ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្លៃ​ប្រេង​ធ្លាក់​ចុះ​ទំនង​នឹង​បង្ក​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នយោបាយ​ភូមិសាស្រ្ត​នៅ​តំបន់​មជ្ឈិមបូព៌ា និង​ធ្វើ​ឲ្យ​សង្រ្គាម​នៅ​ស៊ីរីកាន់​តែ​ស្មុគស្មាញ


អណ្តូង​រ៉ែ​របស់​សាជីវកម្មប្រេង​ Saudi Aramco នៅ​វាលខ្សាច់​ជិត​តំបន់​ប្រេង Khouris ចម្ងាយ ១៦០ គីឡូម៉ែត្រ​ភាគខាងជើង​រដ្ឋធានីរីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត។
អណ្តូង​រ៉ែ​របស់​សាជីវកម្មប្រេង​ Saudi Aramco នៅ​វាលខ្សាច់​ជិត​តំបន់​ប្រេង Khouris ចម្ងាយ ១៦០ គីឡូម៉ែត្រ​ភាគខាងជើង​រដ្ឋធានីរីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត។

តម្លៃ​ប្រេង​ធ្លាក់​ចុះ​មិន​ត្រឹម​តែ​បង្ក​ឲ្យ​មាន​ការ​រង្គោះរង្គើ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ជុំវិញ​ពិភពលោក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទៅ​លើ​បណ្តា​ប្រទេស​ផលិត​ប្រេង​ផង​ដែរ។ នៅ​ស្រប​ពេល​ដែល​តម្លៃ​ធ្លាក់​ វា​មាន​សក្តានុពល​នៅ​ក្នុង​ការ​បង្ក​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នយោបាយ​ភូមិសាស្រ្ត​នៅ​តំបន់​មជ្ឈិមបូព៌ា ដែល​ជា​តំបន់​មួយ​កំពុង​ជួប​ប្រទះ​នឹង​សង្រ្គាម និង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ភាព​ចលាចល​រួច​ទៅ​ហើយ។

អនុ​ប្រធាន​វិទ្យាស្ថាន​មជ្ឈិម​បូព៌ា (Middle East Institute) ដែល​ជា​អង្គការ​ស្រាវជ្រាវ​មួយ​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ លោក​ Paul Salem និយាយ​ថា «តម្លៃ​ប្រេង​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ធំ​ទៅ​លើ​ប្រទេស​អារ៉ាប៊ី​សាអូឌីត អ៊ីរ៉ង់ និង​អាល់ហ្សេរី (Algeria) ដែល​កំពុង​មាន​ភាព​ស្តួចស្តើង​នៅ​ក្នុង​ផ្នែក​ថវិកា​សាធារណៈ និង​កំណើន​តម្រូវការ​ពី​សំណាក់​ប្រជាជន​ដែល​កំពុង​តែ​កើន​ឡើង»។

លោក​បាន​បន្ថែម​ថា «ខ្ញុំ​ពិត​ជា​គិត​ថា វា​អាច​ធ្វើ​ឲ្យ​ប្រែប្រួល​នយោបាយ​ភូមិសាស្រ្ត​នៅ​ក្នុង​តំបន់​ទាំង​នោះ»។

លោក​មាន​ប្រសាសន៍​ថា នឹង​មាន​ផល​ប៉ះពាល់​ផ្នែក​នយោបាយ​ដ៏​ធំ​មួយ​ដែល​ជា​លទ្ធផល​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង។ នៅ​ប្រទេស​អ៊ីរ៉ង់​ អ្នក​ធ្វើ​កំណែ​ទម្រង់​កំពុង​តែ​ផ្តោត​ទៅ​លើ​ការ​លើក​កម្ពស់​សេដ្ឋកិច្ច ដែល​ជា​កត្តា​ជំរុញ​ដ៏​ធំ​មួយ​នៅ​ពី​ក្រោយ​ការចុះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​នឹង​ប្រទេស​មហាអំណាច​លោក​ខាង​លិច​សម្រាប់​ការ​លុបចោល​នូវ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច។ សេដ្ឋកិច្ច​ដៃល​កាន់​តែ​ចុះ​ដុនដាប​អាច​ប៉ះពាល់​ទៅ​លើ​ការ​ព្យាយាម​រវាង​អ្នក​ធ្វើ​កំណែទម្រង់ និង​ពួក​ជ្រុល​និយម​ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ប្រជែង​គ្នា​នៅ​មុន​ពេល​បោះឆ្នោត​សភា​នៅ​ខែ​ក្រោយ។

លោក​ Salem និយាយ​ថា «តម្លៃ​ប្រេង​ទាប​ជាង​មុន​កាន់​តែ​ធ្វើ​ឲ្យ​មាន​ភាព​បន្ទាន់​សម្រាប់​អ្នក​ធ្វើ​កំណែ​ទម្រង់​នៅ​ក្នុង​ការ​បង្ហាញ​អ្វី​មួយ​ទៅ​កាន់​សាធារណជន​ពាក់ព័ន្ធ​នឹង​វិស័យ​សេដ្ឋកិច្ច»។

សូម្បី​តែ​មុន​ពេល​តម្លៃ​ប្រេង​ធ្លាក់​ទាប​ជាង​៣០ដុល្លារ​ក្នុង​មួយ​ប៉ារែល​ ព្រះ​អង្គ​ម្ចាស់​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត​បាន​ចាប់ផ្តើម​បង្កើត​គម្រោងយុទ្ធសាស្រ្ត​ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​នៅ​ក្នុង​ការ​ពឹង​ផ្អែក​តិច​ជាង​មុន​ទៅ​លើ​សម្បត្តិប្រេង​ដ៏​មហិមា​របស់​ប្រទេស ហើយ​អនុវត្ត​នូវ​ការ​ផ្លាស់​ប្តូរ​គោលនយាបាយ​សេដ្ឋកិច្ច​ផ្សេងៗ​ដើម្បី​ទប់ទល់​ជាមួយ​នឹង​តម្លៃ​ប្រេង​ទាប​នា​ពេល​អនាគត។

បុត្រា​វ័យ​ ៣០ វស្សា​ ព្រះ​អង្គ Muhammad bin Salman របស់​ព្រះ​រាជា​ Salman កាល​ពី​សប្តាហ៍​មុន​បាន​ធ្វើ​ការ​បង្ហាញ​ត្រួសៗ​ទៅ​កាន់​ទស្សនាវដ្តី​សេដ្ឋកិច្ច​វិទូ Economist ពី​គំរូ​ផែនការ​ប្រកប​ដោយ​មហិច្ឆតា​មួយ សម្រាប់​ការ​ពង្រឹង​ផ្នែក​ពន្ធដារ និង​ឯកជនភាវូបនីយកម្ម ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កាត់​បន្ថយ​ឱនភាព​ថវិកា ដែល​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នា​ឆ្នាំ​មុន​រហូត​ដល់​១៥ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប និង​ដើម្បី​ធ្វើ​ទំនើបកម្ម​រដ្ឋ​ទាំង​មូល។

គោលដៅ​នេះគឺ​ ដើម្បី​លុបបំបាត់​ចោល​ឱនភាព​ថវិកា​នៅ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ។ វិធានការ​ផ្សេងៗ​អាច​រួម​មាន​ការ​លក់​ភាគហ៊ុន​ទៅ​ក្នុង​សាជីវកម្ម​ប្រេង​ជាតិ​ដែល​មាន​ឈ្មោះ​ថា Saudi Aramco។

ការ​អប់រំ​ និង​សេវា​សុខភាព​ដោយ​មិន​គិត​កម្រៃ​នឹង​ត្រូវ​លុប​បំបាត់​ចោល​នៅ​ក្រោម​គម្រោង​នោះ​ ក៏​ដូចជា​ជំនួយ​ឧបត្ថម្ភ​ដ៏​ច្រើន​សម្រាប់​ការ​ប្រើប្រាស់​អគ្គិសនី ទឹក​ និង​ការ​ទិញ​លំនៅដ្ឋាន។ ការ​វិនិយោគទុនបរទស​នឹង​ត្រូវ​ជំរុញ​បន្ថែម ខណៈពេល​ដែល​រដ្ឋ​ទាំង​មូល​ត្រូវ​បាន​កែប្រែ​ឡើង​វិញ។

ការ​កាន់​បន្ថយ​ចំណាយ​របស់​រដ្ឋ​ក្នុង​ត្រី​មាស​ចុង​ក្រោយ​កាល​ពីឆ្នាំ​មុន​បាន​បញ្ឈប់​ឱនភាព​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​២០% ពី​ការ​ងើប​ឡើង​វិញ។​ វា​គឺ​ជា​ការ​កាត់​បន្ថយចំណាយ​ដំបូង​គេ​តាំង​ពី​ឆ្នាំ២០០៧។ ប៉ុន្តែលោក​ Salem និយាយ​ថា​ សហគ្រាស​ពិត​ជា​មាន​ការ​ប្រថុយ​ប្រថាន​ច្រើន។

​គ្រួសារ​រាជវង្ស​កាន់​អំណាច​នៅ​អារ៉ាប៊ី​សាអូឌីត​បាន​រក្សា​ការពារ​អំណាច​របស់​ខ្លួន​ជាមួយ​នឹង សន្តិសុខ​ខ្លាំង​ក្លា​ជាង​មុន ក៏​ដូចជា​ ការ​ផ្តល់​ប្រាក់​ដោយ​សប្បុរស​ ដោយ​ធ្វើ​ការ​ចំណាយ​យ៉ាង​ច្រើន​ដើម្បី​ទិញ​យក​ការ​គាំទ្រ​ពី​សំណាក់​សាធារណជន និង​អ្នក​ប្រឆាំង​ដែល​នៅ​ស្ងប់ស្ងៀម។

លោក Salem បាន​មាន​ប្រសាសន៍​ថា «ជាលទ្ធផល ពួកគេ​បាន​ប្រកាស​ពី​កម្មវិធី​រឹត​ត្បិត​មួយ»។ លោក​អះអាង​ថា កំណើន​នា​ពេល​ថ្មីៗ​នៃ​ការ​ប្រហារជីវិត​ Sunni និង Shia ដែល​ជា​គូ​ប្រជែង​របស់​គ្រួសារ​រាជវង្ស​គឺ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​កម្មវិធី​នោះ។ លោក​បន្ថែម​ថា «ពួកគេ​ចង់​បង្ហាញ​ទៅ​ក្រុម​អ្នក​ប្រឆាំង​ថា ពួកគេនឹង​មាន​ភាព​តឹងរឹង​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​រិះគន់ និង​អ្នក​ប្រឆាំង»។

ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​តម្លៃ​ប្រេង​នឹង​មិន​ជួយ​ដល់​ក្សត្រា​នៅ​អារ៉ាប៊ី​សាអូឌីត​ឡើយ។ យោង​ទៅ​តាម​ទីភ្នាក់ងារ​រូបិយប័ណ្ណ​អារ៉ាប៊ី​សាអូឌីត​ ពួកគេ​មាន​ប្រាក់​សម្រាប់​ទំនុក​បម្រុង ដែល​មាន​ចំនួន​៦៥០ ពាន់​លាន​ដុល្លារ​នៃ​ធន​បម្រុង​បរទេស។ ប៉ុន្តែ​រាជាណាចក្រ​អារ៉ាប៊ី​សាអូឌីទ​បាន​ចំណាយ​រហូត​ដល់ ១០០​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​តែ​ក្នុង​រយៈពេល​មួយ​ឆ្នាំ កាលពី​ឆ្នាំ​មុន។

នៅ​ស្របពេល​ដូច​គ្នា​នេះ​ដែរ ការ​ចំណាយ​ទៅ​លើ​ផ្នែក​ការពារ​ជាតិ និង​សន្តិសុខ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ ដោយ​បាន​រ៉ាប់រង​មួយ​ភាគ​បួន​នៃ​ការ​ចំណាយ​សរុប​របស់​រដ្ឋាភិបាល។ ហើយ​ការ​ចំណាយ​ទាំង​នោះ​នឹង​ទន្រ្ទាន​យក​ចំណែក​កាន់​តែ​ច្រើន​នៃ​ថវិកា​ជាតិ​ នៅ​ខណៈ​ពេល​ដែល​អារ៉ាប៊ី​សាអូឌីត​ស្វះស្វែង​នៅ​ក្នុង​ការ​ទប់ទល់​នឹង​អ៊ីរ៉ង់​ដែល​កាន់​តែ​មាន​ភាព​គឃ្លើន​នៅ​យេម៉ែន និង​ស៊ីរី ក៏​ដូចជា​នៅ​ក្នុង​ស្រុក​ផ្ទាល់ ទី​ដែល​ជន​ពូកែ​ញុះញង់ Shia និង​ជន​សង្រ្គាម​សាសនា​និកាយ​ Sunni យល់​ឃើញ​ថា​គ្រួសារ​រាជវង្សានុវង្ស​ជា​សត្រូវ​នឹង​ខ្លួន ដូច​សហរដ្ឋអាមេរិក និង​បស្ចឹម​លោក។

លោក David Weinberg ដែល​ជា​អ្នក​វិភាគ​របស់​មូលនិធិ​សម្រាប់​ការ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ (Foundation for the Defense of Democracies) ដែល​ជា​អង្គការ​ស្រាវជ្រាវ​មួយ​ជឿ​ថា អារ៉ាប៊ី​សាអូឌីត កាតា និង​អារ៉ាប់​រួម​នឹង​អាច​ទប់ទល់​ជាមួយ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណួល​ពី​ប្រេង​នេះ។

លោក​បាន​និយាយ​ថា «ពិត​ណាស់​ ប្រទេស​ទាំង​នោះ​កំពុង​តែ​រង​ការ​ប៉ះពាល់ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ ពួកគេ​មាន​ហិរញ្ញវត្ថុទំនុក​បម្រុង​ដ៏​សំខាន់​ និង​ប្រាក់​រាប់​រយ​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​យោង​ប្រទេស​ទាំង​នោះ គួប​ផ្សំ​នឹង​ជំនឿ​ទុក​ចិត្ត​ពី​ទីផ្សារ»។

មាន​ការ​ព្យាករណ៍​ជា​ច្រើន​ដែល​ថា បណ្តា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​អារ៉ាប់​ប្រហែល​ត្រូវ​កាត់​បន្ថយ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ក្រុម​ប្រឆាំង​នៅ​ស៊ីរី។

ប៉ុស្តិ៍​ព័ត៌មាន​តាម​ផ្កាយ​រណប​ និង​ខ្សែកាប​ al-Jazeera របស់​ប្រទេស​កាតា​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ ទី​១២ ខែ​មករា​ថា ខ្លួន​នឹង​បិទ​កម្មវិធី​អំពី​កងទ័ព​អាមេរិក​ដែល​មាន​បញ្ហា​ត្រឹម​តែ​ពីរ​ឆ្នាំ បន្ទាប់​ពី​ការ​សម្ភោធ​របស់​វា។ អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន​នោះ​បាន​បដិសេធ​ថា ការ​បិទ​នោះ​មិនមាន​ទំនាក់ទំនង​ជាមួយ​នឹង​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង។ ប៉ុន្តែ​មន្រ្តី​ប្រទេស​កាតា​បាន​ប្រាប់ VOA ថា ការ​ធ្លាក់​ចុះ​នៃ​ចំណូល​ពី​ប្រេង ក៏​ដូចជា​ ប្រាក់​ចំណូល​ពី​ការ​លក់​ឧស្ម័ន​ធម្មជាតិ​រាវ កំពុង​តែ​ជំរុញ​ឲ្យ​មាន​ការ​ជ្រើស​យក​ជំរើស​ផ្សេងៗ។

ប៉ុន្តែ​លោក Weinberg មិន​មាន​ជំនឿ​ថា បណ្តា​ប្រទេស​នៅ​តំបន់​អារ៉ាប់​នឹង​កាត់​បន្ថយ​ប្រាក់​ជំនួយ​ទៅ​កាន់​ក្រុម​ប្រឆាំង​នៅ​ស៊ីរី​នោះ​ទេ។ លោក​និយាយ​ថា «បណ្តា​ប្រទេស​ទាំង​នោះ​មិន​បាន​បង្ហាញ​ថា ​ចង់ធ្វើ​ដូច​នោះ​ទេ»។ ផ្ទុយ​ទៅ​វិញ លោក​អះអាង​ថា ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ប្រហែល «ផ្តល់​ប្រយោជន៍​ដល់​ពួក​ឧទ្ទាម​នៅ​ស៊ីរី» ដោយសារ​តែ​រុស្ស៊ី និង​អ៊ីរ៉ង់ ដែល​ជា​ភាគី​គាំទ្រ​លោក​ Assad ពី​ក្រៅ​ប្រទេស កំពុង​មាន​ការ​រឹតត្បិត​ផ្នែក​ហិរញ្ញវត្ថុ​ជាង​មុន។ លោក​បាន​បន្ថែម​ថា «ហើយ​វា​ប្រហែល​ជា​ការ​បំផុសបំផុល​មួយ​សម្រាប់​ឲ្យ​របប​ដឹកនាំ​របស់​លោក Assad នៅ​ក្នុង​ការ​ធ្វើ​ការ​ព្រមព្រៀង​មួយ​ចំនួន ដែល​ឥឡូវ​នេះ​កំពុង​ខ្វះខាត នៅ​ក្នុង​ដំណើរការ​សន្តិភាព​មក​ទល់​ពេល​នេះ»។

នៅ​ស្រប​ពេល​ដូចគ្នា​នេះ ការ​ធ្លាក់​ថ្លៃ​ប្រេងអាចប៉ះពាល់​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ខ្លាំង​ ដែល​ពួក​នោះ​ពឹង​ផ្អែក​ទៅ​លើ​ប្រាក់​ចំណូល​ពី​ប្រេង​ដែល​ខ្លួន​លួច​នាំ​ចេញ​ពី​អណ្តូង​ប្រេង​ដែល​ខ្លួន​គ្រប់គ្រង​នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ លោក ​Weinberg បន្ថែម​ថា «តម្លៃ​ទាប​កំពុង​តែ​ដាក់​កំហិត​ទៅ​លើ​តម្លៃ​ទ្រព្យ​ប្រេង​របស់​ក្រុម​រដ្ឋ​ឥស្លាម» ។

ប៉ុន្តែ​សត្រូវ​របស់ក្រុម​រដ្ឋ​ឥស្លាម ដែល​ជា​ពួក​ឃឺដ (Kurd) អ៊ីរ៉ាក់​ និង​រដ្ឋាភិបាល​អ៊ីរ៉ាក់​នៅ​ក្រុង​បាកដាដ កំពុង​តែ​រង​ការ​ប៉ះពាល់​ដូចគ្នា​ពី​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង។

រដ្ឋ​មន្រ្តី​ហិរញ្ញវត្ថុ​នៃ​តំបន់​ផលិត​ប្រេង Kurdistan នៅ​អ៊ីរ៉ាក់ លោក Masrour Barzani បាន​ព្រមាន​ថា សម្ពាធ​សេដ្ឋកិច្ច​នេះ​កំពុង​តែ​បង្ក​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​សមត្ថភាព​តំបន់​ពាក់​កណ្តាល​ស្វយ័ត​មួយ​នេះ​នៅ​ក្នុង​ការ​បង់​ប្រាក់​ទៅ​ឲ្យ​មន្រ្តី​រាជការ និង​យុទ្ធជន Peshmerga។

លោក​បាន​មាន​ប្រសាសន៍​ថា បស្ចឹម​លោក​ត្រូវ​ការ​ពង្រឹង​ការ​រាប់រង​លើ​ចំណាយ​ផ្សេងៗ​ទៅ​លើ​សង្រ្គាម​ប្រឆាំង​នឹង​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម ដែល​នេះ​ជា​ទឡី្ហករណ៍​មួយ​គាំទ្រ​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ដែល​សឹង​តែ​ពឹងផ្អែក​ទាំង​ស្រុង​លើ​ចំណូល​ពី​ការ​លក់​ប្រេង៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG