ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ថ្មី​របស់​ម៉ាឡេស៊ី​ពោរពេញ​ដោយ​ភាព​មិន​ចុះ​សម្រុង​គ្នា​ដ៏​ស្មុគស្មាញ


នាយករដ្ឋមន្ត្រី​តែងតាំង​ថ្មី​របស់​ម៉ាឡេស៊ី​គឺ​លោក Anwar Ibrahim បក់​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​ក្រោយ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុងSungai Long រដ្ឋ Selangor កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។
នាយករដ្ឋមន្ត្រី​តែងតាំង​ថ្មី​របស់​ម៉ាឡេស៊ី​គឺ​លោក Anwar Ibrahim បក់​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​ក្រោយ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុងSungai Long រដ្ឋ Selangor កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

អ្នក​វិភាគ​នានា​បាន​លើកឡើង​ថា ភាព​តានតឹង​ចម្បង​ទាក់ទិន​នឹង​ការ​ប្រកួត​ប្រជែង​និង​អំពើ​ពុករលួយ​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​ទំនង​ជា​នឹង​សាកល្បង​លើ​ភាព​រឹង​មាំ​របស់​រដ្ឋាភិបាល​នេះ​នៅ​ក្នុង​ឆ្នាំ​ទី​មួយ​និង​ឆ្នាំ​ទីពីរ​នៃ​ការ​កាន់​អំណាច​របស់​ខ្លួន ហើយ​និង​ធ្វើ​ឱ្យ​នាយករដ្ឋមន្ត្រី​ដែល​មាន​ទស្សនៈ​វិវឌ្ឍ​និយម​របស់​ខ្លួន​មិន​អាច​ជំរុញ​ទៅ​មុខ​នូវ​កំណែ​ទម្រង់​លើ​សមភាព​ជាតិ​សាសន៍​ដែល​ខ្លួន​បាន​សន្យា​ជា​យូរ​មក​ហើយ។

ជា​លើក​ដំបូង​បង្អស់​សម្រាប់​ប្រទេស​ម៉ាឡេស៊ី ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាលពី​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​គណបក្ស​ណា​មួយ​ឈ្នះ​បាន​សំឡេង​ភាគ​ច្រើន​នៃ​អាសនៈ​ចំនួន ២២២ នៅ​ក្នុង​រដ្ឋសភា។

បន្ទាប់ពី​បាន​ចរចា​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​រួច​មក​ក្នុង​ចំណោម​គណបក្ស​នានា​ដែល​នៅតែ​មិន​អាច​បង្កើត​សម្ពន្ធភាព​ដែល​មាន​សំឡេង​ភាគ​ច្រើន​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន ព្រះមហាក្សត្រ Al-Sultan Abdullah Sultan Ahmad Shah ដែល​ជា​ព្រះរាជា​តាម​រដ្ឋធម្មនុញ្ញ​របស់​ម៉ាឡេស៊ី បាន​តែងតាំង​លោក Anwar Ibrahim ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​យូរ​អង្វែង ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថ្មី ហើយ​លោក​បាន​ស្បថ​ចូល​កាន់​តំណែង​កាលពី​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។

វា​គឺ​ជា​ការ​ផ្លាស់ប្ដូរ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​មួយ​សម្រាប់​លោក Anwar ដែល​បាន​ជាប់​ពន្ធនាគារ​រយៈពេល ១០ ឆ្នាំ​ដោយសារ​ការ​កាត់ទោស​ពី​បទ​ពុករលួយ​និង​ការ​រួម​ភេទ ដែល​លោក​បាន​និយាយ​ថា​គឺ​ជា​រឿង​នយោបាយ។

ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា ព្រះមហាក្សត្រ​ក៏​បាន​ចេញ​ព្រះ​រាជ​បញ្ជា​ផង​ដែរ​ឱ្យ​គណបក្ស Pakatan Harapan ដែល​ជា​គណបក្ស​មាន​ជាតិ​សាសន៍​ចម្រុះ​របស់​លោក Anwar ចង​សម្ពន្ធភាព​ជាមួយ​នឹង​គណបក្ស Barisan Nasional ដែល​ជា​គូ​ប្រជែង​ដ៏​ខ្លាំងក្លា​របស់​ខ្លួន​ដែល​គាំទ្រ​ជាតិ​សាសន៍​ម៉ាឡេ​កាន់​សាសនា​អ៊ិស្លាម​ដែល​ជា​ជាតិ​សាសន៍​ភាគច្រើន​នៅ​ក្នុង​ប្រទេស។ គណបក្ស​តូចៗ​ពីរ​ទៀត​ដែល​តំណាង​ឱ្យ​ជាតិ​សាសន៍​ម៉ាឡេស៊ី​ភាគតិច​នៅ​លើ​កោះ Borneo ក៏​បាន​ប្ដេជ្ញា​ស្មោះស្ម័គ្រ​ចំពោះ​រដ្ឋាភិបាល​ថ្មី​នេះ​ចាប់​តាំងពី​ពេល​នោះ​មក​ផង​ដែរ។

ក្រៅពី​ទស្សនៈ​ផ្ទុយ​គ្នា​ទាក់ទិន​នឹង​សិទ្ធិ​ជាតិ​សាសន៍ គណបក្ស Pakatan Harapan និង​គណបក្ស Barisan Nasional ក៏​ស្ថិត​នៅ​ជ្រុង​ផ្សេង​គ្នា​ផង​ដែរ​នៃ​រឿង​អាស្រូវ​ពុករលួយ​កាលពី​ពេល​ថ្មីៗ​នេះ​របស់​ប្រទេស​ម៉ាឡេស៊ី។

លោក Najib Razak ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​និង​ជា​ប្រធាន​គណបក្ស Barisan Nasional កំពុង​ជាប់​ពន្ធនាគារ​រយៈពេល ១២ ឆ្នាំ​ក្រោម​ការ​ផ្តន្ទាទោស​លើ​បទ​ចោទ​ប្រកាន់​ដែល​ថា​លោក​បាន​លួច​ថវិកា​ប្រមាណ ៤.៥០០ លាន​ដុល្លារ​អាមេរិក​ពី​មូលនិធិ​របស់​ក្រុមហ៊ុន 1MDB របស់​រដ្ឋ។

មន្ត្រី​មួយ​ចំនួន​ទៀត​នៃ​គណបក្ស Barisan Nasional ក៏​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ពុករលួយ​ផ្សេង​ទៀត​ដែរ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​លោក Ahmad Zahid Hamidi ដែល​ជា​ប្រធាន​គណបក្ស​នេះ​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ។

ប៉ុន្តែ​សម្រាប់​លោក Anwar នៃ​គណបក្ស Pakatan Harapan លោក​បាន​ចាត់ទុក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ថា​ជា​អាទិភាព​ចម្បង​មួយ​នៅ​ក្នុង​អាជីព​នយោបាយ​របស់​លោក។

លោក James Chin ដែល​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Tasmania ដែល​សិក្សា​អំពី​នយោបាយ​ម៉ាឡេស៊ី បាន​និយាយ​ថា រដ្ឋាភិបាល​ថ្មី​របស់​ម៉ាឡេស៊ី​នេះ​អាច​ឆ្លង​ផុត​ពី​ភាព​ផ្ទុយ​គ្នា​នេះ​និង​អាច​ដំណើរការ​ទៅ​មុខ​រហូត​ដល់​ចប់​អាណត្តិ​រយៈពេល ៥ ឆ្នាំ​របស់​ខ្លួន​បាន​ឬ​ក៏​អត់​គឺ​អាស្រ័យ​យ៉ាង​ខ្លាំង​លើ​គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​លោក Anwar នឹង​បង្កើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ និង​លើ​ថា​តើ​គណបក្ស​មួយ​ណា​នឹង​កាន់​មុខ​តំណែង​សំខាន់ៗ។

លោក Chin ថ្លែង​ទៀត​ថា ការ​ពិត​ដែល​ថា​សម្ពន្ធភាព​គណបក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រាជវង្សានុវង្ស​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ម៉ាឡេស៊ី​នេះ​គឺ​ប្រហែល​ជា​អាច​ជួយ​ឱ្យ​គណបក្ស​នេះ​អាច​ឈរ​ជើង​បាន​យ៉ាង​ហោច​ណាស់​ក៏​រយៈពេល​ពីរ​បី​ឆ្នាំ​ដែរ។

លោក Chin បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​នេះ​នឹង​មាន​ស្ថិរភាព​ខ្លាំង​គួរសម យ៉ាង​ហោច​ណាស់​គ្មាន​អ្វី​នឹង​កើតឡើង​នោះ​ទេ​សម្រាប់​រយៈពេល​ពីរ​ឬ​ក៏​បី​ឆ្នាំ​ខាង​មុខ​នេះ»។

លោក​បាន​បន្ថែម​ថា៖ «វា​ច្បាស់​ណាស់​ថា លោក [Anwar] បាន​ទទួល​ការ​គាំទ្រ​ពី​ព្រះមហាក្សត្រ។ នេះ​គឺ​ជា​កត្តា​សំខាន់​មួយ​នៅ​ក្នុង​នយោបាយ​ម៉ាឡេស៊ី»។

ដោយសារ​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​ចំនួន ៦ ក្នុង​ចំណោម​រដ្ឋ​ទាំង ១១ របស់​ម៉ាឡេស៊ី​នៅ​ឆ្នាំ​ក្រោយ លោក Chin បាន​និយាយ​ថា គណបក្ស​ដែល​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ​នឹង​មិន​ចង់ «ធ្វើ​ឱ្យ​មាន​ការ​រង្គោះរង្គើ» នោះ​ទេ យ៉ាង​ហោច​ណាស់​ក៏​រហូត​ដល់​ពេល​នោះ​ដែរ។

លោក Adib Zalkapli នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ BowerGroupAsia បាន​និយាយ​ថា ការណ៍​ដែល​មាន​គណបក្ស Barisan Nasional និង​គណបក្ស​ដែល​តំណាង​ឱ្យ​ជាតិ​សាសន៍​ម៉ាឡេស៊ី​ភាគ​តិច​នៅ​លើ​កោះ Borneo នៅ​ក្នុង​សម្ពន្ធភាព​គណបក្ស​នេះ​ក៏​នឹង​ជួយ​កាត់​បន្ថយ​ការ​ភ័យខ្លាច​ដែល​ថា​គណបក្ស Pakatan Harapan នឹង​ធ្វើ​ព្រងើយ​កន្ដើយ​ចំពោះ​ផល​ប្រយោជន៍​របស់​ជាតិ​សាសន៍​ម៉ាឡេ​និង​ជាតិ​សាសន៍​ភាគតិច​នានា​ផង​ដែរ។

គណបក្ស Pakatan Harapan គឺ​ជា​គណបក្ស​ដែល​ទទួល​បាន​ការ​គាំទ្រ​ភាគ​ច្រើន​ពី​ជាតិ​សាសន៍​ចិន​និង​ឥណ្ឌា​ដែល​ជា​ជាតិ​សាសន៍​មាន​ចំនួន​ច្រើន​គួរសម​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

មជ្ឈមណ្ឌល​សម្រាប់​សារព័ត៌មាន​ឯករាជ្យ (Center for Independent Journalism) នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​រាប់​ឃើញ​ថា​មាន​ការ​កើនឡើង​នូវ​សារ​តាម​អនឡាញ​ដែល​មាន​លក្ខណៈ​រើសអើង​និង​ហិង្សា​អំពី​ជាតិ​សាសន៍​និង​សាសនា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សារ​មួយ​ចំនួន​ដែល​ហាក់​ដូចជា​មាន​គោល​បំណង​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​ផង​ដែរ។

លោក Adib ថ្លែង​ថា៖ «នេះ​គឺ​ជា​សម្ពន្ធភាព​គណបក្ស​ចម្រុះ​ដែល​តំណាង​ឱ្យ​ជាតិ​សាសន៍​ផ្សេងៗ​ច្រើន​បំផុត​ដែល​អ្នក​អាច​រំពឹង​ទុក​បាន បន្ទាប់ពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​បាន​បញ្ចប់​ទៅ។ ដូច្នេះ វា​នឹង​ធ្វើ​ឱ្យ​ភាព​តានតឹង​ថយចុះ យ៉ាង​ហោច​ណាស់​ក៏​សម្រាប់​រយៈពេល​ខ្លី​ដែរ»។

លោក Ahmad Martadha Mohamad សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Utara Malaysia ក៏​គិត​ថា រដ្ឋាភិបាល​ថ្មី​នេះ​នឹង​អាច​ឈរ​ជើង​បាន​យ៉ាង​ហោច​ណាស់​ក៏​រយៈពេល ១ ឆ្នាំ​ដែរ ដោយសារ​តែ​ការ​គាំទ្រ​ដ៏​មាន​ឥទ្ធិពល​ពី​ព្រះមហាក្សត្រ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក Ahmad បាន​បញ្ជាក់​ថា ការ​ខ្វែង​គំនិត​គ្នា​ផ្ទៃ​ក្នុង​នឹង​ចាប់ផ្ដើម​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ចំណង​របស់​សម្ព័ន្ធភាព​គណបក្ស​ចម្រុះ​នៃ​រដ្ឋាភិបាល​ថ្មី​នេះ ដែល​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​នេះ​ដួល​រលំ​នៅ​មុន​បញ្ចប់​អាណត្តិ​រយៈពេល ៥ ឆ្នាំ​របស់​ខ្លួន។

លោក Ahmad បាន​លើកឡើង​អំពី​កម្មវិធី​ចំណាត់ការ​វិជ្ជមាន​សម្រាប់​ក្រុម​ពលរដ្ឋ Bumiputra របស់​ប្រទេស​ម៉ាឡេស៊ី។ ពាក្យ Bumiputra នេះ​គឺ​ជា​ពាក្យ​ដែល​គេ​ប្រើ​សម្រាប់​សំដៅ​លើ​ទាំង​ជាតិ​សាសន៍​ម៉ាឡេ​និង​ជាតិ​សាសន៍​ភាគតិច​ផ្សេង​ទៀត ដែល​ជា​ស្នូល​នៃ​អត្តសញ្ញាណ​ដ៏​សំខាន់​របស់​គណបក្ស Barisan Nasional។

លោក Ahmad បាន​ថ្លែង​ថា៖ «ចាប់​តាំង​ពី​ដំបូង​មក ពួកគេ​តែងតែ​តស៊ូ​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ជាតិសាសន៍​ម៉ាឡេ​និង​ក្រុម​ពលរដ្ឋ Bumiputra។ ដូច្នេះ ការណ៍​ដែល​មាន​លោក Anwar ដែល​មាន​របៀបវារៈ​បែប​កំណែ​ទម្រង់​និយម​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​គណបក្ស​នានា​ដូចជា​គណបក្ស DAP [the Democratic Action Party] ជាដើម ដែល​បាន​តស៊ូ​ជា​បន្ដ​មក​ផង​ដែរ​ដើម្បី​សមភាព​សម្រាប់​ប្រជាជន ជាពិសេស​សម្រាប់​ជនជាតិ​ភាគតិច​នោះ គឺ​ជា​រឿង​សំខាន់»។

គណបក្ស DAP ដែល​ថ្នាក់​ដឹកនាំ​និង​អ្នក​គាំទ្រ​របស់​ខ្លួន​ភាគច្រើន​គឺ​ជា​ជាតិ​សាសន៍​ចិន​និង​ឥណ្ឌា បាន​ឈ្នះ​អាសនៈ​ភាគ​ច្រើន​នៅ​ក្នុង​សម្ពន្ធភាព​គណបក្ស Pakatan Harapan។

លោក Ahmad បាន​និយាយ​ថា៖ «ខ្ញុំ​ពិតជា​គិត​ថា លោក [Anwar] កំពុង​តែ​ប្រឈម​នឹង​កិច្ចការ​ដ៏​លំបាក​មួយ»។

លោក Ahmad បាន​បន្ថែម​ថា៖ «លោក [Anwar] ត្រូវតែ​ធ្វើ​ឱ្យ​មាន​តុល្យភាព​នូវ​របៀបវារៈ​របស់​គណបក្ស​លោក​និង​របៀបវារៈ​របស់​គណបក្ស​ដទៃទៀត​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល»។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ក្នុង​ចំណោម​សេចក្ដី​ថ្លែងការណ៍​ដំបូងៗ​របស់​លោក​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី លោក Anwar ហាក់​ដូចជា​បាន​ផ្ដោត​លើ​បញ្ហា​ដ៏​ធំ​នោះ​រួច​ទៅ​ហើយ ដោយ​លោក​បាន​សន្យា​ថា​នឹង​ប្រកាន់​យក​សាសនា​អ៊ិស្លាម​ជា​សាសនា​ផ្លូវការ​របស់​ប្រទេស​ម៉ាឡេស៊ី ហើយ​ស្រប​ពេល​នោះ​ដែរ​អំពាវនាវ​ឱ្យ​មាន «ប្រទេស​ម៉ាឡេស៊ី​មួយ​សម្រាប់​ប្រជាជន​ម៉ាឡេស៊ី​ទាំង​អស់»។

ទោះជា​យ៉ាង​នេះ​ក្ដី លោក Chin បាន​និយាយ​ថា លោក Anwar មិន​អាច​លៃលក​ឱ្យ​មាន​ការ​កែប្រែ​ជា​ដុំ​កំភួន​ណា​មួយ​លើ​កម្មវិធី​ចំណាត់ការ​វិជ្ជមាន​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ទេ។

លោក Chin លើកឡើង​ដូច្នេះ​ថា៖ «ប្រសិនបើ​ប្រជាជន​ម៉ាឡេ​ភាគច្រើន​គិត​ថា ជាតិ​សាសន៍​ម៉ាឡេ​មិន​ត្រូវ​បាន​គេ​ផ្ដល់​តម្លៃ​ឱ្យ ជាពិសេស​ទាក់ទិន​នឹង​បញ្ហា​សាសនា​អ៊ិស្លាម នោះ​គណបក្ស​នេះ​នឹង​មិន​អាច​នៅ​ឋិតថេរ​បាន​ទេ ដូច្នេះ​លោក [Anwar] ត្រូវតែ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្លាំង​បំផុត»។

លោក Chin បាន​ថ្លែង​បន្ថែម​ថា៖ «ប្រជាពលរដ្ឋ​ណា​ដែល​គិត​ថា​លោក [Anwar] នឹង​ធ្វើ​កំណែ​ទម្រង់​សំខាន់​ខ្លាំងក្លា​ណា​មួយ​គឺ​កំពុងតែ​យល់​ច្រឡំ​ហើយ»។

លោក Chin បាន​បញ្ជាក់​បន្ត​ទៀត​ថា ការ​គ្រប់គ្រង​សំណុំ​រឿង​ពុករលួយ​រាប់​សិប​ករណី​ដែល​មន្ត្រី​មួយ​ចំនួន​នៃ​គណបក្ស Barisan Nasional កំពុង​ប្រឈម​ក៏​ជា​បញ្ហា «លំបាក​ខ្លាំង​បំផុត» ផង​ដែរ​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ។

ទាំង​លោក Najib និង​លោក Ahmad Zahid សុទ្ធតែ​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ធ្វើ​ខុស​នៅ​ក្នុង​សំណុំ​រឿង​ពុករលួយ​របស់​ពួកគេ​នោះ​ទេ ដែល​សំណុំ​រឿង​ទាំង​នេះ​បាន​ចាប់ផ្ដើម​ឡើង​ក្នុង​អំឡុង​ពេល​ដែល​គណបក្ស Pakatan Harapan កាន់​អំណាច​ចាប់ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២០។ លោក​ទាំង​ពីរ​ក៏​បាន​អះអាង​ផង​ដែរ​ថា ពួកគេ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ។

លោក Chin បាន​និយាយ​ថា ករណី​ទាំង​នេះ​នឹង​មិន​បញ្ចប់​នោះ​ទេ ប៉ុន្តែ​ប្រហែល​ជា​នឹង​មាន​ដំណើរ​យឺតៗ ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​ថ្មី​ណា​មួយ​ធ្វើ​ឡើង​នោះ​ឡើយ យ៉ាង​ហោច​ណាស់​ក្នុង​រយៈពេល​មួយ ដើម្បី​ជួយ​រក្សា​គណបក្ស Barisan Nasional ឱ្យ​ស្ថិត​នៅ​ក្នុង​សម្ពន្ធភាព​គណបក្ស​ចម្រុះ​របស់​រដ្ឋាភិបាល​ថ្មី​នេះ។

លោក Chin បាន​បន្ថែម​ថា លោក Anwar ក៏​ទំនង​ជា​នឹង​ព្យាយាម​ផ្គាប់​ចិត្ត​គណបក្ស Barisan Nasional ផង​ដែរ​តាម​រយៈ​ការ​ផ្ដល់​តំណែង​ដ៏​មាន​ឥទ្ធិពល​បំផុត​និង​មាន​ថវិកា​ផ្គត់ផ្គង់​ច្រើន​បំផុត​មួយ​ចំនួន​នៅ​ក្នុង​គណៈ​រដ្ឋមន្ត្រី​ថ្មី​របស់​លោក ដូចជា​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ឬ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជាដើម។

លោក Ahmad បាន​ថ្លែង​ថា មាន​មនុស្ស​ជាច្រើន​កំពុង​ទន្ទឹង​រង់ចាំ​មើល​ថា​តើ​តំណែង​សំខាន់ៗ​ក្នុង​គណៈ​រដ្ឋមន្ត្រី​របស់​លោក Anwar នឹង​បាន​ទៅ​លើ​មន្ត្រី​របស់​គណបក្ស Barisan Nasionalដែល​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ​ដែរ​ឬ​ក៏​អត់។

លោក Ahmad បាន​បញ្ជាក់​ថា ប្រសិនបើ​ពួកគេ​អាច​ទទួល​បាន​តំណែង​សំខាន់ៗ​មែន​នោះ នោះ​គណបក្ស​នានា​នៅ​ក្នុង​សម្ពន្ធភាព​គណបក្ស Pakatan Harapan របស់​លោក Anwar ផ្ទាល់​អាច​នឹង​រង​សម្ពាធ​ដ៏​តឹងតែង​ពី​ក្រុម​អ្នក​គាំទ្រ​របស់​ពួកគេ​ឱ្យ​ចាកចេញ​ពី​រដ្ឋាភិបាល ដែល​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ដួល​រលំ។

លោក Ahmad និយាយ​ដូច្នេះ​ថា៖ «មនុស្ស​ជាច្រើន​នឹង​រំពឹង​នូវ​អ្វី​ដែល​ខុស​ពី​នេះ ដែល​តំណែង​សំខាន់ៗ​នៅ​គណៈរដ្ឋមន្ត្រី​គួរតែ​ត្រូវ​បាន​ទៅ​អ្នក​ដែល​មាន​ភាព​ស្អាតស្អំ»។

លោក​បាន​បន្ថែម​ថា៖ «រដ្ឋាភិបាល​របស់​លោក [Anwar] នឹង​មិន​មាន​ភាព​ឋិតថេរ​ខ្លាំង​នោះ​ទេ ប្រសិន​បើ​លោក​បញ្ចូល​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​ទៅ​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោក​នោះ»៕

ប្រែ​សម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG