ក្រុមអាជ្ញាធរប្រទេសលីប៊ីនៅថ្ងៃសុក្រនេះ បានរាំងខ្ទប់មិនឱ្យជនស៊ីវិលចូលទៅក្នុងតំបន់ ដែលទទួលរងទឹកជំនន់ខ្លាំង នៅក្នុងទីក្រុង Derna ភាគខាងកើតប្រទេស ដើម្បីទុកឱ្យក្រុមអ្នកជួយសង្គ្រោះអាចរុករកជនរងគ្រោះនៅតាមវាលភក់និងអគារបាក់រលំ ដែលធ្វើឱ្យមនុស្សប្រមាណ ១ម៉ឺន១រយនាក់ នៅបាត់ខ្លួននៅឡើយ ហើយអ្នកស្លាប់ដោយទឹកជំនន់នេះ បានកើនឡើងដល់ ១ម៉ឺន ១ពាន់ ៣រយនាក់ហើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP ។
មហន្តរាយនេះ កើតមានឡើងបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបានធ្វើទំនប់ពីរកន្លែងបានបាក់ និងបង្កឱ្យមានទឹកជំនន់ហូរយ៉ាងខ្លាំងទៅក្នុងទីក្រុងកាលពីព្រឹកថ្ងៃចន្ទកន្លងទៅ ដែលជាការបង្ហាញពីកម្រិតនៃព្យុះភ្លៀង ក៏ដូចជាភាពងាយនឹងទទួលរងគ្រោះរបស់ប្រទេសលីប៊ីផងដែរ។
ប្រទេសដែលសម្បូរប្រេងមួយនេះ ត្រូវបានបែងចែកជាពីររវាងរដ្ឋាភិបាលដែលមានជម្លោះជាមួយគ្នា នៅភាគខាងកើតនិងភាគលិចប្រទេស ដោយមានការគាំទ្រដោយក្រុមសកម្មប្រយុទ្ធជាច្រើនក្រុមនិងពីបរទេសផងដែរ។
លោក Salam al-Fergany អគ្គនាយកទីភ្នាក់ងារសង្គ្រោះបន្ទាន់និងរថយន្តពេទ្យ នៅតំបន់ភាគខាងកើតប្រទេសលីប៊ី បានប្រកាសថា អាជ្ញាធរបានជម្លៀសពលរដ្ឋចេញពីទីក្រុង Derna ហើយមានតែក្រុមជួយសង្គ្រោះនិងអ្នករុករកតែប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងទីក្រុងនេះបាន។
កិច្ចប្រឹងប្រែងជួយសង្គ្រោះមានសភាពយឺតយ៉ាវ ដោយសារស្ពានជាច្រើនកន្លែង ដែលតភ្ជាប់ទៅកាន់ទីក្រុងទទួលរងការខូចខាតដោយសារទឹកជំនន់នេះ៕