ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភ្លើង​ទៀន​ជំរុញ​ឱ្យ​ពិភាក្សា​អំពី​បញ្ហា​ប្រជាធិបតេយ្យ ​និង​កា​រ​គោរព​សិទ្ធិ​មនុស្ស ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​


រូប​ឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងនៅក្នុងពិធីអបអរបេក្ខជនជាប់ឆ្នោតមេឃុំ និងក្រុមប្រឹក្សាជាប់ឆ្នោត នៅក្នុងខេត្តកំពង់ធំ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។ (ស៊ុន ណារិន/វីអូអេ)
រូប​ឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងនៅក្នុងពិធីអបអរបេក្ខជនជាប់ឆ្នោតមេឃុំ និងក្រុមប្រឹក្សាជាប់ឆ្នោត នៅក្នុងខេត្តកំពង់ធំ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។ (ស៊ុន ណារិន/វីអូអេ)

ស្រប​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ចាប់​ផ្តើម​នា​សប្តាហ៍​នេះ ​គណ​បក្ស​ភ្លើង​ទៀន​បាន​ស្នើ​បណ្តា​ប្រទេស​អាស៊ាន ​និង​ប្រទេស​មហា​អំណាច​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា ​និង​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៀត អនុវត្ត​នីតិ​រដ្ឋ ​គោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យ​បា​នពេញ​លេញ។​

គណ​បក្ស​ប្រឆាំង​មួយ​នេះ​កត់​សម្គាល់​ថា លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ាន​បាន​កំពុង​ធ្លាក់​ចុះ​គួរ​ឱ្យ​ព្រួយ​បារម្ភ ​ដែល​ក្នុង​នោះ​រួម​មាន​ប្រទេស​ភូមា ​ថៃ ​និង​កម្ពុជា​ផង​ដែរ។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ភ្លើង​ទៀន ​ចុះថ្ងៃ​ទី​៩ ​ខែ​វិច្ឆិកា​នេះ។​

គណ​បក្ស​ប្រឆាំង​នេះ​បញ្ជាក់​ថា​ សម្រាប់​ប្រទេស​កម្ពុជា​ ក្រោយ​ពី​ការ​រំលា​យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ និងការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​នៃ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណ​បក្ស​សង្គ្រោះ​ជាតិ ​ ការ​ដក​អាសនៈ​តំណាង​រាស្ត្រ និង​ការ​ដក​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ការ​ចោទ​ប្រកាន់​ ការ​ចាប់​ដាក់​ពន្ធនាគារ​នៃ​សកម្ម​ជន​នយោបាយ ​សកម្ម​ជន​សិទ្ធិ​មនុស្ស ​និង​សកម្ម​ជន​បរិស្ថាន​ ​បាន​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ និង​បាន​រំលោភ​គោល​ការណ៍​នីតិ​រដ្ឋ​យ៉ាង​ធ្ងន់​ធ្ងរ ​និង​បាន​បំផ្លាញ​ចោល​ទាំង​ស្រុង​នូវ​ការ​វិវឌ្ឍ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក ​ថាច់ សេដ្ឋា​ អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន ​ប្រាប់​វីអូអេនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​បណ្តា​ប្រទេស​ដែល​មក​ប្រជុំ​អាស៊ាន ​និង​បណ្តា​ប្រទេស​ដែល​បានចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមពៀង​២៣​តុលា​ ឆ្នាំ​១៩​៩១​ ត្រូវ​តែ​ជំរុញកម្ពុជា​ឱ្យគោរព​សិទ្ធ​មនុស្ស ​និង​ដើរ​តាម​គន្លង​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ ​ហើយមិន​អាច​លើក​ឡើង​តែ​ពីសេដ្ឋ​កិច្ច ​តែបណ្តោយឱ្យលទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​នោះ​ទេ។​

លោក ​ថាច់ ​សេដ្ឋា ​ថ្លែង​ថា៖​ «នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​នេះ ​ខ្ញុំ​យល់​ថា​ កម្ពុជា​គួរតែ​ធ្វើ​ជា​គំរូ​នៃប្រទេស​អាស៊ាន​ក្នុង​ឋានៈប្រធានប្តូរ​វេន។ យើ​ង​នឹង​ជំរុញ​ឱ្យ​មាន​ការ​ពិភាក្សា​ល្អិត​ល្អន់​ចូល​ក្នុង​របៀប​វារៈ​ស្តី​ពី​នីតិ​រដ្ឋ​ ​ក៏​ដូច​ជា​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស ​ដែល​អាស៊ាន​មិន​ទាន់​ដែល​បាន​ធ្វើ។ ​ដូច្នេះ​ក្នុង​តួនាទី​កម្ពុជា ​យើង​ក៏គប្បី​ជជែក​រឿង​ហ្នឹង​ឱ្យ​លម្អិត​ដើម្បី​សម្រេច​ជា​គោល​ការណ៍​អនុវត្ត​រួម​នៅ​ក្នុង​អាស៊ាន​ ទោះ​ប្រទេស​ណា​ក៏​ដោយ​ បើ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ​ឬ​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ ​ត្រូវ​តែ​មានអន្តរាគមន៍​ពី​អាស៊ាន។ ​អាហ្នឹង​គឺ​យើង​ធ្វើ​បែប​នេះ​ ទើប​ធានា​បាន​ និង​ការ​ពារ​បាន​សិទ្ធិ​ប្រជា​ពល​រដ្ឋ​ ឬ​អ្វីដែល​យើង​លើក​ឡើង​អំពី​ប្រជា​ធិបតេយ្យ​ក្នុង​តំបន់​អាស៊ាន​នេះ»។​

លោក​បន្ត​ថា៖​ «ហើយ​រឿង​ដែល​ថា​ មិន​លូក​លាន់​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​នោះ ​វា​ជា​ការ​ពិត​ហើយ។​ ក៏​ប៉ុន្តែ​សម្រាប់នីតិ​រដ្ឋ គោល​ការណ៍​ប្រជា​ធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស​ យើង​ត្រូវ​តែ​តម្រូវ​ឱ្យ​មាន​លក្ខ​ខណ្ឌ​ចាំ​បាច់​ យ៉ាង​ម៉ឹង​ម៉ាត់​ដើម្បី​ឱ្យ​មាន​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ គោរព​ដល់​សិទ្ធិ​ប្រជា​ពល​រដ្ឋ​ផង​ដែរ។ បើ​មិន​ដូច្នេះ​ទេ​ វា​ជា​ឱកាស​ដល់​មេ​ដឹក​នាំ​ខិល​ខូច​ ឬ​ផ្តាច់​ការ​ក្នុង​ការ​បន្ត​ដើម្បី​ការ​ពារ​អំណាច​របស់​ខ្លួន​ ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ប្រជា​ពល​រដ្ឋ​តាម​ប្រទេស​នីមួយៗ​ក្នុងអាស៊ាន​នេះ​ដដែល»។

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​និង​លោក​ ជុំ សន្ទរី ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជាបាន​ទេ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ​

កិច្ច​ប្រជុំ​អាស៊ាន​ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​នេះ​ធ្វើឡើង​ក្នុង​រយៈ​ពេល​បួន​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១០ ​ដល់​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា ​ដែល​មាន​ការ​រំពឹង​ថា ​នឹង​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ធំៗ​ដែល​រួម​មាន​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ សេដ្ឋ​កិច្ច​ក្នុង​វិបត្តិ​កូវីដ១៩ ​ភាព​តាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​និង​បញ្ហា​សកលផ្សេងៗ​ទៀត។ ​កម្ពុជា​ ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​ទទួល​រៀបចំ​កិច្ចការ​នេះ​ក្នុង​រយៈ​ពេល​១០ឆ្នាំ​ម្តង​នោះ​ ​មាន​តួនាទី​ក្នុង​ការ​សម្រប​សម្រួល​ឱ្យ​មាន​ការ​ពិភាក្សា​លើ​បញ្ហា​ទាំង​នេះ។

រយៈ​ពេល​៤​ថ្ងៃ​នៃ​កិច្ច​ប្រជុំ​នេះ​នឹង​មាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០ ​និង​លើក​ទី​៤១​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន-ចិន​លើក​ទី​ ២៥ ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-ជប៉ុន​លើក​ទី​២៥ ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-សាធារណ​រដ្ឋ​កូរ៉េ​លើក​ទី​២៣ ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូក​បី​លើក​ទី២៥ ​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួប​៣០​ឆ្នាំ​នៃ​ទំនាក់​ទំនង​ដៃ​គូ​សន្ទនា​អាស៊ាន-ឥណ្ឌា ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-សហរដ្ឋ​អាមេរិក​លើក​ទី​ ១០ ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី​លើក​ទី​ ២ ​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួប​នៃ​ទំនាក់​ទំនង​អាស៊ាន-កាណាដា​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អង្គការ​សហ​ប្រជា​ជាតិ និង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៧។​

ប្រធានាធិបតី​អាមេរិក ​លោក​ Joe Biden ​ដែល​នឹង​មក​កម្ពុជា​នា​ថ្ងៃ​សៅរ៍​នេះ ​ក៏​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​ផង​ដែរ​ ហើយ​មាន​ការ​រំពឹង​ថា ​លោក​នឹង​លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យ។​

អ្នក​វិភាគ​នយោបាយ ​លោក ​មាស នី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​គណ​បក្ស​ភ្លើង​ទៀន​មាន​សិទ្ធិ​ក្នុង​ការ​លើក​ឡើង​ពី​កង្វល់ ​និង​បញ្ហា​ប្រឈម​របស់​ខ្លួន​ ក៏​ប៉ុន្តែ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ​ទំនង​មិន​លើក​យក​បញ្ហា​នៃការគោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មក​ជជែក​នោះ​ទេ ​ដោយ​បញ្ហា​ក្នុ​ង​តំបន់ ​និង​ពិភព​លោក​ ​គឺ​មាន​រឿង​ច្រើន​ដែលត្រូវ​ដោះ​ស្រាយ​រួម​គ្នា។​

លោក​ថ្លែង​ថា៖​ «ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ដ៏​ធំ​មួយ​នេះ​ បញ្ហា​រឿង​កម្ពុជា ​រឿង​ប្រជា​ធិបតេយ្យ​នេះ​មិន​អាច​ត្រូវ​បាន​គេ​លើក​យក​ទៅ​និយាយ​ទេ ​បើ​និយាយ​ អាចនិយាយ​ជា​ទូទៅ​ ដោយ​សារ​តែ​អាស៊ាន​គឺ​មាន​បញ្ហា​ធំៗ​ជា​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ​នៅ​ពេល​ដែល​មាន​វត្ត​មាន​មហា​អំណាច​ទាំង​អស់ ​ដូច​ជា​បញ្ហា​ទាក់​ទង​ទៅ​នឹង​សង្គ្រាម​រុស្ស៊ី ​និង​អ៊ុយក្រែន ​ដែល​វា​នាំ​មក​នូវ​វិបត្តិ​ថាមពល​ ហើយ​អតិផរណា​នៅ​ទូទាំង​ពិភព​លោក​ ហើយ​រឿង​បញ្ហាទំនាស់​រវាង​បង​ប្អូន​កូរ៉េ​ទាំង​ពីរ​ក៏​កំពុង​តែ​កើត​មាន​ឡើង​ក្តៅ​ទៅៗ ​ហើយ​ប្រហែល​ជា​មាន​ការ​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់​ធំ​ទៅ​លើ​ប្រទេស​ភូមា»។​

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ​លោក ​មាស នី ​យល់​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​កុំ​ដាក់​បន្ទុក​ដល់​ខ្លួន ​និង​កុំ​រស់​នៅ​ដោយ​ភាព​ភ័យ​ខ្លាច ​ឬព្រួយ​បារម្ភ​បន្ត​ទៀត ​ដោយ​ត្រូវ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ឡើង​នូវ​យុត្តិ​ធម៌​សង្គម ​និងបញ្ឈប់​ការ​គំរាម​កំហែង​ ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សកម្ម​ជន​គណ​បក្ស​ប្រឆាំង​ និង​សកម្ម​ជន​សង្គម​ផ្សេង​ទៀត ​ដើម្បី​អាច​ទាញ​យក​ផល​ប្រយោជន៍​នានា​ពី​សហគមន៍​អន្តរជាតិ ​ក៏​ដូច​ជា​ទាញ​យក​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ជា​ដើម​ និង​ដើម្បី​ធ្វើ​ឱ្យ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​មាន​ការ​ទុក​ចិត្ត​ពី​ភាគី​ពាក់​ព័ន្ធ ​និង​សហគមន៍​អន្តរ​ជាតិ។​

សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ភ្លើង​ទៀន​ ចុះ​ថ្ងៃ​ទី​៩ ​ខែវិច្ឆិកា ​លើក​ឡើង​ថា​ អព្យាក្រឹតភាព​នៃ​កម្ពុជា​ដែល​ធានា​ដោយ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា ​និង​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩​៩១​ត្រូវ​បាន​រំលោភ​ ដោយ​សារ​ទំនាក់​ទំនង​យ៉ាង​ស្អិត​ល្មួត​ និង​ការ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ប្រទេស​ចិន ​ ខណៈ​មាន​ការ​ព្រួយបារម្ភ​អំពី​វត្ត​មាន​យោធា​ចិ​ន​នៅ​កម្ពុជា​ ដែល​អាច​នឹង​នាំ​មក​នូវ​អស្ថិរភាព​នៃ​សន្តិ​សុខ​ក្នុង​តំបន់៕

XS
SM
MD
LG