រដ្ឋមន្ត្រីនៃបណ្តាប្រទេសនាំចេញប្រេង ឬហៅកាត់ថា OPEC គ្រោងជួបប្រជុំគ្នា នៅថ្ងៃសុក្រនេះនៅរដ្ឋធានីវីយែន (Vienna) ប្រទេសអូទ្រីសដើម្បីសម្រេចថាតើពួកគេគួរតែកាត់បន្ថយការផលិតប្រេង ដើម្បីជួយបង្កើនតម្លៃប្រេងឡើងវិញដែរឬទេ។ តម្លៃប្រេង បានធ្លាក់ចុះយ៉ាងខ្លាំងនៅពេលថ្មីៗនេះ។
អ្នកវិភាគទីផ្សាភាគច្រើនរំពឹងថា ប្រទេសជាសមាជិកនៃអង្គការ OPEC នេះនឹងរក្សាបរិមាណផលិតក្នុងកម្រិតដដែល។
អង្គការ OPEC គឺជាសម្ព័ន្ធដែលមានសមាជិក១២ប្រទេសដែលផលិតប្រេងច្រើនជាងគេលើពិភពលោក។
នៅមុនកិច្ចប្រជុំប្រចាំឆ្នាំនេះ ប្រទេសផលិតប្រេងធំជាងគេរបស់ OPEC គឺប្រទេស អារ៉ាប៊ីសាអូឌីតមិនបានស្តាប់តាមការអំពាវនាវឲ្យកាត់បន្ថយការផលិតប្រេងនេះទេ ដើម្បីការពារភាគហ៊ុននៃទីផ្សារប្រេងរបស់ខ្លួន។
បណ្តាប្រទេស OPEC ប្រឈមនឹងការផលិតប្រេងក្នុងបរិមាណច្រើនលើសលុបដែលបណ្តាលឲ្យតម្លៃប្រេងធ្លាក់ចុះជាង៦០ភាគរយនៅក្នុងរយៈពេល១៨ខែចុងក្រោយនេះ៕