ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្តូប​មួយ​នឹង​ត្រូវ​សាងសង់​ជា​និមិត្តរូប​សំណង​ដល់​ជន​រងគ្រោះ​ទួលស្លែង


ជន​រង​គ្រោះ​ខ្មែរ​ក្រហម លោក ជុំ មី (ឆ្វេង)​ និង​លោក ប៊ូ ម៉េង (កណ្តាល) បន់ស្រន់​នៅ​បូជនីយដ្ឋាន​ជើង​ឯក​កាល​ពី​ឆ្នាំ​២០១១។
ជន​រង​គ្រោះ​ខ្មែរ​ក្រហម លោក ជុំ មី (ឆ្វេង)​ និង​លោក ប៊ូ ម៉េង (កណ្តាល) បន់ស្រន់​នៅ​បូជនីយដ្ឋាន​ជើង​ឯក​កាល​ពី​ឆ្នាំ​២០១១។

សាលាក្តី​ខ្មែរក្រហម​និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈរួម​ជាមួយ​និង​ស្ថានទូត​អាល្លឺម៉ង់​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​មួយ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ដើម្បី​សាងសង់​ស្តូប​មួយ​នៅ​ក្នុង​បរិវេណ​សារមន្ទីរ​ជាតិ​ទួលស្លែងសម្រាប់​រំលឹក​ដល់​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​កាប់​សម្លាប់​នៅ​ក្នុង​អតីត​គុក​ដ៏​ប្រល័យ​របស់​ពួក​ខ្មែរក្រហម​នេះ។

ស្តូប​នេះ​នឹងមាន​ទំហំ​១០​ម៉ែត្រ​បួន​ជ្រុង​និង​កម្ពស់​៩តឹក គឺ​ជា​ស្តូប​ធ្វើ​អំពី​ថ្ម​ម៉ាប​ពណ៌ខ្មៅ​និង​មាន​ចរឹក​អក្សរ។ ស្តូប​នេះ​នឹងត្រូវ​សាងសង់​នៅ​បរិវេណ​ផ្នែក​ខាង​ជើង​គឺ​នៅ​ចំ​ពី​មុខ​អគារ​ឃុំឃាំង​ចំនួន​ពីរ។ ក៏​ប៉ុន្តែ​ការ​សាងសង់​ស្តូប​នៅ​មិន​ទាន់​ចាប់​ផ្តើម​នៅ​ឡើយ​ ដោយ​រង់ចាំ​ការ​ប្រឹក្សា​យោបល់​ពី​ភាគី​ជាប់​ពាក់ព័ន្ធ​បន្ថែម​ទៀត។

នេះ​បើ​យោង​តាម​លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​ដែល​ថ្លែង​ក្នុង​ឱកាស​នៃ​ការ​ចុះ​ហត្ថលេខាលើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា។

មនុស្ស​យ៉ាង​តិច​១២.៣៨០​នាក់​ត្រូវ​ចាប់​ខ្លួន​មក​ឃុំឃាំង​នៅ​មន្ទីរស២១ ឬ​គុក​ទួលស្លែង​នេះ ​ហើយ​ពួក​គេ​ត្រូវ​ធ្វើ​ទារុណកម្ម​ដើម្បី​ជំរិត​សួរ​ចម្លើយ​និង​ត្រូវ​សម្លាប់​ចោល​ក្នុង​ពេល​ក្រោយ​មក។

​លោក​ ក្រាញ់​ តូនី ប្រធាន​រដ្ឋបាល​ស្តី​ទី​នៃ​សាលាក្តី​ខ្មែរក្រហមបាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា ​ការ​សាងសង់​ស្តូប​នេះ ជា​ផ្នែក​មួយ​នៃ​សំណង​សម្រាប់​ជន​រងគ្រោះ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ។

«ការ​សាងសង់​ស្តូប​រំលឹក​វិញ្ញាក្ខន្ត​នៅ​សារមន្ទីរ​ទួលស្លែង​នេះ​បាន​បំពេញ​នូវ​បំណង​នៃ​កម្មវិធី​របស់​សាលាក្តី​ខ្មែរក្រហម​ដោយ​ចាត់​ទុក​ថា ​ជា​និមិត្តរូប​មួយ​សម្រាប់ការ​លើក​ស្ទួយ​និង​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ដល់​ជន​រងគ្រោះ​និង​ទុក​សម្រាប់​ការ​សិក្សា​ដល់​មនុស្ស​ជំនាន់​ក្រោយ​ដើម្បី​ជា​ការ​ចងចាំ​និង​ទប់ស្កាត់​នូវ​ការ​វិល​ត្រឡប់​មក​វិញ​នូវ​របប​ដ៏​ខ្មៅ​ងងឹតនេះ។»

​រដ្ឋាភិបាល​អាល្លឺម៉ង់​គឺ​ជា​អ្នក​ផ្តល់​មូលនិធិ​សម្រាប់​ការ​សាងសង់​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​នៅ​ក្នុង​គុកទួល​ស្លែងនេះ។ ​ហើយ​បើ​ផ្អែក​តាម​លោក ឌឹម សុវណ្ណារុំ ស្តូប​នេះ​នឹង​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ប្រសិន​បើ​ការ​សាងសង់​ចាប់​ផ្តើម ​វា​នឹង​ត្រូវការ​ពេល​វេលា​យ៉ាង​ហោច​ណាស់​ក៏​៩​ខែ​ដែរ។

​លោក​ ចាកឃិម ប៊ែរ៉ុន វ៉ុន ម៉ាសល (Joachim Baron von Marschall) ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ថ្លែង​ថា​ ស្តូប​នេះ​នឹង​ក្លាយ​ជា​ទី​កន្លែង​សក្ការៈ​មួយ​សម្រាប់​ក្រុម​គ្រួសារ​ជនរង​គ្រោះ។​

«ស្តូប​នេះ​ជា​និមិត្តរូប​នៃ​ការ​ផ្តល់​សំណង​សម្រាប់​ជនរងគ្រោះ​និង​សាក្សី​នៃ​របប​ខ្មែរ​ក្រហម។ ​វា​នឹង​រំលឹក​ដល់​យុវជន​ជំនាន់​ក្រោយ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​យុគ​សម័យ​នោះ។ ​ជាង​នេះ​ទៅ​ទៀត​ស្តូប​នេះ​នឹង​ក្លាយ​ជា​កន្លែង​មួយ​សម្រាប់​អ្នក​ដែល​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន​មក​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ។»

អតីត​អ្នក​ទោស​គុកទួលស្លែង​លោកជុំ ម៉ី ​ដែល​មាន​វត្តមាន​ក្នុង​ពិធី​ចុះហត្ថលេខា​នៅ​ព្រឹក​មិញ​នេះ​អធិប្បាយ​ដោយ​បង្ហាញ​ពី​ការ​សប្បាយ​ចិត្ត។

«ស្តូប​នេះ​គឺជា​សំណង​សមូហភាព​គឺ​មិន​មែន​តែ​សម្រាប់​ជនជាតិ​ខ្មែរ​ទេ ​ប៉ុន្តែ​សម្រាប់​ជន​បរទេស​ទាំង​អស់​ដែលបាន​ស្លាប់​នៅ​ទីនេះ​ដើម្បី​ទុក​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​គាត់​បាន​ដឹង។»

​លោក ប៊ូ ម៉េង អតីត​អ្នក​ទោស​គុក​ទួលស្លែង​មាន​អារម្មណ៍​ដូច​គ្នា​នេះ​ដែរ។

«ជា​រឿង​មួយ​ដ៏​ល្អ​ដែល​ទុក​ប្រវត្តិសាស្ដ្រនិង​ស្លាក​ស្នាម​ឧក្រិដ្ឋកម្មរបស់​ប៉ុល ពត​នេះ​ទៅ​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​បាន​មើល​ទុក​ជា​ភស្តុតាង​និង​ជា​សក្សី សម្រាប់​ចរឹក​ឈ្មោះ​លើ​ថ្មម៉ាប​នេះ ខ្ញុំ​សប្បាយ​រីក​រាយ​ ធូរ​ចិត្ត​និងអារម្មណ៍​ដ៏​សោក​សៅ​របស់​ខ្ញុំ។»​

កាំង ហ្គិចអ៊ាវ ហៅ​ឌុច​ អតីត​ប្រធាន​គុក​ទួល​ស្លែង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​សម្រាប់​ការ​ទទួល​ខុសត្រូវ​ចំពោះអំពើ​ឃោរឃៅ​ក្នុង​គុក​ទួល​ស្លែងនេះ។

​ការ​ផ្តល់​សំណង​កាល​ពី​ពេល​មុន​កឺ​ការ​ចែក​ជូន​នូវ​សាលក្រម​និង​សម្តី​សុំទោស​របស់​ឌុច​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ។

ប្រសិន​បើ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​នេះ​ត្រូវ​សាងសង់​ឡើង​ នោះ​វា​នឹង​ក្លាយ​ជា​សំណង​ជួសជុល​ផ្លូវ​ចិត្ត​ជា​និមិត្តរូប​លើក​ដំបូង​ដែល​លេច​ចេញ​ជា​រូបរាង​ក្រោយ​ពី​ការ​បង្កើត​សាលាក្តី​ដើម្បី​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ​និង​អ្នកទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០០៦​មក៕

XS
SM
MD
LG