ការផ្តើមគំនិតរបស់អង្គការសុខភាពពិភពលោករាយការណ៍ថា ខ្លួនមិនបានទទូលប្រាក់ដែលត្រូវការសម្រាប់ផ្តល់ឱ្យក្រុមប្រទេសក្រីក្រនូវវ៉ាក់សាំង ការព្យាបាល និងការធ្វើរោគវិនិច្ឆ័យដើម្បីប្រយុទ្ធនឹងវីរុសកូរ៉ូណាទេ។
ការមានឧបករណ៍សម្រាប់បង្កើនការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហៅកាត់ថា ACT ជាការផ្តើមគំនិតមួយធ្វើឡើងដោយអង្គការសុខភាពពិភពលោក WHO និងពួកដៃគូដើម្បីប្រយុទ្ធនឹងជំងឺនេះ ដែលបណ្តាលមកពីវីរុសកូរ៉ូណា។ លោក Bruce Aylward អ្នកសម្របសម្រួលការផ្តើមគំនិតនេះនិយាយថា ប្រាក់បានមកពីប្រទេសជាតិនានាតិចៗ នៅពេលដែលគួរមានប្រាក់ជំនួយដ៏ច្រើនដូចទឹកជំនន់នោះ។
លោក Aylward បាននិយាយថា៖ «លោកអ្នកដឹងទេថានៅពេលនេះ ការផ្តល់ប្រាក់កាសជាអ្វីដែលឈរនៅចន្លោះយើង និងការចេញពីការរាតត្បាតជាសាកលនៃជំងឺនេះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។ នេះជាការនិយាយត្រង់ៗតែម្តង»។
អង្គការ WHO រាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាជាសាកលចំនួន៧១លាននាក់ដោយមានរួមបញ្ជូលទាំងមនុស្សស្លាប់ជាង១លាន ៦សែននាក់ ផងដែរ។
លោក Aylward និយាយថា គេត្រូវការឱ្យមានសកម្មភាពជាបន្ទាន់សម្រាប់បំពេញការខ្វះប្រាក់២៨ពាន់លានដុល្លារសម្រាប់កម្មវិធី ACT។ លោកបានថ្លែងថា ការចែកចាយដោយស្មើគ្នានូវឧបករណ៍ស្រោចស្រង់ជីវិតពីជំងឺកូវីដ១៩នៅក្នុងក្រុមប្រទេសក្រីក្រក្នុងឆ្នាំក្រោយ អាស្រ័យលើទឹកប្រាក់នេះ។
លោក Aylward បានថ្លែងថា៖ «ការផ្តោតការយកចិត្តទុកដាក់លើវ៉ាក់សាំង ជាការមានសារៈសំខាន់ដាច់ខាតដែលយើងបន្តពិនិត្យមើល មិនមែនតែលើការវិនិច្ឆ័យរោគប៉ុណ្ណោះទេ តែទៅលើការព្យាបាលដែរ បើយើងនឹងជួយស្រោចស្រង់ជីវិត និងបញ្ចៀសកុំឱ្យការស្លាប់ច្រើនដែលជាផ្នែកសំខាន់នៃការបង្កើនសមត្ថភាពផ្នែកព្យបាលបន្ទាន់ គម្លាតខាងសង្គម ដែលនាំឱ្យមានការបង្អាក់សេដ្ឋកិច្ច»។
លោក Bruce Aylward បាននិយាយថា ក្រុមប្រទេសមានប្រាក់ចំណូលទាប និងមធ្យម កំពុងត្រូវទុកឱ្យនៅក្រោយគេដោយពួកប្រទេសមានធនធានច្រើនក្នុងការប្រជែងទិញវ៉ាក់សាំងឱ្យបានច្រើន តាមដែលអាចធ្វើបាន។ លោកបានអំពាវនាវដល់ពួកប្រទេសមានធនធានច្រើន ឱ្យធ្វើវិភាគទានដល់ COVAX ដែលជាការផ្តើមគំនិតរបស់អង្គការ WHO ដែលបានត្រូវបង្កើតឡើងសម្រាប់ផ្តល់វ៉ាក់សាំងដល់ក្រុមប្រទេសក្រីក្រដោយតម្លៃទាប។
លោកបានពោលថា នៅពេលនេះ COVAX គ្មានប្រាក់សម្រាប់ទិញវ៉ាក់សាំងពីរពាន់លានដូសសម្រាប់ចែកចាយដល់ប្រទេសកំពុងអភិវឌ្ឍន៍៩២ នៅឆ្នាំក្រោយទេ។
លោក Bruce Aylward បាននិយាយថា៖ «ដូច្នេះអ្វីដែលយើងកំពុងព្យាយាមធ្វើជាមួយវ៉ាក់សាំងពីរពាន់លានដូសទាំងនោះ គឺប្រើក្នុងវិធីមួយសម្រាប់បន្ធូរការងារក្នុងផ្នែកព្យាបាលជាបន្ទាន់ ការមិននៅជិតគ្នាខាងសង្គម និងធ្វើឱ្យសេដ្ឋកិច្ចមានដំណើរការវិញ។ ការមានវ៉ាក់សាំងពីរពាន់លានដូសទាំងនោះ ក៏ដើម្បីកម្ចាត់ការភ័យខ្លាចជំងឺនេះ ធ្វើឱ្យមានទំនុកចិត្តនៅកម្រិតនៃការប្រើប្រាស់គ្រឿងឧបភោគបរិភោគនៅកម្រិតសាជីវកម្ម នៅកម្រិតសហគមន៍ និងនៅកម្រិតប្រទេសផងដែរ។ នេះជាអ្វីដែលយើងអាចធ្វើបានជាមួយទឹកប្រាក់នេះ។ តែយើងមិនអាចធ្វើការទាំងនេះបានទេ បើគ្មានប្រាក់៥ពាន់លានដុល្លារសម្រាប់បំពេញការខ្វះខាតនេះទេនោះ»។
លោក Aylward បានពោលថា ការអភិវឌ្ឍន៍វ៉ាក់សាំងដោយជោគជ័យប្រឆាំងនឹងជំងឺកូវីដ១៩បំផុសសេចក្តីសង្ឃឹមក្នុងការបញ្ឈប់វិបត្តិសុខភាពនេះ។ លោកបាននិយាយដោយប្រុងប្រយ័ត្នថា នឹងត្រូវចំណាយពេលមួយរយៈសម្រាប់ផលិត និងបញ្ចេញវ៉ាក់សាំងទាំងអស់ដែលគេត្រូវការសម្រាប់កម្ចាត់ការរាតត្បាតនៃជំងឺនេះពីពិភពលោក៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ