អង្គការទេសន្តរប្រវេសន៍អន្តរជាតិបាននិយាយនៅថ្ងៃពុធនេះថា ទឹកជំនន់ដ៏ប្រល័យនៅផ្នែកខាងកើតប្រទេសលីប៊ីបានធ្វើឱ្យមនុស្សជាង៣០.០០០ នាក់ខ្ចាត់ពីផ្ទះសម្បែង។
ទីភ្នាក់ងាររបស់អ.ស.ប.នេះបាននិយាយថា មនុស្សយ៉ាងតិចណាស់៣០.០០០នាក់ក្នុងបណ្តាក្រុមជនខ្ចាត់ពីផ្ទះសម្បែងទាំងនេះមកពីតំបន់ Derna ហើយមានរាប់ពាន់នាក់ទៀតមកពីតំបន់ឯទៀតៗ មានរួមទាំងក្រុង Benghazi ផងដែរ។
គេជឿថា មនុស្សជាង ៥.០០០ នាក់បានស្លាប់ ហើយមានការពិបាកក្នុងការបញ្ជាក់អំពីតួលេខជាក់លាក់នៅក្នុងប្រទេសនេះដែលរដ្ឋាភិបាលជាគូបដិបក្ខបានប្រជែងគ្នាដើម្បីគ្រប់គ្រងប្រទេសមួយទសវត្សរ៍មកហើយ។ មន្ត្រីខ្លះនិយាយថា តួលេខមនុស្សស្លាប់អាចមានច្រើនជាងនេះពីរដង។
លោក Hichem Abu Chkiouat រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលក្នុងរដ្ឋបាលដែលគ្រប់គ្រងប៉ែកខាងកើតប្រទេសលីប៊ី បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា គេបានរាប់ឃើញសាកសពជាង៥៣០០នាក់នៅ Derna។ ក្រុងនេះបានរងគ្រោះខ្លាំងជាងគេក្រោយពីខ្យល់ព្យុះសមុទ្រម៉េឌីទែរ៉ាណេ Daniel បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងហើយមានទំនប់ទឹកពីរបានធ្លាយ។
សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍច័ន្ទក្រហមបាននិយាយនៅថ្ងៃពុធនេះថា ស្ថានភាពនៅ Derna អាក្រក់ណាស់ហើយថា គេត្រូវការការគាំទ្រអន្តរជាតិ។
លោក Mey Al Sayegh នាយកខាងសារគមនាគមន៍នៃសហព័ន្ធអន្តរជាតិកាកបាទក្រហមប្រចាំការិយាល័យនៅមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើងបានថ្លែងតាម X ថាគ្មានទឹកស្អាតសម្រាប់បរិភោគនៅក្រុង Derna ទេ ហើយក៏មិនមានការផ្គត់ផ្គង់ខាងវេជ្ជសាស្ត្រដែរ ហើយថាមន្ទីរពេទ្យតែមួយក្នុងក្រុងនេះមិនអាចទទួលអ្នកជំងឺបានទៀតទេ។
លោក Al Sayegh បានពោលថា អ្វីដែលគេត្រូវការនៅពេលនេះគឺទឹក ជម្រក ជំនួយវេជ្ជសាស្ត្រ ស្បៀងអាហារនិងការគាំទ្រខាងចិត្តសាស្ត្រនិងសង្គម៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP។