ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥទ្ធិពល​របស់​ប្រទេស​នីហ្សេរីយ៉ា​ទៅ​លើ​ការ​បញ្ហា​តម្លៃ​ប្រេង​នៅ​មាន​កម្រិត


បុរស​ម្នាក់​ចាក់​សាំង​ចូល​ទៅ​ក្នុង​ធុង នៅ​សាជីវកម្ម​ប្រេង​ជាតិ​របស់​នីហ្សេរីយ៉ា ក្នុង​ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥។
បុរស​ម្នាក់​ចាក់​សាំង​ចូល​ទៅ​ក្នុង​ធុង នៅ​សាជីវកម្ម​ប្រេង​ជាតិ​របស់​នីហ្សេរីយ៉ា ក្នុង​ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥។

ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ បាន​វាយ​ប្រហារ​សេដ្ឋកិច្ច​របស់​ប្រទេស​នីហ្សេរីយ៉ា​ ព្រមទាំង​បន្ថយ​ការ​រីក​លូត​លាស់​ផ្នែក​សេដ្ឋកិច្ច​ និង​កាត់បន្ថយ​ចំណូល​របស់​រដ្ឋាភិបាល។ លោក​ប្រធានាធិបតី ​Muhammadu Buhari ​បាន​ស្នើ​ឲ្យ​មាន​វិធានការ​ថែរក្សា​តម្លៃ​ឲ្យ​នៅ​ថេរ។

ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ បាន​វាយ​ប្រហារ​សេដ្ឋកិច្ច​របស់​ប្រទេស​នីហ្សេរីយ៉ា​ ព្រមទាំង​បន្ថយ​ការ​រីក​លូត​លាស់​ផ្នែក​សេដ្ឋកិច្ច​ និង​កាត់បន្ថយ​ចំណូល​របស់​រដ្ឋាភិបាល។ តាមរយៈ​ការ​ចុះ​ទស្សកិច្ច​ទៅ​តំបន់​មជ្ឈិមបូព៌ា​ លោក​ប្រធានាធិបតី ​Muhammadu Buhari ​បាន​ស្នើ​ឲ្យ​មាន​វិធានការ​ថែរក្សា​តម្លៃ​ឲ្យ​នៅ​ថេរ។ ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា​ សមត្ថភាព​របស់​ប្រទេស​នីហ្សេរីយ៉ា​នៅ​មាន​កម្រិត​នៅ​ឡើយ​ ក្នុង​ការ​បញ្ចុះ​បញ្ចូល​ប្រទេស​ដូចជា​អារ៉ាប៊ី​សាអូឌីត​ ឲ្យ​កាត់​បន្ថយ​ផលិតកម្ម។

លោក​ Buhari​ បាន​គិត​ពី​បញ្ហា​ប្រេង នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​មជ្ឈិម​បូព៌ា​កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ។

ក្នុង​កិច្ច​ប្រជុំ​ជាមួយ​មេ​ដឹក​នាំ​របស់​កាតា​នៅ​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ លោក​បាន​ហៅ​តម្លៃ​របស់​ប្រេង​ថា​«មិន​អាច​ទទួល​យក​បាន​ទាល់​តែ​សោះ»។ លោក​និយាយ​ថា​ សមាជិក​នៃ​អង្គការ​ OPEC ​ត្រូវ​តែ​ធ្វើ​ការ​រួម​គ្នា​ រក្សា​តម្លៃ​ប្រេង​ឲ្យ​នៅ​ថេរ។

តម្លៃ​ប្រេង​អន្តរជាតិ​បាន​ធ្លាក់​ចុះ​តាំងពី​ឆ្នាំ​២០១៤។ តម្លៃ​ក្នុង​មួយ​ធុង​គឺ​ប្រមាណ​៣៥​ដុល្លា​រ ដែល​កាល​ពី​ពីរ​ឆ្នាំ​មុន​មាន​តម្លៃ​លើស​ពី​១០០​ដុល្លារ។ មធ្យោបាយ​មួយ​ដើម្បី​តម្លើង​តម្លៃ​ប្រេង​គឺ​កាត់​បន្ថយ​ការ​ផលិត​ ប៉ុន្តែ​ផលិតករ​ប្រេង​ធំៗ​ គ្មាន​ឆន្ទៈ​ក្នុង​ការ​សហការ​នឹង​ធ្វើ​ដូច្នេះ​នោះ​ទេ។

អ្នកវិភាគ​ផ្នែក​ថាមពល​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡុងដ៍​ លោក​ Rhidoy Rashid​ និយាយ​ថា​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ត្រូវ​តែ​ដឹកនាំ​ប្រតិបត្តិការ​កាត់​បន្ថយ​ផលិតកម្ម​ OPEC​ មុន​គេ។​

«ប្រទេស​អារ៉ាប៊ី​សាអូឌីត​ មិន​ព្រម​កាត់​បន្ថយ​ផលិតកម្ម​ដើម្បី​ទ្រទ្រង់​ទីផ្សារ​ ហើយ​មាន​ការ​សង្ស័យ​លើ​ប្រទេស​ផ្សេងៗ​ រួម​ទាំង​ប្រទេស​នីហ្សេរីយ៉ា​ ថា​ពួកគេ​នឹង​កាត់​បន្ថយ​ផលិកម្ម​ដូច​ដែល​បាន​សន្យា​ឬ​ទេ»។

ប្រទេស​អារ៉ាប៊ី​សាអូឌីត​ ក៏​ស្ថិត​ក្នុង​គម្រោង​ធ្វើ​ដំណើរ​របស់​លោក​ Buhari ​ដែរ។ នៅ​ទីនោះ​ លោក​ Buhari​ និយាយ​ថា​ ប្រទេស​នីហ្សេរីយ៉ា​កំពុង​ «ទទួល​ផល​ប៉ះពាល់» ពី​ការ​បរាជ័យ​ក្នុង​ការ​បែងចែក​ចំណូល​បាន​ពី​ប្រេង​កាត​ ហើយ​បាន​ស្នើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ និង​វិស័យ​បន្ទាប់​បន្សំ​ផ្សេង​ទៀត។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ការិយាល័យ​របស់​លោក​ Buhari ​និយាយ​ថា​ លោក​ និង​ថ្នាក់​ដឹកនាំ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​បាន​ប្តេជ្ញា​ចិត្ត ​«ធ្វើ​អ្វីៗ​គ្រប់​យ៉ាង» ដែល​អាច​ធ្វើ​បាន​ដើម្បី ​«តម្លើង​តម្លៃ​ប្រេង​វិញ»។

ប៉ុន្តែ​ អ្នក​វិភាគ​ Hannes Loacker ​នៃ​ធនាគារ​អន្តរជាតិ​ Raiffeisen ​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​វីយែន​និយាយ​ថា ​ប្រទេស​នីហ្សេរីយ៉ា​គ្មាន​ចំណាប់​អារម្មណ៏​ក្នុង​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ទេ​ ដោយសារ​ទទួល​រង​ការ​គំរាម​ពី​យោធា​ និង​ចោរ​ប្រេង។

«ខ្ញុំ​មិន​គិត​ថា​ពួកគេ​នឹង​ធ្វើ​ដូច​នេះ​ទេ។ ពួកគេ​មាន​បញ្ហា​ជាច្រើន​ជាមួយ​នឹង​ការ​វាយ​ប្រហារ​ទៅ​លើ​បំពង់​នាំ​ប្រេង​ក្នុង​ប្រទេស»។

សមាជិក​ OPEC​ នឹង​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ក្នុង​ខែ​នេះ​ ដែល​គេ​រំពឹង​ថា ​ពួកគេ​នឹង​យល់ព្រម​កាត់​បន្ថយ​ផលិតកម្ម​ប្រេង។ ប៉ុន្តែ​ លោក​ Loacker ​និយាយ​ថា​ វា​អាច​នឹង​មាន​ប្រសិទ្ធិភាព​ លុះ​ត្រា​តែ​ប្រទេស​ទាំង​អស់​គាំទ្រ។ រដ្ឋាភិបាល​ប្រទេស​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា ​ពួកគេ​នឹង​មិន​គាំទ្រ​ទេ។

ប្រសិន​បើ​តម្លៃ​ប្រេង​មាន​ការ​កើនឡើង​ លោក ​Loacker ​និយាយ​ថា​វា​នឹង​នាំ​ឲ្យ​មាន​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ទីផ្សារ​ដូចជា​ប្រទេស​ចិន​ ដែល​ថ្មីៗ​នេះ​ប្រឈម​មុខ​នឹង​អាត្រា​កំណើន​យឺត​ និង​ការ​ប្រែ​ប្រួល​ក្នុង​ទីផ្សារ​ភាគហ៊ុន៕

ប្រែសម្រួលដោយ វិញ សុជាតា

XS
SM
MD
LG