អ្នកជំនាញផ្នែកឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅកម្ពុជាបានស្តីបន្ទោសប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅថាអាស៊ានថាមិនអើពើក្នុងការចូលរួមវិភាគទានសម្រាប់ដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម។
កាលពីថ្ងៃទី៩ខែកក្កដានេះប្រទេសម៉ាឡេស៊ីបានសម្រេចផ្តល់ថវិកាជំនួយចំនួន៥ម៉ឺនដុល្លារអាមេរិកដល់ភាគីជាតិក្នុងសាលាក្តីខ្មែរក្រហម។ ជំនួយនេះធ្វើឲ្យមានប្រទេសសមាជិកសមាគមអាស៊ានតែពីរប៉ុណ្ណោះដែលបានផ្តល់ថវិកាតិចតួចដល់ការគាំទ្រការកាត់ទោសមេដឹកនាំខ្មែរក្រហមក្នុងនោះប្រទេសថៃបានផ្តល់ជំនួយហិរញ្ញវត្ថុចំនួនជាង២ម៉ឺនដុល្លារអាមេរិកកាលពីពេលមុននេះ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំដោយឯកសារនៃឧក្រិដ្ឋកម្មសម័យកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមយ៉ាងច្រើន។ លោកមានប្រសាសន៍ថាបណ្តាប្រទេសជាសមាជិកអាស៊ានមានការរើសអើងចំពោះអំពើឧក្រិដ្ឋកម្មនៅកម្ពុជាដែលបានកើតឡើងកាលពី៤០ឆ្នាំមុននោះហើយបណ្តាប្រទេសសមាជិកអាស៊ានមិនបានគោរពពេញលេញដល់សន្ធិសញ្ញាសិទ្ធិមនុស្សជាសាកលព្រមទាំង «វាអាចប៉ះពាល់ដល់ដំណើរការអាស៊ានចូលជាប្រជាជាតិតែមួយដោយសារតែបើសិនយើងមិនយល់ពីបញ្ហាសិទ្ធិមនុស្សហើយយើងនឹងមានមនុស្ស២លាននាក់ស្លាប់នៅស្រុកខ្មែរនៅក្នុងតំបន់អាស៊ីដែលជាតំបន់របស់យើងហើយអាស៊ានមិនអើពើ។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថាការច្របាច់បញ្ចូលអាស៊ានតែផ្នែកសេដ្ឋកិច្ចអាចនាំឲ្យមានការប៉ះពាល់និងមានដំណើរការទៅមិនរលូន»។
លោកឆាំង យុ យល់ថាបញ្ហាខ្មែរក្រហមមិនមែនអតីតកាលទេប៉ុន្តែវាជាបញ្ហាសិទ្ធិមនុស្សដែលបន្សល់ទុកនូវកេរិ៍តំណែលរហូតដល់ពេលបច្ចុប្បន្ន។
«ប្រទេសអាស៊ានមិនមែនមិនឃើញទេ។ប៉ុន្តែនៅកៀក(ប្រទេសកម្ពុជា)ហើយឮទៀត។ អញ្ចឹងសំណួរសួរថាហេតុអ្វីបានជាអាស៊ានមិនចូលរួម(ក្នុងដំណើរការសាលាក្តីខ្មែរក្រហម)? ហេតុអ្វីបានជាចំណាយពេលដប់ឆ្នាំទើបតែមានប្រទេសចំនួនពីរ?(ផ្តល់វិភាគទាន)។មិនមែនថាបញ្ហាសិទ្ធិមនុស្សជាបញ្ហារបស់ពួកលោកខាងលិចទេ។អាស៊ានគួរតែបង្ហាញជំហរទទួលស្គាល់។ហើយការចូលរួមក្នុងដំណើរការតុលាការគឺជាសក្ខីកម្មមួយដែលអាស៊ានបង្ហាញអំពីការទទួលស្គាល់រឿងដែលបានកើតឡើង»។
សាលាក្តីខ្មែរក្រហមចាប់ផ្តើមដំណើរការចាប់តាំងពីខែកុម្ភៈឆ្នាំ២០០៦មកម្ល៉េះពោលគឺមានរយៈពេលជាងប្រាំបីឆ្នាំហើយ។មានជនជាប់ចោទចំនួនប្រាំនាក់ត្រូវបានចាប់ខ្លួនយកមកកាត់ទោសក្នុងសំណុំរឿង០០១និងសំណុំរឿង០០២។ប៉ុន្តែជនជាប់ចោទម្នាក់គឺអៀង សារី បានស្លាប់នៅពេលដែលការកាត់ទោសកំពុងដំណើរការនិងប្រពន្ធរបស់គាត់អៀង ធីរិទ្ធ ត្រូវដោះលែងឲ្យនៅក្រៅឃុំដោយសារបញ្ហាជំងឺវង្វេងវង្វាន់ធ្ងន់ធ្ងរ។
សាលាក្តីខ្មែរក្រហមតែងតែជួបនូវចំណោទថវិកាសម្រាប់ដំណើរការជាប្រចាំ។ប៉ុន្តែប្រទេសដែលផ្តល់វិភាគទានគាំទ្រដល់ដំណើរការកាត់ទោសនេះភាគច្រើនគឺជាប្រទេសលោកខាងលិចមានដូចជាបារាំង អូស្រ្តាលី អាល្លឺម៉ង់ បារាំង សហរដ្ឋអាមេរិក ស៊ុយអែត និងប្រទេសជប៉ុនគឺជាអ្នកផ្តល់មូលនិធិច្រើនជាងគេសម្រាប់ការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនិងអ្នកទទួលខុសត្រូវខ្ពស់បំផុតខ្មែរក្រហម។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមឲ្យដឹងថាសាលាក្តីខ្មែរក្រហមធ្លាប់បានធ្វើសំណើដល់ប្រទេសចំនួនប្រាំក្នុងចំណោមប្រទេសសមាជិកអាស៊ានចំនួនដប់។ប្រទេសទាំងប្រាំនោះរួមមានប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី ប្រ៊ុយណេនិងប្រទេសឥណ្ឌូណេស៊ី។
លោកបានបន្ថែមថា៖ «ការចូលរួមគាំទ្រផ្នែកថវិកាយើងមិនសូវមានច្រើនប៉ុន្មានទេ។ប៉ុន្តែការគាំទ្រដល់កម្លាំងចិត្តនិងគាំទ្រផ្នែកផ្លូវចិត្តមានចំនួនច្រើន»។
លោក Muhsinin Dolisadaលេខាទី១នៃស្ថានទូតឥណ្ឌូណេស៊ីលើកឡើងថារដ្ឋាភិបាលរបស់លោកកំពុងពិចារណាអំពីសំណើនេះដែរប៉ុន្តែប្រទេសឥណ្ឌូណេស៊ីក្នុងពេលនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
លោកបញ្ជាក់ថា៖«បញ្ហានេះកំពុងស្ថិតក្រោមការពិចារណាហើយសាលាក្តីខ្មែរក្រហមបានស្នើដល់ប្រទេសសមាជិកអាស៊ានមួយចំនួនឲ្យចូលរួមផ្តល់វិភាគទាន។ប្រហែលជាប្រទេសមួយចំនួនកំពុងតែពិចារណាពីព្រោះថាបញ្ហានេះពាក់ព័ន្ធទៅនឹងបញ្ហាថវិកា វាមិនមែនជាការងាយក្នុងការធ្វើសេចក្តីប្តេជ្ញាចិត្តនោះទេ»។
នៅពេលដែលប្រទេសអាស៊ានចំនួនពីរប៉ុណ្ណោះទើបតែបានផ្តល់នូវប្រាក់ជំនួយដល់ដំណើរការកាត់ទោសខ្មែរក្រហមបានជាង៧ម៉ឺនដុល្លារអាមេរិក សាលាក្តីខ្មែរក្រហមបានប្រើប្រាស់ថវិកាជំនួយអស់ចំនួន២០៤,៦លានដុល្លារអាមេរិករួចទៅហើយចាប់តាំងពីដំណើរការដំបូងរហូតដល់ឆ្នាំ២០១៣។ក្នុងនោះសហគមន៍អន្តរជាតិបានផ្តល់ជំនួយរហូតដល់១៥៥លានដុល្លារអាមេរិកនិងភាគីកម្ពុជាដែលជាសមាជិកអាស៊ានផងនិងជាម្ចាស់ប្រទេសផងបានដាក់ទុនវិភាគទានរបស់ខ្លួនចំនួន៤៩,៥លានដុល្លារ។ ក្នុងនោះជប៉ុនបានផ្តល់ប្រាក់ជំនួយរហូតដល់៨០,៩លានដុល្លារគឺជាម្ចាស់ជំនួយធំជាងគេបំផុតសម្រាប់សាលាក្តីខ្មែរក្រហមនិងសហរដ្ឋអាមេរិកឈរនៅលំដាប់លេខបីក្នុងចំណោមម្ចាស់ជំនួយដោយបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន១៨,៦លានដុល្លារ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យនិងជាអ្នកតាមដានដំណើរការសាលាក្តីខ្មែរក្រហមក៏បានកត់សម្គាល់ដូចគ្នាទៅនឹងលោកឆាំង យុដែរ។
លោកបណ្ឌិតឡៅ ម៉ុងហៃ មានប្រសាសន៍ថាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមគឺជាដំណើរការយ៉ាងរសើបមួយសម្រាប់ប្រទេសសមាជិកអាស៊ានមួយចំនួន ហើយបញ្ហាខ្មែរក្រហមគឺជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជាច្រើនជាងបញ្ហាអាស៊ានទាំងមូល។ នេះបើឈរលើគោលការណ៍នៃគោលនយោបាយរបស់អាស៊ាន។
អ្នកឃ្លាំមើលតុលាការដដែលបានលើកឧទាហរណ៍នៃការប្រយុទ្ធគ្នាដោយទំនាស់សាសនានៅក្នុងប្រទេសភូមាដោយមានការព្យាបាទជនជាតិដើមភាគតិច រួមទាំងការបញ្ជូនពលករខ្មែរចេញពីប្រទេសថៃដោយបង្ខំជាដើម រួមទាំងអំពើហិង្សានៅប្រទេសឥណ្ឌូណេស៊ីពាក់ព័ន្ធនឹងការសម្លាប់សកម្មជនបក្សប្រឆាំងសុទ្ធសឹងមិនមានប្រទេសសមាជិកអាស៊ានណាមួយបញ្ចេញប្រតិកម្មនោះទេ។
លោកឡៅ ម៉ុងហៃបានបន្ថែមថា៖ «រឿងនេះពាក់ព័ន្ធជាទូទៅគឺសិទ្ធិមនុស្សម្ល៉ោះហើយនេះជារឿងរសើបនៅក្នុងសមាគមន៍នេះ។ ទី២គេមានគោលការណ៍មិនលូកដៃចូលក្នុងកិច្ចការប្រទេសនានា។ហើយគេទុកថារឿងនេះជារឿងផ្ទៃក្នុងកម្ពុជា។ ម្ល៉ោះហើយគេទុកដូច្នេះទៅ។
មន្ត្រីទូតជាច្រើនដូចជាមន្ត្រីទូតប្រ៊ុយណេ ទូតហ្វ៊ីលីពីន សិង្ហបុរីនិងមន្ត្រីទូតម៉ាឡេស៊ីជាដើមបានបដិសេធផ្តល់សេចក្តីអត្ថាធិប្បាយលើការចូលរួមវិភាគទានរបស់ប្រទេសសមាជិកអាស៊ានលើដំណើរការសាលាក្តីខ្មែរក្រហមនេះ៕