ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្ទុះ​បំពង់​បញ្ជូន​ប្រេង​​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​តំបន់​ដី​សណ្ត​សម្បត្តិ​ប្រេង​នៃ​ប្រទេស​នីហ្សេរីយ៉ា


ការវាយប្រហារ​ទៅ​លើ​បំពង់​បញ្ជូន​ប្រេង​នៅ​ក្រុង​ Andoni នៅ​ប្រទេស​នីហ្សេរីយ៉ា កាល​ពី​ថ្ងៃទី២០ ខែ​ធ្នូ ឆ្នាំ២០០៥។ ការ​ផ្ទុះ​បំពង់​បញ្ជូន​ប្រេង​​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​តំបន់​ដី​សណ្ត​សម្បត្តិ​ប្រេង​នៃ​ប្រទេស​នីហ្សេរីយ៉ា។
ការវាយប្រហារ​ទៅ​លើ​បំពង់​បញ្ជូន​ប្រេង​នៅ​ក្រុង​ Andoni នៅ​ប្រទេស​នីហ្សេរីយ៉ា កាល​ពី​ថ្ងៃទី២០ ខែ​ធ្នូ ឆ្នាំ២០០៥។ ការ​ផ្ទុះ​បំពង់​បញ្ជូន​ប្រេង​​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​តំបន់​ដី​សណ្ត​សម្បត្តិ​ប្រេង​នៃ​ប្រទេស​នីហ្សេរីយ៉ា។

ការ​វាយប្រហារ​ទៅ​លើ​បំពង់​បញ្ជូន​ប្រេង​នៅ​តំបន់​ដីសណ្ត​សម្បូរ​ទៅ​ដោយ​ប្រេង​នៃ​ទន្លេ​ នីហ្សេ​ (Niger) នៅ​ប្រទេស​នីហ្សេរីយ៉ា​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ថា ចលនា​បះបោរ​​ដែល​កំពុង​មាន​ភាព​ស្ងប់ស្ងាត់​អាច​ងើប​ឡើង​មក​វិញ។

ការ​វាយប្រហារ​នានា​នៅ​ពាក់កណ្តាល​ខែ​មករា​បាន​កើត​ឡើង​ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ចៅក្រម​ម្នាក់​នៅ​រដ្ឋធានី​ពាណិជ្ជកម្ម Lagos បាន​ចេញ​ដីកា​ចាប់​ខ្លួន​អតីត​មេដឹកនាំ​ក្រុម​សកម្មប្រយុទ្ធ​នៅ​តំបន់​ Niger Delta គឺ​លោក Ekpemupolo ដែល​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ឈ្មោះ​ Tompolo។ លោក​ Tompolo ត្រូវ​បានគេ​តាម​ចាប់​ខ្លួន​ទាក់ទិន​នឹង​បទ​ចោទប្រកាន់​ផ្សេងៗ ដែល​រួម​មាន​ការ​លាង​លុយ​កខ្វក់​ និង​ការ​ឃុបឃិតប្រព្រឹត្ត​អំពើ​ទុច្ចរិត។

បំពង់​បញ្ជូន​ប្រេង​ដែល​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​បំពង់​បញ្ជូន​ប្រេង​ចម្បង​ Escravos Lagos Pipeline System បាន​រង​ការ​វាយប្រហារ។ បំពង់​បញ្ជូន​ប្រេង​មួយ​ ដែល​ដឹក​ជញ្ជូន​ប្រេង​ឆៅ​ក៏​បាន​រង​ការ​ខូចខាត​ផង​ដែរ ដែល​នេះ​បាន​ជំរុញ​ឲ្យ​សាជីវកម្ម​ប្រេង​ឥន្ធនៈ​ជាតិ​នីហ្សេរីយ៉ា​ (Nigeria National Petroleum Corporation) ឬ NNPC បិទ​រោងចក្រ​ចម្រាញ់​ប្រេង​ចំនួន​ពីរ។

ប្រទេស​នីហ្សេរីយ៉ា​នាំ​ចូលផលិតផល​ប្រេង​ដែល​ត្រូវ​បាន​ចម្រាញ់​រួច​មួយ​ភាគ​ធំ​ ដូច​ជា​ប្រេង​សាំង និង​ប្រេង​ម៉ាស៊ូត។ ប្រធានាធិបតី​លោក Muhammadu Buhari បាន​ចាត់​ទុក​ជា​អាទិភាព​នូវ​ការ​ផ្តាច់ប្រទេស​នីហ្សេរីយ៉ា​ចេញ​ពី​ការ​នាំ​ចូល​ផលិតផល​ប្រេង​ទាំង​នោះ។ លោក Dolapo Oni ជា​ប្រមុខ​ផ្នែក​ស្រាវជ្រាវ​ថាមពល​នៃធនាគារ Ecobank នៅ​ប្រទេស​នីហ្សេរីយ៉ា​និយាយ​ថា ការ​វាយប្រហារ​នេះ​គឺ​ជា​ ភាព​បរាជ័យមួយ​សម្រាប់​កិច្ចប្រឹងប្រែង​ធ្វើ​ឡើង​ដោយ​លោក​ប្រធានាធិបតី។

«នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​មិន​បាន​ដោះស្រាយ​នូវ​បញ្ហា​ធំ​មួយ​ទៅ​លើផ្នែក​រោងចក្រ​ចម្រាញ់​ប្រេង​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ទេ ដែល​ផ្នែក​នេះ​កំពុង​ការពារ​បណ្តាញ​បំពង់​បញ្ជូន​ប្រេង​ដែល​ផ្គត់ផ្គង់​ប្រេង​ឆៅ​ទៅ​កាន់​រោងចក្រ​ទាំង​នោះ»។​

នីហ្សេរីយ៉ា​ គឺ​ជា​ប្រទេស​ផលិត​ប្រេង​ធំជាង​គេ​បង្អស់​នៅ​ទ្វីប​អាហ្រ្វិក​ ប៉ុន្តែ​មួយ​ភាគ​ធំ​នៃ​ប្រាក់​ចំណូល​ពី​វិស័យ​នោះ​បាន​បាត់បង់​ដោយ​សារ​អំពើ​ពុករលួយ។ ប្រហែល​ពីរ​ភាគ​បី​នៃ​ប្រជាជន​នីហ្សេរីយ៉ា​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ ហើយ​សហគមន៍​នៅ​ក្នុង​តំបន់​ផ្គត់ផ្គង់​ប្រេង Niger Delta ក៏​មិនខុសគ្នា​ពី​ប្រជាជន​ទាំង​នេះ​ប៉ុន្មាន​ដែរ។ ការ​បះបោរដោយ​ក្រុម​សកម្មប្រយុទ្ធ​ ដែល​តស៊ូ​ទាមទារ​ការ​អភិវឌ្ឍន៏​បន្ថែម បាន​បង្ក​ឲ្យ​មាន​ការ​រង្គោះរង្គើរ​នៅ​ក្នុង​តំបន់​នោះ រហូត​ដល់​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ផ្តល់​ប្រាក់​ទៅ​ឲ្យ​ពួកគេ​នៅ​ក្នុង​ការ​ដោះដូរ​ជាមួយ​នឹង​សន្តិភាព​នៅ​ក្នុង​ឆ្នាំ​ ២០០៩។

លោក Tompolo គឺ​ជា​អ្នក​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​បះបោរនោះ។ ការ​ចោទ​ប្រកាន់​ផ្សេងៗ​ប្រឆាំង​នឹង​រូប​លោក​បាន​កើត​ឡើង ខណៈ​ពេល​ដែល​មាន​ការ​ជំរុញ​ថ្មី​ប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី Buhari។

ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​នៅ​តំបន់​ដី​សណ្ត Niger Delta ព្រួយបារម្ភ​ថា ការ​វាយប្រហារ​ទៅ​លើ​បំពង់​បញ្ជូន​ឧស្ម័ន​គឺ​ជា ការ​ព្រមាន​មួយ​ទៅ​កាន់​រដ្ឋាភិបាល​ នៅ​ក្នុង​ន័យ​ថា «បើអ្នកតាម​ចាប់​លោក​ Tompolo នោះ​អ្នក​នឹង​ទទួល​ការ​សងសឹក​ចំពោះទង្វើ​របស់​អ្នក។»

លោក​ Atuyebe Oyebe គឺ​ជា​អ្នកសារព័ត៌មាន​ម្នាក់​នៅ​ក្រុង Ughelli។ លោក​និយាយ​ថា​៖ «ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចាប់​ខ្លួន​លោក Tompolo ទាន់​ពេលវេលា​នោះ​ទេ លោក​ Tompolo នឹង​ក្លាយ​ទៅ​ជា​ច្បាប់។ ហើយ​នៅ​ពេល​ដែល​ជន​ណា​ម្នាក់​ក្លាយ​ជា​ច្បាប់​នោះ ប្រទេស​នឹង​មាន​បញ្ហា»។

ប្រទេស​នីហ្សេរីយ៉ា​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​តម្លៃ​ប្រេង​អន្តរជាតិធ្លាក់​ចុះ​ទៅ​ហើយ​។ ការ​បិទ​បំពង់​បញ្ជូន​ប្រេង​គឺ​ជា ការ​ប៉ះពាល់​មួយ​ផ្សេង​ទៀត​ទៅ​លើ​សេដ្ឋកិច្ច។ សាជីវកម្ម​ប្រេង​ឥន្ធនៈ​ជាតិ​នីហ្សេរីយ៉ា​និយាយ​ថា ខ្លួន​កំពុង​ខាតបង់​ប្រាក់ ២,៣ លាន​ដុល្លារ​ពី​ការ​បិទ​រោងចក្រ​ចម្រាញ់​ប្រេង​ជា​រៀងរាល់​ថ្ងៃ៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG