វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបកំពុងចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ខណៈឥទ្ធិពលនៃជំងឺកូវីដ១៩ បានចាប់ផ្តើមថយចុះផងដែរ។ រយៈពេលប្រមាណជា ៦ ខែចុងក្រោយនេះ អាជីវកម្មដែលពឹងផ្អែកលើវិស័យទេសចរណ៍នៅក្នុងខេត្តមួយនេះ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ផ្សារ និងហាងលក់វត្ថុអនុស្សាវរីយ៍ ផ្សាររាត្រី មគ្គុទេសក៍ទេសចរណ៍ បានចាប់ផ្តើមដំណើរការសកម្មភាពរបស់ខ្លួនឡើងវិញជាបណ្តើរៗ។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ជាអ្នកប្រកបរបរលើវិស័យទេសចរណ៍ជាង ២០ ឆ្នាំមកហើយ។ អ្នកស្រីមានសណ្ឋាគារធំចំនួនពីរ ក្នុងខេត្តសៀមរាប ដែលមាន ១២០ បន្ទប់។ អ្នកស្រីបានមានប្រសាសន៍ថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ សណ្ឋាគាររបស់អ្នកស្រីបានដំណើរការកាន់តែប្រសើរឡើងជាបន្តបន្ទាប់។ អ្នកស្រីក៏បានឱ្យដឹងបន្ថែមថា កាលពីអំឡុងពេលជំងឺកូវីដកំពុងវាយលុកខ្លាំង អ្នកស្រីខាតបង់ប្រាក់ចំណូលក្នុងមួយខែ ៧ម៉ឺនដុល្លារ។ ក៏ប៉ុន្តែពេលនេះ សណ្ឋាគាររបស់អ្នកស្រីខាតត្រឹមតែជាង ១ ម៉ឺនដុល្លារតែប៉ុណ្ណោះ។
អ្នកស្រីថ្លែងថា៖ «ឃើញមានការកើនជារៀងរាល់ខែ គ្រាន់តែការកើននោះ វានៅមិនគំហុកខ្លាំងដែលការចែកចាយភ្ញៀវទៅដល់ម្ចាស់ទីតាំងទាំងអស់ទទួលបានតែ ២០% ទៅ ៣០% ហើយយើងម្ចាស់អាជីវកម្មនោះ គឺរំភើបមែនទែន យើងស្រមៃយូរហើយថានឹងមានភ្ញៀវមកវិញ បើទោះបីជាថាខាតប៉ុណ្ណឹង យើងអត់រអ៊ូទេ អត់ចាត់ទុកថាអាហ្នឹងទេ ដោយសារកម្លាំងចិត្តបានត្រលប់មកវិញហើយ»។
អ្នកស្រីបានបង្ហាញសេចក្តីសង្ឃឹមថា វិស័យទេសចរណ៍នៅខេត្តសៀមរាបនឹងប្រសើរឡើងខ្លាំងក្នុងឆ្នាំ ២០២៣នេះ។
អ្នកស្រី ឆាយ ស៊ីវលីន ថ្លែងថា៖ «នៅក្នុងឆ្នាំ ២០២៣ នេះ យើងមានការរំពឹងខ្ពស់ដោយសារតែព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅក្នុងខែ ៥ ចឹងនឹងមានប្រតិភូមកច្រើន។ ទី ២ ទៀតហ្នឹងប្រទេសចិនបានបញ្ចប់គោលនយោបាយហ្សេរ៉ូកូវីដ (Zero Covid) ចឹងក៏ចាប់ផ្តើមប្រកាសឱ្យមានការចេញដើរហើរ ហើយកម្ពុជាគឺប្រទេសដែលនៅក្នុងចំណោម ២០ ប្រទេសដែលប្រទេសចិនគឺគាត់ជំរុញឱ្យចេញដើរ»។
ឥទ្ធិពលនៃជំងឺកូវីដ១៩ បានអូសបន្លាយអស់រយៈពេលប្រមាណជិត ៣ ឆ្នាំ ដែលធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់វិស័យទេសចរណ៍ទូទាំងពិភពលោក។ ជាក់ស្តែង នៅខេត្តសៀមរាបសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍មួយចំនួន និងផ្សាររាត្រី បានផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនផងដែរ។
អ្នកស្រី តឹក ផល្លីន អាយុ ៤០ ឆ្នាំ ជាអាជីវករលក់វត្ថុអនុស្សាវរីយ៍នៅផ្សារចាស់ក្នុងខេត្តសៀមរាបអស់រយៈពេលជិត ២០ ឆ្នាំមកហើយ។ អ្នកស្រីបានមានប្រសាសន៍ថា ការលក់គ្រឿងអលង្ការ ត្បូង រូបសំណាកផ្សេងៗរបស់អ្នកស្រី មានការកើនឡើងជាបន្តបន្ទាប់ រហូតធ្វើឱ្យអ្នកស្រីសម្រេចពង្រីកតូបលក់អីវ៉ាន់ពីពីរតូបឡើងរហូតដល់បួនតូប ក្នុងអំឡុងរយៈពេលបីខែកន្លងមកនេះ។
អ្នកស្រីថ្លែងថា៖ «ដើមឆ្នាំ ២០២២ ខ្សោយអត់សូវជាលក់បានណាស់ណា ថា ១០% ទៅ ២០% ក៏ប៉ុន្តែចុងឆ្នាំ ២០២២ ខែ១០ ១១ ១២ កើន អាចកើនដល់ ៤០% អ៊ីចឹង។ ការគិតរបស់ខ្ញុំ ខ្ញុំដាក់ដើមទុនរកស៊ីធំដែរ ដល់ពេលរួចកូវីដមក ខ្ញុំត្រូវចំណាយលុយរាប់ម៉ឺនទិញអីវ៉ាន់ចូល ពង្រីកតូបមានន័យថា ក្តីសង្ឃឹមរបស់ខ្ញុំ គឺគិតថា មានក្តីសង្ឃឹមទៅមុខកាន់តែទៅមុខទៅ បើអត់មានក្តីសង្ឃឹមទេ យើងក៏អត់អាចហ៊ានដាក់ដើមទុនដល់ប៉ុណ្ណឹង»។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបភាគច្រើនប្រកបរបរពឹងផ្អែកលើវិស័យទេសចរណ៍ ដូចជាមគ្គុសទេសក៍ទេសចរណ៍ អាជីកម្មលក់វត្ថុអនុស្សាវរីយ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានជាដើម។ ខេត្តសៀមរាបមានមគ្គុសទេសក៍ទេសចរណ៍ចំនួនជាង ៥០០០ នាក់ ភាគច្រើនជាមគ្គុសទេសក៍ទេសចរណ៍ភាសាអង់គ្លេស និងចិន។
លោក ខៀវ ធី ជាប្រធានសមាគមមគ្គុសទេសក៍ទេសចរណ៍អង្គរ និងមគ្គុសទេសក៍ទេសចរណ៍ភាសាអង់គ្លេស បានឲ្យដឹងថា នៅពេលមុនមានជំងឺកូវីដ១៩ ក្នុងមួយថ្ងៃជាមធ្យម មគ្គុសទេសក៍ទេសចរណ៍ចំនួន ៣០០ នាក់ ជូនភ្ញៀវដើរកម្សាន្តតាមរមណីយដ្ឋាន និងប្រាសាទនានា។ ក៏ប៉ុន្តែនៅពេលនេះជាមធ្យម មានត្រឹមតែប្រមាណចំនួន ១០០ នាក់ប៉ុណ្ណោះ។
លោកបានឱ្យដឹងបន្តថា តួលេខមគ្គុសទេសក៍ទេសចរណ៍ចេញបម្រើភ្ញៀវនេះ គឺមានការកើនឡើងរហូតជាងរៀងរាល់ថ្ងៃ ដោយសារឥទ្ធិពលជំងឺកូវីដ១៩ កំពុងថយចុះ ហើយស្ថានភាពនយោបាយទាំងក្នុងប្រទេសនិងក្រៅប្រទេសមានសភាពនឹងនរ។
លោកថ្លែងថា៖ «ខែ ១១ មកចេះតែកើនតិចៗមក ខែ១២ ជាទូទៅចាប់ផ្តើមបើកទេសចរណ៍ឡើងវិញមក វាកើនច្រើនចាប់ផ្តើម ២០២១ ខែ ១១ យើងមានមគ្គុសទេសក៍ទេសចរណ៍ក្នុងមួយថ្ងៃមាន ១០ នាក់ មានការងារធ្វើ វាកើនរហូតដល់ជាង ១០០ នាក់ មានការងារធ្វើ»។
ជាមួយគ្នានេះដែរ លោក ហ៊ត់ ប៊ុនហាក់ អាយុ ៤៥ ឆ្នាំ ជាមគ្គុសទេសក៍ទេសចរណ៍ផ្នែកភាសាអង់គ្លេស អស់រយៈពេល ១៨ ឆ្នាំកន្លងមកហើយ បានមានប្រសាសន៍ថា លោកពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ នៅពេលបានទទួលភ្ញៀវទេសចរណ៍មកវិញ បន្ទាប់ពីអាជីពមួយនេះបានអាក់ខានអស់ជាច្រើនឆ្នាំកន្លងមក។
លោកថ្លែងថា៖ «ដើម ២០២២ យើង ក្នុងមួយខែពី ១០ ថ្ងៃទៅ ១៥ ថ្ងៃ នៅក្នុងឆ្នាំ ២០២៣ នេះ ភ្ញៀវខាងប៉ែកអឺរ៉ុបវាឡើងចឹង ខ្ញុំដើរបាន ២០ ថ្ងៃទៅ ២៥ ថ្ងៃ។ និយាយឱ្យចំទៅ ពេលដែលមានភ្ញៀវមកវិញ អារម្មណ៍ហ្គាយ [មគ្គុសទេសក៍ទេសចរណ៍] មួយៗ គាត់សប្បាយចិត្ត ពីព្រោះអ្នកខ្លះ គាត់អត់មានការងារធ្វើដែរ ដល់បានភ្ញៀវមកវិញថា សប្បាយណាស់»។
ខេត្តសៀមរាបជាខេត្តមួយដែលស្រូបទាញទេសចរជាតិនិងអន្តរជាតិច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំ មុនពេលមានជំងឺកូវីដ ១៩ ទេសចរប្រហែលជាង ២ លាននាក់ បានធ្វើដំណើរកម្សាន្តនៅក្នុងខេត្តនេះ ដែលអាចផ្តល់ចំណូល ប្រហែលជា ១០០ លានដុល្លារ ក្នុងមួយឆ្នាំ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រសាសន៍ដែរថា ហេដ្ឋារចនាសម្ព័ន្ធតំបន់ប្រាសាទ តំបន់ធម្មជាតិជាច្រើន ដែលមាននៅក្នុងខេត្តសៀមរាប គឺជាសក្កានុពលដ៏ខ្លាំងមួយក្នុងការទាក់ទាញទេសចរ។ លោកបានបន្ថែមឱ្យដឹងថា រដ្ឋបាលខេត្តបានសហការគ្នាជាមួយក្រសួងទេសចរណ៍ ដើម្បីធ្វើការផ្សព្វផ្សាយទៅក្រៅប្រទេសពីភាពទាក់ទាញតំបន់ធម្មជាតិផ្សេងៗទៀត ក្រៅពីប្រាសាទ។
លោកថ្លែងថា៖ «អ្វីដែលផ្សព្វផ្សាយ គឺសមិទ្ធិផលក្នុងស្រុករបស់យើង ជាពិសេសនៅតាមបណ្តាលតំបន់រមណីយដ្ឋានធម្មជាតិ ក្រៅពីតំបន់អង្គរ។ ណាមួយទៀតកិច្ចខិតខំប្រឹងប្រែងពីអភិបាលក្រុង ស្រុកនៃខេត្តសៀមរាបរបស់យើងនេះ ក៏ឱកាសក្នុងការរៀបចំតំបន់ផ្សេងៗ ដែលមានភាពល្អប្រសើរជាងមុនទៅទៀត»។
របាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុងខេត្តសៀមរាប នាឆ្នាំ ២០២២ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ២៨៧.៤៥៤នាក់ កើនឡើង បើធៀបទៅឆ្នាំ ២០២១។ ចំណែកឯខែមករា ឆ្នាំ ២០២៣ នេះភ្ញៀវទេសចរអន្តរជាតិមានចំនួន ៧៧.៤៣៦នាក់ កើនឡើង បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ ២០២២។ ភ្ញៀវបរទេសទាំងនោះភាគច្រើនជាភ្ញៀវមកពីតំបន់អឺរ៉ុប។ របាយការណ៍ដដែលនោះ បានឱ្យដឹងបន្ថែមថា នៅមុនពេលមានជំងឺកូវីដ១៩ រីករាតត្បាត ជាមធ្យមភ្ញៀវទេសចរអន្តរជាតិចំនួនចន្លោះពី ៧.០០០នាក់ ទៅ ៨.០០០នាក់ ក្នុងមួយថ្ងៃ បានទិញសំបុត្រចូលទស្សនាប្រាសាទនៅក្នុងខេត្តសៀមរាប។
លោក តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា នៅឆ្នាំ ២០២២ ចំនួនទេសចរបរទេសទិញសំបុត្រចូលទស្សនាប្រាសាទនៅសៀមរាប មានចំនួនប្រមាណចន្លោះពី ៥០០នាក់ ទៅ ៩០០នាក់ ក្នុងមួយថ្ងៃ ក៏ប៉ុន្តែដើមឆ្នាំ ២០២៣ អ្នកទិញសំបុត្រនោះមានចន្លោះពី ២.០០០នាក់ ទៅ ៣.០០០នាក់។
លោកថ្លែងថា៖ «ទេសចរណ៍គឺត្រឡប់មក មានស្ថានភាពកាន់តែល្អប្រសើរ។ អ៊ីចឹងនៅក្នុងឆ្នាំ ២០២៣ នេះ តាមអ្វីដែលជាការរំពឹងទុក កម្ពុជារបស់យើងអាចទទួលបានទេសចរអន្តរជាតិប្រមាណ ៣,៥លាននាក់ ទៅ ៤លាននាក់។ អ៊ីចឹងគឺអាច ៥០% នៃភ្ញៀវដែលចូលមកកម្ពុជាហ្នឹង គឺអាចទៅទស្សនានៅតំបន់សៀមរាបអង្គររបស់យើង។ សៀមរាបរបស់យើងនៅឆ្នាំ ២០២៣ ២០២៤ អាចនៅដូចមុនកូវីដ១៩»។
លោកបានឱ្យដឹងបន្ថែមថា ឆ្នាំ ២០២៣ នេះ ទេសចរបរទេសសម្រាប់ខេត្តសៀមរាបអាចកាន់តែមានសន្ទុះកើនឡើងខ្លាំង ពីព្រោះប្រទេសកម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដែលត្រូវប្រារព្ធនៅខេត្តមួយនេះ។
លោក តុប សុភ័ក ថ្លែងថា៖ «ទាក់ទងនឹងសៀមរាប យើងនៅតែរំពឹងថាជាគោលដៅ ដែលអាចទាក់ទាញទេសចរបានច្រើននៅក្នុងឆ្នាំ ២០២៣ នេះ គឺដោយសារយើងមានព្រឹត្តិការណ៍សំខាន់ៗច្រើន នៅក្នុងឆ្នាំ ២០២៣ ទាំងអង្គរសង្ក្រាន ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ពីព្រោះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏យើងមានប្រភេទកីឡាខ្លះប្រកួតនៅសៀមរាបដែរ»។
តួលេខរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២២ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបប្រមាណជា ២.៦៩២.៤២៣នាក់ កើនឡើង ៤០៤% ប្រៀបធៀបនឹងឆ្នាំ ២០២១។ ចំណែកឯខែមករា ឆ្នាំ ២០២៣ នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបប្រមាណជា ២៨៣.៤៣៦នាក់ កើនឡើង ២១០៤% បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។
ជាមួយគ្នានេះដែរ ស្ថិតិរបស់ក្រសួងទេសចរណ៍បានឲ្យដឹងដែរថា នៅក្នុងឆ្នាំ ២០១៩ កន្លងទៅភ្ញៀវទេសចរចូលមកទស្សនាប្រទេសកម្ពុជាមានចំនួន ៦,៦ លាននាក់ ក្នុងនោះទេសចរជនជាតិចិនមានចំនួន ២,៣ លាននាក់ ដែលចំនួននេះធ្វើឱ្យទេសចរជនជាតិចិនឈរក្នុងលំដាប់ថ្នាក់លេខ ១ ពោលគឺស្មើនឹង ៣៥% នៃភ្ញៀវទេសចរសរុបក្នុងចំណោម ១១០ សញ្ជាតិ៕