មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា អះអាងថា កូនក្តីរបស់លោកមិនដែលបានទទួលដីកាកោះហៅរបស់តុលាការឡើយ ដោយលោកចាត់ទុកនេះជាកំហុសរបស់តុលាការ។
ការអះអាងរបស់លោក សំ សុគង់ មេធាវីការពារក្តីរបស់លោក ថាច់ សេដ្ឋា ក្រោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ទិត ដាលីន កាលពីយប់ថ្ងៃចន្ទ បានសម្រេចឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យរបស់គណបក្សភ្លើងទៀន ជាបណ្តោះអាសន្ន ក្រោយការសាកសួរចោទពីបទល្មើសដែលកើតឡើងកាលពីចុងឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការចោទប្រកាន់ចេញសែកអត់លុយ។
លោក ថាច់ សេដ្ឋា ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃចន្ទ ដើម្បីសាកសួរ នៅគ្រាដែលតុលាការបានចេញដីកាបង្គាប់ចាប់ខ្លួននៅថ្ងៃដដែលនេះ។
លោក សំ សុគង់ ថ្លែងការពារកូនក្តីរបស់លោកថា លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន មិនដែលបានទទួលដីកាកោះរបស់តុលាការនោះទេ។ លោកបន្ថែមថា ក្រុមហ៊ុន រិន ឆាយ ផនសប (Rin Chhay Pawn Shop) ដែលជាដើមបណ្តឹង ធ្លាប់ប្តឹងលោក ថាច់ សេដ្ឋា ម្តងរួចមកហើយ ប៉ុន្តែចាញ់ក្តីរឿងនេះ នៅពេលនោះ។ លុះមកដល់ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុនបានប្តឹងម្តងទៀត ពីបទចេញសែកអត់លុយ ដែលលោក សំ សុគង់ ថា ការប្តឹងនេះគឺខុសនីតិវិធី ហើយក្នុងសំណុំរឿងមួយ គឺមិនអាចប្តឹងឡើងវិញបានទេ។
លោកបញ្ជាក់ថា៖ «យោងតាមពាក្យបណ្តឹង គឺប្តឹងតាំងពីឆ្នាំ២០១៩ ហើយមកទើបតែមកអនុវត្តនៅឆ្នាំ២០២៣ គឺមានរយៈពេលយូរឆ្នាំ បើសិនជាតុលាការអនុវត្តច្បាប់មែន គួរតែអនុវត្តមានការប្តឹងភ្លាមៗ។ ហើយទី២ ខុសនីតិវិធី ត្រង់ចេញដីកាកោះកូនក្តីអត់បានទទួលដីកាកោះហ្នឹង...ហើយមួយទៀតនៅពេលដែលចាប់ខ្លួន គឺនៅពេលល្ងាច ហើយនីតិវិធីនៃការសួរសាកសួរ ក្រោយការចាប់ខ្លួន គឺសួរនៅពេលយប់»។
លោកមេធាវី សំ សុគង់ ថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋា ជាកំហុសបណ្តាលមកពីការភ័ន្តច្រឡំរបស់តុលាការលើអង្គហេតុ។ ម្យ៉ាងទៀត លោកថា ដើមបណ្តឹងបានយកសែកចាស់ ដែលធ្លាប់ប្តឹងផ្តល់ កាលពីកន្លងទៅ យកមកបំពេញដោយខ្លួនឯង ដែលមិនមែនលោក ថាច់ សេដ្ឋា ជាអ្នកបំពេញនោះទេ។
លោកបន្តថា៖ «ការចាប់ខ្លួននេះ គឺមានការភ័ន្តច្រឡំទៅលើអង្គហេតុ ត្រង់ថាទាក់ទងហ្នឹងសែកហ្នឹងគឺសែកហ្នឹងមានហើយ ប៉ុន្តែជាសែកចាស់ ហើយគាត់មិនបានបំពេញនូវចំនួនទឹកលុយ ហើយក៏មិនបានបំពេញនូវថ្ងៃបរិច្ឆេទនៃការបើកលុយដែរ។ ប៉ុនសែកនេះ ជាសែកចាស់ ហើយជារឿងមួយដែលកើតមានយូរហើយ ទើបយកមកអនុវត្ត»។
លោក សំ សុគង់ បន្ថែមថា ក្រុមមេធាវីរបស់លោក ថាច់ សេដ្ឋា កំពុងរកភស្តុតាងដោះបន្ទុកដើម្បីទាមទារឱ្យតុលាការដោះលែងលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពវិញមុនការបោះឆ្នោតថ្នាក់ជាតិនេះ។ លោកបញ្ជាក់ថា ក្រុមមេធាវីគ្រោងរៀបចំពាក្យស្នើសុំទៅចៅក្រមស៊ើបសួរក្នុងការរៀបចំបំពេញកិច្ចទាក់ទងការធ្វើកោសល្យវិច្ច័យទៅលើសែកអត់លុយនោះ ថាជារបស់អ្នកណាឱ្យពិតប្រាកដ និងគ្រោងប្តឹងទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ផងដែរ។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីក្រុមហ៊ុន រិន ឆាយ ផនសប បាននៅឡើយទេ នាថ្ងៃអង្គារនេះ។
កាលពីថ្ងៃចន្ទ លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការ ប្រាប់វីអូអេថា លោក ថាច់ សេដ្ឋា ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា២៣១នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
បើតាមច្បាប់នេះ ប្រសិនបើរកឃើញកំហុស លោក ថាច់ សេដ្ឋា អាចជាប់ពន្ធនាគារពីមួយឆ្នាំទៅបីឆ្នាំ។
ក្រោយការសម្រេចឃុំខ្លួនលោក ថាច់ សេដ្ឋា តុលាការបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយលើកឡើងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប (Rin Chhay Pawn Shop) ដែលប្តឹងលោក ថាច់ សេដ្ឋា ពីរឿងចេញសែកគ្មានសាច់ប្រាក់ចំនួន៥សន្លឹក។ តុលាការបញ្ជាក់ថា លោក ថាច់ សេដ្ឋា មិនបានចូលខ្លួនបំភ្លឺតាមដីកាចំនួន២លើក ដោយពុំមានមូលហេតុ។
តុលាការបញ្ជាក់ថា៖ «រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរបានសម្រេចចេញដីកាបង្គាប់នាំខ្លួនលើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិវិធី។ ក្រោយបានស្តាប់ចម្លើយ និងពិនិត្យលើភស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទ ថាច់ សេដ្ឋា...»។
បើតាមដីការបស់តុលាការរាជធានីភ្នំពេញ ចេញដោយចៅក្រមស៊ើបសួរឈ្មោះ ទិត ដាលីន ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោក ថាច់ សេដ្ឋា ត្រូវបានដាក់ស្ថិតនៅក្រោមការពិនិត្យពីបទ«មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ តាមច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សង។ បើតាមដីកា សំណុំរឿងនេះ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ហើយមានដីកាបង្គាប់ចូលខ្លួន ចំនួនពីរលើក ដែលទីមួយចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញផងដែរ និងទីពីរចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។
គេមិនទាន់ដឹងនៅឡើយទេថាតើហេតុអ្វីបានជាតុលាការទើបចាត់វិធានការប្រឆាំងនឹងលោក ថាច់ សេដ្ឋា នាពេលនេះ ខណៈលោកបានរស់នៅក្នុងប្រទេស និងមិនបានគេចខ្លួនទៅណាឡើយ។
វីអូអេមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ នាថ្ងៃអង្គារនេះ។
អ្នកស្រី ថាច់ សុខបុផា អាយុ៤៨ឆ្នាំ ជាភរិយារបស់លោក ថាច់ សេដ្ឋា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រី គឺមិនត្រឹមត្រូវទេ។ អ្នកស្រីស្នើឱ្យតុលាការដោះលែងស្វាមីខ្លួនឱ្យមានសេរីភាពវិញ។
អ្នកស្រីបញ្ជាក់ថា៖ «អារឿងហ្នឹងយូរហើយ ហើយតុលាការ កាត់ក្តីឱ្យគាត់ឈ្នះហើយ។ ឥឡូវយករឿងហ្នឹងមក ចាប់ខ្លួនមិនត្រឹមត្រូវ។ អ៊ីចឹងខ្ញុំសូមសំណូមពរឱ្យតុលាការដោះលែងគាត់ឆាប់ៗ»។
គណបក្សភ្លើងទៀនបានចាត់ទុកការចាប់ខ្លួននេះជារឿងនយោបាយ និងជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរមិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន និងធ្វើឱ្យបរិយាកាសនយោបាយមុនការបោះឆ្នោត រឹតតែមានភាពអាប់អួរ។ គណបក្សអំពាវនាវឱ្យដោះលែងលោក ថាច់ សេដ្ឋា ជាបន្ទាន់ ដោយឥតលក្ខខណ្ឌ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ប្រាប់វីអូអេថា គណបក្សភ្លើងទៀននឹងដោះស្រាយសម្រួលគ្រប់វិធី ដើម្បីអាចឱ្យលោក ថាច់ សេដ្ឋា មកបំពេញការងារបានជាធម្មតាឡើងវិញ។
លោកថ្លែងថា៖ «យើងនឹងឱ្យថ្នាក់ដឹកនាំយើង ទៅតាមដានរឿងហ្នឹង អាចជួបជាមួយម្ចាស់បំណុល។ ហើយមេធាវីអាចពិនិត្យលើលក្ខណៈផ្លូវច្បាប់ផង ថាតើករណីហ្នឹងអាចនឹងដោះស្រាយ យ៉ាងម៉េចទាំងក្រៅប្រព័ន្ធតុលាការ និងតាមរយៈតុលាការនោះ»។
លោក ថាច់ សេដ្ឋា អតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិដែលត្រូវបានកាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ហើយលោកត្រូវបានផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ លោកបានចូលរួមជាមួយគណបក្សភ្លើងទៀន កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីទទួលបានសិទ្ធិធ្វើនយោបាយ។
លោក សេង សារី អ្នកវិភាគនយោបាយមួយរូបថ្លែងថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋា គឺជា«ការបេះ»មេដឹកនាំគណបក្សភ្លើងទៀន ដើម្បីគណបក្សប្រឆាំងមួយនេះចុះខ្សោយ និងអាចគ្រប់គ្រងបាន។ លោកបញ្ជាក់ថា នេះជា«យុទ្ធសាស្រ្តបំបែក ដើម្បីគ្រប់គ្រង»។
លោកថ្លែងថា៖ «ការចាប់ខ្លួនលោក ថាច់ សេដ្ឋា គឺជាការបេះមេដឹកនាំសំខាន់របស់គណបក្សភ្លើងទៀន សម្រាប់ធ្វើម៉េចឱ្យភ្លើងទៀនចុះខ្សោយ ហើយអាចគ្រប់គ្រងភ្លើងទៀនបាន ជាយុទ្ធសាស្ត្រ DIFID ដែលខ្ញុំបានបង្ហាញកន្លងមកហើយដែរ គឺបំបែកដើម្បីគ្រប់គ្រង ប៉ុន្តែដើម្បីគ្រប់គ្រងបានហ្នឹងគឺធ្វើឱ្យភ្លើងទៀនខ្សោយ ដោយចាប់មេដឹកនាំសំខាន់ៗរបស់គណបក្សភ្លើងទៀន»។
លោកបន្ថែមថា គណបក្សភ្លើងទៀនត្រូវមានយុទ្ធសាស្រ្តច្បាស់លាស់ រក្សាភាពអត់ធ្មត់បានខ្ពស់ និងត្រូវបន្តចូលរួមការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕