ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ថាច់ សេដ្ឋា ត្រូវ​ឃុំ​ខ្លួន​នៅ​ព្រៃ​ស ពាក់ព័ន្ធនឹង​ការ​ចោទ​ប្រកាន់​​ចេញ​សែក​អត់​លុយ


រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ​នៅក្នុង​បន្ទប់ផ្សាយ​របស់​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​កន្លង​ទៅ។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ​នៅក្នុង​បន្ទប់ផ្សាយ​របស់​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​កន្លង​ទៅ។ (ស៊ុន ណារិន/វីអូអេ)

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ ទិត ដាលីន នា​យប់​ថ្ងៃ​ចន្ទ បាន​សម្រេច​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា​ អនុប្រធាន ​និង​ជាអ្នក​នាំពាក្យ​របស់​គណបក្ស​ភ្លើង​ទៀន ជា​បណ្តោះ​អាសន្ន ក្រោយ​ការ​សាក​សួរ​ចោទ​ពី​បទ​ល្មើស​ដែល​កើត​ឡើង​កាល​ពី​ចុង​ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ចេញ​សែក​អត់​លុយ។ នេះ​បើ​តាម​អ្នក​នាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ។

លោក ថាច់ សេដ្ឋា ត្រូវបាន​ឃាត់​ខ្លួន នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​សាកសួរ ​នៅ​គ្រា​ដែល​តុលាការ​បាន​ចេញ​ដីកា​បង្គាប់ចាប់​ខ្លួន​នៅ​ថ្ងៃ​ដដែល​នេះ។

លោក អ៊ី រិន ​អ្នកនាំពាក្យ​តុលាការ ​ប្រាប់​វីអូអេ​ថា​៖ «ជន​ត្រូវ​ចោទ​ឈ្មោះ ថាច់ សេដ្ឋា ​ភេទប្រុស ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ន ​នៅ ម១ ពីបទ​មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរបាន​ ដែល​មាន​ចែង​ឱ្យ​ផ្តន្ទា​ទោស​តាម​មាត្រា​២៣១​នៃច្បាប់​ស្តីពី​ឧបករ​ណ៍​អាចជួញ​ដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់»។

ក្រោយ​ការ​សម្រេច​ឃុំ​ខ្លួន​នេះ តុលាការ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩​ តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ក្រុមហ៊ុន​រិន ឆាយ ផនសប (Rin Chhay Pawn Shop) ដែល​ប្តឹង​លោក ​ថាច់ សេដ្ឋា ​ពី​រឿង​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ចំនួន​៥​សន្លឹក។ តុលាការ​បញ្ជាក់​ថា​លោក​ ថាច់ សេដ្ឋា ​មិន​បាន​ចូល​ខ្លួនបំភ្លឺ​តាម​ដីកា​ចំនួន​២លើក ​ដោយ​ពុំ​មាន​មូល​ហេតុ។

តុលាការ​បញ្ជាក់​ថា៖ «រហូត​មក​ដល់​ថ្ងៃទី​១៦ ខែ​មករា ​ឆ្នាំ២០២៣ ​ចៅក្រម​ស៊ើប​សួរ​បាន​សម្រេច​ចេញ​ដីកា​បង្គាប់នាំ​ខ្លួន​លើ​ជន​ត្រូវ​ចោទ​ ថាច់ សេដ្ឋា ​ដើម្បី​ស្តាប់​ចម្លើយ​តាម​នីតិវិធី។ ក្រោយ​បាន​ស្តាប់​ចម្លើយ និង​ពិនិត្យ​លើ​ភស្តុតាង​នានា ចៅ​ក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ ​ថាច់ សេដ្ឋា...»។

​បើ​តាម​ដីកា​បង្គាប់ឃុំ​ខ្លួន​ដែល​វីអូអេ​ទទួល​បាន លោក ថាច់ សេដ្ឋា ត្រូវ​បាន​បង្គាប់នាំ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនា​គារ​ព្រៃស។

បើ​តាម​ដីកា​របស់​តុលាការ​រាជធានី​ភ្នំពេញ ​ចេញ​ដោយ​ចៅក្រម​ស៊ើប​សួរ​ឈ្មោះ ទិត ដាលីន ចុះ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ ​លោក ថាច់ សេដ្ឋា ត្រូវ​បាន​ដាក់ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ«មិន​បាន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន» ដែល​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៩ តាម​ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន និងប្រតិបត្តិ​ការ​ទូទាត់​សង។ បើ​តាម​ដីកា សំណុំ​រឿង​នេះ ចុះ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ២០១៩ ហើយ​មាន​ដីកា​បង្គាប់ចូល​ខ្លួន ចំនួន​ពីរ​លើក​ ដែល​ទីមួយ​ចុះ​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ២០២១​របស់​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ និង​ទីពីរ​ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២១។

ក្រៅពីមិនទាន់​ឃើញ​ព័ត៌មាន​លម្អិត​ចំពោះ​ចំនួន​ទឹកប្រាក់​និង​ទាក់ទងនឹង​ការចំណាយ​លើការ​ជួញដូរអ្វីនោះ គេក៏​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​តើ​ហេតុ​អ្វី​បាន​ជា​តុលាការ​ទើប​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​លោក ថាច់ សេដ្ឋា នា​ពេល​នេះ ខណៈ​លោក​បាន​រស់នៅ​ក្នុង​ប្រទេស និង​មិន​បាន​គេច​ខ្លួន​ទៅណាឡើយ។

លោក សេង សារី អ្នក​វិភាគ​នយោបាយ​មួយ​រូប ថ្លែង​ថា​ការ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា គឺ​ជា«ការ​បេះ»​មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន ដើម្បីគណ​បក្ស​ប្រឆាំង​មួយ​នេះ​ចុះ​ខ្សោយ និង​អាច​គ្រប់គ្រង​បាន។

លោក​បញ្ជាក់​ថា​នេះ​ជា​«យុទ្ធសាស្រ្ត​បំបែក ដើម្បី​គ្រប់​គ្រង»។ លោក​បន្ថែម​ថា​គណបក្ស​ភ្លើង​ត្រូវ​មាន​យុទ្ធសាស្រ្ត​ច្បាស់​លាស់ រក្សា​ភាព​អត់ធ្មត់បាន​ខ្ពស់​ និង​ត្រូវ​បន្ត​ចូលរួម​ការ​បោះឆ្នោត​នា​ខែកក្កដា ឆ្នាំ​២០២៣​ខាង​មុខ៕

XS
SM
MD
LG