ទឹកប្រាក់ជាង៣០លានដុល្លារអាមេរិកនៃការនាំចេញខ្សាច់ស៊ីលីកា (ខ្សាច់ស)ទៅតៃវ៉ាន់ ត្រូវបានរកឃើញថា បាត់បង់តាមរយៈការផ្ទៀងផ្ទាត់ខុសគ្នាឆ្ងាយ រវាងរបាយការណ៍ផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា និងរបាយការណ៍ដែលបានមកពីតៃវ៉ាន់។
របាយការណ៍ខុសគ្នានេះត្រូវបានផ្សព្វផ្សាយដោយក្រុមបរិស្ថាននៃអង្គការមាតាធម្មជាតិដែលបានធ្វើយុទ្ធនាការប្រឆាំងនឹងការបូមខ្សាច់ច្រើនឆ្នាំមកហើយ។
អង្គការមាតាធម្មជាតិដែលត្រូវបានរដ្ឋាភិបាលចាត់ទុកថា «ជាក្រុមញុះញង់» បានបញ្ចេញរបាយការណ៍របស់រដ្ឋបាលគយតៃវ៉ាន់ ដែលបង្ហាញថា តៃវ៉ាន់បាននាំចូលខ្សាច់ស៊ីលីកាចំនួន១.៥៣៣.៨៥៥ តោនពីប្រទេសកម្ពុជា ក្នុងចន្លោះឆ្នាំ២០១២ដល់២០១៦ ដែលមានតម្លៃ៣២. ២៧២.០០០ដុល្លារអាមេរិក។
ប៉ុន្តែទិន្នន័យនេះខុសពីទិន្នន័យដែលត្រូវបានកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងពាណិជ្ជកម្ម ដែលត្រូវបានផ្តល់ដោយមាតាធម្មជាតិ។ ទិន្នន័យរបស់រដ្ឋាភិបាលកម្ពុជាបង្ហាញថា ខ្សាច់ចំនួន ២៨.៩០០តោន ដែលមានតម្លៃ២៧៥.៦០៦ដុល្លារអាមេរិក ត្រូវបានកត់ត្រានៅក្នុងរយៈពេលដូចគ្នា។ បើតាមការផ្ទៀងផ្ទាត់ទិន្នន័យ ទឹកប្រាក់នៃការនាំខ្សាច់ចេញទៅតៃវ៉ាន់ខុសគ្នាដល់ទៅជាង ៣០លានដុល្លារអាមេរិក។
VOA មិនអាចទទួលបានទិន្នន័យពីស្ថាប័ននានារបស់រដ្ឋាភិបាលអំពីការនាំខ្សាច់ចេញអំឡុងពេលនៃការស៊ើបអង្កេតរបស់អង្គការមាតាធម្មជាតិនោះទេ។
លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលនៃប្រទេសកម្ពុជា បានបដិសេធមិនបញ្ជាក់អំពីទិន្នន័យ ហើយបានឲ្យអ្នកយកព័ត៌មានទៅមើលរបាយការណ៍ ដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលកាលពីមុន។
លោកបានថ្លែងប្រាប់ VOA កាលពីថ្ងៃចន្ទថា៖
«បើយើងនិយាយអំពីពាក្យស្ថិតិ ទោះបីជាមកយកពីខ្ញុំ យកថ្ងៃហ្នឹង និងយកស្អែក ក៏ស្ថិតិវាខុសគ្នាដែរ មិនអីចឹង? ដូច្នេះខ្ញុំអត់មានអីដែលហួសអំពីអ្វីដែលយើងបានធ្វើជូនទៅខាងសភា...»។
លោកបានចាត់ទុកក្រុមអង្គការមាតាធម្មជាតិថា ជាក្រុមប្រឆាំងរដ្ឋាភិបាល។ លោកមានប្រសាសន៍ថា៖
«អាហ្នឹងគ្រាន់តែវារំខានការងាររដ្ឋាភិបាលយើង»។
កាលពីខែតុលា ឆ្នាំ២០១៦ មានការបង្ហាញរបាយការណ៍ខុសគ្នានៃការនាំខ្សាច់ចេញទៅប្រទេសសិង្ហបុរី ដែលមានការបាត់បង់ថវិកាដល់ទៅ ៧០០លានដុល្លារ។ ក្រោយមក នៅខែកក្កដា ឆ្នាំ២០១៧ រដ្ឋាភិបាលបានប្រកាសបិទការនាំខ្សាច់ចេញទៅសិង្ហបុរី ដោយអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលលើកឡើងថា ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់បរិស្ថាន។
ជាទូទៅ ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការនៅកម្ពុជាត្រូវបានតម្រូវឲ្យបង់ពន្ធ២០ភាគរយទៅលើប្រាក់ចំណេញ។
លោក យស មុនីរ៉ាត់ មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាអាចរកចំណូលបានពីការនាំខ្សាច់ចេញតាមរយៈការបង់ថ្លៃសួយសារអាករលើចំនួនខ្សាច់នាំចេញ តែលោកមិនបានផ្តល់ចំនួនជាក់លាក់នោះទេ។ លោកបន្តថា ក្រុមហ៊ុនក៏ត្រូវបង់ទៅឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នូវថ្លៃនាំខ្សាច់ចេញ និងបង់ពន្ធលើប្រាក់ចំណេញទៅខាងពន្ធដារផងដែរ។
VOA មិនអាចសុំការឆ្លើយតបពីមន្រ្តីនៅអគ្គនាយកដ្ឋានពន្ធដារ មន្រ្តីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីនៅក្រសួងពាណិជ្ជកម្ម បាននោះទេ។
កាលពីចុងខែសីហា ក្រសួងរ៉ែ និងថាមពលរបស់កម្ពុជាបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយ ដែលបង្ហាញថា ការនាំខ្សាច់ស៊ីលីកាចេញ ពីខែវិច្ឆិកា ឆ្នាំ២០១៦ដល់ខែមិថុនា ឆ្នាំ២០១៧ សរុបមានចំនួន១៥៨.០០០តោន។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា អាជ្ញាប័ណ្ណសម្រាប់ការនាំខ្សាច់ស៊ីលីកាចេញ ត្រូវបានផ្តល់ឲ្យក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប ដែលគ្រប់គ្រងដោយលោកម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភាស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងក្រុមហ៊ុន Sibelco Cambodia។
លោក ម៉ុង ឫទ្ធី ម្ចាស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប បានថ្លែងប្រាប់ VOA កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនរបស់លោកបានផ្អាកការនាំខ្សាច់ចេញហើយនៅពេលនេះ តែលោកបានបដិសេធមិនអធិប្បាយពីមូលហេតុនៃការផ្អាកនេះទេ។ លោកក៏បានបដិសេធមិនអធិប្បាយលម្អិតទាក់ទងនឹងការនាំខ្សាច់ចេញទៅក្រៅប្រទេសដែរ។
លោក ម៉ុង ឫទ្ធី មានប្រសាសន៍ថា៖
«កុំសរសេរឲ្យមនុស្សឈ្លោះគ្នា ស្អីៗ។ ខ្ញុំដឹងអាហ្នឹងវារសើបហើយ»។
កាលពីយប់ថ្ងៃចន្ទ អង្គការមាតាធម្មជាតិ បានបង្ហោះវីដេអូមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលនិយាយពីការបាត់បង់ខ្សាច់ដែលលក់ឲ្យតៃវ៉ាន់។
ស្របពេលមានព័ត៌មាននៃការចេញផ្សាយរបាយការណ៍នាំខ្សាច់ចេញទៅតៃវ៉ាន់ និងការបង្ហោះវីដេអូរបស់អង្គការមាតាធម្មជាតិ សកម្មជនរបស់មាតាធម្មជាតិពីរនាក់នៅខេត្តកោះកុងគឺឈ្មោះ ឌឹម គុនឌី និងហ៊ុន វណ្ណៈ ត្រូវបានចាប់ខ្លួន កាលពីព្រឹកថ្ងៃអង្គារ ខណៈដែលពួកគេបានចុះទៅមើលការដ្ឋានខ្សាច់នៅក្នុងខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសថៃនេះ។
កញ្ញា លីម គីមស័រ សកម្មជនរបស់អង្គការមាតាធម្មជាតិ បានប្រាប់ VOA ថា សកម្មជនទាំងពីរនាក់នោះត្រូវបានចោទប្រកាន់ពីបទចូលទៅការដ្ឋានក្រុមហ៊ុន ដោយគ្មានការអនុញ្ញាត។
កញ្ញាបានបញ្ជាក់ថា ការចាប់ខ្លួននេះអាចមកពីការបង្ហោះវីដេអូលើហ្វេសប៊ុក និងការចេញផ្សាយរបាយការណ៍ទាក់ទងនឹងការនាំខ្សាច់ចេញទៅតៃវ៉ាន់។
កញ្ញាបានថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា៖
«វាស្របពេលជាមួយដែលយើងទើបចេញវីដេអូថ្មីទាក់ទងនឹងការនាំខ្សាច់ស៊ីលីកាចេញ។ ដល់ពេលអីចឹង យើងមើលឃើញថា ក្រុមហ៊ុនដែលនាំខ្សាច់ស៊ីលីកាចេញហ្នឹង គាត់ដូចជាកំពុងតែមានការភ័យខ្លាចជាមួយនឹងការបង្ហាញភស្តុតាងពិត»។
សហស្ថាបនិកអង្គការមាតាធម្មជាតិគឺលោក Alejandro Gonzalez-Davidson ដែលត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីឆ្នាំ២០១៥ បានការពាររបាយការណ៍រកឃើញរបស់ក្រុមការងារអង្គការនេះ ហើយថា លោក និងអង្គការនៅតៃវ៉ាន់ នឹងបន្តការស្រាវជ្រាវបន្ថែមទៀតប្រឆាំងនឹងអំពើពុករលួយទាក់ទងនឹងបញ្ហាខ្សាច់នេះ។
លោកបានថ្លែងប្រាប់ VOA ថា៖
«យើងបានឮថា តៃវ៉ាន់មានប្រព័ន្ធតុលាការឯករាជ្យ ដែលឯករាជ្យជាងប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា និងសិង្ហបុរី។ យើងក៏ដឹងថា តៃវ៉ាន់មានភ្នាក់ងាររឹងមាំប្រឆាំងអំពើពុករលួយ និងមានច្បាប់ស្តីអំពីសិទ្ធិសេរីភាពនៃការទទួលព័ត៌មាន»។
លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាអាចដោះស្រាយបញ្ហាខ្សាច់នេះ ឲ្យស្អាតយ៉ាងងាយស្រួល ប្រសិនបើពួកគេចង់ធ្វើ។ លោកបានបញ្ជាក់ថា៖
«បើគេមានភាពស្មោះត្រង់ក្នុងការស្វែងរកដំណោះស្រាយនោះ នោះវាងាយស្រួលបំផុត។ អ្វីដែលពួកគេត្រូវធ្វើគឺ បើកមើលឯកសារកត់ត្រារបស់ពួកគេ»។
លោក Chou Kuo-tung អនុប្រធានការិយាល័យរ៉ែរបស់តៃវ៉ាន់ បានប្រាប់ VOA ថា លោកមិនមានព័ត៌មានអំពីក្រុមហ៊ុនដែលពាក់ព័ន្ធទេ ហើយការស៊ើបអង្កេតនឹងត្រូវពឹងផ្អែកលើការស្រាវជ្រាវក្នុងប្រទេសកម្ពុជា ដែលមិនមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។
លោកមានប្រសាសន៍ថា៖
«របាយការណ៍របស់យើងទៅលើក្រុមហ៊ុនទាំងនេះគឺ មិនពេញលេញនោះទេ។ យើងតែងតែចង់មើលវា ប៉ុន្តែមិនមានមធ្យោបាយនោះទេ។ មានតែការិយាល័យពាណិជ្ជកម្មបរទេស(របស់តៃវ៉ាន់)ទេ ដែលមានព័ត៌មានទាំងនោះ»។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពអន្តរជាតិកម្ពុជា លើកឡើងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល ត្រូវធ្វើការស៊ើបអង្កេតដើម្បីស្វែងរកការគេចពន្ធ ដែលបានកើតមានឡើង។
លោកមានប្រសាសន៍ថា៖
«វាមិនមែនជាជំនួញធម្មតាទេ នៅពេលវាមានភាពខុសគ្នាយ៉ាងច្រើន និងវាកើតឡើងមិនមែនក្នុងពេលតែមួយ»។
លោកបញ្ជាក់បន្ថែមថា៖
«វាមានសារៈសំខាន់ដែលរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការម៉ឺងម៉ាត់លើបញ្ហាទាំងនេះ ហើយប្រជាជនមានសិទ្ធដឹងថា តើមានរឿងអ្វីកំពុងកើតឡើង»៕