ ​កូវីដ​យើង​អាច​ការពារ​ តែ​បើ​លុយ​ យើង​អត់​អាច​ការពារ​បាន​ទេ​»៕

XS
SM
MD
LG