ក្រុងហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អាស៊ី បានជន់លិចដោយជំនន់ទឹកភ្លៀងនៅថ្ងៃសុក្រនេះ ដោយសារតែមានភ្លៀងធ្លាក់យ៉ាងខ្លាំង មិនធ្លាប់មានក្នុងរយៈពេល ១៤០ ឆ្នាំកន្លងទៅ ដោយបានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យមនុស្ស ៨៣ នាក់ផ្សេងទៀតរងរបួស ខណៈពេលដែលអាកាសធាតុដែលមានភ្លៀងធ្លាក់ខ្លាំង ដែលបង្កឡើងដោយព្យុះទីហ្វុង បានធ្វើឱ្យមានការរាំងស្ទះដល់សកម្មភាពជាច្រើននៅភាគខាងត្បូងប្រទេសចិន។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួន ហើយដែលត្រូវស្រង់ផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រូបភាពវីដេអូបានបង្ហាញពីទឹកភ្លៀងហូរធ្លាក់ចុះយ៉ាងខ្លាំងពីទីខ្ពស់តាមចំហៀងភ្នំនៅក្នុងទីក្រុងមួយនេះ ដែលធ្លាប់ស្ថិតក្រោមអាណានិគមអង់គ្លេស ដោយទឹកមានកម្ពស់ត្រឹមចង្កេះនៅតាមផ្លូវតូចៗមួយចំនួន ហើយផ្សារទំនើប ស្ថានីយរថភ្លើងនិងផ្លូវក្រោមដីត្រូវបានទឹកជន់លិច។
អាកាសធាតុភ្លៀងធ្លាក់ខ្លាំងនេះ ក៏បានធ្វើឱ្យមានភាពច្របូកច្របល់នៅក្នុងក្រុងក្បែរខាង Shenzhenផងដែរ ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំមួយ ដែលមានប្រជាជនរស់នៅប្រមាណជាង ១៧,៧ លាននាក់ ដោយមុខជំនួញផ្សេងៗនិងការដឹកជញ្ជូនដែលតភ្ជាប់ទៅកាន់តំបន់ដីសណ្តនៃទន្លេ Pearl ដ៏សំខាន់ក៏ទទួលរងការប៉ះពាល់ខ្លាំងផងដែរ។
អាជ្ញាធរក្រុងហុងកុង បានបិទសាលារៀននៅថ្ងៃសុក្រនេះ ហើយបានប្រាប់ក្រុមបុគ្គលិកធ្វើការឱ្យនៅផ្ទះ។ ទីផ្សារភាគហ៊ុនរបស់ទីក្រុងនេះ ក៏បិទផងដែរ៕