មេគំនិតនៅពីក្រោយរឿងអាស្រូវ 1MDB នៃប្រទេសម៉ាឡេស៊ីត្រូវបានកាត់ទោសដោយកំបាំងមុខឱ្យជាប់គុកដោយធ្វើការធ្ងន់១០ឆ្នាំក្នុងប្រទេសកូវ៉ែតដោយសារបានលាងលុយកខ្វក់១ពាន់លានដុល្លារ។ នេះបើតាមសាលក្រមដែលទីភ្នាក់ងារសារព័ត៌មាន AFP បានឃើញកាលពីថ្ងៃពុធ។
អ្នកជំនាញខាងហិរញ្ញវត្ថុម៉ាឡេស៊ីឈ្មោះ Low Taek Jho ដែលមានឈ្មោះថា Jho Low ដែរនោះ ត្រូវបានកាត់ទោសជាមួយ sheikh ឬអ្នកត្រកូលអភិជនកូវ៉ែតម្នាក់និងពួករួមគំនិតបីនាក់ទៀតក្នងករណីអន្តរជាតិថ្មីបំផុតមួយទាក់ទិននឹងការឆបោកមានប្រាក់រាប់ពាន់លានដុល្លារ។
តុលាការព្រហ្មទណ្ឌនៃប្រទេសកូវ៉ែតបាននិយាយថាបុសទាំងប្រាំនាក់នេះបានលាងប្រាក់ចំនួន«៣៤៣,៧លាន dinars កូវ៉ែតស្មើនឹង១,១ពាន់លានដុល្លារទោះជាដឹងថាទឹកប្រាក់នេះបានមកពីការគៃបន្លំមូលនិធិធនធានអធិបតេយ្យ1Malaysia Development Berhad (1MDB)»ក៏ដោយ។
Sheikh Sabah Jaber Mubarak al-Sabah ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីកូវ៉ែតម្នាក់និងដៃគូធុរកិច្ចរបស់គាត់បានទទួលទោសជាប់គុកធ្វើការធ្ងន់១០ឆ្នាំដូចគ្នា ចំណែកឯមេធាវីកូវ៉ែតម្នាក់មានទោសជាប់គុក៧ឆ្នាំ។
ឈ្មោះ Low ដែលថាគាត់គ្មានទោសពៃរ៍ទេនិងឈ្មោះ Mohammad Kiwan ដែលមិនមែនជាជនជាតិកូវ៉ែតដែរនោះ មានទោសជាប់គុក១០ឆ្នាំដោយកំបាំងមុខ។ បុរសជាប់ទោសទាំងពីរនាក់នេះមានសិទ្ធិតវ៉ាឡើងឧទ្ធរណ៍។
បើតាមតុលាការថា Sheikh Sabah បានទទួលប្រាក់នេះសម្រាប់គម្រោងការណ៍កសាងប្រឌិតបោកប្រាស់មួយ ហើយបន្ទាប់មកទឹកប្រាក់នេះត្រូវបានផ្ទេរទៅគណនេយ្យផ្សេងៗ មានរួមទាំងកន្លែងគេចពន្ធដារផងដែរ ដោយប្រើល្បិចហិរញ្ញវត្ថុសាំញ៉ាំ។
អតីតមេដឹកនាំម៉ាឡេស៊ី លោកNajib Razak ត្រូវបានបោះឆ្នោតដកហូតពីតំណែងកាលពីឆ្នាំ២០១៨ក្រោយមានការចោទប្រកាន់អំពីការគៃបន្លំប្រាក់។ តុលាការបានកាត់ទោសលោកក្នុងឆ្នាំ២០២០ ហើយនៅពេលនេះ លោកកំពុងជាប់គុក១២ឆ្នាំ៕