ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភ្លើង​ទៀន​ស្នើ​​ជប៉ុន​ជំរុញ​កម្ពុជា​បង្ក​បរិយាកាស​នយោ​បាយ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ


រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ​នៅក្នុង​បន្ទប់ផ្សាយ​របស់​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​កន្លង​ទៅ។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ​នៅក្នុង​បន្ទប់ផ្សាយ​របស់​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​កន្លង​ទៅ។ (ស៊ុន ណារិន/វីអូអេ)

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​កាល​ពី​ពេល​ថ្មីៗ​នេះ ​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ​លោក​ ថាច់ សេដ្ឋា ​បាន​ស្នើ​រដ្ឋា​ភិបាល​ជប៉ុន​ជំរុញ​រដ្ឋា​ភិបាល​កម្ពុជា ​ឱ្យ​ធានា​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​ត្រឹមត្រូវ​ និង​យុត្តិធម៌ ​និង​បង្ក​បរិយា​កាស​នយោ​បាយ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ ​នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​គណបក្ស​ភ្លើង​ទៀន។​

នៅ​ពេល​ទៅ​បំពេញ​បេសក​កម្ម​នៅ​ប្រទេស​ជប៉ុន​ ​ចាប់​ពី​ថ្ងៃ​ទី​១​ដល់​១១​ ខែ​ធ្នូ​ ឆ្នាំ​២០២២​នេះ ​លោក ​ថាច់ សេដ្ឋា ​អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន ​ បាន​ជួប​ជា​មួយ​សមាជិក​រដ្ឋ​សភា​ជប៉ុន ​គឺ​លោក​ Ueno Hiroshi ​មក​ពី​គណ​បក្ស​កាន់​អំណាច​ និង​លោក ​Kentaro Gemma ​មក​ពី​គណ​បក្ស​ប្រឆាំង ​និង​បាន​ជួប​ជាមួយ​លោក ​Pema Gyalpo ​ប្រធាន​ក្រុម​ប្រឹក្សា​សាមគ្គី​ភាព​អាស៊ាន​ ដើម្បី​សេរី​ភាព​ និង​ប្រជា​ធិបតេយ្យ​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត។​

នៅ​ក្នុង​ជំនួប​នោះ លោក​ ថាច់ សេដ្ឋា​ លើក​ឡើង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ប្រជា​ធិបតេយ្យ ​និង​ការ​បោះឆ្នោត​ ដោយ​លោក​ស្នើ​សមាជិក​រដ្ឋ​សភា​ជប៉ុន​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​បង្ក​បរិយា​កាស​ល្អ​ប្រសើរ ​នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២៣ ​ការ​ដោះ​លែង​អ្នក​ទោស​មនសិការ​ឱ្យ​មាន​សេរីភាព​ និង​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​លើ​សកម្មជន។ ​លោក​ ថាច់ សេដ្ឋា ​ក៏​បាន​ជំរុញ​ឱ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មាន​ភាព​ឯករាជ្យ​ មិន​លម្អៀង ​ដោយ​ទទួល​យក​សំណើ​កែលម្អ​ពី​ភាព​មិន​ប្រក្រតី​ ដែល​ស្នើ​ឡើង​ដោយ​គណបក្ស​ភ្លើងទៀន ​ដើម្បី​ធានា​ការ​បោះឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​ត្រឹម​ត្រូវ ​និង​យុត្តិ​ធម៌។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ភ្លើង​ទៀន ​ចុះ​ថ្ងៃ​ទី​១៣ ​ខែ​ធ្នូ​ ឆ្នាំ​២០២២។​

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នោះ​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ឱ្យ​បាន​ច្រើន​មក​កម្ពុជា​ និង​ជួយ​មធ្យោ​បាយ​ដល់​អង្គការ​ សមាគម​ឯក​រាជ្យ​នៅ​កម្ពុជា​ ឱ្យ​ដាក់​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់​ការិយាល័យ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ ​ជា​ពិសេស​ពលករ ​និង​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​នយោ​បាយ​ នៅ​ក្នុង​ប្រទេស​ជប៉ុន។​

លោក ​ថាច់ សេដ្ឋា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​មូល​ហេតុ​ដែល​លោក​ស្នើ​ទៅ​រដ្ឋាភិបាល​ជប៉ុន​ឱ្យ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ធានា​ដំណើរ​ការ​បោះឆ្នោត​ និង​បរិយា​កាស​នយោបាយ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ជាមុន​ ដោយ​សារ​ជប៉ុន​បាន​ផ្តល់​ជំនួយ​នានា​ទាក់​ទង​ការ​បោះ​ឆ្នោត​ ដែល​រួមមាន​បច្ចេក​ទេស​ជាដើម​មក​កម្ពុជា ​ដែល​អាច​នឹង​ជំរុញ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មាន​ភាព​សេរី​ ត្រឹមត្រូវ ​និង​យុត្តិ​ធម៌។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​បាន​ជួប​ទាំង​សមាជិក​សភា​បក្ស​ប្រឆាំង​ បក្ស​កាន់​អំណាច ​[ប្រទេស​ជប៉ុន]​ និង​ក្រសួង​ការ​បរទេស​ លើក​បញ្ហា​ដូច​គ្នា​ហ្នឹង​ ដោយ​សារ​យើង​ឃើញ​ថាមុន​នឹង​ការ​បោះឆ្នោត​ស្ថាន​ភាព​បរិយាកាស​នយោបាយ​[កម្ពុជា] ​មិន​ទាន់​បាន​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ។ ​សកម្ម​ជន​យើង​មួយ​ចំនួន​ នៅ​ជាប់​ឃុំ​ឃាំង​ ការ​គំរាម​កំហែង​ ឃើញ​នៅ​តែ​កើត​មាន​ ហើយ​សមាស​ភាព​គ.ជ.ប .​ក៏ពុំ​មាន​ការ​កែ​សម្រួល​អ្វី​ទាំង​អស់ ​ដូច្នេះ​ហើយ​យើង​មាន​ការ​បារម្ភ»។​

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក ​សុខ ឥសាន ​ចាត់​ទុក​ការ​ស្នើ​របស់​មេ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ទៅ​កាន់​រដ្ឋា​ភិបាល​ជប៉ុន​ «ខុស​ពេល​វេលា និង​ខុស​មុខ​សញ្ញា»​ ព្រោះ​លោក​ថា​ ជប៉ុន​ក្តាប់​សភាព​ការណ៍​កម្ពុជា​បាន​ល្អ​ ​ទើប​តែង​តែ​ជួយ​ទាក់​ទង​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«ទោះ​បីជា​មាន​ការ​ដក​ជំនួយ​មួយ​ចំនួន​ពី​ប្រទេសលោក​ខាង​លិច​ក៏ដោយ​ ក៏​ប៉ុន្តែ​ជប៉ុន​នៅ​តែ​ជួយ​គ.ជ.ប.​ ហើយ​នឹង​ជួយ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដែរ។​ អ៊ីចឹង​មាន​ន័យ​ថា​ជប៉ុន​ក្តាប់​បាន​សភាព​ការណ៍​ពិត​នៅ​កម្ពុជា ​ ​មិន​ចេះ​តែ​ជឿ​តាម​ការ​លាប​ពណ៌ ​ការ​និយាយ​មូល​បង្កាច់​របស់​បក្ស​ប្រឆាំង​ទេ»។​

លោក​ក៏​បាន​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​ថា​ កម្ពុជា​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព ​ព្រោះ​លោកថា​ កម្ពុជា​មាន​សន្តិ​ភាព​ ហើយ​ពលរដ្ឋ​ម្នាក់ៗ​មាន​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​ក្នុង​ការ​បញ្ចេញ​មតិ​ និង​រកស៊ី​បាន​ដោយ​សេរី ​ដោយ​មិន​មាន​ការ​រឹត​ត្បិត​អ្វី​នោះ​ទេ។ ​ ចំណែក​ការ​ចាប់​ខ្លួន​សកម្ម​ជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ លោក ​សុខ ឥសាន ​អះអាង​ថា​ជា​ការ​អនុវត្ត​តាម​ច្បាប់​តែ​ប៉ុណ្ណោះ។​

លោក ​សោម សូរីដា​ អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.) ​ថ្លែង​ថា​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​មាន​ឯក​រាជ្យ​ភាព​របស់​ខ្លួន ​ដោយ​មិន​ស្ថិត​ក្រោម​ឥទ្ធិ​ពល​គណបក្ស​នយោ​បាយ​ណា​ឡើយ។​

លោក ​សោម សូរីដា ​បន្ត​ថា​បើ​អ្នកណា​ម្នាក់​គិត​ថា​ស្ថាប័ន​គ.ជ.ប. ​មាន​ភាព​លម្អៀង​ទៅ​គណបក្ស​កាន់​អំណាច​ ត្រូវ​តែ​រក​ភស្តុតាង​មក​បង្ហាញ​ឱ្យ​បាន​ច្បាស់​លាស់ ​ដើម្បី​ចៀស​វាង​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់ ​ដែល​អាច​ប៉ះពាល់​ដល់​កិត្តិ​យស​បុគ្គល​ ឬ​ស្ថាប័ន​ដែល​ការណ៍​នេះ​អាច​រង​ពាក្យ​បណ្តឹង​ពី​បទ​«បរិហារ​កេរ្តិ៍​ជា​សាធារណៈ»។​

លោក​ថ្លែង​ថា៖ ​«អ្វី​ក៏​ដោយ ​គឺ​វា​ត្រូវ​តែ​មាន​ឯក​សារ​ភស្តុតាង​គ្រប់​គ្រាន់ ​ដែល​បញ្ជាក់​ថា​ស្ថាប័ន​[គ.ជ.ប.]​នេះ​នឹង​មាន​ទំនោរ​ជាក់​លាក់​ណា​មួយ​ ឱ្យ​បាន​ច្បាស់​លាស់​ កុំ​ចេះ​តែ​ធ្វើ​ការ​ចោទ​ប្រកាន់​ ដោយ​មិន​មាន​មូល​ដ្ឋាន​ ដែល​អាច​នាំ​ទៅ​ដល់​នូវ​[ការ​ចោទ​ប្រកាន់]​បរិហារ​កេរ្តិ៍​ជា​សាធារណៈ»។​

លោក ​កន សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល ​ប្រាប់​វីអូអេ​ថា​ នៅ​ពេល​ណា​មាន​ការ​តវ៉ា​អំពី​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ នោះ​មាន​ន័យ​ថា​ ដំណើរ​ការ​នោះ​នៅ​មាន​បញ្ហា​ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ដោះស្រាយ ​ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត។​

លោក​ថ្លែង​ថា៖ ​«កាល​ណា​ បើ​មាន​ការ​តវ៉ា​ មាន​ការ​លើក​ឡើង​អំពី​បញ្ហា​ ទាំង​ការ​រាយ​ការណ៍​ ទាំង​ការ​សំណូម​ពរ​ដោះស្រាយ​ គឺ​មាន​ន័យ​ថា ​ដំណើរ​ការ​ហ្នឹង​ច្បាស់​ណាស់​ នៅ​មាន​បញ្ហា​ដែល​ត្រូវ​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ។ ​ អ៊ីចឹង​មិន​អាច​ការ​សម្រេច​ណា​មួយ​ ដោយ​មិន​មាន​ការ​ដោះ​ស្រាយ​ទេ។ ​ ការ​ដោះ​ស្រាយ​បញ្ហា​ជា​រឿង​មួយ​ដែល​ល្អ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា»។​

គួរ​បញ្ជាក់​ថា ​កាល​ថ្ងៃទី​២៧ ​ខែ​កញ្ញា ​ឆ្នាំ​២០២២ អង្គការ​ខុមហ្វ្រែល​ដែល​ជា​សា្ថប័ន​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ​ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​អាណត្តិ​ទី​៥ ​ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៥ ​ខែ​មិថុនា ​ឆ្នាំ​២០២២ ​ដោយ​រៀប​រាប់​អំពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ ដូច​ជា​វត្ត​មាន​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​ក្នុង​បរិវេណ ​និង​ក្រៅ​ការិយាល័យ​ ដើម្បី​កត់​ឈ្មោះ​ប្រជា​ពលរដ្ឋ​ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ ​និង​ប្រជា​ពល​រដ្ឋ​ខ្លះ​ទៀត​មិន​អាច​បោះ​ឆ្នោត​បាន ​ដោយ​សារ​រក​ឈ្មោះ​មិន​ឃើញ៕

XS
SM
MD
LG