បណ្ដាញព័ត៌មានរបស់រដ្ឋក្នុងប្រទេសឡាវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលឡាវបានចេញសេចក្តីណែនាំថ្មីមួយ សម្រាប់រៀបចំចាត់ចែងទំនប់វារីអគ្គិសនី ដែលមានគោលបំណងធ្វើឲ្យការខ្វះខាតទឹក និងទឹកជំនន់មានតិចបំផុត ខណៈដែលមានការជជែកដេញដោលគ្នាអំពីថា តើទំនប់វារីអគ្គីសនីរបស់ខ្លួនបានផ្លាស់ប្តូរទន្លេមេគង្គដ៏សំខាន់នោះយ៉ាងដូចម្តេច។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
កាសែត Vientiane Times បានរាយការណ៍ថា អនុក្រឹត្យថ្មីដែលនឹងចូលជាធរមាននៅថ្ងៃទី៤ ខែមីនាខាងមុខនេះ តម្រូវឲ្យក្រុមហ៊ុនគ្រប់គ្រងវារីអគ្គីសនីទាំងអស់ជូនដំណឹងដល់ពួកអាជ្ញាធរ នៅពេលណាអាងទឹកទាំងនោះផ្ទុកទឹកដល់កម្រិតអតិបរមា ឬនៅពេលដែលកម្រិតទឹកទន្លេផ្នែកខាងក្រោមធ្លាក់ចុះដល់កម្រិតទាបគួរឲ្យព្រួយបារម្ភ។
កាសែតនោះបានរាយការណ៍ទៀតថា៖ «ការរៀបចំចាត់ចែងប្រកបដោយប្រសិទ្ធភាពនូវធនធានទឹកនិងទន្លេ ជាពិសេសធនធានទាំងឡាយដែលត្រូវបានប្រើប្រាស់ដោយរោងចក្រវារីអគ្គីសនី ត្រូវបានគេមើលឃើញថាជាការសំខាន់ នៅពេលដែលឡាវខិតខំស្ថាបនាទំនប់ទឹកកាន់តែច្រើនថែមទៀត ហើយក្លាយជាប្រទេសនាំចេញអគ្គីសនីដ៏សំខាន់មួយ»។
ក្រសួងថាមពល និងក្រសួងការបរទេសឡាវ មិនបានឆ្លើយតបកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញទៅនឹងសំណើសុំធ្វើអត្ថាធិប្បាយស្តីពីអនុក្រឹត្យនេះទេ។ ការអភិវឌ្ឍទំនប់វារីអគ្គីសនីជាផែនការដ៏សំខាន់របស់ឡាវដើម្បីនាំចេញអគ្គីសនីប្រហែល ២ ម៉ឺនម៉េហ្គាវ៉ាត់ ទៅកាន់បណ្តាប្រទេសជិតខាងត្រឹមឆ្នាំ ២០៣០។
តាមគម្រោងឃ្លាំមើល Mekong Infrastructure Tracker ដែលផ្តល់ថវិកាដោយសហរដ្ឋអាមេរិកបានឲ្យដឹងថា ទំនប់ទឹកយ៉ាងហោចណាស់ចំនួន ៥០ ត្រូវបានស្ថាបនាក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះនៅលើទន្លេនិងស្ទឹងរាប់រយក្នុងប្រទេសឡាវ ហើយទំនប់ទឹកថ្មីយ៉ាងហោចណាស់ចំនួន ១៤ ដែលស្ថិតនៅលើដងទន្លេមេគង្គ និងនៅតាមដៃទន្លេមេគង្គ ត្រូវបានសាងសង់រួចរាល់ចាប់តាំងពីឆ្នាំ ២០១៨ មក។
ក្រុមអ្នកបរិស្ថាននិយាយថា ទំនប់ទឹកទាំងនេះបានបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីដ៏ផុយស្រួយរបស់ទន្លេមេគង្គ។
ការបញ្ចេញទឹកភ្លាមៗបណ្ដាលឲ្យមានទឹកជំនន់ ហើយការទប់ទឹកទុកបណ្ដាលឲ្យមានការខ្វះខាតទឹកនៅខ្សែទឹកខាងក្រោម ដែលបានបង្កឲ្យមានការត្អូញត្អែរពីសំណាក់អ្នកនេសាទ និងកសិករទាំងនៅក្នុងប្រទេសឡាវ និងនៅតាមបណ្ដាប្រទេសជិតខាង ដែលស្ថិតនៅតាមខ្សែទឹកខាងក្រោម ដែលរួមមានទាំងប្រទេសថៃ និងប្រទេសកម្ពុជាផងដែរ ដែលមានប្រជាជនរាប់លាននាក់ពឹងផ្អែកលើទន្លេមេគង្គដើម្បីផ្គត់ផ្គង់ជីវភាពរបស់ពួកគេ៕