ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ច្រានចោល​របាយការណ៍​បច្ចេកទេស​ថ្មី​អំពី​ទំនប់​វារីអគ្គិសនី Sanakham របស់​ឡាវ


រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​កន្លែង​សាងសង់​ទំនប់វារីអគ្គិសនី Luang Prabang នៅ​លើ​ដង​ទន្លេមេគង្គ ក្នុង​ខេត្ត Luang Prabang។
រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​កន្លែង​សាងសង់​ទំនប់វារីអគ្គិសនី Luang Prabang នៅ​លើ​ដង​ទន្លេមេគង្គ ក្នុង​ខេត្ត Luang Prabang។

ប្រទេស​ថៃ​បាន​ច្រានចោល​របាយការណ៍​បច្ចេកទេស​ថ្មី​មួយ​អំពី​គម្រោង​ទំនប់​វារីអគ្គិសនី Sanakham របស់​ប្រទេស​ឡាវ ដែលជា​ទំនប់​មួយ​ក្នុង​ចំណោម​ទំនប់​វារី​អគ្គិសនី​ទ្រង់ទ្រាយ​ធំ​ចំនួន ៩ នៅ​តាម​ខ្សែ​ទឹក​ទន្លេ​មេគង្គ ដែល​មាន​សារៈសំខាន់​ចំពោះ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដ៏​ប្រទាំង​ប្រទើស​របស់​រដ្ឋាភិបាល​ឡាវ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​ឡាវ​ក្លាយជា «អាគុយ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍»។

ទំនប់​វារីអគ្គិសនី Sanakham ដែល​ផ្ដល់​ថាមពល​អគ្គិសនី ៦៨៤ មេហ្កាវ៉ាត់ គឺជា​ទំនប់​មួយ​ក្នុង​ចំណោម​ទំនប់​វារី​អគ្គិសនី​ចំនួន ៧ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ផ្សេង​គ្នា​នៃ​ការ​រៀបចំ​គម្រោង។ ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ២ ពាន់​លាន​ដុល្លារ ទំនប់​នេះ​ត្រូវការ​ពេល ៨ ឆ្នាំ ដើម្បី​បញ្ចប់​ការ​សាងសង់​នៅ​ក្នុង​ខេត្ត Xayaburi ភាគ​ពាយ័ព្យ​ប្រទេស​ឡាវ។

ការិយាល័យ​ជាតិ​ធនធាន​ទឹក​របស់​ប្រទេស​ថៃ​បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ឡាវ​កាល​ពី​ថ្ងៃ​អង្គារ​ទី ១៩ ខែ​មករា​កន្លង​ទៅ​នេះ​ថា ខ្លួន​មិន​ទទួល​យក​របាយការណ៍​កែប្រែ​ជា​ថ្មី​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​របស់​ចិន​ឈ្មោះ Datang Corporation Limited ដែល​បាន​ដាក់​ជូន​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​របស់​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មករា​នោះ​ទេ។

លោក Somkiat Prajamwong អគ្គលេខាធិការ​ការិយាល័យ​ជាតិ​ធនធាន​ទឹក​របស់​ប្រទេស​ថៃ បាន​និយាយ​ថា៖ «ទាំង​ការិយាល័យ​របស់​យើង​និង​ទាំង​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​របស់​ប្រទេស​ថៃ បាន​សន្និដ្ឋាន​ថា ព័ត៌មាន​នៅ​ក្នុង​របាយការណ៍​ថ្មី​នេះ​គឺ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយទេ»។

លោក Somkiat បាន​បញ្ជាក់​ថា របាយការណ៍​ថ្មី​នេះ​មិន​បាន​បញ្ចូល​ទិន្នន័យ​អំពី​ផល​ប៉ះពាល់​លើ​បរិស្ថាន ឬ​ក៏​អំពី​របៀប​ដែល​វា​នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ដែល​ស្ថិត​នៅ​ខាង​ក្រោម​ទំនប់​វារីអគ្គិសនី​ដែល​បាន​ស្នើ​ឡើង​នេះ​ឡើយ។

លោក​បាន​ស្នើ​ក្រុមហ៊ុន​សាងសង់​ទំនប់​នេះ​ឲ្យ​ធ្វើ​ការ​វាយតម្លៃ​ឲ្យ​បាន​ទូលំទូលាយ​អំពី​ផល​ប៉ះពាល់​លើ​បរិស្ថាន និង​ជា​ថ្មី​ម្ដង​ទៀត​កែ​សម្រួល​របាយការណ៍​នេះ​មុន​ពេល​ការ​ប្រឹក្សា​យោបល់​ដំណាក់កាល​បន្ទាប់​ត្រូវ​បាន​ធ្វើ​ឡើង។

វិទ្យុ​អាស៊ី​សេរី​បាន​ទាក់ទង​ក្រសួង​ថាមពល​និង​រ៉ែ​របស់​ប្រទេស​ឡាវ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ចំពោះ​សំណួរ​អំពី​គម្រោង​ទំនប់​វារីអគ្គិសនី Sanakham នេះ​ទេ។

ទោះជា​យ៉ាង​នេះ​ក្ដី ក្រសួង​នេះ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ថៃ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​ថា ខ្លួន​នឹង​គោរព​តាម​លក្ខខណ្ឌ​ទាំង​អស់​ដើម្បី​ចាប់ផ្ដើម​គម្រោង​នេះ ហើយ​ខ្លួន​កំពុង​រង់ចាំ​យោបល់​ពី​ប្រទេស​ផ្សេង​ទៀត​ដែល​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ។

ទំនប់​វារីអគ្គិសនី Sanakham ត្រូវ​បាន​គ្រោង​សាងសង់​នៅ​លើ​ទន្លេ​មេគង្គ ភាគ​ខាង​ជើង​ភូមិ Veunkham ក្នុង​ស្រុក Kenthao ខេត្ត Xayaburi។ គម្រោង​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ជម្លៀស​ប្រជាពលរដ្ឋ​ប្រហែល ៣ ពាន់​នាក់​នៃ​ភូមិ​ចំនួន ១៣៕

XS
SM
MD
LG