សហរដ្ឋអាមេរិកបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បន្ទាប់ពីវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនឱសថ Pfizer សហការជាមួយក្រុមហ៊ុនឱសថ BioNTech ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងពេលថ្មីៗនេះ។
រដ្ឋ New York បានចាប់ផ្តើមចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាលនៅថ្ងៃចន្ទនេះ ដោយអ្នកស្រីSandra Lindsay គឺជាគិលានុប្បដ្ឋាយិកាដំបូងគេដែលទទួលបានវ៉ាក់សាំងការពារនេះ។
លោកប្រធានាធិបតីអាមេរិក Donald Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Twitter របស់លោកថា៖ «ការចាក់វ៉ាក់សាំងជាលើកដំបូងត្រូវបានធ្វើឡើង។ ចូលរួមអបអរសាទរសហរដ្ឋអាមេរិក! ចូលរួមអបអរសាទរពិភពលោកទាំងមូល!»
ការដឹកជញ្ជូនវ៉ាក់សាំងដែលត្រូវរក្សាទុកក្នុងកម្រិតត្រជាក់ខ្លាំងនោះ ត្រូវបានធ្វើឡើងដោយការដឹកចេញពីឃ្លាំងផលិតឱសថរបស់ក្រុមហ៊ុន Pfizer ក្នុងទីក្រុង Kalamazoo រដ្ឋ Michigan កាលពីថ្ងៃអាទិត្យ ដើម្បីដឹកជញ្ជូនតាមជើងយន្តហោះក្នុងលក្ខណៈបន្ទាន់ទៅកាន់មជ្ឈមណ្ឌលក្នុងតំបន់ផ្សេងៗនៅទូទាំងសហរដ្ឋអាមេរិក។
លោក Stephen Hahn ប្រធានរដ្ឋបាលស្បៀងអាហារនិងឱសថសហរដ្ឋអាមេរិកបានប្រាប់ទូរទស្សន៍ CNN ថា វ៉ាក់សាំងចំនួន ១៨៤.០០០ដប ត្រូវបានដឹកចេញតាមក្បួនរថយន្តទីមួយពីទីតាំងផលិតឱសថរបស់ក្រុមហ៊ុន Pfizer។
បុគ្គលិកសុខាភិបាលនិងមនុស្សចាស់ដែលស្ថិតក្នុងមណ្ឌលថែរក្សាមនុស្សចាស់ជាអ្នកមានអាទិភាពដំបូងគេក្នុងការទទួលបានវ៉ាក់សាំងការពារនោះដែលមានចំនួន២,៩លានដូសក្នុងជុំទី១ខណៈពេលដែលករណីនៃការឆ្លងថ្មីៗនៃជំងឺកូវីដ១៩កំពុងផ្ទុះឡើងខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះដែរលោកប្រធានាធិបតី Trump ក៏បានកែប្រែបទបញ្ជារបស់លោកដែលបានកំណត់ថាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដែលក្នុងនោះមានបុគ្គលិកមួយចំនួនរបស់សេតវិមានផងដែរក៏អាចទទួលបានវ៉ាក់សាំងការពារនៅក្នុងជុំទី១នេះ។
នៅក្នុងសារបង្ហោះតាមប្រព័ន្ធ Twitter នៅយប់ថ្ងៃអាទិត្យលោកត្រាំបញ្ជាក់ថាបុគ្គលិករបស់សេតវិមាននឹងត្រូវចាក់វ៉ាក់សាំងការពារនៅក្នុងកម្មវិធីបន្ទាប់លើកលែងតែអ្នកដែលចាំបាច់ពិសេសដែលអាចត្រូវទទួលបានភ្លាមៗ។លោកក៏បានបញ្ជាក់ផងដែរថារូបលោកផ្ទាល់នឹងមិនមានគម្រោងទទួលចាក់វាក់សាំងភ្លាមៗនៅពេលនេះទេ តែលោកទន្ទឹងរង់ចាំចាក់វ៉ាក់សាំងនេះ«នៅពេលសមស្របណាមួយ»។
សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងប្រទេសនានានៅលើពិភពលោកដែលក្នុងនោះមានអ្នកស្លាប់ដោយសារជំងឺនេះជិត៣០០.០០០នាក់និងអ្នកឆ្លងចំនួនសរុបជាង១៦លាននាក់។ នេះបើតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។
លោក Hahn គូសបញ្ជាក់ថាពលរដ្ឋអាមេរិកប្រមាណ ២០លាននាក់ អាចទទួលបានវាក់សាំងការពារជំងឺកូវីដ១៩ក្នុងដូសទី១នៅត្រឹមដំណាច់ខែធ្នូឆ្នាំ២០២០នេះ។
ដោយឡែកលោក Moncef Slaoui ប្រធានទីប្រឹក្សាអភិវឌ្ឍន៍វ៉ាក់សាំងរបស់រដ្ឋាភិបាលសហព័ន្ធបានប្រាប់កម្មវិធីទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យថាពលរដ្ឋអាមេរិកាំងប្រមាណ ១០០លាននាក់អាចទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅដំណាច់ខែមីនាឆ្នាំ២០២១ខាងមុខនេះ។
វ៉ាក់សាំងនេះត្រូវរក្សាទុកក្នុងកម្រិតត្រជាក់ដក ៧០ អង្សាសេមុនពេលត្រូវយកមកចាក់៕