ព្យុះរដូវក្តៅខុសប្រក្រតីបានប្រែក្លាយពិធីវប្បធម៌ Burning Man ដែលមានរយៈពេលមួយសប្តាហ៍ឱ្យទៅជាភាពរញ៉េរញ៉ៃដោយមានមនុស្សរាប់ម៉ឺននាក់ដែលទៅចូលរួមពិធីនោះបានជាប់គាំងនៅក្នុងភក់ហើយបង្គន់មិនមានដំណើរការនៅក្នុងតំបន់វាលលំហក្នុងរដ្ឋ Neveda ភាគខាងលិចសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ពួកអ្នកសប្បាយរីករាយពិធី Burning Man បាននិយាយថា ស្មារតីរបស់ពួកគេនៅតែមិនថមថយ។
ពួកអ្នករៀបចំបានបិទផ្លូវមិនឱ្យរថយន្តចូល បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មនុស្សម្នាក់បានស្លាប់។ ពួកមន្ត្រីមិនបានផ្តល់សេចក្តីលម្អិតពីការស្លាប់នោះទេ។
ការប្រមូលផ្តុំគ្នាប្រចាំឆ្នាំនៅវាលលំហ Black Rock ស្ថិតចម្ងាយ១៧៧គីឡូម៉ែត្រភាគខាងជើងក្រុង Reno រដ្ឋ Nevada បានទាក់ទាញពួកសិល្បករ តន្ត្រីករ និងសកម្មជនជិត៨ម៉ឺននាក់សម្រាប់ការបោះជំរំនិងការធ្វើពិធីសម្តែង។ កន្លងមានការបង្អាក់ដំណើរការពិធីនេះ ដូចជានៅឆ្នាំ២០១៨ ពួកអ្នករៀបចំពិធី Burning Man បានបិទច្រកទ្វារចេញចូលជាបណ្តោះអាសន្នដោយសារមានព្យុះខ្សាច់ ហើយពិធីនោះបានត្រូវលុបចោលចំនួន២លើកក្នុងអំឡុងនៃការរាតត្បាតជំងឺកូវីដ។
ទឹកភ្លៀងកម្ពស់ជាង១,៣សង់ទីម៉ែត្របានធ្លាក់នៅឯទីកន្លែងនៃពិធីនេះកាលពីថ្ងៃសុក្រសប្តាហ៍មុនដែលបានបង្អាក់ពិធីនៅឆ្នាំនេះ។
លោកប្រធានាធិបតី Biden បានប្រាប់ពួកអ្នកយកព័ត៌មាននៅក្នុងរដ្ឋ Delaware កាលពីថ្ងៃអាទិត្យថាលោកបានដឹងពីពិធី Burning Man ដែលរួមមានមនុស្សស្លាប់ម្នាក់ ហើយសេតវិមានបានទាក់ទងជាមួយពួកមន្ត្រីមូលដ្ឋាន។ លោក Biden បាននិយាយទៀតថា លោកមិនបានដឹងពីមូលហេតុនៃការស្លាប់នោះទេ។
ដោយពិធីរបស់ពួកគេបានបិទដល់ចរាចរណ៍យានយន្តទាំងអស់ ពួកអ្នកចូលរួមបានដើរដោយលំបាកកាត់ភក់ ដើរជើងទទេឬចងស្បោងកៅស៊ូនៅជើងរបស់ពួកគេ។ ពួកអ្នកចូលរួមត្រូវបានអាជ្ញាធរជំរុញឱ្យសន្សំចំណីអាហារនិងទឹក ហើយពួកគេភាគច្រើនមិនបានចាកចេញពីកន្លែងប្រារព្ធពិធីនៅជំរំនៅវាលលំហនោះ៕