ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំឡេង​អ្នក​កាសែត​ឯករាជ្យ​​លែង​ ឮ​ដូច​មុន ​ខណៈ​ប្រឈម​អត់​ការងារ​ធ្វើ​ការ​រើស​អើង ​និង​សុវត្ថិភាព


អតីត​អ្នកយក​ព័ត៌មាន​វិទ្យុអាស៊ីសេរី លោក យ៉ង ចាន់តារា អាយុ​២៥ ឆ្នាំ បាន​ផ្តល់​បទសម្ភាសន៍​ នៅ​ការិយាល័យ​ VOA កាល​ពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
អតីត​អ្នកយក​ព័ត៌មាន​វិទ្យុអាស៊ីសេរី លោក យ៉ង ចាន់តារា អាយុ​២៥ ឆ្នាំ បាន​ផ្តល់​បទសម្ភាសន៍​ នៅ​ការិយាល័យ​ VOA កាល​ពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ពេល​អ្នក​កាសែត​ឯករាជ្យ​​​បារម្ភ​ពី​សុវត្ថិភាព​ ​​​បាត់បង់​អាជីព​លែងមាន​សំឡេង​ដោយសារ ​​ប្រឈម​នឹង​ការ​រើសអើង​ ​ប្រជាពលរដ្ឋ​បង្ហាញ​ការ​សោកស្តាយ និង​រក​វិធី​ស្តាប់ព័ត៌មានតាមដែលអាច​ធ្វើ​បាន។

មុន​ពេលបិទ​ការិយាល័យ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ​លោក ​យ៉ង ចាន់តារា ​អតីត​អ្នក​យក​ព័ត៌មានវ័យ​ក្មេង​ម្នាក់នៅ​ស្ថាប័ន​នេះ​នៅ​មាន​រឿង​ចំនួន​ពីរ​ទៀត​ត្រូវ​បញ្ចប់ ​ក្រោយ​លោក​បាន​ចុះ​ទៅ​ប្រមូល​ព័ត៌មាន​ក្នុងខេត្ត​កោះកុង។ ​រឿង​ដែល​លោក​ត្រូវ​សរសេរ​នោះ ​គឺ​ទី​មួយ​អំពី​សក្តានុពល​ទេសចរណ៍​នៃ​កោះ​មួយ​ក្នុង​ខេត្ត​កោះកុង ​និង​មួយ​ទៀត​អំពី​ស្ថានភាព​នៃ​សកម្មជន​បរិស្ថាន​របស់​ចលនា​មាតា​ធម្មជាតិ​ ដែល​តស៊ូ​មតិ​ទៅ​លើ​បញ្ហា​បូម​ខ្សាច់។​

ពីរ​ថ្ងៃ​មុន​ការ​បិទ​ការិយាល័យ ​និង​បញ្ចប់​ការ​រាយ​ការណ៍​របស់​អ្នក​ព័ត៌មាន​អាស៊ីសេរី​នៅ​កម្ពុជា​ អត្ថបទ​របស់​លោក​ ចាន់តារា​ មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ស្តី​អំពី​ភាព​ខុសគ្នា​នៃ​ទិន្នន័យ​នាំ​ខ្សាច់​ចេញ​ទៅ​កោះ​តៃវ៉ាន់ ​ដែល​មាន​ការ​បាត់​បង់​ទឹកប្រាក់​ជាង​ ៣០​លាន​ដុល្លារ​អាមេរិក។​

លោក ​ចាន់តារា ​ក៏​បាន​បង្ហាញ​ក្តី​សោក​ស្តាយ​ដែរ​ ដែល​លោក​មិន​អាច​រាយ​ការណ៍​បន្ត​ទៀត ​ទាក់ទង​នឹង​បញ្ហា​នាំ​ចេញ​ខ្សាច់។ ​លោក​បាន​ថ្លែង​ប្រាប់​ VOA​ថា៖ ​

«អ្វី​ដែល​ជា​ការ​សោកស្តាយ​ជាង​គេ​បំផុត​របស់ខ្ញុំនោះ​គឺ​ សេចក្តី​រាយ​ការណ៍​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ជំនួញ​មិន​ប្រក្រតី ​ដូច​ជា​រឿង​ខ្សាច់​រឿង​អី​អីចឹង»។ ​

លោក​បន្ត​ថា​ មាន​រឿង​រ៉ាវ​ជា​ច្រើន​ ដែល​អ្នក​កាសែត​ឯករាជ្យ​ អាច​ចូលរួម​ជួយ​រាយ​ការណ៍​មុន​ការ​បោះឆ្នោត​សាកល​នៅ​ឆ្នាំ២០១៨​ខាង​មុខ​នេះ។​

លោក ​ចាន់តារា ​ដែល​បាន​ធ្វើ​ការជាមួ​យវិទ្យុ​អាស៊ីសេរី​ជាង​២​ឆ្នាំ ​បាន​និយាយ​ថា ​លោក​ក៏​បាន​រៀបចំ​គម្រោង​ធ្វើ​រឿង​ផ្សេងៗ​ទៀត​ទាក់ទង​នឹង​អាជីវកម្ម​រ៉ែ​នៅ​ខេត្ត​ព្រះវិហារ ​និង​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត​ បញ្ហា​ដីធ្លី ​និង​រឿង​ស្ករ​អំពៅ។

លោក​ ចាន់តារា អាយុ​២៥ឆ្នាំ ​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយនៅ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារគមនាគមន៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​បាន​និយាយ​ថា ​លោក​នឹក​សេចក្តី​រាយ​ការណ៍​របស់​លោក​នៅ​វិទ្យុ​អាស៊ីសេរី ​និង​ក្រុម​ការងារ​ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា។​

លោក​មាន​ប្រសាសន៍​ថា៖​

«នឹក​ដែរ​ នឹក​ខ្លាំង ​មិន​មែន​នឹក​ដែរ​ទេ ​តាម​ពិត​នឹក​ខ្លាំង»។ ​

លោក​លើក​ឡើង​ថា ​ចុង​ក្រោយ​នេះ ​លោក​មាន​បំណង​ធ្វើ​សេចក្តី​រាយ​ការណ៍​អំពី​សកម្មជន​បរិស្ថាន​ពីរ​នាក់​របស់​ចលនា​មាតា​ធម្មជាតិ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ខែ​កញ្ញា ​និង​ត្រូវ​បាន​ឃុំ​ខ្លួន​រហូត​មក​ដល់​ពេល​នេះ។​

លោក​បន្ត​ថា ​វិទ្យុ​អាស៊ីសេរី​តែង​តែ​ផ្តល់​សំឡេង​ដល់​អ្នក​មិន​សូវ​មាន​សំឡេង​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ លោក​មាន​ប្រសាសន៍​ថា៖​

«មាន​ន័យ​ថា ​សហគមន៍​ដែល​រងគ្រោះ ​យើង​ឧស្សាហ៍​តាម​ដាន​ព័ត៌មាន។ ​យើង​ឧស្សាហ៍​ផ្សាយ​ព័ត៌មាន​ពី​ពួក​គាត់​ណាស់។​ អីចឹង​ហើយ​វា​ក៏​ជា​ក្តី​សង្ឃឹម​មួយ​សម្រាប់​ពួក​គាត់​ដែរ ​ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​របស់​គាត់​ហ្នឹង​ណា៎។​ ក៏​ប៉ុន្តែ​នៅ​ពេល​យើង​ត្រូវ​បាន​បិទ​ទ្វារ​អីចឹង​ទៅ​ ខ្ញុំ​គិត​ថា​ ​ពួកគាត់​កាន់​តែ​ចង្អៀត​ទៅ​ទៀត​ នៅ​ក្នុង​ការតស៊ូ​មតិ ​ដើម្បី​ឲ្យ​បាន​ដំណោះស្រាយ​ជុំវិញ​បញ្ហា​ដី​ធ្លី​ ឬ​មួយ​ក៏​បញ្ហា​ធនធាន​ធម្មជាតិ​ដែល​កើត​ឡើង​នៅ​តំបន់​របស់​គាត់»។

ទោះ​មិន​អាច​រាយ​ការណ៍​បាន​ទៀត​នា​ពេល​នេះ​ ​លោក ​ចាន់​តារា ​ក៏​បាន​ទទួល​ដំណឹង​ពី​ប្រភព​ផ្សេងៗ​ ប្រាប់​ព័ត៌មាន​អំពី​ខ្សាច់ ​និង​រ៉ែ ​ តែ​លោក​ថា ​លោក​មិន​អាច​រាយ​ការណ៍​បាន​នោះ​ទេ ​សម្រាប់​កាលៈទេសៈ​នេះ។ ​លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​ថា ​ខ្ញុំ​នឹង​អាច​បញ្ជូន​គំនិត​ហ្នឹង​ទៅ​ខាង​អាស៊ី​សេរី​នៅ​ឌីស៊ី ​[រដ្ឋធានី​វ៉ាស៊ីនតោន] ​ប៉ុន្តែ​ខ្លួន​ខ្ញុំ​ផ្ទាល់​អត់​អាច​ធ្វើ​អី​បាន​ទេ»។​

វិទ្យុ​អាស៊ីសេរី​បាន​សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ​ ដោយសារ​បញ្ហា​ពន្ធ ​និង​កិច្ចការ​រដ្ឋបាល​មួយ​ចំនួន​ ក្រោយ​រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ​លើ​ការ​បង់ពន្ធ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា។​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​វិទ្យុ​មួយ​នេះដំណើរ​ការ​បាន​២០​ឆ្នាំ ​មុន​ពេល​លើក​ឡើង​អំពី​បញ្ហា​ពន្ធ។​

ចំណាត់​ការ​របស់​រដ្ឋាភិបាល​លើ​វិទ្យុ​អាស៊ីសេរី​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បិទ​កាសែត​ឌឹ ខេមបូឌា​ ដេលី​ (The Cambodia Daily) ​វិទ្យុ​ក្នុង​ស្រុក​ដែល​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​អាស៊ីសេរី​ វិទ្យុសំឡេង​សហ​រដ្ឋ​អាមេរិក​ និង​វីអូឌី​ និង​ការ​បិទ​ការិយាល័យ​ប្រចាំ​ប្រទេស​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ NDI ​ ដែល​ជា​អង្គការ​អាមេរិក​ធ្វើ​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ។ ​

រូបឯកសារ៖ ស្ត្រីម្នាក់ទិញ​កាសែត​ The Cambodia Daily ដែល​បោះពុម្ព​ផ្សាយ​លេខ​ចុងក្រោយ​ នៅ​តូប​លក់​កាសែត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ ថ្ងៃទី៤​ ខែ​កញ្ញា​ ឆ្នាំ២០១៧។​ (Reuters / Samrang Pring)
រូបឯកសារ៖ ស្ត្រីម្នាក់ទិញ​កាសែត​ The Cambodia Daily ដែល​បោះពុម្ព​ផ្សាយ​លេខ​ចុងក្រោយ​ នៅ​តូប​លក់​កាសែត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ ថ្ងៃទី៤​ ខែ​កញ្ញា​ ឆ្នាំ២០១៧។​ (Reuters / Samrang Pring)

​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​អំពី​ការ​បិទ​វិទ្យុ ​អ្នកស្រី ​Libby Liu​ ប្រធាន​វិទ្យុ​អាស៊ីសេរី ​បាន​និយាយ​ថា​ ជិត​២០​ឆ្នាំ​មក​នេះ ​វិទ្យុ​អាស៊ីសេរី​បាន​ផុ្តល់​ដំណឹង​ឯករាជ្យ ​ទុកចិត្ត ​និង​ជឿជាក់​បាន​ដល់​ប្រជាជន​កម្ពុជា។​

ភាព​អត់​ការងារ​ធ្វើ ​ការ​រើស​អើង​ប្រឆាំង​នឹង​អ្នក​កាសែត

លោក​ យ៉ង ចាន់តារា ​បាន​អះអាង​ថា ​លោក​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ស្ថាប័ន​ព័ត៌មាន​ដែល​អ្នក​កាសែត​មាន​សេរីភាព​ច្រើន​ក្នុង​ការ​រាយ​ការណ៍។ ​លោក​មាន​ប្រសាសន៍​ថា​ លោក​មិន​អាច​ធ្វើ​ការ​នៅ​ស្ថាប័ន​ព័ត៌មាន​ដែល​ស្ថិត​នៅ​ក្រោម​គំនាប​របស់​រដ្ឋាភិបាល​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​ខ្លួន​ឯង ​ខ្ញុំ​មិន​អាច​ទៅ​ធ្វើ​ការ​នៅ​ស្ថាប័ន​ដែល​គាំទ្រ​រដ្ឋាភិបាល​បាន​ទេ។ ​ខ្ញុំ​និយាយ​នេះ​មិន​មែន​មាន​ន័យ​ថា ​ខ្ញុំ​ជា​មនុស្ស​ប្រឆាំង​រដ្ឋាភិបាល​ទេ។ ​ប៉ុន្តែ​ដែល​សំខាន់ ​គឺ​យើង​ធ្លាប់​ធ្វើការ​ជា​អ្នក​សារ​ព័ត៌មាន​ដែល​ឯករាជ្យ ​ដែល​ធ្វើ​ទៅ​តាម​វិជ្ជាជីវៈ​របស់​យើង​ត្រឹម​ត្រូវ​ណា៎។​ ​ យើង​ឃើញ​ម៉េច​ យើង​ថា​អីចឹង។​ យើង​រាយការណ៍​បែប​ហ្នឹង។​ ហើយ​បើ​យើង​ឃើញ​បញ្ហា​ហើយ​ យើង​ឃើញ​មាន​កំហុស​ហើយ ​ហើយ​យើង​នៅ​តែ​រាយ​ការណ៍​ថា​ ​វា​ត្រូវ​ វា​អត់​អីចឹង​ទេ។ ​វា​ក្បត់​នឹង​មនសិកា​ខ្លួន​ឯង»។​

ទីផ្សារ​សម្រាប់​អ្នក​សារព័ត៌មាន​ឯករាជ្យ​មិន​មាន​ច្រើន​ទេ​នា​ពេល​បច្ចុប្បន្ន​នេះ។ ​យ៉ាង​ហោច​ណាស់​ អ្នក​កាសែត​ចន្លោះ​ពី​ ៣០​ទៅ ​៤០​នាក់​មក​ពីវិទ្យុ​អាស៊ីសេរី ​និង​កាសែត The Cambodia Daily ​បាន​អស់​ការងារ​ធ្វើ ​ក្រោយ​ពី​ស្ថាប័ន​ទាំង​ពីរ​បាន​ប្រកាស​បិទ​ទ្វារ។​

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​មួយ​ចំនួន​លើក​ឡើង​ថា ​ពួកគេ​ចង់សម្រាក​មួយ​រយៈ ​និង​ស្វែង​រក​ការងារ​នា​ពេល​ក្រោយ។ ​អ្នក​ខ្លះ​កំពុង​តែ​ពិចារណា​ការ​រក​ស៊ី ​និង​អ្នក​ខ្លះ​ទៀត​កំពុង​គិត​ពី​ការ​បំពេញ​ការងារ​នៅ​ផ្នែក​ផ្សេង​ ​ខុស​ពី​អាជីពអ្នក​កាសែត ​ដោយ​សារ​ពិបាក​ស្វែង​រក​ការងារ​ធ្វើ​ជា​អ្នក​កាសែត ​នា​ពេល​នេះ។​

សម្រាប់​លោក​ ចាន់តារា​ លោក​កំពុង​គិត​ពី​ការ​បំពេញ​ការងារ​នៅ​សង្គម​ស៊ីវិល​អន្តរជាតិ ​អាច​ជា​មន្រ្តី​ផ្នែក​ទំនាក់ទំនង​ ប្រសិន​បើ​លោក​មិន​អាច​ស្វែង​រក​ការងារ​ធ្វើ​នៅ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ ក្នុង​រយៈ​ពេល​ពីរ​បី​ខែ​ខាង​មុខ​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​នៅ​តែ​ស្រឡាញ់​ការងារ​ជា​អ្នក​កាសែត។ ​ហើយ​ខ្ញុំ​ក៏​នឹង​ពិចារណា​ដែរ​ទៅ​លើ​ការ​ដាក់​ពាក្យ​ធ្វើ​ការ​ងារ​ជា​មន្រ្តី​អង្គការ​សង្គមស៊ីវិល​ ប៉ុន្តែ​ជា​អង្គការ​អន្តរជាតិ​អីចឹង​ទៅ ​ពី​ព្រោះ​នៅ​ទីបំផុត​ទៅ ​បើសិន​ជា​ខ្ញុំ​សម្លឹង​មើល​ឃើញ​ថា​ វិស័យ​សារព័ត៌មាន​ដែល​ឯករាជ្យ​ និង​មាន​វិជ្ជាជីវៈ​ហ្នឹង ​គេ​មិន​ត្រូវ​ការ​បុគ្គលិក​អី​ទេ ​មាន​តែ​យើង​សុខចិត្ត​ចាក​ចេញ​ពី​វិស័យ​ហ្នឹង»។​

លោក​ ចាន់តារា ​មាន​បំណង​ចង់​ធ្វើ​ជា​អ្នក​កាសែត​ទទួល​កម្រៃ​តាម​អត្ថបទ ​ឬភាសាអង់គ្លេស​ហៅ​ថា​ Freelancer ​ហើយ​លោក​បាន​សុំ​បណ្ណ​ព័ត៌មាន​ពីក្រសួង​ព័ត៌មាន ​ប៉ុន្តែ​លោក​ត្រូវ​បាន​គេ​ប្រាប់​ថា​ ក្រសួង​នឹង​មិន​ចេញ​បណ្ណ​ឲ្យ​នោះ​ទេ។ ​លោក​លើក​ឡើង​ថា​ ឈ្មោះ​អ្នក​កាសែត​អាស៊ីសេរី ​និង​ The Cambodia Daily ​ត្រូវ​បាន​គេ​ដាក់​ក្នុង​បញ្ជី​ខ្មៅ ​ដែល​មិន​ងាយ​នឹងទទួល​បានបណ្ណ​ព័ត៌មាន​ឲ្យ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«អីចឹង​មាន​ន័យ​ថា ​វា​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្តាយ​ណាស់​ ពីព្រោះ​ហេតុ​អី​បាន​ជា​ដោយ​សារ​តែ​ខ្ញុំ​មាន​អតីត​ភាព​ការងារ​នៅ​អាស៊ីសេរី​ ឬ​មួយ​ក៏​អ្នក​ខ្លះ​មាន​អតីត​នៅ​ The Cambodia Daily ​ហើយ​ត្រូវ​បាន​រើស​អើង ​ត្រូវ​បាន​ក្រសួង​មិន​ចុះ​បញ្ជី​ឲ្យ​យើង​ជា​ Freelance»។​

កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​តុលា​ ​ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ​ដោយ​លើក​ឡើង​ថា​ អគ្គនាយកដ្ឋាន​ព័ត៌មាន ​និង​សោត​ទស្សន៍​មិន​ផ្តល់​បណ្ណ​សារ​ព័ត៌មាន​ដល់​អ្នក​កាសែត​ ដែល​បម្រើ​ការងារ​ឲ្យ​កាសែត​ The Cambodia Daily ​និង​អាស៊ីសេរី​នោះ​ទេ​ មូលហេតុ​ដោយ​សារ​អង្គភាព​សារ​ព័ត៌មាន​ទាំង​ពីរ​នេះ​បាន​ប្រកាស​ឈប់​ដំណើរ​ការ​ និង​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា ​ដោយ​ឯកតោ​ភាគី​ កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១៧។

លោក អ៊ុក គឹមសេង ​ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន ​បាន​ច្រានចោល​ការ​លើក​ឡើង​របស់​អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ​ដែលថា ​ក្រសួង​មិន​ចេញ​កាត​សម្រាប់​អ្នក​យក​ព័ត៌មាន​ស៊ី​កម្រៃ​តាម​អត្ថបទ។ ​លោក​បញ្ជាក់​ថា ​ការ​សុំ​កាត​គឺ​ត្រូវ​បំពេញ​តាម​តម្រូវ​ការ​របស់​ក្រសួង ​ដូច​ជាត្រូវ​មាន​ការ​ធានា​ត្រឹម​ត្រូវ ​សរសេរ​ឲ្យ​នរណា ​មាន​ការិយាល័យ​នៅ​ទី​ណា ​និង​ត្រូវ​បង្ហាញ​អត្ថបទ​ដែល​សរសេរ​ចុង​ក្រោយ​ ទើប​ក្រសួង​ចេញ​កាត​ឲ្យ។​

លោក​មាន​ប្រសាសន៍​ថា៖​

«Freelance​ គឺ​គាត់​ត្រូវ​សរសេរ​តាម​តម្រូវ​ការ​របស់ក្រសួង​ព័ត៌មាន ​តម្រូវ​ការ​តាម​ផ្លូវ​ច្បាប់​យ៉ាងម៉េច​ Freelance ​គេ​ត្រូវ​មាន​អីខ្លះ ​គាត់​ធ្វើ​តាម​គេ​ឬទៅ»។​

ការ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៅ​វិទ្យុ​អាស៊ីសេរី​

អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​បាន​ប្រថុយ​ប្រថាន​នៅ​ក្នុង​ព្រឹត្តិ​ការណ៍ ​និង​សេចក្ដី​រាយ​ការណ៍​រសើប​មួយ​ចំនួន ​រួម​មាន​អំពើ​ពុករលួយ ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ខុស​ច្បាប់ ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ការ​សូក​ប៉ាន់​សំណូក ​ជម្លោះ​ដី​ធ្លី ​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ ​ដែល​ភាគ​ច្រើន​នៃ​រឿងរ៉ាវ​ទាំង​អស់​នេះ​ត្រូវ​បាន​ព្រងើយ​កន្តើយ​ ដោយ​កាសែត​នៅ​ក្នុង​ស្រុក​ដែល​ត្រូវ​បាន​គ្រប់គ្រង​ ឬ​មាន​និន្នាការ​ទៅ​រក​រដ្ឋាភិបាល។

លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ដែល​បាន​កាន់អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ ​ហើយដែល​ត្រូវ​បាន​រិះគន់​កាល​ពី​ពេល​កន្លង​ទៅ​ថា​ កំពុង​បំបិទ​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ ធ្លាប់​បាន​លើក​ឡើង​ថា ​វិទ្យុ​អាស៊ី​សេរី ​និង​VOA​ តែង​តែ​រាយ​ការណ៍​ខុស ​និង​លម្អៀង។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា (ហ៊ាន សុជាតា/VOA)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា (ហ៊ាន សុជាតា/VOA)

កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៦​ ​លោក​ ហ៊ុន សែន ​បាន​ថ្លែង​ក្នុង​ពិធី​មួយ​នៅ​ចំពោះ​មុខ​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ថា៖​

«បើ​សូម្បី​តែ​លោក​ដូណាល់ ត្រាំ ​ដែល​ពេល​នោះ​ជា​បេក្ខជន​ប្រធានាធិបតី​មិន​ទាន់​ជាប់​ឆ្នោត ​គាត់​ហ៊ាន​និយាយ​ឲ្យ​ក្បាល​ម៉ាស៊ីន​ឃោសនា​របស់​អាមេរិក​មួយ​ចំនួន​ថា​ លម្អៀង។​ បើ​ប្រព័ន្ធ​ឃោសនា​នៅ​អាមេរិក​វា​លម្អៀង​ហើយ ​ទម្រាំ​ប្រព័ន្ធ​ឃោសនា​អាមេរិក​នៅ​កម្ពុជា ​វា​លម្អៀង​ដល់​ណា​ទៀត»។​

លោក ​រ៉ាន់ សំណាង ​អតីត​អ្នក​យក​ព័ត៌មាន​វីដេអូ​របស់​អាស៊ី​សេរី​ ដែល​បាន​បំពេញ​ការងារ​ឲ្យ​វិទ្យុ​ប្រមាណ​ ៣ឆ្នាំ​កន្លះ ​បាន​និយាយ​ថា ​សេចក្តី​រាយ​ការណ៍​ចុងក្រោយ​របស់​លោក គឺ​ទាក់ទង​នឹង​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​វិភាគ​នយោបាយ​គឺ​លោក​ គឹម សុខ​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ប្តឹង ​និង​តុលាការ​ចោទ​ប្រកាន់​ និង​សម្រេច​ឃុំ​ខ្លួន​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ ​និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ» ​ក្នុង​ការ​អធិប្បាយរបស់​លោក​ដែល​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពីក្រោយ​ការ​សម្លាប់​លោក ​កែម ឡី ​អ្នក​វិភាគ​សង្គម។ ​លោក​បន្ត​ថា ​លោក​ក៏​មាន​គម្រោង​រាយ​ការណ៍​ជា​វីដេអូ​ទាក់ទង​នឹង​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ​ ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ដែរ​ នៅ​ពេល​វា​ចាប់​ផ្តើម​ដំណើរ​ការ​ផលិត​ថាមពល​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។​

លោក ​រ៉ាន់ សំណាង ​អាយុ​២៧​ឆ្នាំ ​បាន​រំឭក​ថា​ ​កាល​ពី​ឆ្នាំ​២០១៥ លោក​បាន​ថត​វីដេអូ​អំពី​ការ​តវ៉ា​របស់​កម្មករ​រោង​ចក្រ​ រហូត​ដល់​មាន​ការ​គំរាម​កំហែង​រូប​លោក​ និង​ការ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ពី​ខាង​នគរបាល​ ដែល​បាន​ចុះ​ទៅ​ធ្វើអន្តរាគមន៍​ការ​តវ៉ា​នោះ។​

លោក រ៉ាន់ សំណាង អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ចាំ​ថតវីដេអូនៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពីយប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។
លោក រ៉ាន់ សំណាង អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ចាំ​ថតវីដេអូនៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពីយប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ នេះ​មិន​បាន​ធ្វើ​ឲ្យ​លោក ​រ៉ាន់ សំណាង​ ឈប់​រាយ​ការណ៍​ព្រឹត្តិ​ការណ៍​រសើប​នោះ​ទេ។​

លោក ​សំណាង ​បន្ត​ថា ​ការ​បិទ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ​ដូច​ជា​វិទ្យុ​អាស៊ី​សេរី ​និង​កាសែត The Cambodia Daily​ ធ្វើ​ឲ្យ​បាត់​បង់​រឿង​មួយ​ចំនួន​ធំ​ដែល​កើត​ឡើង​នៅ​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖​

«អីចឹង​ដូច​ស្ថាប័ន​ខាងអាស៊ី​សេរី​អី​ចឹង ​ភាគ​ច្រើន ​គាត់​ផ្ដោត​ទៅ​លើ​រឿង​ដែល​កាសែត​ក្នុង​ស្រុក​មិន​សូវ​មាន​សរសេរ។​ អីចឹង​រឿង​ទាំង​អស់​ហ្នឹង​ហើយ ​ដែល​ប្រជា​ពលរដ្ឋ ​គាត់​ចង់​ដឹង។​ គាត់​ចង់​ឭ​ គាត់​ចង់​ឃើញ។ ​អីចឹង​ប្រសិន​បើ​បាត់​អ្នក​កាសែត​អាជីព​ទាំង​អ្នកកាសែត​ The Cambodia Daily ​ទាំង​អ្នក​អាស៊ី​សេរី ​អីចឹង​ទំហំ​រឿង​មួយ​ផ្នែក​ធំ​នៃ​សង្គម​ខ្មែរ ​មិន​ត្រូវ​បាន​តាមដាន​ដោយ​អ្នក​កាសែត​អាជីព»។​

លោក​ចាត់​ទុក​ការ​បាត់បង់​សំឡេង​វិទ្យុ​អាស៊ី​សេរី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិន​បាន​ដឹង​អំពី​តួនាទី​អសកម្ម​របស់​មន្ត្រី​ថ្នាក់​ក្រោម។​

លោក​មាន​ប្រសាសន៍​ថា៖​

«តួនាទី​របស់​សារ​ព័ត៌មាន​ហ្នឹង​ហើយ​គឺ​ជា​ភ្នែក​ ជា​ចម្រុះ​របស់​រដ្ឋាភិបាល​ទៅ​វិញ​ទេ​ ដើម្បី​ជួយ​ឃ្លាំ​មើល​រាល់​មន្ត្រី​អសកម្ម​ទាំង​ឡាយ​ណា​ ដែល​គាត់​មិន​បាន​បំពេញ​ការងារ​ត្រឹម​ត្រូវ ​តាម​ដាន​សកម្មភាព​មន្ត្រី​ក្រោម​ឱវាទរដ្ឋាភិបាល​ទាំង​ឡាយ​ណា​ដែល​គាត់​រំលោភ​ច្បាប់​ រំលោភ​សិទ្ធិ​ប្រជា​ពលរដ្ឋ​ ប្រើ​ប្រាស់​អំណាច​ហួស​ទៅ​វិញ​ទេ»។​

ខណៈ​កំពុង​ប្រឈម​នឹង​ភាព​អត់​ការងារ​ធ្វើ​ ​លោក ​សំណាង ​ដែល​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ដេប៉ាតឺម៉ង់​ ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​សារ​គមនាគមន៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​និយាយ​ថា ​លោក​កំពុង​ពិចារណា​បន្ត​ការ​សិក្សា​ផ្នែក​សារ​ព័ត៌មាន​បន្ត​ទៀត ​ដើម្បី​ពង្រឹង​ចំណេះ​ដឹង​ផ្នែក​សារព័ត៌មាន​របស់​លោក។​

លោក​មាន​ប្រសាសន៍​ថា៖​

«អីចឹង​សម្រាប់​ខ្ញុំ​នៅ​ក្មេង​ចេះ ​ខ្ញុំ​គិត​ថា ​ខ្ញុំ​នឹង​រក​មើល​ឱកាស​ណា​ផ្សេង​ទៀត​ក្រៅ​ពី​ការ​ងារ ​ដូចជា​ការ​ដាក់​រៀន​បន្ត​អីចឹង​ជា​ដើម ​ដើម្បី​បង្កើន​ចំណេះ​ខាង​ផ្នែក​សារ​ព័ត៌មាន​របស់​ខ្ញុំ​ត​ទៅ​ទៀត»។​

បន្ទាប់​ពី​ការ​បិទ​ការិយាល័យ​អាស៊ី​សេរី​ ​ក្រសួង​ព័ត៌មាន​បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ពាក់​កណ្តាលខែ​កញ្ញា ​ដោយ​បានអះអាង​ថា ​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​នឹង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ ប្រសិន​បើ​ពួកគេ​បន្ត​រាយ​ការណ៍​នៅ​កម្ពុជា។ ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចោទ​ប្រកាន់ផង​ដែរ​ថា ​វិទ្យុ​អាស៊ី​សេរី​បាន​ញុះញង់​ប្រជាជន​កម្ពុជា​ឲ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល។​

សំឡេង​វិទ្យុ​អាស៊ី​សេរី​ត្រូវ​មាន​អ្នក​ស្តាប់ច្រើន​នៅ​តាម​បណ្ដា​ខេត្ត ​និង​នៅ​តំបន់​ដាច់​ស្រយាល​ផង​ដែរ​ ដោយ​សារ​វិទ្យុ​នេះ​មាន​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​នៅ​តាម​ខេត្ត​ជា​ច្រើន។ ​អតីត​អ្នក​យកអាស៊ីសេរី​មួយ​ចំនួន​កំពុង​តែ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ពួក​គេ​ផង​ដែរ​ ខណៈ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​កំពុង​តានតឹង។​

អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ ដែល​ប្រចាំ​ការ​នៅ​ខេត្ត​មួយ​ ​បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ​លោក​បាន​ទទួល​ដំណឹង​ពី​ប្រជា​ពលរដ្ឋជា​បន្ត​បន្ទាប់ ​ស្ទើរ​រៀងរាល់​ថ្ងៃ​អំពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ដូច​ជា​ជម្លោះ​ដី​ធ្លី ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​និង​ការ​ដឹក​ឈើ​ខុសច្បាប់​ជាដើម។​

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ VOA អ្នក​យក​ព័ត៌មាន​រូប​នេះ​ ដែល​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​អំពី​សុវត្ថិភាព​ បាន​និយាយ​ថា ​ ​លោក​មាន​ភាព​ប្រុង​ប្រយ័ត្ន​ជាង​មុន ​ដូច្នេះ​លោក​មិន​ចង់ចេញ​មុខ​ច្រើន​នៅ​តាម​សាធារណៈ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ពេល​កំពុង​បើក​រថយន្តថា៖​

«អីចឹង​ហើយ​បាន​ខ្ញុំ​ជិះឡាន​ ពីព្រោះ​យ៉ាង​ហោច​ណាស់​អាច​ការ​ពារ​បាន។​ ភាគ​ច្រើន​ ខ្ញុំ​នៅ​ផ្ទះ ​មិន​សូវ​ចេញ​មុខ​ទេ។ ​នៅ​ពេល​ខ្ញុំ​ទៅ​ណា​ពេល​យប់ ​ខ្ញុំ​មាន​មនុស្ស​ទៅ​ជាមួយ»។​

លោក​បន្ត​ថា ​អវត្ត​មាន​វិទ្យុ​អាស៊ីសេរី​ធ្វើឲ្យ​អ្នក​កាប់​ឈើ​ខុស​ច្បាប់ ​និង​អ្នក​មាន​អំណាច​កាន់​តែ​ធ្វើ​សកម្មភាព​បន្ត​ទៀត ​ដោយ​គ្មាន​ការ​ញញើត។ ​លោក​មាន​ប្រសាសន៍​ថា៖​

«ឥឡូវ​អ្នក​មាន​អំណាច​កាន់​តែ​ហ៊ាន​ធ្វើ​អំពើ​ផ្តេស​ផ្តាស។ ​ពី​មុន​មាន​វិទ្យុ​អាស៊ីសេរី​ផ្សាយ​ ​ចុះ​ទម្រាំ​តែ​អត់​វិទ្យុ​អាស៊ីសេរី?»​

អាស៊ីសេរី​ប្រភព​ព័ត៌មាន​របស់​ពលរដ្ឋ​នៅ​តាម​ជនបទ​

អស់​រយៈ​ពេល​ជិត​២០ឆ្នាំ​ហើយ ​ដែល​វិទ្យុ​អាស៊ីសេរី​បាន​ដើរ​តួនាទី​សំខាន់ ​និង​មាន​វិសាលភាព​នៅ​តាម​ជនបទ ​ដោយរាយ​ការណ៍​អំពី​បញ្ហា​ប្រឈម​របស់​ប្រជា​ពលរដ្ឋ។​

លោក ​សោម រ៉ែម ​អាយុ​៦៨​ឆ្នាំ ​ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ឃុំ​អូររៃ ​ខេត្ត​ស្ទឹងត្រែង​ បាន​មាន​ប្រសាសន៍​ថា​ លោក​តែង​តែ​ស្តាប់​ព័ត៌មាន​អាស៊ីសេរី ​និង ​VOA ​ជា​រៀងរាល់​ពេល​ ដោយលោក​ចាត់​ទុក​ថា ​ផ្សាយព័ត៌មាន​អាច​ទុក​ចិត្ត​បាន​ ហើយ​លោក​អាច​បង្កើន​ចំណេះ​ដឹង​ទាក់ទង​នឹង​ប្រជា​ធិបតេយ្យ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​ដឹង​ ខ្ញុំ​យល់​ ​ខ្ញុំចេះ ​ខ្ញុំ​ជឿ​ហើយ​បាន​ខ្ញុំ​ស្តាប់! បើ​មិន​ជឿ​ មិន​ស្តាប់​ទេ​ ព្រោះ​ថា​ អញ្ចុះ​ហើយ​បាន​ជា​ចង់​ស្តាប់​រាប់​ថ្ងៃ​នេះ ​ព្រោះ​ថា​ ព័ត៌មាន​ VOA ​និង​អាស៊ីសេរី​នេះ​វា​ពិតប្រាកដ​ហើយ។​ គេ​មិន​បំផ្លើស​មិន​អី​ទេ។​ គេ​ចង់​ឲ្យ​ប្រជាជន​យល់​ដឹង​ពី​លទ្ធិ​ប្រជា​ធិបតេយ្យយ៉ាង​ម៉េចៗ​ បាន​ចង់​ស្តាប់ ​តាម​ដាន​ស្តាប់​រហូត​ខ្ញុំ»។​

លោក​បញ្ជាក់​បន្ថែម​ថា៖​

«បើ​អត់​ដឹង​ ​ដូច​ជា​ដេក​ ដេក​ផ្ទះ ​ដូច​មាន​អី​ចុក​ត្រចៀក​អីចឹង។​ បើ​ល្ងឹត​ឈឹង​ហើយ ​មិន​ដឹង​អី​យ៉ាង​ម៉េច​ទេ!​ ​អត់​ដឹង​ឮ​ មិន​ដឹង​អី ​ដូច​មនុស្ស​វង្វេង​ព្រៃ​ហើយ!»​

ទោះជាយ៉ាងណា ​លោក​ថា ​បច្ចុប្បន្ន​នេះ ​លោក​អាច​ស្តាប់​វិទ្យុ​ VOA​ តាម​រយៈ​រលក​វិទ្យុ​សំឡេង​ខ្លី ​តែ​មិន​អាច​ស្តាប់​វិទ្យុ​អាស៊ីសេរី ​ដែល​ផ្សាយ​ចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ​សហ​រដ្ឋ​អាមេរិក​បាន​នោះ​ទេ។​ លោក​មាន​បំណងទិញ​វិទ្យុ​ថ្មី​មួយ​ដែល​លោក​ថា​ អាច​ស្ដាប់​វិទ្យុ​អាស៊ីសេរី​បាន។ ​ប៉ុន្តែ​លោក​ថា ​មិន​ទាន់​មាន​ថវិកា​ទិញ​វិទ្យុ​នៅ​ឡើយ​ទេ។​

បច្ចុប្បន្ន​នេះ ​លោក ​សោម រ៉ែម ​ក៏​ស្តាប់​ព័ត៌មាន​របស់​វិទ្យុជាតិ​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ដែរ។​ លោក​ថា ​លោក​ចង់​ដឹង​ថា​ តើ​មាន​ការ​ផ្សាយ​ខុស​គ្នា​យ៉ាង​ម៉េច​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​ចង់​ស្តាប់​ ​ចង់​ដឹង​ទេ​នេះ ​ចង់​ដឹង​សភាព​ការណ៍​នៅ​ក្នុង​ប្រទេស​យើង​ វាយ៉ាង​ម៉េច?​ ប៉ុន្តែ​ថា ​ឲ្យ​ចាប់​អារម្មណ៍​ទៀង​ទាត់ ​គឺ​មិន​ទៀង​ទាត់​ទេ»។​

លោក សោម រ៉ែម អាយុ​៦៨ឆ្នាំ ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ឃុំ​អូររៃ ខេត្ត​ស្ទឹងត្រែង ដែល​តែង​តែ​តាមដានស្តាប់​វិទ្យុអាស៊ីសេរី និង ​VOA។ (ស៊ុន ណារិន/VOA)
លោក សោម រ៉ែម អាយុ​៦៨ឆ្នាំ ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ឃុំ​អូររៃ ខេត្ត​ស្ទឹងត្រែង ដែល​តែង​តែ​តាមដានស្តាប់​វិទ្យុអាស៊ីសេរី និង ​VOA។ (ស៊ុន ណារិន/VOA)

ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​នៅ​ក្នុង​ឃុំ​អូររៃ​គឺលោក ​ម៉ែន សារ៉ន ​អាយុ​៧៦​ឆ្នាំ ​មាន​ប្រសាសន៍​ថា ​លោក​តែងតែ​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ និង​ VOA ​ជា​រៀង​រាល់​ពេល​ព្រឹក​ និង​ពេល​យប់។ ​ទោះ​ជាយ៉ាងណា​ លោក​ថា ​លោក​មិន​អាច​ស្តាប់​ព័ត៌មាន​អាស៊ីសេរី​នៅ​ពេល​ព្រឹក ​ដូច​កាល​ពីមុន​នោះ​ទេ។​ លោក​លើក​ឡើង​ថា ​វិទ្យុ​អាស៊ីសេរី​បាន​ផ្សាយ​ព័ត៌មាន​នយោបាយ​ពិត​ ដែល​អាច​ទុក​ចិត្ត​បាន​ និង​ជួយ​ដល់​ការ​សម្រេច​ចិត្ត​ក្នុង​ការ​បោះឆ្នោត​ផង​ដែរ។​

លោក ម៉ែន សារ៉ន អាយុ​៧៦​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​អូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជា​អ្នកស្តាប់​វិទ្យុអាស៊ីសេរី​ និង ​VOA ជាប្រចាំ។ (ស៊ុន ណារិន/VOA)
លោក ម៉ែន សារ៉ន អាយុ​៧៦​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​អូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជា​អ្នកស្តាប់​វិទ្យុអាស៊ីសេរី​ និង ​VOA ជាប្រចាំ។ (ស៊ុន ណារិន/VOA)

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​មាន​ជំនឿ ​ជឿជាក់​អីចឹង។​ ​ខ្ញុំ​ថា ​ពិត​ហើយ​បាន​គេ​ផ្សាយ! ជំនួយ​អារម្មណ៍ ​ជំនួយ​ចំណេះ​ដឹង​ យើង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខំ​រក្សា​វិទ្យុ​នេះ ​ដើម្បី​ស្វែង​យល់​ ស្វែង​យល់​ពី​កម្លាំង​នយោបាយ»។

ទោះជាយ៉ាងណា ​លោកថា ​លោក​មិន​អាច​ស្តាប់​វិទ្យុអាស៊ីសេរី​ដូច​កាលពី​មុន​នោះ​ទេ៕​

XS
SM
MD
LG